យុវជនដែលសកម្មក្នុងកិច្ចការងារសង្គម នៅបន្តប្តេជ្ញាស្វែងរកជំនួយតាមគ្រប់រូបភាព ដើម្បីផ្គត់ផ្គង់សម្ភារសិក្សាសម្រាប់កម្រិតបឋមសិក្សាដល់កុមារដែលខ្វះខាតនៅជនបទឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ បើទោះជាការងារស្ម័គ្រចិត្តដែលធ្លាប់ចំណាយពេលជាង១០ឆ្នាំនេះ ត្រូវរង់ការមើលងាយពីមនុស្សនៅជុំវិញខ្លួន និងមិនសូវឱ្យតម្លៃពីមហាជនក្តី។
លោក ម៉ាត់ សាអ៊ីត មានវ័យ ៣០ឆ្នាំបានចំណាយពេល ១១ឆ្នាំក្នុងការរកជំនួយជាថវិកា និងសម្ភារសិក្សាដូចជាកាតាប សម្លៀកបំពាក់ ស្បែកជើង រួមនឹងសម្ភារសិក្សាមួយចំនួនទៀត ជួយដល់កុមារ និងសាលារៀនដែលខ្វះខាតនៅតំបន់ដាច់ស្រយាល។
ប្រភពដដែលបន្តថា បើទោះជានៅពេលនេះ រូបលោកលែងបានបំពេញការងារជាក្រុមដូចមុនក្តី ក៏ការងារស្ម័គ្រចិត្តនេះ ខ្លួនមិនបោះបង់ចោលឡើយ។ការជួយកុមារ ដែលជួបការខ្វះខាតនៅតាមជនបទនេះគឺជាគោលបំណងធំរបស់លោក ចំពោះកុមារនៅតាមតំបនជនបទដែលមានជីវភាពខ្សត់ខ្សោយ មិនមានសម្ភារសិក្សាគ្រប់គ្រាន់ និងរៀនសូត្រមិនបានខ្ពង់ខ្ពស់។
លោកបញ្ជាក់ថា៖«គោលបំណងច្បាស់តែម្តង គឺខ្ញុំចង់បង្កើនការចែករំលែក បង្កើនការជួយទៅដល់ក្មេងៗដែលគាត់អត់សូវមានលទ្ធភាព ឱ្យបានរៀនដូចក្មេងដ៏ទៃអ៊ឹចឹង ព្រោះខ្ញុំធ្លាប់ជាក្មេងបែបហ្នឹងអ៊ឹចឹង»។
បើតាមលោក ម៉ាត់ សាអ៊ីត អ្វីដែលនាំឱ្យខ្លួនមិនបោះបង់គោលបំណងនេះ ដោយសារធ្លាប់ឆ្លងកាត់ជីវភាពលំបាកមិនខុសពីកុមារដូចដែលលោកត្រូវជួយក្នុងពេលបច្ចុប្បន្ននេះប៉ុន្មានដែរទេ ទម្រាំអាចរៀនចប់ថ្នាក់សាកលវិទ្យាល័យ។សម្រាប់ការងាស្ម័គ្រចិត្តនេះ បានចាប់កំណើតតាំងពីអំឡុងឆ្នាំ២០១២ ដែលកាលណោះមានសមាជិកក្នុងក្រុមប្រមាណ៥០នាក់។ប៉ុន្តែក្រុមការងារនេះ ម្នាក់ៗបានលាឈប់អស់ហើយ ដោយសារជួបផលលំបាក និងមិនមានប្រាក់ចំណូល។
សម្រាប់ការងារស្ម័គ្រចិត្តនេះ យុវជនដែលមានដើមកំណើតមកពីស្រុកឈូក ខេត្តកំពតលោក ម៉ាត់ សាអ៊ីត លើកឡើងថា ថវិកា និងជំនួយដែលលោករកបាន គឺតាមរយៈការរៃអង្គាសតាមទីប្រជុំជន និងតាមផ្សារនានានៅក្នុងខេត្តមួយចំនួន។
