ប្រធានក្រុមការងារគណបក្សភ្លើងទៀនម្នាក់នៅខេត្តបន្ទាយមានជ័យ លោក ស៊ិន វុត្ថា បានច្រានចោលចំពោះការដែលក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះលោកចេញក្របខណ្ឌគ្រូបង្រៀន ក្រោមហេតុផលថាលោកធ្វើខុសវិជ្ជាជីវៈជាមន្ត្រីរាជការ។
ការលើកឡើងរបស់ប្រធានគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យរូបនេះ ធ្វើឡើងក្រោយក្រសួងអប់រំ បានលុបឈ្មោះលោកចេញពីក្របខណ្ឌក្រសួងអប់រំ ក្រោមហេតុផលថា ប្រព្រឹត្តខុសនឹងវិជ្ជាជីវៈមន្ត្រីរាជការ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ។
លោក ស៊ិន វុត្ថា បានឱ្យដឹងថា រូបលោក ជាគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយនៅក្នុងឆ្នាំ២០២១ លោកក៏បានចូលប្រឡូកក្នុងវិស័យនយោបាយជាមួយគណបក្សភ្លើងទៀន។ លោកបន្តថា ក្នុងពេលថ្មីៗនេះ ខាងមន្ត្រីអប់រំខេត្ត បានហៅរូបលោកទៅជជែក និងបញ្ចុះបញ្ចូលលោកឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ប៉ុន្តែលោកបានបដិសេធ ហើយក្រោយមកក៏ស្រាប់តែក្រសួងអប់រំ ចេញលិខិតលុបឈ្មោះលោកចេញពីក្របខ័ណ្ឌរដ្ឋនេះតែម្តង។
លោកថា៖ «ជារឿងអយុត្តិធម៌សម្រាប់ខ្ញុំដែលមានការរើសអើង បើសិនជាវាពាក់ព័ន្ធជាមួយរឿងនយោបាយ ហើយខ្ញុំខ្លួនឯងបានចូលរួមនយោបាយតាមបែបស្របច្បាប់ តាមបែបលទ្ធិប្រជាធិបតេយ្យដើម្បីទាញកម្ពុជាឱ្យដើរផ្លូវកាន់តែល្អប្រសើររីកចម្រើន»។
ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក ស៊ិន វុត្ថា បានឱ្យដឹងទៀតថា ក្រោយការលុបឈ្មោះនេះ រូបលោកនឹងដាក់លិខិតទៅមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ដើម្បីសុំការបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា និងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង បានបដិសេធអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ដោយស្នើឱ្យមើលទៅតាមសេចក្តីប្រកាសរបស់ក្រសួងវិញ។
នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា ប្រសិនបើក្រសួងលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌ ដោយមិនបានបញ្ជាក់ពីមូលហេតុ និងមិនបានបញ្ជាក់ពីកំហុសឆ្គង តាមលក្ខន្តិកៈស្តីពីមន្ត្រីរាជការច្បាស់លាស់ទេ នោះអាចនឹងប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកថា៖ «ខ្ញុំមានការសោកស្តាយដែរ ពីព្រោះបើសិនជាការបញ្ចប់ក្របខណ្ឌមន្ត្រីរាជការ ដោយសារតែពួកគាត់ចូលរួមជីវភាពនយោបាយ ជាពិសេសអ្នកដែលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រឆាំង ហើយត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ដោយមិនមានមូលហេតុច្បាស់លាស់ ហើយមិនមានកំហុសឆ្គងតាមលក្ខន្តិកៈស្តីពីមន្ត្រីរាជការទេ អាហ្នឹងវាជាការប៉ះពាល់សម្រាប់ការអនុវត្តសិទ្ធិរបស់ពលរដ្ឋ ពីព្រោះពលរដ្ឋនីមួយៗ មានសិទ្ធិនៅក្នុងការចូលរួមជីវភាពនយោបាយនៃគណបក្សនយោបាយណាមួយ»។
បើតាមអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ មន្ត្រីរាជការដែលជាសមាជិកគណបក្សប្រឆាំងមួយនេះ ត្រូវបានបណ្តេញចេញពីមុខតំណែងពីក្របខណ្ឌរដ្ឋ ជាបន្តបន្ទាប់ មកទល់ពេលនេះ ប៉ុន្តែលោកពុំទាន់បានដឹងពីចំនួនជាក់លាក់នៅឡើយទេ៕