យុវជនកំព្រាពុកម្តាយម្នាក់ ក្លាយជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម លើកទី៣២ លើវិញ្ញាសាអត្តពលកម្ម(រត់ប្រណាំង) ក្រោយតស៊ូហ្វឹកហាត់ជម្នះឧបសគ្គ និងការឈឺចាប់ផ្សេងៗជិត១០ឆ្នាំ ក្នុងគោលបំណងយកកិត្តិយសជូនជាតិ និងចង់មានជីវភាពសមរម្យមួយ ដើម្បីជៀសពីការមើលងាយពីមនុស្សជុំវិញខ្លួនមួយចំនួន។
កីឡាករដែលទើបឈ្នះមេដាយមាសស៊ីហ្គេមលើវិញ្ញាសារត់ប្រណាំងម្នាក់ គឺលោក ឈុន ប៊ុនថន បានរៀបរាប់ថា លោកបានចូលហ្វឹកហាត់កីឡាតាំងពីអំឡុងឆ្នាំ២០១៥ ដោយសារតែចិត្តស្រឡាញ់ និងចង់បានការងារមួយសម្រាប់ខ្លួនឯង និងអាចយកកិត្តិយសជូនជាតិ។ លោកថា កាលនោះលោកមិនមានអ្វីត្រូវពឹងផ្អែកទៀតនោះទេ ក្រោយធ្លាក់ខ្លួនកំព្រា ដោយម្តាយជាទីស្រឡាញ់បានទទួលមរណភាពនៅឆ្នាំ២០១០ ហើយឪពុកក៏ត្រូវលាចាកលោកនៅឆ្នាំ២០១៣ថែមទៀត។
ក្រោយបាត់បង់អាណាព្យាបាលទាំង២ កាលពី១០ឆ្នាំមុន យុវជនដែលមានដើមកំណើតពីស្រុកកញ្ជៀច ខេត្តព្រៃវែង រូបនេះ បានចូលហ្វឹកហាត់កីឡាទី្រអាថ្លុង(ហែលទឹក, ជិះកង់,រត់) ប៉ុន្តែក្រោយមក លោកក៏ចាប់យកកីឡារត់ប្រណាំងតែមួយមុខ និងបន្តហ្វឹកហាត់រហូតមក ដោយត្រូវជួបឧបសគ្គតូចធំជាច្រើន ដូចជា ខ្វះខាតថវិកាផ្គត់ផ្គង់លើការហូបចុក និងសម្ភារប្រើប្រាស់ ដែលធ្វើឱ្យមិនសូវមានកម្លាំងហ្វឹកហាត់គ្រប់គ្រាន់ ខណៈកាលនោះក៏ពុំទាន់ចូលជាកីឡាករជម្រើសជាតិដែរ។
លោកប្រាប់ថា៖ «ឧបសគ្គធំរបស់ខ្ញុំ គឺខ្ញុំអត់មានលុយសម្រាប់ទិញអាហារហូបពេលហ្វឹកហាត់ ដំបូងឡើយ កាលពីខ្ញុំអត់ទាន់ជាប់ជាជម្រើសជាតិ។ ទី២ សម្ភារហ្វឹកហាត់ និយាយទៅគឺពាក់ព័ន្ធនឹងសម្ភារកីឡា គឺពិបាកមែនទែន»។
ក្រៅតែពីជួបបញ្ហានេះ យុវជនវ័យ២៩ឆ្នាំដដែល ក៏ត្រូវរងការរិះគន់ពីមនុស្សជុំវិញខ្លួនមួយចំនួនផងដែរ ដែលថាលោកចំណាយពេលឥតប្រយោជន៍ទៅហ្វឹកហាត់កីឡានេះ ស្របពេលដែលជីវភាពកំពុងខ្វះខាត និងពុំមានអ្នកជួយជ្រោមជ្រែង ហើយការប្រកួតតាំងពីចាប់ផ្តើមចូលហ្វឹកហាត់មក មិនដែលទទួលបានជ័យលាភីទាល់តែសោះ។ តែយ៉ាងណា លោកបានចាត់ទុកឧបសគ្គទាំងនោះ ជាកម្លាំងចិត្តដែលជំរុញឱ្យខំប្រឹងជម្នះ រហូតទាល់តែបានចូលជាកីឡាករជម្រើសជាតិ និងបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើវិញ្ញាសារត់ចំងាយ ៨០០ម៉ែត្រផ្នែកបុរស កាលពីថ្ងៃទី១១ ខែឧសភាថ្មីៗនេះ។
លោកបញ្ជាក់ថា៖ «ការឈឺចាប់ គឺជំរុញឱ្យខ្ញុំខំប្រឹងប្រកួតយកមេដាយមាស។ ទី១ គឺខ្ញុំក្រ ខ្ញុំទៅធ្វើអីក៏អត់មានអ្នកជួយគាំទ្រដែរ! ក៏អត់មានអ្នកជួយជ្រោមជ្រែងដែរ។ ទី២ គឺខ្ញុំបាត់បង់គ្រួសារ បាត់បង់ឪពុកម្តាយ ហើយមួយទៀតគឺការឈឺចាប់ដោយសារការប្រកួតចាញ់»។
