អ្នកជំនាញមើលឃើញថា សកម្មភាពវីដេអូអាសអាភាស ជេរប្រមាថ និងការបរិភោគគ្រឿងមិនគប្បីជាដើមនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្នកំពុងបំផ្លាញវប្បធម៌សង្គម ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន ដែលទង្វើនេះត្រូវទប់ស្កាត់។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានមនុស្សមួយចំនួន បាន«បំផា្លញសីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរ» ដោយមិនដឹងខ្លួន តាមរយៈផលិតវីដេអូ ដើម្បីតែទាក់ទាញអ្នកទស្សនានៅលើបណ្តាញសង្គម។
លោកបន្តថា ការថតសកម្មភាពអាសអាភាពហួសហេតុ និងការបរិភោគសាច់សត្វឆៅ រួមទាំងគ្រឿងមិនគប្បីមួយចំនួនទៀតកំពុងកើតឡើងនេះ ជាការចូលរួមបំផ្លាញអនាគតកុមារ និងយុវជនខ្មែរយ៉ាងធ្ងន់ធ្ងរ ដែលក្មេងទាំងនោះអាចនឹងយកតម្រាប់តាម ។
លោកថា៖«កាលណាគេធ្វើបែបនេះ ដូចជាមានគោលបំណងបំផ្លាញអនាគតមនុស្សវ័យក្មេងច្រើនជាងមនុស្សចាស់។ […]ចំពោះក្មេងដែលអាយុក្រោម ១៨ឆ្នាំ ឬ១៥ឆ្នាំ គាត់គិតថាវាជាចំណែកមួយដែលគាត់អាចដឹង អាចយល់ អាចរៀនសូត្របាន។ បញ្ហាហ្នឹងខ្ញុំចាត់ទុកថា គាត់ជាអ្នកបំផ្លាញនូវតម្លៃសង្គមធ្ងន់ធ្ងរណាស់»។
ដោយឡែក លោក ទឹម ម៉ានី មានបទពិសោធន៍ខាងនិពន្ធជាង៥០ឆ្នាំបាននិយាយថា វីដេអូ និងខ្សែភាពយន្តមួយចំនួនលើបណ្តាញសង្គមហាក់មានរូបភាពអសីលធម៌។
លោកបន្តថា សកម្មភាពនេះ វាបានប៉ះពាល់ដល់ស្នាដៃចាស់បុរាណ និងធ្វើឱ្យសីលធម៌ខ្មែរធ្លាក់ចុះ ដែលការនេះលោកថា ត្រូវមានការអប់រំពីក្រសួងពាក់ព័ន្ធ ដើម្បីបញ្ចៀបចំណេះដឹង។
លោកថា៖«ក្នុងនាមកវីជើងចាស់មួយរូបដែលនៅសេសសល់ពីដើមមក គឺ[ខ្ញុំ]មិនគាំទ្រដាច់ខា តចំពោះរឿងខ្លីដែលអប់រំបែបអណាធិបតេយ្យរបៀបនេះ។ខ្មែរមានសុភាវធម៌ មានប្រពៃណីខ្មែរត្រឹមត្រូវ ហើយមានរឿងអប់រំច្រើនណាស់ ដែលយើងអាចយកមកអប់រំ»។
បញ្ហានេះ ប្រធានវិទ្យសា្ថនទំនាក់ទំនង វប្បធម៌ អបរំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាលគឺ លោកបណ្ឌិត ឈត ប៊ុនថង និយាយថា គេហទំព័រអាសអាភាសផ្សេងៗដែលធ្លាប់ជាបញ្ហាត្រូវបានបិទ. ប៉ុន្តែលោកថា បច្ចុប្បន្នការផលិតវីដេអូនៅលើបណ្តាញសង្គមមួយចំនួនកំពុងក្លាយជាបញ្ហាដល់កម្ពុជាវិញម្តង។
លោកថា សកម្មភាពដែលបង្កប់ភាពស្រើបស្រាលដែលត្រូវបានផ្សព្វផ្សាយយ៉ាងផុសផុលពីសំណាក់អ្នកផលិតវីដេអូមួយចំនួន ហាក់ជំរុញឱ្យកុមារ និងយុវជនឆាប់ប្រឡូកក្នុងការរួមភេទ និងជាការរួមចំណែកបង្កឱ្យមានការរំលោភសេពសន្ថវៈថែមទៀត។
លោកបញ្ជាក់ថា៖«កាលណាមានរូបភាពស៊ិចស៊ី អាសអាភាស ស្រើបស្រាលហ្នឹង វាទៅជាប្រយូស(ជំរុញ)ឱ្យកុមារ យុវជនឆាប់ប្រឡូកក្នុងការរួមភេទ អ្នកដែលញៀនគ្រឿងស្រវឹង ឬគ្រឿងញៀនស្រាប់ហ្នឹង ពេលដែលគាត់មើលអាហ្នឹងទៅ ក៏អាចប្រយូស(ជំរុញ)បន្ថែមឱ្យគាត់រកសេវាផ្លូវភេទ ឬក៏អាចទៅចាប់រំលោភគេ អីក៏មានដែរ»។
មន្ត្រីរូបនោះនិយាយទៀតថា សកម្មភាពទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ សម្រាប់លោកមិនលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយពីរូបភាពអាសអាភាស សូម្បីតែការស្លៀកពាក់។
លោកថា៖«វាធ្វើឱ្យខូចនូវតម្លៃនៃវប្បធម៌ ប្រពៃណីរបស់យើងដែរ ព្រោះអីប្រពៃណីយើង គឺជាប្រពៃណីមួយដែលមិនជំរុញឱ្យបង្ហាញភាពស៊ិចស៊ី ភាពអាសអាភាសហ្នឹងទេ»។
