ក្រុមយុវជន និងគ្រូបង្គោលផ្នែកសិល្បៈមួយចំនួនបានបង្ហាញស្នាដៃសិល្បៈគំនូរ និងសិល្បៈបែបច្នៃប្រឌិតជាច្រើនប្រភេទនៅក្នុង«មហោស្រពសិល្បៈទីក្រុងស្អាត» ដែលបានរៀបចំឡើងដោយសមាគម«ហ្វារពន្លឺសិល្បៈ»នៅក្នុងក្រុងបាត់ដំបង ក្នុងគោលបំណងបង្ហាញទៅមហាជនជាតិ និងអន្តរជាតិ ឱ្យបានស្គាល់ពីស្នាដៃ និងវប្បធម៌របស់ខ្មែរ។
មហោស្រពសិល្បៈទីក្រុងស្អាត គឺជាកម្មវិធីមួយដែលប្រមូលផ្តុំទៅដោយសិល្បៈករ-សិល្បៈការិនីចម្រុះជាតិសាសន៍ ដូចជាសិល្បៈករខ្មែរ វៀតណាម ថៃ ឡាវ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។ ក្នុងនោះពួកគេនឹងបង្ហាញពីទេពកោសល្យបែបច្នៃប្រឌិតដើម្បីកំដរ អារម្មណ៍ភ្ញៀវទេសេចរ ដូចជាគំនូរជាអក្សរលើជញ្ជាំង គំនូរតាមដងផ្លូវ និងការតាំងផ្ទាំងគំនូរផ្សេងៗ រួមទាំងសកម្មភាពកម្សាន្តមួយចំនួនទៀត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
គ្រូបង្គោលផ្នែករចនាក្រាហ្វិកនៅក្នុងសាលាជំនាញសិល្បៈសូនរូបនៃសមាគមពន្លឺសិល្បៈ លោក ប៊ុត ស៊ុនរិន បានឱ្យដឹងថាកម្មវិធីនេះបាននិងកំពុងគូរគំនូរបុរាណលាយជាមួយសម័យ នូវសិល្បៈករ-សិល្បៈការិនីឆ្នើមរបស់កម្ពុជាចំនួន ៨រូប មានដូចជាសម្តេចព្រះរាម បុប្ផា ទេវី, វិចិត្រករជក់ទិព្វ លោក ញឹក ឌឹម, កវីស្លាបបកាមាសដងស្ទឹងសង្កែ លោក គង់ ប៊ុនឈឿន, លោកព្រឹទ្ធពិរម្យ ប្រាជ្ញ ឈួន, អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត, លោកស្រី រស់ សេរីសុទ្ធា និងអតីតស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ជាដើម។ លោកបន្តថា ក្រោយគូរគំនូរទាំង ៨ផ្ទាំងខាងលើនេះរួច នឹងត្រូវយកទៅដង្ហែនៅក្នុងក្រុងបាត់ដំបងនៅថ្ងៃទី១៧ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់នៃមហោស្រពនេះ។
លោក ស៊ុនរិន បានគូសបញ្ជាក់ថា គោលបំណងនៃការចូលរួមក្នុងមហោស្រពសិល្បៈទីក្រុងស្អាត និងគូរគំនូរសិល្បៈករឆ្នើមរបស់កម្ពុជានេះ ដោយសារចង់បង្ហាញពីសិល្បៈច្នៃប្រឌិតដែលខ្មែរមាន និងសោភ័ណភាពទីក្រុងបាត់ដំបង ដែលជាក្រុងវប្បធម៌ដ៏ចំណាស់មួយនេះ។ បន្ថែមលើនេះ លោកថាក៏ចូលរួមធ្វើឱ្យមហោស្រពមួយនេះក្លាយជាព្រឹត្តិការណ៍ដែលធ្វើឡើងជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកចូលរួមកម្សាន្តនៅឆ្នាំបន្ទាប់ៗដែរ។
