ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយចំនួនអះអាងថានឹងមិនមកចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧នាខែកក្កដាខាងមុខនេះ ក្រោមហេតុផលថាសន្លឹកឆ្នោតរបស់ពួកគេនឹងមិនមានតម្លៃ ព្រោះតែមិនមានគណបក្សនយោបាយដែលខ្លួនពេញចិត្តចូលរួមបោះឆ្នោត ខណៈខ្លះទៀតថាដោយសារបញ្ហាជីវភាព។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញបេសកម្មការងារ ឬរស់នៅក្រៅប្រទេស ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ត្រឡប់មក​ប្រទេសកម្ពុជា ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧នៅក្នុងខែកក្កដាខាងមុខនេះ។ ប៉ុន្តែការអំពាវនាវនេះត្រូវបានប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្រៅប្រទេសបង្ហាញការបារម្ភពីការចំណាយ និងខ្លះទៀតអះអាងថាមិនចូលរួមបោះឆ្នោត ព្រោះតែមិនមានគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត។

ពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃម្នាក់ គឺអ្នកស្រី ផល្លា (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) បានអះអាងថា អ្នកស្រីនឹងមិនមកចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅខែកក្កដាខាងមុខ តាមការអំពាវនាវរបស់ គ.ជ.ប នោះទេ ដោយសារតែបញ្ហាជីវភាពគ្រួសារខ្វះខាតផង និងមិនឃើញមានវត្តមានគណបក្សនយោបាយណាដែលអ្នកស្រីពេញចិត្តនៅឡើយ ក្នុងចំណោមបក្សនយោបាយដែលបានចុះបញ្ជីប្រកួតប្រជែងក្នុងការបោះឆ្នោតទាំង១៨។

បន្ថែមលើនេះ ស្ត្រីវ័យ ៣៥ឆ្នាំ ដែលបច្ចុប្បន្នកំពុងបំពេញការងារជាកម្មករស៊ីឈ្នួលនៅផ្សារមួយក្នុងប្រទេសថៃបានបញ្ជាក់ថា ប្រសិនបើមានគណបក្សណាដែលខ្លួនពេញចិត្តនោះ ទោះបីជាត្រូវចំណាយថវិកាដើម្បីធ្វើដំណើរពីប្រទេសថៃមកស្រុកកំណើតច្រើនប៉ុណ្ណាក៏ដោយ ក៏អ្នកស្រីសុខចិត្តមកចូលរួមការបោះឆ្នោតដែរ ព្រោះតែចង់ឃើញមានការផ្លាស់ប្តូរការដឹកនាំដូចទៅនឹងប្រទេសដទៃដែរ។

អ្នកស្រីថា៖«បើសិនជាការបោះឆ្នោតអាចស្ថាបនាជាតិបានដូចប្រទេសគេដទៃ ទឹកប្រាក់ដែលចំណាយទៅមកហ្នឹង វាមិនជាបញ្ហាទេ តិច ឬច្រើន ទោះជាខ្វះខាតក៏ដោយ! ក៏ប៉ុន្តែបើសិនជាចំណាយពេលវេលាទៅមកហើយ បោះក៏នៅតែប៉ុណ្ណឹង មិនបោះក៏នៅតែអ្នកហ្នឹងជាប់ដដែល អត់ទៅហ្មងទៅ! ខ្ជិល!»។

អ្នកស្រីបន្ថែមថា៖«បើខ្ញុំបានទៅបោះហើយ ខ្ញុំបានរើសមនុស្សដែលទ្រទ្រង់ជាតិ ស្តារជាតិ និងមានភាពយុត្តិធម៌ដល់ប្រទេសជាតិ ខ្ញុំអត់ស្តាយ(ថវិកា)ទេ! ប៉ុន្តែបើខ្ញុំទៅបោះហើយបានមនុស្សដែលអ៊ីចឹងដដែល អ៊ីចឹងខ្ញុំអត់ចង់»។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានបង្ហាញថា ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧នេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨គណបក្ស។ ក្នុងនោះគេសង្កេតឃើញមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលជាបក្សលេចធ្លោជាងគេ​ ខណៈបក្សក្រៅរដ្ឋាភិបាលផ្សេងទៀតហាក់មិនសូវមានប្រជាប្រិយភាពខ្លាំងនោះទេ។ ដោយឡែក គណបក្សភ្លើងទៀនដែលត្រូវបានគេចាត់ទុកថាជាបក្សប្រឆាំងដែលធំជាងគេនាពេលបច្ចុប្បន្ន ត្រូវបាន គ.ជ.ប បដិសេធមិនចុះបញ្ជីឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាខែកក្កដានេះ ក្រោមហេតុផលថាបក្សនេះបានធ្វើឱ្យបាត់សំណៅឯកសារដើមដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