លោកថា ដើម្បីលុបបំបាត់សកម្មភាពទាំងនោះ ត្រូវមានការចូលរួមពីអ្នកផលិតវីដេអូ និងមន្ត្រីពាក់ព័ន្ធ ដែលថាក្នុងនោះ អ្នកផលិតមិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួន ភ្លេចគិតដល់ប្រយោជន៍រួម។
មួយវិញទៀត លោក ប៊ុនថង និយាយដែរថា ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈគួរតែមានការតាមដាន និងចាត់វិធានការចំពោះរូបភាព ឬវីដេអូណា ដែលប៉ះពាល់ដល់សីលធម៌ និងវប្បធម៌ជាតិ។
លោក សំបូរ ម៉ាណ្ណារា ចង់ឃើញមន្ត្រីពាក់ព័ន្ធមានវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសប៉ះពាល់ ធ្ងន់ធ្ងរដល់សីលធម៌សង្គម និងទប់ស្កាត់កុំឱ្យយុវជនក្លាយជាជនរងគ្រោះ។
លោកថា«មនុស្សធននេះ គួរតែត្រូវបានយកចិត្តទុកដាក់គិត ដើម្បីដោះស្រាយជាបន្ទាន់ កុំឱ្យដំបៅនោះវារាលដាលធំ ហើយធ្វើឱ្យបាត់បងតម្លៃសង្គមជាតិកាន់តែធំដែរ ព្រោះក្មេងសម័យទំនើបរបស់យើងនេះ យើងមានទំនើង ហើយត្រូវបានមានទំនាក់ទំនង និងទំនាញបែបនេះផងនោះ វាធ្វើឱ្យពួកគាត់ក្លាយខ្លួនជាអ្នកងាយរកគ្រោះនៅក្នុងសង្គមយើង។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ បដិសេធមិនអធិប្បាយជុំវិញបញ្ហានេះ ដោយលោកអះអាងថាជាបញ្ហាដដែលមិនមានអ្វីផ្លាស់ប្តូរ។
លោកថា៖«យើងនិយាយដដែលៗវាដដែលពេក អូនឯងចុះ(ផ្សាយ)ទៅក៏វាអត់ន័យដែរ»។
យ៉ាងណាកាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ លោកធ្លាប់បានអំពាវនាវឱ្យផលិតករភាពយន្តឯកសារ អ្នកផលិតស្ប៉តពាណិជ្ជកម្ម និងអ្នកផលិតវីដេអូគ្រប់ប្រភេទ ត្រូវគិតពីសីលធម៌សង្គម និងប្រយោជន៍ជាតិ កុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវគិតពីអនាគតយុវជនជំនាន់ក្រោយ។
ច្បាប់ស្តីពីការគ្រប់គ្រង ត្រួតពិនិត្យសិល្បៈភាពយន្ត និងវីដេអូ មាត្រា២៨ បានចែងថា ជនណាបញ្ចាំង កាត់ត ដំឡើងរូបភាព ថតចម្លង ថតបញ្ចូលសម្លេង ជួល លក់ និងចែកចាយសម្រាប់ធ្វើអាជីវកម្មនូវផលិតផលភាពយន្ត ឬវីដេអូដែលមានលក្ខណៈរូបភាពអាសអាភាស ត្រូវពិន័យជាប្រាក់ពី ២០ម៉ឺនរៀលទៅ ២លានរៀល ហើយដកហូតទាំងឧបករណ៍ សំភារៈភាពយន្ត ឬវីដេអូ ក្នុងការធ្វើអាជីវកម្ម។
ដោយឡែកខ្សែភាពយន្ត ឬកាសែតវីដេអូ ឡាហ្វែរឌីស ស៊ីឌីវីដេអូ ឌីវីឌី និងស៊ីឌីរ៉ម ត្រូវបំផ្លាញចោល។
បើតាមលោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ ឱ្យដឹងដែរថា បច្ចុប្បន្នអ្នកផលិតវីដេអូ ភាពយន្តឯកសារផ្សេង មិនសូវបានចុះបញ្ជី និងស្នើសុំមកក្រសួងវប្បធម៌នោះទេ។
លោកបន្ថែមថា ការដែលមិនបានស្នើសុំមកក្រសួងនេះ ប្រសិនបើមានបញ្ហាអ្វីមួយត្រូវប្រឈមមុខច្បាប់ និងទទួលខុសត្រូវដោយខ្លួនឯង។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានអំពាវនាវឱ្យផលិតករ សេវាករ អង្គការ និងក្រុងថតភាពយន្តទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ត្រូវដាក់ពាក្យស្នើសុំផ្ទាល់មកនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ រាល់ពេលដែលថតភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្ប៉តពាណិជ្ជកម្ម និងសកម្មភាពថតវីដេអូផ្សេងៗទៀត ដោយភ្ជាប់មកជាមួយនូវលិខិតស្នើសុំថត អត្ថបទនិពន្ធរឿងពិស្តារ អត្ថបទសង្ខេបខ្លឹមសារ និងទីតាំងថតជាដើម៕