យុវជន​កំព្រាពុកម្តាយម្នាក់ ក្លាយ​ជាម្ចាស់​មេដាយ​មាស ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រជាជាតិ​​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា ​ស៊ីហ្គេម ​លើក​ទី៣២ លើវិញ្ញាសាអត្តពលកម្ម(រត់ប្រណាំង) ក្រោយ​តស៊ូ​ហ្វឹក​ហាត់​ជម្នះ​ឧបសគ្គ និងការឈឺចាប់ផ្សេងៗជិត១០ឆ្នាំ ក្នុងគោលបំណងយកកិត្តិយសជូន​ជាតិ និង​ចង់​មាន​ជីវភាព​សមរម្យ​មួយ ដើម្បីជៀសពីការមើលងាយពីមនុស្សជុំវិញខ្លួនមួយចំនួន។

កីឡាករដែលទើបឈ្នះមេដាយមាសស៊ីហ្គេមលើវិញ្ញាសារត់ប្រណាំងម្នាក់ គឺលោក ឈុន ប៊ុនថន បាន​រៀប​រាប់​ថា លោក​បាន​ចូល​ហ្វឹកហាត់កីឡាតាំងពីអំឡុង​ឆ្នាំ​២០១៥ ដោយសារតែចិត្តស្រឡាញ់ និង​ចង់​បាន​ការ​ងារ​មួយ​សម្រាប់​ខ្លួន​ឯង និងអាចយកកិត្តិយសជូនជាតិ។ លោកថា ​កាលនោះ​លោក​មិន​មាន​អ្វី​ត្រូវ​ពឹង​ផ្អែក​ទៀត​​​នោះ​​ទេ ក្រោយធ្លាក់ខ្លួនកំព្រា ដោយ​ម្តាយ​ជា​ទីស្រឡាញ់​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១០ ហើយ​ឪពុកក៏ត្រូវលាចាកលោកនៅឆ្នាំ២០១៣​ថែម​ទៀត។

ក្រោយបាត់បង់​អាណាព្យាបាលទាំង២​ កាលពី១០ឆ្នាំមុន យុវជ​ន​ដែល​មាន​ដើម​កំណើត​ពី​ស្រុក​កញ្ជៀច ខេត្តព្រៃវែង រូបនេះ បានចូលហ្វឹកហាត់កីឡាទី្រអាថ្លុង​(ហែលទឹក, ជិះកង់,​រត់) ប៉ុន្តែក្រោយមក លោក​ក៏​ចាប់​យក​កីឡារ​ត់​ប្រណាំងតែមួយ​មុខ និង​បន្តហ្វឹកហាត់រហូតមក​ ដោយត្រូវជួបឧបសគ្គតូចធំជាច្រើន ដូច​ជា ខ្វះខាតថវិកាផ្គត់ផ្គង់លើការហូបចុក និងសម្ភារប្រើប្រាស់ ដែលធ្វើឱ្យ​មិន​សូវ​មាន​កម្លាំង​ហ្វឹក​ហាត់​គ្រប់​គ្រាន់ ខណៈ​កាល​នោះ​ក៏​ពុំទាន់ចូលជាកីឡាករជម្រើសជាតិដែរ។

លោកប្រាប់ថា៖ «ឧបសគ្គធំរបស់ខ្ញុំ គឺខ្ញុំអត់មានលុយសម្រាប់ទិញអាហារហូបពេលហ្វឹកហាត់ ដំបូងឡើយកាលពីខ្ញុំអត់ទាន់ជាប់ជាជម្រើសជាតិ។ ទី២ សម្ភារហ្វឹកហាត់ និយាយទៅគឺពាក់ព័ន្ធនឹងសម្ភារកីឡា គឺពិបាកមែនទែន»។

ក្រៅតែពីជួបបញ្ហានេះ យុវជនវ័យ២៩ឆ្នាំដដែល ក៏ត្រូវរងការរិះគន់​ពីមនុស្សជុំវិញខ្លួនមួយចំនួន​ផង​ដែរ ដែល​ថាលោកចំណាយ​ពេល​ឥតប្រយោជន៍​ទៅហ្វឹកហាត់កីឡានេះ ស្រប​ពេល​ដែល​ជីវភាព​កំពុង​ខ្វះ​ខាត និងពុំមាន​អ្នកជួយជ្រោមជ្រែង ហើយ​ការប្រកួត​តាំង​ពី​ចាប់​ផ្តើម​ចូល​ហ្វឹក​ហាត់​មក មិនដែល​ទទួល​បាន​ជ័យ​លាភី​ទាល់​តែ​សោះ។ តែ​យ៉ាង​ណា លោក​បាន​ចាត់​ទុក​ឧបសគ្គ​ទាំង​នោះ ជាកម្លាំង​ចិត្តដែល​ជំរុញ​ឱ្យ​ខំ​ប្រឹង​ជម្នះ រហូតទាល់តែបានចូលជាកីឡាករជម្រើសជា​តិ និងបានឈ្នះមេ​ដាយ​មាស​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​លើ​វិញ្ញាសារ​ត់ចំងាយ​ ៨០០​ម៉ែត្រផ្នែក​បុរស កាល​ពី​ថ្ងៃទី១​១ ខែ​ឧសភាថ្មីៗនេះ។