ចំណែក ពលរដ្ឋដែលកំពុងបំពេញការងារនៅប្រទេសថៃម្នាក់ទៀត គឺអ្នកស្រី ចាន់ ផល្លី បានរៀបរាប់ថា អ្នកស្រីនឹងមិនបានត្រឡប់មកកម្ពុជា ដើម្បីចូលរួមបោះឆ្នោតនោះទេ ដោយសារតែបញ្ហាជីវភាព ខណៈដែលការងារបច្ចុប្បន្នក៏កំពុងតែជួបឧសបគ្គ។

អ្នកស្រីថា៖«ខ្ញុំអត់បានទៅទេ ព្រោះអីខ្វះខាតថវិកា ជួបនឹងបញ្ហារឿងការងារ និងបន្ទុកក្រុមគ្រួសារ អ៊ីចឹងបងអត់បានទៅទេ»។

រីឯពលរដ្ឋដែលធ្វើការជាអ្នកមើលថែអ្នកជំងឺនៅប្រទេសថៃម្នាក់ទៀត គឺអ្នកស្រី ថោង ចាន់នី បានរៀបរាប់ថា អ្នកស្រីបានខកខានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០២២ម្តងរួចមកហើយ ដោយសារតែខ្វះខាតថវិកាក្នុងការធ្វើដំណើរមកប្រទេសកំណើតនាខេត្តបន្ទាយមានជ័យ និងមើលឃើញថាការបោះឆ្នោតនាពេលកន្លងមកដូចជាមិនមានភាពត្រឹមត្រូវ និងយុត្តិធម៌នៅឡើយ។

អ្នកស្រីលើកឡើងថា៖«កន្លងមក ខ្ញុំមើលឃើញថាការបោះឆ្នោតនៅកម្ពុជា វាអត់មានតម្លាភាព អត់មានភាពត្រឹមត្រូវ។ ទី២គឺអត់មានការចូលរួមពីប្រទេសផ្សេងៗដែលជាគណៈកម្មការកណ្តាល ដើម្បីទៅត្រួតពិនិត្យ ដែលអត់មានការកែប្រែ គឺការរៀបចំឯកបក្ស»។

ដោយឡែក ជុំវិញការអំពាវនាវរបស់ គ.ជ.ប សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខនេះ អ្នកស្រីថាមិនទាន់សម្រេចចិត្តបែបណានៅឡើយ ដោយអាស្រ័យលើកត្តាជីវភាព និងមើលពីការរៀបចំរបស់ស្ថាប័នរៀបចំការបោះឆ្នោតជាមុនសិន ព្រោះអ្នកស្រីក៏ស្តាយសន្លឹកឆ្នោតរបស់ខ្លួនដែរ ប្រសិនបើមិនបានចូលរួមរើសអ្នកដឹកនាំនៅក្នុងអាណត្តិទី៧នេះ។

អ្នកស្រីថា៖«ខ្ញុំមិនទាន់ប្រាកដថានឹងចុះទៅទេ ទី១ត្រូវរង់ចាំមើលថាខ្លួនឯងមានលទ្ធភាពនឹងចុះទៅអត់! ហើយទី២ បើសិនជាខាង គ.ជ.ប គេមានគណៈកម្មការអាចមករៀបចំនៅប្រទេសថៃបាន ក៏វាប្រសើរដែរ វាអាចកាត់បន្ថយ(ការចំណាយ)សម្រាប់ប្រជាពលរដ្ឋចំណាកស្រុក»។

មន្ត្រី​សិទ្ធិ​ការងារ​ទទួល​បន្ទុក​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ លោក លឹង សុផុន លើកឡើងថាការអំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសត្រឡប់មកចូលរួមបោះឆ្នោតដើម្បីប្រើសិទ្ធិរបស់ខ្លួនគឺជារឿងល្អ ប៉ុន្តែលោកថាពលរដ្ឋទាំងនោះអាចនឹងជួបឧបសគ្គច្រើនដោយសារបញ្ហាជីវភាព និងការងារជាដើម ព្រោះត្រូវចំណាយពេលវេលាធ្វើដំណើរយូរថ្ងៃ។

លោកថា៖«គាត់ត្រូវធ្វើដំណើរ ចំណាយពេលវេលាផង ហើយចំណាយលុយកាក់ក្នុងការធ្វើដំណើរចូលរួមមកបោះឆ្នោត អាហ្នឹងតាមដែលសង្កេតឃើញ»