បើទោះបែបណា ការរៃអង្គាសនេះលោកបញ្ជាក់ថា ក៏ត្រូវជួបបញ្ហាប្រឈមណាស់ដែរ ដូចជាត្រូវរង់ការម៉ាក់ងាយថាជាអ្នកសុំទាន រហូតធ្វើឱ្យលោកពេលខ្លះ ត្រូវបាក់ទឹកចិត្តចង់ឈាឈប់ម្តងម្កាល់ដែរ។ប៉ុន្តែដោយការស្រលាញ់ និងមានភក្តីភាពក្នុងការជួយកុមារដែលខ្វះខាត ត្រូវបង្ខំចិត្តឱ្យលោកក្រាញ់ននៀលបន្តជួយកុមារទាំងនោះទៀត។
លោកបន្តថា៖«គាត់មើលងាយយើងស្មើនឹងយើងជាអ្នកសុំទាន អ៊ឺចឹងការវាយតម្លៃ ការរិះគន់ ការផ្ចាញ់ផ្ចាលរបស់ពួកគាត់មួយចំនួនដែលគាត់មិនចង់ជួយ ហើយបែរជាមិនចង់ជួយអ៊ឹចឹងជាបញ្ហាដែលខ្ញុំបាក់ទឹកចិត្តអ៊ឺចឹង ។ខ្ញុំនៅតែធ្វើ! នៅតែបន្ត ខ្ញុំអត់អាចឈប់ទេ[…]ទោះបីអ្នកណាមើលមិនឃើញជារឿងរបស់គាត់ ប៉ុន្តែឆន្ទះរបស់យើង ចង់ឃើញក្មេងដែលគាត់អត់មានលទ្ធភាព! យើងចង់បង្កើតសមាគមមួយដើម្បីជួយដល់ក្មេងៗជាច្រើនឱ្យបានរៀន អ៊ឹចឹងយើងមិនអាចបញ្ឈប់ទេ យើងនឹងបន្តឱ្យអស់លទ្ធភាព »។
របាយការណ៍ស្រាវជ្រាវរបស់អង្គការយូនីស្កូបានបង្ហាញកាលពីឆ្នាំ២០១៨ថាការរៀនសូត្រមិនគ្រប់គ្រាន់នៅឆ្នាំដំបូងៗ គួបផ្សំនឹងការពុំទទួលបានអាហាររូបត្ថម្ភបានគ្រប់គ្រាន់ផង ធ្វើឱ្យកុមារជាច្រើននាក់អភិវឌ្ឍខ្លួនយឺតយ៉ាវ។ មួយវិញទៀត គុណភាពនៃបរិស្ថានរៀនសូត្រនៅមានកម្រិតទាប និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាបរិក្ខារអនាម័យ និងទឹកស្អាត នៅខ្វះខាតក៏បង្កផលប៉ះពាល់ដល់ការសិក្សារបសកុមារដែរ។
ប្រភពដដែលបានរកឃើញថា ការកសាងបរិស្ថានសាលារៀនដែលធ្វើឱ្យកុមារមានសុខភាពល្អ ជួយជំរុញទឹកចិត្តឪពុកម្តាយឱ្យបញ្ជូនកូនៗពួកគេទៅសាលារៀន និងលើកទឹកចិត្តសិស្សឱ្យបន្តរៀនសូត្រ។ការស្រាវជ្រាវបានបង្ហាញដែរថាកុមារនៅកម្ពុជានៅបន្តរៀនយឺត ដោយសារមូលហេតុជាច្រើន ដូចជាការពុំបានត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់សម្រាប់ចូលរៀន គុណភាពទាបនៃការរៀន និងបង្រៀនដែលកុមារទទួលបាន រួមនិងការមករៀនមិនទៀងទាត់។បញ្ហាទាំងអស់នេះ ជាដើមហេតុធ្វើឱ្យកុមារជាច្រើននាក់បោះបង់ចោលការសិក្សា។