លោកបន្ថែមថា៖«ទម្រាំតែបានមេដាយមាសហ្នឹង គឺការគិតទុកជិត១០ឆ្នាំហើយ គឺខ្ញុំចាញ់រហូត ប្រកួតចាញ់គេរហូត[…]ខ្ញុំក៏អត់ចង់ជឿថាខ្លួនឯងអាចយកឈ្នះបានដែរ ដោយសារតែការប្រកួតហ្នឹងវាអស្ចារ្យ! គេបិទផ្លូវយើង គេមិនចង់ឱ្យយើងរត់ចេញបានពីក្នុងហ្វូង ដូចថានៅជាប់ទ្រុងជាមួយគេ»។
សូមជម្រាបថា យុវជន ឈុន ប៊ុនថន គឺជាកីឡាកររត់ប្រណាំងរបស់កម្ពុជាតែមួយរូបគត់ ដែលបានយកមេដាយមាសដំបូងគេឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីជាកីឡាករ លោកក៏ជានិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC)ដែរ ប៉ុន្តែលោកបានព្យួរការសិក្សារយៈពេលជិត១ឆ្នាំ ដើម្បីទៅហ្វឹកហាត់ត្រៀមប្រកួត នៅឯប្រទេសចិន កាលពីជិតមួយឆ្នាំមុន។
លោក ហ៊ែល កំសាន ជានិស្សិតរួមថ្នាក់ជាមួយម្ចាស់មេដាយមាស ឈុន ប៊ុនថន បានឱ្យដឹងថា កីឡាករ ឈុន ប៊ុនថន គឺជាយុវជនម្នាក់ដែលស្លូតត្រង់ ប៉ុន្តែម៉ឺងម៉ាត់ និងមានចិត្តតស៊ូទាំងក្នុងជីវិតសិក្សា និងការហ្វឹកហាត់ ដោយមិនដែលរុញរា ឬត្អូញត្អែរនឹងភាពនឿយហត់ឡើយ។
លោកថា៖ «វា[មេដាយមាស]សក្តិសមចំពោះគាត់[ឈុន ប៊ុនថន] ព្រោះគាត់លះបង់ច្រើនណាស់។ ដោយសារគាត់សុខចិត្តព្យួរការសិក្សានៅមហាវិទ្យាល័យ សុខចិត្តទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីយកមេដាយជូនជាតិ»។
ស្រដៀងគ្នានេះដែរ អនុប្រធានសហព័ន្ធកីឡាអត្តពលកម្ម(រត់ប្រណាំង) លោក ដាំ ភិរម្យ បាន គូសបញ្ជាក់ដែរថា កីឡាករ ឈុន ប៊ុនថន ជាបុគ្គលម្នាក់ដែលម៉ឺងម៉ាត់ក្នុងការហ្វឹកហាត់ និងអ្វីដែលជាការបង្ហាត់បង្រៀនរបស់លោកគ្រូ ដូច្នេះទើបធ្វើឱ្យគាត់ក្លាយជាកីឡាករទទួលបានជោគជ័យដំបូងគេបង្អស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ។
លោកបញ្ជាក់ថា៖«កីឡាករ ឈុន ប៊ុនថន គឺជាមនុស្សមួយដែលស្វិតស្វាញណាស់ ត្រងត្រាប់នូវអ្វីដែលជាការបង្ហាត់របស់គ្រូទាំងឡាយហ្នឹង គឺឈុន ប៊ុនថន គាត់ធ្វើបានល្អណាស់ ឈុន ប៊ុនថន គឺជាមនុស្សដែលប្រឹងប្រែងក្នុងការហ្វឹកហាត់ ទើបអាចទទួលបានភាពជោគជ័យដូចឥឡូវនេះ»។
បន្ថែមលើនេះ លោកថាការឈ្នះមេដាយមាសលើវិញ្ញាសានេះ នឹងធ្វើឱ្យបរទេសចាប់អារម្មណ៍លើកម្ពុជា ខណៈពីមុនមិនដែលមានប្រទេសណាមួយចាប់អារម្មណ៍នឹងវត្តមានរបស់អត្តពលិកកម្ពុជានោះទេ។