មួយវិញទៀត លោក សុផុន ថាប្រសិនបើនៅក្នុងការបោះឆ្នោតនោះពុំមានគណបក្សនយោបាយដែលពួកគាត់ពេញចិត្តចូលរួមប្រកួតប្រជែង នោះអាចចាត់ទុកថាជាការរំខានពួកគាត់ថែមទៀត។

លោកថា៖«វាជារឿងដែលរំខានដល់គាត់ទៅវិញទេ បើសិនជាយើងបង្ខំឱ្យពួកគាត់មកបោះឆ្នោត ហើយនិងបង្ខំឱ្យពួកគាត់ធ្វើដំណើរទៅបោះឆ្នោតចឹង វាជាការរំខានដល់ពួកគាត់ ពីព្រោះមិនមានបក្សដែលគាត់ស្រលាញ់ចូលចិត្ត»។

មន្ត្រី​សិទ្ធិ​ការងារ​ទទួល​បន្ទុក​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃដដែល បានគូសបញ្ជាក់ថា ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានចូលរួមបោះឆ្នោត រដ្ឋាភិបាល រួមនិងគ.ជ.ប គួរតែរៀបចំមណ្ឌលបោះឆ្នោតនៅតាមប្រទេសដែលមានពលរដ្ឋខ្មែររស់នៅ ដូចទៅនឹងប្រទេសជិតខាងមួយចំនួនដែរ។

ជាការឆ្លើយតប អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ស្ថាប័នរៀបចំការបោះឆ្នោតគឺជាស្ថាប័នអនុវត្តច្បាប់ ដូច្នេះមិនអាចរៀបចំការិយាល័យបោះឆ្នោតនៅក្រៅប្រទេសបាននោះទេ។ លោកបន្ថែមថា ការមិនចូលរួមបោះឆ្នោតក្រោមហេតុផលផ្សេងៗ គឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ប៉ុន្តែលោកថាគ.ជ.ប បានរៀបចំយ៉ាងម៉ឺងម៉ាត់តាមតួនាទីរបស់ខ្លួនហើយ។

លោកបញ្ជាក់ថា៖«គជប មិនអាចរៀបចំការិយាល័យបោះឆ្នោតនៅក្រៅប្រទេសបានទេ។ គជប គឺបានធ្វើការយ៉ាងហ្មត់ចត់ ប្រយ័ត្នប្រយែងបំផុត ពីព្រោះថា គ.ជ.ប នេះត្រូវទទួលខុសត្រូវក្នុងការចាត់ចែងរៀបចំបោះឆ្នោតបម្រើសេវាកម្មជូនដល់បងប្អូនប្រជាពលរដ្ឋ»។

មិនខុសពីលោក ហង្ស ពុទ្ធា ទេ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន​ បានមានប្រសាសន៍ថា ការមកចូលរួម ឬមិនចូលរួមបោះឆ្នោតពីសំណាក់ពលរដ្ឋ នោះគឺជាសិទ្ធសេរីភាពរបស់បុគ្គល។ ប៉ុន្តែលោកចាត់ទុកថាអ្នកដែលមិនចូលរួមបោះឆ្នោតថ្នាក់ជាតិ គឺមិនបានចូលរួមគិតពីអនាគតជាតិ ហើយអាចបាត់បង់ឱកាសឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ស្របទៅនឹងការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឱ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។

លោកអះអាងថា៖«គាត់ចង់មកបោះឆ្នោតជារឿងគាត់ គាត់មិនចង់មកបោះឆ្នោតជារឿងគាត់! តែចំពោះអ្នកដែលមិនចង់មកបោះឆ្នោតដោយចេតនា ខ្ញុំយល់ថាអាហ្នឹងជាការលះបង់សិទ្ធិរបស់ខ្លួនហើយ»។

លោកបន្ថែមថា៖«បើគាត់បោះបង់ចោលសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រហើយ អាហ្នឹងបានសេចក្តីថាគាត់មិនមានការចូលរួមចំណែកក្នុងការទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិទៅអនាគតទេ»។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន ១៨ចូលរួម។ បើតាមលោក ហង្ស ពុទ្ធា គិតមកទល់ពាក់កណ្តាលខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបោះពុម្ពបានសន្លឹកឆ្នោតដើម្បីចែកចាយទៅរាជធានី-ខេត្តបានជាង ១០ខេត្តហើយ ក្នុងចំណោមសន្លឹកឆ្នោតគ្រោងទុកសរុប ១៣លានសន្លឹក៕