មន្ទីរពេទ្យគន្ធបុប្ផាមានតម្រូវការចំណាយថវិកាប្រមាណ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយមួយឆ្នាំត្រូវចំណាយអស់ជិត៤០លានដុល្លារ ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារ ខណៈប្រធានមន្ទីរពេទ្យនេះអះអាងថារាល់ថវិការបស់សប្បុរជនមិនថាតិច ឬច្រើនសុទ្ធតែបានរួមចំណែកជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់ពាន់នាក់។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក គី​ សង់ទី បានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យកុមារមួយនេះមានអ្នកជំងឺចន្លោះពី១៥០០ ទៅ២០០០នាក់ក្នុងមួយថ្ងៃ ដែលត្រូវចំណាយថវិកាប្រមាណជិត១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ដែលធ្វើឱ្យការចំណាយសរុបក្នុងរយៈពេលមួយឆ្នាំមានរហូតដល់ជិត៤០លានដុល្លារ។ លោកបន្ថែមថាមន្ទីរពេទ្យនេះកំពុងមានតម្រូវការថវិកាចាំបាច់ ដើម្បីផ្គត់ផ្គង់លើសម្ភារៈប្រើប្រាស់ និងថ្នាំព្យាបាលជាដើម។

លោកថា៖«តម្រូវការគឺថវិកាហ្នឹងហើយ ដើម្បីយកមកទិញសម្ភារ ​​ថ្នាំសង្កូវដែលយើងត្រូវចំណាយ ដែលចំណាយមួយថ្ងៃៗសឹងតែ១០ម៉ឺនដុល្លារ»។

លោកបន្ថែមទៀតថា រាល់ថវិកាដែលប្រជាពលរដ្ឋខ្មែរបានបរិច្ចាគតាមរយៈមូលនិធិនានា ទោះបីតិចតួច ឬច្រើ​នក្តី គឺសុទ្ធតែបានរួមចំណែកសង្គ្រោះអាយុជីវិតកុមាររាប់ពាន់នាក់ ដែលកំពុងត្រូវការការព្យបាល។

លោកបន្តថា៖«គ្រប់ថវិកាទាំងអស់ ទោះតូច ឬធំ! យើងនិយាយឱ្យខ្លីសូម្បីមួយដុល្លារសុទ្ធតែបានចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារ»។

បើតាមការបញ្ជាក់របស់រដ្ឋម​ន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីដើមខែតុលា ឆ្នាំ២០២២កន្លងទៅបានឱ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំនៃប្រតិបត្តិការ មន្ទីរ​ពេ​ទ្យគន្ធបុប្ផាបានទទួលពិនិត្យ ព្យាបាល​​កុមារ និងស្រ្តីមានផ្ទៃពោះនៅផ្នែកពិគ្រោះ​ជំងឺ​ក្រៅ​បានជាង២១លានករណី ដែលក្នុងនោះមានអ្នកជំងឺកុមារជិត១៩លានករណី។

ប្រភពដដែលបានបញ្ជាក់ដែរថា មន្ទីរពេទ្យមួយនេះបានព្យាបាលកុមារដែលសម្រាកក្នុងមន្ទីរ​ពេទ្យ​​ជាង២លាននាក់ សម្រាលកូន បានជាង៣៦ម៉ឺននាក់ និងព្យាបាលវះកាត់ជំងឺបេះដូងពីកំណើតបានជាង៦ពាន់នាក់។ ទន្ទឹមនោះលោកបញ្ជាក់ថា មន្ទីរពេទ្យនេះមាន៥ទីតាំង មានគ្រែសរុប ២០៨៨គ្រែ និងមានបុគ្គលិកចំនួន ២៤៩៩នាក់។

យ៉ាងណាប្រធានមន្ទីរពេទ្យ លោក គី សង់ទី បានគូសបញ្ជាក់ថាគិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យនេះមិនទាន់មានបញ្ហាប្រឈមអ្វីធ្ងន់ធ្ងរនោះទេ ពោលគឺអាចទ្រទ្រង់ការចំណាយបាន ប៉ុន្តែក៏ត្រូវការស្វែងរកថវិកាបន្ថែមពីសប្បុរសជន ដើម្បីបម្រុងទុកលើការចំណាយនៅពេលខាងមុខបន្តទៀតដែរ។

លោកប្រាប់ថា៖«សម្រាប់បច្ចុប្បន្នយើងមិនមានបញ្ហាប្រឈមអីទេ​ ប៉ុន្តែយើងត្រូវរកថវិកាហ្នឹងដើម្បីទុកបម្រុង ដើម្បីទុកខែបន្ទាប់ ឆ្នាំបន្ទាប់ ឱ្យបានយូរអង្វែងជានិរន្តរភាព អ៊ីចឹងទាមទារការគាំទ្រពីប្រជាពលរដ្ឋហ្នឹង»។