លោកថា៖«យើងផ្តោតទៅលើទីក្រុងស្អាត គឺយើងគូរនៅទីក្រុងឱ្យគេឃើញសោភ័ណភាពនៅទីក្រុង។ ចំណុចល្អរបស់យើងគឺយើងបញ្ជ្រាបសិល្បៈទៅដល់សហគមន៍នៅក្នុងតំបន់យើង នៅក្នុងក្រុង [បាត់ដំបង]យើង ដើម្បីឱ្យគេស្គាល់ថា នៅក្នុងខេត្តបាត់ដំបងគឺយើងមានប្រភេទសិល្បៈច្រើន»។
គ្រូបង្គោលផ្នែកគំនូរសូនរូបដដែលបានអះអាងថា គិតមកទល់បច្ចុប្បន្ននេះការរៀបចំមហោស្រពសិល្បៈទីក្រុងស្អាតមានការទទួលស្គាល់ និងសហការពីមហាជនជាច្រើន ដែលប្លែកខុសពីមុនត្រង់ថាពលរដ្ឋមិនសូវមានការសហការ ដោយបានផ្តល់ទីតាំង ឬជញ្ជាំងទំនេរឱ្យគូរគំនូរនោះទេ។ លោកបន្ថែមថា ការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសិល្បៈខ្មែរ។
លោកថា៖«បើមានការចូលរួមច្រើន ខ្ញុំជឿថាវិស័យសិល្បៈនឹងមានការរីកចម្រើន ហើយនិងមួយទៀតគេនឹងស្គាល់ប្រទេសយើងច្រើន។ គេស្គាល់ប្រទេសយើងច្រើន វប្បធម៌យើង ហើយយើងអាចនឹងឈានទៅដំណាក់កាលមួយទៀត អាចនឹងមានការផ្លាស់ប្តូរបទពិសោធន៍សិល្បៈ យើងទៅគេ គេមកយើង»។
ស្រដៀងគ្នា សិស្សផ្នែកគំនូរជីវចលនៅក្នុងសាលាសិល្បៈសូនរូបម្នាក់ គឺកញ្ញា រ៉ា មុនីលីហ្សា បានឱ្យដឹងថា នាងបានចូលរួមនៅក្នុងមហោស្រពសិល្បៈទីក្រុងស្អាតនេះជាលើកដំបូង និងបានសហការគ្នាជាក្រុមក្នុងការគូររូបអតីតស្ថាបត្យករឆ្នើម គឺលោក វណ្ណ ម៉ូលីវណ្ណ ដើម្បីបង្ហាញពីបុគ្គលឆ្នើមរបស់កម្ពុជាទៅកាន់មហាជនឱ្យបានស្គាល់បន្ថែមទៀត។ មិនតែប៉ុណ្ណោះ យុវតីវ័យ១៨ឆ្នាំរូបនេះ និងសមាជិកក្រុមផ្សេងទៀត ក៏ចង់បង្ហាញពីស្នាដៃយុវជនខ្មែរ ដែលអាចបង្ហាញចេញនូវសិល្បៈគំនូរយ៉ាងផ្ចិតផ្ចង់មួយនេះដែរ។
កញ្ញាថា៖«ពួកយើងចង់បង្ហាញពីសិល្បៈឱ្យទៅអ្នកនៅហ្នឹងស្គាល់! ឱ្យពួកគាត់បានដឹងថានេះជាសិល្បៈដែលស្រុកយើង ខេត្តយើង ប្រទេសយើងបានធ្វើឡើង មានមហោស្រព វាឡូយ! វាអស្ចារ្យ! វាសប្បាយ! ហើយនិងរីករាយជាមួយនឹងសិល្បៈផ្សេងៗ»។
រីឯសិល្បៈករផ្នែកគំនូរបែបស្រមើស្រមៃ កញ្ញា សៅ ស្រីម៉ៅ ក៏បានលើកឡើងដែរថា ការចូលរួមតាំងបង្ហាញស្នាដៃនៅក្នុងកម្មវិធីមួយនេះ គឺដើម្បីគាំទ្រសកម្មភាពសិល្បៈដែលរៀបចំនៅក្នុងខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់ខ្លួន និងជាខេត្តសម្បូរអ្នកសិល្បៈឆ្នើមមួយនេះ។ ជាមួយគ្នាអ្នកគំនូរបែបសហសម័យរូបនេះ ក៏ស្នើឱ្យយុវជនដែលមានទេពកោសល្យ និងមហាជនចូលរួមបង្ហាញស្នាដៃរបស់ខ្លួនឱ្យបានច្រើន ព្រោះកញ្ញាថាសកម្មភាពទាំងនោះមានតម្លៃក្នុងស្មារតីជាសិល្បៈករ។
