អាជ្ញាធរខេត្តបាត់ដំបងសម្រេចវាយកម្ទេចបណ្ណាល័យចំណាស់មួយស្ថិតក្នុងក្រុងបាត់ដំបង ដោយបានអះអាងថាអាគារនោះមិនមែនជាសំណង់បុរាណដែលសល់ពីសម័យសង្គមរាស្ត្រនិយមទេ ប៉ុន្តែជាអាគារដែលសាងសង់ឡើងក្នុងសម័យរដ្ឋកម្ពុជា ដែលបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមមិនអាចជួសជុលបាន។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថាក្រោយពិភាក្សាគ្នារួច រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានសម្រេចរុះរើសំណង់បណ្ណាល័យមួយកន្លែងនៅក្នុងក្រុងបាត់ដំបង ដោយសារតែមានសភាពចាស់ពេកមិនអាចជួសជុលបាន និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុលើប្រជាពលរដ្ឋ។ លោកបន្តថាទីតាំងដដែលនោះនឹងត្រូវរៀបចំជាសួនច្បារជំនួសវិញ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដើរកម្សាន្ត។

ជាមួយគ្នា លោកអភិបាលខេត្តបានអះអាងថា អាគារនោះមិនមែនជាសំណង់បុរាណដែលសេសសល់ពីសម័យសង្គមរាស្ត្រនិយមនោះទេ ប៉ុន្តែជាសំណង់ដែលសាងសង់ឡើងក្នុងសម័យរដ្ឋកម្ពុជា(១៩៨៩-១៩៩៣) ដែលមិនមានរចនាបថបុរាណ ខណៈសំណង់ដែលសាងសង់ក្នុងសម័យសង្គមរាស្ត្រនិយមត្រូវបានបាត់រូបរាងទាំងស្រុងទៅហើយ។

លោកបញ្ជាក់ថា៖«អាគារសង់បុរាណវាបាត់ហើយ ខូចរូបរាងដើមហើយ! អ៊ឹចឹងសម័យរដ្ឋកម្ពុជាហ្នឹង គឺបានធ្វើអាគារហ្នឹង! មើលរចនាបថគឺមិនដូចបុរាណទេ ហើយអាគារហ្នឹងអត់មាននរណាប្រើប្រាស់រាប់ឆ្នាំហើយ វាពុកវាផុយ អត់មានប្រើប្រាស់កើតទេ អាគារទុកកន្លែងហ្នឹងវាប៉ះពាល់ គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ»។

យ៉ាងណា លោក សុខ លូ បានឱ្យដឹងដែរថា លោកក៏មានបំណងចង់រក្សា និងជួសជុលអាគារចំណាស់មួយនោះដែរ ប៉ុន្តែដោយសារតែមន្ត្រីជំនាញនៃគណៈកម្មការរៀបចំដែនដីថ្នាក់ខេត្តអះអាងថាមិនអាចជួសជុលបាន ក៏សម្រេចរុះរើ ដើម្បីសាងសង់ជាសួនច្បារលម្អវិញ។

លោកមានប្រសាសន៍ថា៖«ខ្ញុំជាអ្នកចង់ទុក គិតថារើចេញដាក់ក្បឿងថ្មី ឬក៏កែកុនម៉េចឱ្យបានទុកអ៊ឹចឹងហាស ក៏ប៉ុន្តែអ្នកជំនាញថាមិនបានទេ ដោយសារគ្រឹះ កាលណាដាក់ក្បឿងធ្ងន់ពីលើថែមទៀត អាហ្នឹងគឺអាចរលំអាគារហ្នឹងហើយ។

បន្ថែមលើនេះអភិបាលខេត្តបាត់ដំបងដដែលលើកឡើងថា ការរុះរើសំណង់អាគារខាងលើ និងជំនួសវិញដោយការសាងសង់សួនច្បារនេះ មានសារៈសំខាន់រួមធំជាងផលប៉ះពាល់ ដោយបានផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងការដើរកម្សាន្ត និងបញ្ជៀសពីគ្រោះថ្នាក់ជាយថាហេតុ ដែលកើតចេញពីអាគារនោះផងដែរ។

ស្រដៀងគ្នា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង លោក គឹម​ សោភ័ណ្ឌ បានលើកឡើងដែរថា ការអភិរក្ស គឺមានតួនាទីដើរស្របគ្នាជាមួយនឹងការអភិវឌ្ឍ ហើយការអភិរក្សក៏ត្រូវគិតថាបានផ្តល់អត្ថប្រយោជន៍បែបណា។ ដូច្នេះលោកថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគឺតម្រូវលើផលប្រយោជន៍រួមជាធំ និងដើម្បីក្រុមជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ។ 

លោកថា៖«ការងារដែលយើងធ្វើរាល់ថ្ងៃ គឺយើងគិតប្រយោជន៍រួម គិតប្រយោជន៍ធំ អត់គិតប្រយោជន៍បុគ្គល អត់គិតប្រយោជន៍តិចតួចម្នាក់ ឬ២នាក់អីហ្នឹងទេ! គិតថាអាណារួម ផលប្រយោជន៍ច្រើន ដើម្បីកម្រិតជីវភាពប្រជាពលរដ្ឋកើនឡើង តាមរយៈទេសចរណ៍»។