ជាក់ស្តែងថ្មីៗនេះ មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសធ្វើយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាដើម្បីអបអរទិវាកុមារអន្តរជាតិ ១ មិថុនា។ យុទ្ធនាការនេះមានរយៈពេល៣០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសរបស់មូលនិធិនេះបានសរសេរថា៖ «យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀគរការបរិច្ចាគ ទោះតិចក្តៅ ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ១មិថុនា»។

ក្រោយការចាប់ផ្តើមដំណើរការជាផ្លូវការមួយថ្ងៃ ពោលគឺគិតត្រឹមព្រឹកថ្ងៃទី២​ ខែមិថុនា យុទ្ធនាការនេះទទួលបានថវិកាបរិច្ចាគជាង ៥២ម៉ឺនដុល្លារ ពីសប្បុរសជនជាង១២ម៉ឺននាក់ ច្រើនជាងថវិកាសរុប ដែលទទួលបានកាលពីយុទ្ធនាការលើកដំបូងកាលពីឆ្នាំ២០២២ ដោយកាលនោះបានថវិកា ៣០ម៉ឺនដុល្លារ។

ជុំវិញចំនួនថវិកាដែលបានពីការបរិច្ចាគយ៉ាងច្រើនត្រឹមរយៈពេលខ្លីនេះ លោក គី សង់ទី បានដាក់ក្តីរំពឹងថានឹងអាចជួយសង្រ្គោះកុមារកម្ពុជារាប់ពាន់នាក់ជាបន្តបន្ទាប់ទៀត។ ជាមួយគ្នា លោកក៏បានអំពាវនាវឱ្យមហាជនបន្តជួយបរិច្ចាគជូនមូលនិធិឱ្យបានកាន់តែច្រើនថែមទៀត ព្រោះមូលនិធិនេះបាននិងកំពុងរួមចំណែកទ្រទ្រង់មន្ទីរពេទ្យកុមារមួយនេះ។

លោកអះអាងថា៖«[ជួយ] បានច្រើនៗ រាប់ពាន់នាក់ ជំងឺដែលធ្ងន់ៗដែលយើងទាមទារត្រូវការប្រើប្រាស់ថវិកា ឧបករណ៍បរិក្ខាថ្នាំសង្កូវដើម្បីព្យាបាលអ្នកជំងឺ»។

អ្នកបរិច្ចាគថវិកាម្នាក់​ គឺលោក វុធ ច័ន្ទតារា បានលើកឡើងថាមូនិធិ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ គឺពិតជាល្អ និងគួរតែធ្វើជាចាំបាច់ ព្រោះលោកថាស្ថាបនិក​មូលនិធិ​គន្ធបុប្ឆា​កម្ពុជាយមួយនេះ គឺលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) បានខិតខំរកថវិកាទ្រទ្រង់ការចំណាយជាបន្តបន្ទាប់ ​រហូតដល់ពេលដែលទទួលមរណភាព ​ដូច្នេះលោកថាវាដល់ពេលដែលទាំងអស់គ្នាត្រូវរួមគ្នាជួយទ្រទ្រង់មន្ទីរពេទ្យនេះវិញម្តងហើយ។

យុវជនដដែលបានគូសបញ្ជាក់ថា ការបរិច្ចាគថវិកា១ម៉ឺន ឬ២ម៉ឺនរៀល មិនមែនជាចំនួនច្រើននោះទេ ប៉ុន្តែវាអាចរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើននាក់ ដែលកំពុងមានបញ្ហាសុខភាព។ លោកបន្ថែមថាការចំណាយថវិកានេះក៏បានជួយកុមារពីជំងឺធ្ងន់ធ្ងរ ឱ្យមានសុខភាពរឹងមាំ ដើម្បីជាអ្នកបន្តវេនពីយើងទាំងអស់គ្នា។

លោកថា៖«កុមារទាំងអស់ហ្នឹងហើយ អនាគតគឺជាអ្នកស្នងតំណែង ទំពាំងដែលជាអ្នកស្នងឫស្សី ពួកយើង។ អ៊ីចឹងបើពួកគាត់អត់មានសុខភាពល្អ អត់មានកាយសម្បទាគ្រប់គ្រាន់​ គាត់អត់អាចរស់បានល្អ អ៊ីចឹងអនាគតរបស់ស្រុកខ្មែរ អនាគតរបស់កម្ពុជាក៏យ៉ាប់ដែរ»។