កញ្ញា ស្រីម៉ៅ ប្រាប់ថា៖«ខ្ញុំយល់ថាសំខាន់ខ្លាំងណាស់ វាឆ្លុះបង្ហាញឱ្យឃើញថា យើងមានភាពចម្រុះច្រើន យើងមិនមែនមានត្រឹមតែគំនូរទេ យើងមានច្រើនទម្រង់[…] បើសិនជាមានការចូលរួមច្រើនចឹង គឺលើកទឹកចិត្តឱ្យប្រភេទសិល្បៈផ្សេងៗទៀតដែលគាត់មិនដែលបានចូលរួម ឱ្យគាត់ចូលរួមនៅពេលក្រោយ»។
នាយកគ្រប់គ្រងគម្រោងរបស់សមាគមហ្វារពន្លឺសិល្បៈ និងជាអ្នកគ្រប់គ្រងមហោស្រពសិល្បៈទីក្រុងស្អាត លោក ឃួន ចន្ទរស្មី បានមានប្រសាសន៍ថា មហោស្រពនេះពិតជាមានសារៈសំខាន់ក្នុងការប្រមូលផ្តុំឱ្យអ្នកសិល្បៈបានជួបប្រាស្រ័យទាក់ទងគ្នា ហើយផ្សព្វផ្សាយពីសិល្បៈទាំងនោះទៅកាន់មហាជន ជាពិសេសគឺបញ្ជ្រាបទៅកាន់យុវជន និងកុមារឱ្យកាន់តែស្គាល់ច្បាស់ពីវប្បធម៌ និងសិល្បៈខ្មែរ។
លោកថា៖«យើងធ្វើយ៉ាងណាឱ្យសាធារណជនបានសិក្សាឈ្វេងយល់ ឬក៏យល់បន្ថែមទៅលើទម្រង់សិល្បៈ»។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង លោក គឹម សោភ័ណ្ឌ ចាត់ទុកថាមហោស្រពខាងលើនេះមិនត្រឹមតែបានផ្សព្វផ្សាយពីទម្រង់សិល្បៈបែបច្នៃប្រឌិតជាច្រើនដល់មហាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យបណ្តាផ្លូវមួយចំនួនដែលធ្លាប់ស្ងប់ស្ងាត់ក្លាយជាអ៊ូអរ ដោយសារតែមានគំនូរប្លែកៗគ្នានៅតាមដងផ្លូវនោះ។
មហោស្រពសិល្បៈទីក្រុងស្អាត ធ្វើឡើងរយៈពេល៦ថ្ងៃ ពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសិល្បៈករ-សិល្បៈការិនីសរុបប្រមាណ៥០នាក់ ដែលលើកយកនូវស្នាដៃផ្សេងៗគ្នាដូចជាផ្នែកគំនូរតាមជញ្ជាំង គំនូរតាមផ្លូវ គំនូរបែបសហសម័យ រួមនិងសិល្បៈបែបច្នៃប្រឌិតមួយចំនួនទៀត។ កម្មវិធីនេះរៀបចំឡើងដោយ«សមាគមហ្វារពន្លឺសិល្បៈ» និងមានការគាំទ្រពីអភិបាលខេត្តបាត់ដំបង រួមនិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត ដោយមានគោលបំណងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍសិល្បៈក្នុងទីក្រុងឱ្យមានការរីកចម្រើន៕