ទោះជាបែបនេះក្តី ពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងម្នាក់ គឺកញ្ញា ហ៊ន ថូវ៉ាន ចង់ឃើញមានការអភិវឌ្ឍ ប៉ុន្តែនៅតែអភិរក្សសំណង់អាគារដែលមានអាយុកាលយូរៗឆ្នាំ​ដើម្បីបន្សល់ទុកឱ្យអ្នកជំនាន់ក្រោយបានឃើញ និងឈ្វេងយល់ ជាជាងការកម្ទេចសំណង់ចាស់ចោល ដើម្បីអភិវឌ្ឍថ្មី​ ដែលយុវជនរូបនេះចាត់ទុកថាជាការលុបដានប្រវត្តិសាស្ត្រ ខណៈបាត់ដំបងជាខេត្តដែលស្គាល់ថាមានសំណង់បុរាណច្រើន។

កញ្ញាថា៖«ពេលវាយចោលអ៊ឹចឹងទៅ វាជាការសោកស្តាយមួយដែរ ដោយសារតែនៅខេត្តបាត់ដំបងភាគច្រើនគឺគេចាប់អារម្មណ៍ទៅលើសំណង់បុរាណ បើសិនជាមួយការវាយកម្ទេចអាគារហ្នឹងអស់ពីមួយទៅមួយ ហើយកន្លែងប្រវត្តិសាស្រ្ត ឬក៏សំណង់ប្រវត្តិសាស្ត្រអស់ពីមួយទោមួយអ៊ឹចឹងទៅ វាធ្វើឱ្យលុបដានហ្នឹង។ ឧទាហរណ៍ថា ក្មេងៗជំនាន់ក្រោយចង់ទៅឃើញថា តើអាគារហ្នឹងរូបរាងបែបណា ឬក៏មានរចនាបថបែបណា តែយើងមានតែរូបថតបន្សល់ទុកទេ»។

កញ្ញា ថូវ៉ាន បន្ថែមថា រាល់ការរុះរើ ឬអភិវឌ្ឍនានា គួរតែបង្ហាញពីការសិក្សាអាយុកាលនៃសំណង់ និងផ្តល់ដំណឹងដល់ពលរដ្ឋ ដើម្បីស្ទង់មតិពួកគាត់ ព្រោះយុវជនរូបនេះថា មតិពលរដ្ឋក៏មានឥទ្ធិពលដែរ។ ជាក់ស្តែងដូចជាការផ្លាស់ប្តូរពីការវាយស្ពានថ្មនៅក្នុងខេត្តបាត់ដំបង ទៅជាសាងសង់ស្ពានថ្មីមួយទៀតនៅក្បែរនោះវិញ ក្រោយពីមានការរិះគន់ពីប្រជាពលរដ្ឋ។

ចំណែក មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក អូត ឡាទីន បានលើកឡើងថានៅក្នុងសង្គមត្រូវតែមានការអភិវឌ្ឍ ប៉ុន្តែក៏ត្រូវមានការអភិរក្សដើម្បីឱ្យសាធារណជនអាចស្គាល់ពីរចនាបថដែលអាគារបុរាណដែលបានឆ្លុះបញ្ចាំងពីប្រពៃណី វប្បធម៌របស់ប្រជាជនខ្មែរ។ លោកចាត់ទុកថាការរក្សានូវសំណង់អាគារបុរាណ គឺជាការថែរក្សាវប្បធម៌ និងប្រពៃណីដែរ ដូច្នេះអាជ្ញាធរគួរតែជួសជុលឱ្យអស់លទ្ធភាព និងពិចារណាឱ្យបានត្រឹមត្រូវ មុននឹងសម្រេចវាយកម្ទេចចោលនូវមរតកដើមដ៏កម្រនេះ។

លោកបញ្ជាក់ថា៖«ការដែលទុកសំណង់អាគារបុរាណចាស់ហ្នឹង វាប្រៀបបានដូចជាយើងអភិរក្សនូវវប្បធម៌ ប្រពៃណីរបស់ប្រជាជនខ្មែរយើងចឹង ហើយដើម្បីកុំឱ្យវាមានការគ្រោះថ្នាក់ដល់អ្នកទៅទស្សនា ឬបែកបាក់អីហ្នឹង គឺអាជ្ញាធរធ្វើការជួសជុលនូវផ្នែកណាដែលវាទ្រុឌទ្រោមខ្លាំងទៅ យើងអាចទាញការចាប់អារម្មណ៍ពីសាធារណជនបានហើយ»។

យោងលើសារាចរណែនាំ ស្តីពី​ការ​ទប់​ស្កាត់​ការ​វាយ​កម្ទេច និង​បំផ្លិចបំផ្លាញសំណង់អាគារបេតិក​ភណ្ឌ​របស់​រដ្ឋាភិបាល​ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បាន​លើក​ឡើង​ថា ចំពោះ​សំណង់​អាគារបេតិក​ភណ្ឌដែល​ស្ថិត​នៅ​ក្នុង​តំបន់​បេតិកភណ្ឌទីក្រុង និងតាមបណ្តារាជធានី-ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ មានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍ។

ហានិភ័យនេះ រដ្ឋាភិបាល​ដាក់ចេញវិធានការ៤ចំណុច ដើម្បីទប់ស្កាត់ ក្នុងនោះ​មាន​ទាំង​ហាមឃាត់ចំពោះការកែប្រែ ការ​ប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាព​ចំពោះសំណង់សាធារណៈ ភូមិឋាន​ និង​​ផ្ទះបុរាណ ស្របតាមច្បាប់ការពារបេតិកភណ្ឌវប្បធម៌ ដែលប្រកាសឱ្យប្រើនៅឆ្នាំ​១៩៩៦ ទប់​ស្កាត់​ការ​វាយ​ក​ម្ទេចបំផ្លិ​ចបំផ្លាញសំណង់​វប្បធម៌ ប្រវត្តិសាស្ត្រ  សំណង់​បុរាណ និងសំណង់អាគារបេតិកភណ្ឌ ដើម្បីការ​ពារឱ្យ​បា​​ន​គង់វង្សជាដើម៕