លោក វុធ ច័ន្ទតារា បន្ថែមថា មិនត្រឹមតែអំឡុងពេលធ្វើយុទ្ធនាការរៃអង្គាសប៉ុណ្ណោះទេ ប៉ុន្តែលោកចង់ឃើញប្រជាពលរដ្ឋខ្មែរមានស្មារតីភ្ញាក់រលឹកជួយជាប្រចាំរៀងរាល់ខែ ដើម្បីអាចរួមគ្នាទ្រទ្រង់ការចំណាយរបស់មន្ទីរពេទ្យនេះបានមួយចំណែកធំដែរ។

លោកបន្តថា៖«អត់ចាំបាច់ទាល់តែមានយុទ្ធនាការទេ! អត់ចាំបាច់ទាល់តែគេប្រកាសរៃអង្គាសទេ​ យើងទាំងអស់គ្នាគួរតែមានស្មារតីភ្ញាក់រលឹកមួយថា នៅពេលដែលយើងទទួលបានចំណូលប្រចាំខែ ឧទាហរណ៍ប្រាក់ខែ យើងគួរតែនឹកឃើញថា យើងគួរតែបាញ់៥ដុល្លារ ឬក៏១ម៉ឺនហ្នឹងភ្លាមទៅឱ្យមូលនិធិទៅ»។

ដោយឡែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងថា ការបរិច្ចាគថវិកាពីសំណាក់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា គឺដោយសារមើលឃើញពីប្រព័ន្ធគ្រប់គ្រង និងការព្យាបាលនៃមន្ទីរពេទ្យនេះមានប្រសិទ្ធភាពល្អ។ មិនតែប៉ុណ្ណោះ លោកចាត់ទុកថាមូលនិធិគន្ធបុប្ផា «១ម៉ឺនរៀល ១ម៉ឺននាក់» នេះបានជំរុញឱ្យពលរដ្ឋកាន់តែមានទំនុកចិត្តលើវិស័យសុខាភិបាលកម្ពុជា។

លោកថា៖«ការជួយទៅដល់គន្ធបុប្ផាគឺជាការជួយបង្កើនជំនឿចិត្តរបស់ប្រជាពលរដ្ឋទៅលើវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា»។

ទោះបីជាបែបនេះក្តី លោកមានប្រសាសន៍ថា ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងជួយឧបត្ថម្ភគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ផានេះបន្តទៀត លុះត្រាតែមានការគ្រប់គ្រងការចំណាយឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោក គិមអេង មានប្រសាសន៍ថា៖«ដើម្បី​ឱ្យមានការបន្តជួយទៅលើគន្ធបុប្ផាបន្ថែមទៀត​ ទាល់តែមានការជួយការគ្រប់គ្រងការចាយវាយហ្នឹងឱ្យមានតម្លាភាព ឱ្យបានជាប្រយោជន៍ទៅដល់មន្ទីរពេទ្យកាន់តែខ្លាំង! ហើយនិងមានប្រសិទ្ធភាពជាក់លាក់ហ្នឹង ខ្ញុំគិតថានឹងមានការចួលរួមចំណែកកាន់តែច្រើនទៀត ហើយក៏ធ្វើឱ្យគន្ធបុប្ផាអាចកាត់បន្ថយបានការខ្វះខាតថវិកា ឬក៏អាចគ្រប់តាមការចំណាយ»។

សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយជាមធ្យម៤០លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព​និងមិនមានការរើសអើង។

«មូលនិធិគន្ធបុប្ផាកម្ពុជា»ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៨ ដោយសម្រេចដាក់ប្រាក់វិភាគទានដំបូងដែលជាថវិការបស់រដ្ឋចូលមូលនិធិនេះចំនួន១០លានដុល្លារ និងប្រកាសបន្តដាក់ថវិកា៥លានដុល្លារចូលមូលនិធិនេះជារៀងរាល់ឆ្នាំ ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ប៉ុន្តែជារឿងមួយដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរសោកសៅបំផុត គឺស្ថាបនិក«មូលនិធិគន្ធបុប្ផាកម្ពុជា» គឺលោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) បានទទួលមរណភាពនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារជំងឺ ក្នុងវ័យ៧១ឆ្នាំ។ ការបាត់បង់ស្ថាបនិកនេះបានកើតឡើង ក្រោយពីរដ្ឋាភិបាល​ប្រកាសឱ្យដំណើរការបានត្រឹមតែរយៈពេលប្រមាណ៥ខែប៉ុណ្ណោះ៕