លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​​ នៅ​ថ្ងៃ​ចន្ទ​នេះ​លើកឡើងថា ប្រសិន​បើ​​ការបោះឆ្នោត​ក្នុង​ខែ​កក្កដា​ខាងមុខ​​ដំណើរការទៅដោយ​រលូន ហើយ​គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត​ ​នោះ​រាជ​រដ្ឋាភិបាល​ថ្មីនឹងស្បថចូលកាន់ដំណែងនៅ​​​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ថ្លែង​ក្នុងពិធីសម្ពោធដាក់​ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម» ថ្មី ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា​ លោក ហ៊ុន សែន បានបញ្ជាក់ថា ក្រោយ​ការ​បោះឆ្នោត សភា​នឹង​ប្រជុំ​ក្រោម​ព្រះរាជ​អធិបតី​ព្រះមហាក្សត្រ​នៅថ្ងៃចន្ទ ទី២៨ ខែសីហា ហើយ​សភា​នឹង​ចូល​ស្បថ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ។ ចំណែកថ្ងៃអង្គារ​បន្ទាប់ ទី២៩ ខែសីហា រាជ​រដ្ឋាភិបាល​ថ្មី​ចូល​ស្បថ​ និង​អាច​ឡើង​កាន់​ដំណែង​បាន​។

លោកបញ្ជាក់ថា៖ «នេះជាប្រក្រតីទិន​សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយកា​របោះឆ្នោត​នៅពេ​លខា​ងមុខ ក្នុងករណីដែលគណបក្សប្រជាជនឈ្នះខ្ញុំមានភារកិច្ចត្រូវរៀបចំបែបនេះ ប៉ុន្តែបើគណបក្សដទៃឈ្នះ អាហ្នឹងទុកឱ្យគេរៀបចំទៅ»។

កម្ពុជា​នឹង​រៀប​ចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី​៧ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ ដោយ​មិនមាន​គណបក្ស​ប្រឆាំង​លេចធ្លោណា​មួយ​​អាច​ប្រកួត​ប្រជែងជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា​បាន​ឡើយ បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បើឆ្នោត (គ.ជ.ប) ហាម​ឃាត់មិន​ឱ្យ​ចូលរួម​ឈរ​ឈ្មោះ​ ដោយ​មូលហេតុ​​កង្វះ​ឯកសារ។​

លោក​ ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​​ប្រាប់ Newsroom Cambodia ថា លោកមិនទាន់ជឿជាក់ទាំងស្រុង​នោះ​ទេ ដោយ​លោក​យល់ថា ប្រហែល​ជា​គណៈរដ្ឋមន្ត្រីចា​ស់​នៅ​បន្ត​កាន់​ដំណែង​​មួយរយៈសិន ទើបមានការផ្លាស់ប្តូរ ឬការផ្ទេរអំណាច​ទៅ​គណៈ​រដ្ឋមន្ត្រី​ថ្មី។

លោកបញ្ជាក់ថា៖ «ប៉ុន្តែប្រសិនបើស្ថានភាពអំណោយផលសម្រាប់គណបក្សកាន់អំណាច មិនមាន​អ្វីជាកត្តាប្រឈមបញ្ហាចម្បងអីទេ សមាសភាព​គណៈរដ្ឋមន្ត្រីថ្មី​ដែល​ជា​ថ្នាក់​ដឹកនាំ​វ័យ​ក្មេង​ក៏​អាច​ចូល​កាន់​នៅខែសីហា ដូចដែលលោកនាយករដ្ឋមន្ត្រីលើកឡើងដែរ»។

យោងតាម​ មាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថា តាមសេចក្តីស្នើពីប្រធាន ដោយ​មាន​មតិ​ឯកភាព​ពី​អនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុង​ចំណោម​តំណាង​រាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជន​ដែល​ត្រូវ​បាន​ចាត់​តាំងនេះនាំសហការីដែលជាតំណាងរាស្ត្រ ឬជា​សមាជិក​គណបក្ស​តំណាង​នៅ​ក្នុង​រដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា ។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រីទាំងមូល។ មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រី ត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៦៕​