លោកបញ្ជាក់ថា៖ «ការឈឺចាប់ គឺជំរុញឱ្យខ្ញុំខំប្រឹងប្រកួតយកមេដាយមាស។ ទី១ គឺខ្ញុំក្រ ខ្ញុំទៅធ្វើអីក៏អត់មានអ្នកជួយគាំទ្រដែរ! ក៏អត់មានអ្នកជួយជ្រោមជ្រែងដែរ។ ទី២ គឺខ្ញុំបាត់បង់គ្រួសារ បាត់បង់ឪពុកម្តាយ ហើយមួយទៀតគឺការឈឺចាប់ដោយសារការប្រកួតចាញ់»

លោកបន្ថែមថា៖«ទម្រាំតែបានមេដាយមាសហ្នឹង គឺការគិតទុកជិត១០ឆ្នាំហើយ គឺខ្ញុំចាញ់រហូត ប្រកួតចាញ់គេរហូត[…]ខ្ញុំក៏អត់ចង់ជឿថាខ្លួនឯងអាចយកឈ្នះបានដែរដោយសារតែការប្រកួតហ្នឹងវាអស្ចារ្យ! គេបិទផ្លូវយើង គេមិនចង់ឱ្យយើងរត់ចេញបានពីក្នុងហ្វូង ដូចថានៅជាប់ទ្រុងជាមួយគេ»។

សូមជម្រាបថា យុវជន ឈុន ប៊ុនថន គឺជាកីឡាកររត់ប្រណាំងរបស់កម្ពុជាតែមួយរូបគត់ ដែល​បាន​យក​មេដាយមាសដំបូងគេឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ​លើកទី៣២ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ។ ក្រៅពី​ជា​កីឡាករ លោកក៏ជានិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣​នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង​សារគមនា​គម​ន៍​​(DMC)ដែរ ប៉ុន្តែលោកបានព្យួរការសិក្សារយៈពេលជិត១ឆ្នាំ ដើម្បី​ទៅហ្វឹក​ហាត់​ត្រៀមប្រកួត ​នៅ​ឯ​ប្រទេស​ចិន កាល​​ពី​ជិតមួយឆ្នាំមុន។

លោក ហ៊ែល​ កំសាន ជានិស្សិត​រួមថ្នាក់ជាមួយ​ម្ចាស់មេដាយមាស ឈុន ប៊ុនថន បាន​ឱ្យដឹងថា កីឡាករ ឈុន ប៊ុន​ថន គឺ​ជា​យុវជនម្នាក់ដែល​ស្លូត​ត្រង់ ប៉ុន្តែម៉ឺង​ម៉ាត់ និងមានចិត្តតស៊ូទាំងក្នុងជីវិតសិក្សា និង​ការ​ហ្វឹក​ហាត់ ដោយ​មិន​ដែល​រុញរា ឬត្អូញត្អែរនឹង​ភាពនឿយហត់ឡើយ។

លោកថា៖ «វា[មេដាយមាស]សក្តិសម​ចំពោះគា​ត់[ឈុន ប៊ុនថន] ព្រោះគាត់លះបង់ច្រើនណាស់។ ដោយសារគាត់សុខចិត្តព្យួរការសិក្សានៅមហាវិទ្យាល័យ សុខចិត្តទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បី​យក​មេដាយ​ជូន​ជាតិ»។

ស្រដៀងគ្នានេះដែរ អនុប្រធានសហព័ន្ធកីឡាអត្តពលកម្ម(រត់ប្រណាំង) លោក ដាំ ភិរម្យ បាន គូស​បញ្ជាក់​ដែរ​ថា កីឡាករ ឈុន ប៊ុនថន ជាបុគ្គលម្នាក់ដែលម៉ឺងម៉ាត់ក្នុងការហ្វឹកហាត់ និងអ្វីដែលជា​ការបង្ហាត់​បង្រៀនរបស់លោកគ្រូ ដូច្នេះទើបធ្វើឱ្យគាត់​ក្លាយ​ជាកីឡាករទទួលបានជោគជ័យដំបូងគេបង្អស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ។

លោកបញ្ជាក់ថា៖«កីឡាករ ឈុន ប៊ុនថន គឺជាមនុស្សមួយដែលស្វិតស្វាញណាស់ ត្រង​ត្រាប់​នូវ​អ្វី​ដែល​ជា​ការបង្ហាត់​របស់​គ្រូទាំ​ង​ឡាយហ្នឹង គឺឈុន ប៊ុនថន គាត់ធ្វើបានល្អណាស់ ឈុន ប៊ុនថន គឺជា​មនុស្ស​ដែល​ប្រឹង​ប្រែង​ក្នុង​ការ​ហ្វឹក​ហាត់ ទើបអាចទទួលបានភាពជោគជ័យដូចឥឡូវនេះ»។