ក្នុងនាមជាយុវជនស្ម័គ្រចិត្តលោក ម៉ាត់ សាអ៊ីត លើកឡើងថា ខេត្តគោលដៅមួយចំនួន ដែលលោកត្រូវជួយ ដូចជា ខេត្តបាត់ដំបង បន្ទាយ មានជ័យ ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តសៀមរាប ។បើទោះជាមកដល់ពេលនេះ មិនទាន់មានទិន្នន័យច្បាស់លាស់ ពីចំនួនកុមារដែលត្រូវជួយ ប៉ុន្តែប្រភពដដែលបញ្ជាក់ថាកុមារនៅតាមជនបទទាំងនោះ មានចំនួនរាប់ពាន់នាក់ ពួកគេធ្លាប់ទទួលបានការជួយឧបត្ថម្ភក៍ជាសម្ភារសិក្សារួចមកហើយ។
ចំណែក នាយកសាលាបឋមសិក្សាជ័យតាស្វាយ ដែលស្ថិតក្នុងស្រុកឈូក ខេត្តកំពត លោក ដួង ឈូកចាត់ទុកថាជំនួយរបស់យុវជន ម៉ាត់ សាអ៊ីត បានផ្លាស់ប្តូរសាលារបស់លោទាំងស្រុងតាមរយៈផ្តល់ជំនួយជាច្រើនដល់សាលារបស់លោកដែលខ្វះខាតទាំងអគារសិក្សា និងបានជួយជាសម្ភារសិក្សាដល់កុមារជាង២៤០នាក់។ក្នុងនោះលោកថាយុវជនខាងលើបានជួយសាងសង់អគារមួយខ្នងមានតម្លៃជាង ១ម៉ឺនដុល្លារថែមទៀត។
លោកបន្តថា៖«បើសិនជាអត់គាត់ និយាយចំទៅសាលានេះប្រហែលជាមិនបានប្រសើរអ៊ឹចឹងទេ។ សកម្មភាពដែលគាត់ធ្វើគឺបានជួយអភិវឌ្ឍសហគមន៍របស់យើង សាលារបស់យើងបានល្អប្រសើរ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង ចាត់ទុកថាសកម្មភាពរបស់យុវជនខាងលើគឺជារូបភាពមួយដែលបង្ហាញពីការលះបង់ដើម្បីសង្គម ដែលបច្ចុប្បន្នមិនសូវជាមានច្រើនទេ។ ដូច្នេះសាធារណៈជនគួរតែលើកទឹកចិត្ត ទោះបីជាខ្លួនមិនបានចូលរួមជាថវិកា ឬជំនួយមនុស្សធម៌ក្តី។
លោកបន្តថា៖«ជារឿងល្អដែលយុវជនគាត់មានឆន្ទៈឈឺឆ្អាលបញ្ហាសង្គម ចង់ជួយបញ្ហាសង្គម ជារឿងមួយសំខាន់ណាស់។ មានមនុស្សមិនច្រើនទេដែលលះបង់ពេលវេលា លះបង់ធនធាន លះបង់សេចក្តីសុខផ្ទាល់ខ្លួនសម្រាប់អ្នកដ៏ទៃ ដើម្បីជួយដល់អ្នកក្រីក្រ អ្នកដែលលំបាក ឱ្យងើបចេញផុតពីការលំបាក»។
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលត្រូវគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រុមយុវជនស្ម័គ្រចិត្តមូលដ្ឋាន ឬអង្គការដែលពាក់ព័ន្ធនឹងការងារស្ម័គ្រចិត្ត ដោយត្រូវឱ្យតម្លៃ និងផ្តល់រង្វាន់លើកទឹកចិត្តចំពោះយុវជនដែលបំពេញការងារស្ម័គ្រចិត្ត។ ជាពិសេសគឺត្រូវបង្កើតយន្តការសម្របសម្រួល និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាពរវាងរដ្ឋាភិបាល អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដើម្បីជួយអ្នកស្ម័គ្រចិត្ត៕