លោកអះអាងថា៖ «ចាប់ពីថ្ងៃនេះទៅ នៅក្នុងអាស៊ីអាគ្នេយ៍ គឺគេចាប់អារម្មណ៍ខ្លាំងណាស់ទៅលើកីឡាករ ឈុន ប៊ុនថន ព្រោះអីពេលដែលគាត់ឈ្នះហ្នឹង គឺថាគាត់រត់ដាច់ពីគេតែម្ដងអត់មានបន្លំអីនោះទេ ព្រោះកីឡាអត្តពលកម្មកន្លងមកឈ្នះតែក្បាល ឬទ្រូងនោះទេ ប៉ុន្តែនេះ គឺឈុន ប៊ុនថន គាត់រត់ដាច់គេប្រហែល២ទៅ៣ម៉ែត្រ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា អត្តពលិកខ្មែរមិនមែនគ្មានសមត្ថភាពនោះទេ គ្រាន់តែខ្វះការហ្វឹកហាត់ និងការជ្រោមជ្រែងផ្សេងៗ។ លោកថា ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់បង្ហាត់ អាចធ្វើឱ្យអត្តពលិកកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រជែងជាមួយបរទេសបាន។
លោកនិយាយថា៖ «ខ្មែរយើងគឺមិនមែនគ្មានសមត្ថភាពយកឈ្នះកីឡាករកីឡាការិនីនៅបណ្ដាប្រទេសនៅក្នុងតំបន់នោះទេ គ្រាន់តែយើងខ្វះការហ្វឹកហាត់ ខ្វះអ្នកជំនាញមកជួយ និងខ្វះការលើកទឹកចិត្តប៉ុណ្ណោះ។ អ៊ីចឹង ខ្ញុំគិតថា យ៉ាងណាគួរតែធ្វើឱ្យអាជីពកីឡារបស់គាត់ អាចទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់បាន ដូច្នេះពួកគាត់នឹងមានកំលាំងចិត្ត និងប្រឹងប្រែងបន្តទៀតហើយ»។
រាជរដ្ឋាភិបាល បានប្រកាសផ្តល់ថវិកាលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលទទួលបានមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ក្នុងនោះ មេដាយមាស១គ្រឿង(១វិញ្ញាសា) ទទួលបានថវិកាលើកទឹកចិត្ត ៤០លានរៀល, មេដាយប្រាក់១គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួលបាន ១៦លានរៀល។
យ៉ាងណា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលទើបបិទបញ្ចប់នាពេលថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC) បានបង្ហាញថា កម្ពុជា ទទួលបានមេដាយសរុបចំនួន ២៨១គ្រឿង ក្នុងនោះមានសំរិទ្ធ ១២៦គ្រឿង ប្រាក់៧៤គ្រឿង និងមាស៨១គ្រឿង។ តួរលេខនេះបញ្ជាក់ថា កម្ពុជាឈរនៅលំដាប់លេខ៤ បន្ទាប់ពីឥណ្ឌូនេស៊ី ថៃ និងវៀតណាម ដែលឈរនៅលំដាប់លេខ១។
ត្រឡប់មក ម្ចាស់មេដាយមាសវិញ្ញាសារត់ប្រណាំង លោក ឈុន ប៊ុនថន វិញ លោកបានប្តេជ្ញាចិត្តថា នឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីយកកិត្តិយស និងកេរ្តិ៍ឈ្មោះជូនជាតិបន្តទៀត ខណៈលោកនៅមានការប្រកួតនាពេលខាងមុខជាច្រើនទៀត ដូចជានៅប្រទេសថៃ ចិន និងបារាំងជាដើម។
លោកថា៖ «សម្រាប់ការប្តេជ្ញាចិត្តក្នុងការប្រកួតកីឡារត់ប្រណាំងនៅថ្ងៃខាងមុខទៀត ខ្ញុំនឹងខិតខំហាត់បន្ថែម ដើម្បីយកមេដាយអន្តរជាតិឱ្យបានច្រើនសម្រាប់ប្រទេសកម្ពុជា លើកកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ»៕