បន្ថែម​លើនេះ លោកថាការឈ្នះមេដាយមាសលើវិញ្ញាសានេះ នឹងធ្វើឱ្យបរទេស​ចាប់អារម្មណ៍​លើ​​កម្ពុជា ខណៈ​ពីមុនមិន​ដែល​មាន​ប្រទេស​ណាមួ​យ​ចាប់​អារម្មណ៍​នឹង​វត្តមាន​របស់​អត្តពលិក​កម្ពុជា​នោះ​ទេ។

លោកអះអាងថា៖ «ចាប់​ពី​ថ្ងៃនេះទៅ នៅក្នុងអាស៊ីអាគ្នេយ៍ គឺគេចាប់អារម្មណ៍ខ្លាំងណាស់ទៅលើកីឡាករ ឈុន ប៊ុនថន ព្រោះអីពេលដែលគាត់ឈ្នះហ្នឹង គឺថាគាត់រត់ដាច់ពីគេតែម្ដងអត់មានបន្លំអីនោះទេ ព្រោះកីឡា​អត្តពលកម្មកន្លងមកឈ្នះតែក្បាល ឬទ្រូងនោះ​ទេ ប៉ុន្តែនេះ គឺឈុន ប៊ុនថន គាត់រត់​ដាច់គេ​ប្រហែល២ទៅ៣ម៉ែត្រ»។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​​និង​សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា អត្តពលិកខ្មែរមិនមែនគ្មានសមត្ថភាពនោះទេ គ្រាន់តែខ្វះការហ្វឹកហាត់ និងការជ្រោមជ្រែងផ្សេងៗ។ លោកថា ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់បង្ហាត់ អាចធ្វើឱ្យ​អត្តពលិកកម្ពុជា មាន​សមត្ថភាព​គ្រប់​គ្រាន់ ក្នុងការប្រជែងជាមួយបរទេសបាន។

លោកនិយាយ​ថា៖ «ខ្មែរយើងគឺមិនមែនគ្មានសមត្ថភាពយកឈ្នះកីឡាករកីឡាការិនីនៅបណ្ដា​ប្រទេសនៅក្នុងតំបន់នោះទេ គ្រាន់តែយើងខ្វះការហ្វឹកហាត់ ខ្វះអ្នកជំនាញមកជួយ និងខ្វះការ​លើកទឹកចិត្តប៉ុណ្ណោះ។ អ៊ីចឹង ខ្ញុំគិតថា យ៉ាងណាគួរតែធ្វើឱ្យអាជីពកីឡា​របស់គាត់ អាចទ្រទ្រង់​ជីវភាព​រស់នៅរបស់ពួកគាត់បាន ដូច្នេះពួកគាត់នឹងមានកំលាំងចិត្ត និងប្រឹងប្រែងបន្តទៀត​ហើយ»។

រាជរដ្ឋាភិបាល បានប្រកាស​ផ្តល់ថវិកាលើកទឹកចិត្ត​ដល់កីឡាករ កីឡាការិនី ដែល​ទទួល​បាន​មេដាយ ក្នុង​ព្រឹត្តិ​ការណ៍​​​ស៊ី​ហ្គេមលើកទី៣២នេះ ក្នុងនោះ មេដាយមាស១គ្រឿង(១វិញ្ញាសា) ទទួល​បានថវិកា​លើកទឹក​​ចិត្ត​​ ៤០លានរៀល, មេដាយប្រាក់១គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួលបាន ១៦លានរៀល។

យ៉ាងណា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលទើបបិទបញ្ចប់នាពេលថ្មីៗនេះ គណៈកម្មាធិការ​ជាតិ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើក​ទី៣២​(CAMSOC) បាន​បង្ហាញ​ថា កម្ពុជា ​ទទួល​បាន​មេដាយ​សរុប​ចំនួន​ ២៨១គ្រឿង ក្នុងនោះមានសំរិទ្ធ ១២៦​គ្រឿង ប្រាក់៧៤គ្រឿង និងមាស​៨១​គ្រឿង។ តួរលេខនេះបញ្ជាក់ថា កម្ពុជាឈរនៅលំដាប់លេខ៤ ​បន្ទាប់ពីឥណ្ឌូនេស៊ី ថៃ និងវៀតណាម ដែលឈរនៅលំដាប់លេខ១។

ត្រឡប់មក ម្ចាស់មេដាយមាសវិញ្ញាសារត់ប្រណាំង លោក ឈុន ប៊ុនថន វិញ លោក​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិត​ខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត ដើម្បី​​យ​ក​កិត្តិយស និងកេរ្តិ៍ឈ្មោះជូនជាតិបន្តទៀត ខណៈ​លោក​នៅ​មាន​ការ​ប្រកួត​នាពេល​ខាង​មុខ​ជាច្រើន​ទៀត ដូចជានៅប្រទេសថៃ ចិន និងបារាំង​ជាដើម។

លោកថា៖ «សម្រាប់ការប្តេជ្ញាចិត្តក្នុងការប្រកួតកីឡារត់ប្រណាំងនៅថ្ងៃខាងមុខទៀត ខ្ញុំនឹងខិតខំហាត់បន្ថែម ដើម្បីយកមេដាយអន្តរជាតិឱ្យបានច្រើនសម្រាប់ប្រទេសកម្ពុជា លើកកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ»៕