យុវជនដែលសកម្មក្នុងកិច្ចការងារសង្គម នៅបន្តប្តេជ្ញាស្វែងរកជំនួយ​តាម​​គ្រប់​​រូប​ភាព ដើម្បី​​ផ្គត់​​​ផ្គង់​សម្ភារសិក្សាសម្រាប់កម្រិតបឋមសិក្សា​ដល់កុមារដែលខ្វះខាតនៅ​​ជនបទឱ្យ​​បាន​​រៀន​​សូត្រ​​ខ្ព​ង់​​​​ខ្ពស់ បើទោះជា​​កា​​​រ​​ងា​​រ​​ស្ម័គ្រចិត្ត​ដែលធ្លាប់ចំណាយពេលជាង១០ឆ្នាំនេះ ត្រូវរង់ការមើល​​ងា​យ​​​ពីមនុស្ស​​នៅជុំវិញ​​ខ្លួ​​ន ​និ​ង​មិនសូវឱ្យតម្លៃពីមហាជនក្តី។

លោក ម៉ាត់ សាអ៊ីត មានវ័យ ៣០ឆ្នាំបានចំណាយពេល ១១ឆ្នាំក្នុងការរកជំនួយជាថវិកា និង​សម្ភារសិក្សាដូចជាកាតាប សម្លៀកបំពាក់ ស្បែកជើង រួមនឹងសម្ភារសិក្សាមួយចំនួនទៀត ជួយ​ដល់កុមារ និងសាលារៀនដែលខ្វះខាតនៅតំបន់ដាច់ស្រយាល។

ប្រភពដដែលបន្តថា បើទោះជានៅពេលនេះ រូបលោកលែងបានបំពេញ​​ការងារជាក្រុម​​ដូច​​មុន​​ក្តី ក៏ការងារស្ម័គ្រចិត្តនេះ ខ្លួនមិនបោះបង់ចោលឡើយ។ការជួយកុមារ ដែលជួបការខ្វះខាត​​នៅ​​តាមជនបទនេះគឺជាគោល​បំណងធំរបស់លោក ចំពោះកុមារនៅ​​តាមតំបនជន​បទដែល​​​​មាន​ជីវភាព​​ខ្សត់​​​ខ្សោយ មិនមានសម្ភារសិក្សាគ្រប់គ្រាន់ និងរៀនសូត្រមិនបានខ្ពង់ខ្ពស់។

លោកបញ្ជាក់ថា៖«គោលបំណងច្បាស់តែម្តង គឺខ្ញុំចង់បង្កើនការចែករំលែក បង្កើនការជួយ​ទៅ​​ដល់ក្មេ​​ងៗដែលគាត់អត់សូវមានលទ្ធភាព ឱ្យបានរៀនដូចក្មេងដ៏ទៃអ៊ឹចឹង ព្រោះខ្ញុំធ្លាប់​​ជាក្មេង​​បែ​​ប​ហ្នឹងអ៊ឹចឹង»។

បើតាមលោក ម៉ាត់ សាអ៊ីត អ្វីដែលនាំឱ្យខ្លួនមិនបោះបង់គោលបំណងនេះ ដោយ​​សារ​​ធ្លាប់​ឆ្លង​កាត់ជីវភាព​​លំបាក​​មិនខុសពីកុមារដូចដែលលោកត្រូវជួយក្នុងពេលបច្ចុប្បន្ននេះប៉ុន្មានដែរទេ ទ​​​ម្រាំ​​​អាចរៀនចប់​ថ្នាក់​​សាក​​ល​​វិទ្យាល័យ។សម្រាប់ការងាស្ម័គ្រចិត្តនេះ បានចាប់​​កំណើត​​តាំង​​ពី​​អំឡុងឆ្នាំ២០១២ ដែលកាលណោះមានសមា​​ជិកក្នុង​​ក្រុមប្រមាណ៥០នាក់។​​ប៉ុន្តែក្រុម​កា​រងា​​រ​នេះ ម្នាក់ៗបានលាឈប់អស់ហើយ ដោយសារជួបផលលំបាក និងមិនមានប្រាក់ចំណូល។

សម្រាប់ការងារស្ម័គ្រចិត្តនេះ យុវជនដែលមានដើមកំណើតមកពីស្រុកឈូក ខេត្ត​​កំពតលោក ម៉ាត់ សាអ៊ីត លើកឡើងថា ​​ ថវិកា និង​​ជំនួយ​​ដែលលោករកបាន គឺតាម​​រយៈការ​​រៃអង្គា​ស​​តាម​​ទី​​​ប្រ​ជុំជន និងតាមផ្សារនានានៅ​​ក្នុង​ខេត្តមួយចំនួន។

បើទោះបែបណា ការរៃអង្គាសនេះលោកបញ្ជាក់ថា ក៏ត្រូវជួបបញ្ហាប្រឈមណាស់ដែរ ដូច​​ជា​​ត្រូវ​​​រង់​​ការ​ម៉ាក់ងាយថាជាអ្នកសុំទាន រហូតធ្វើឱ្យលោកពេលខ្លះ ត្រូវបាក់ទឹកចិត្តចង់​​ឈា​​ឈប់​​​ម្តងម្កាល់ដែរ។ប៉ុន្តែដោយការស្រលាញ់ និងមានភក្តីភាពក្នុងការជួយកុមារដែលខ្វះខាត ត្រូវ​បង្ខំ​​ចិត្ត​​​ឱ្យ​​​លោកក្រាញ់ននៀលបន្តជួយកុមារទាំងនោះទៀត។

លោកបន្តថា៖«គាត់មើលងាយយើងស្មើនឹងយើងជាអ្នកសុំទាន អ៊ឺចឹងការវាយតម្លៃ ការរិះគន់ កា​​​​រផ្ចាញ់ផ្ចាលរបស់ពួកគាត់មួយចំនួនដែលគាត់មិនចង់ជួយ ហើយបែរជាមិន​​ចង់ជួយអ៊ឹចឹង​ជា​​​បញ្ហា​ដែលខ្ញុំបាក់ទឹកចិត្តអ៊ឺចឹង ខ្ញុំនៅតែធ្វើ! នៅតែបន្ត ខ្ញុំអត់អាចឈប់ទេ[…]ទោះបីអ្នក​​ណា​​​មើល​​មិនឃើញ​ជា​​​​​រឿងរបស់គាត់ ប៉ុន្តែឆន្ទះរបស់យើង ចង់ឃើញក្មេងដែល​គាត់​​អត់មាន​​ល​ទ្ធ​​ភាព! យើងចង់​​បង្កើត​សមាគមមួយដើម្បីជួយដល់ក្មេងៗជាច្រើនឱ្យបានរៀន អ៊ឹចឹងយើង​​មិន​​អាចបញ្ឈប់ទេ យើង​​នឹងបន្តឱ្យអស់លទ្ធភាព »។

របាយការណ៍ស្រាវជ្រាវរបស់អង្គការយូនីស្កូបានបង្ហាញកាលពីឆ្នាំ២០១៨ថាការរៀនសូត្រ​​មិ​ន​​​គ្រប់​​គ្រាន់នៅឆ្នាំដំបូងៗ គួបផ្សំនឹងការពុំទទួលបាន​​អាហាររូបត្ថម្ភបានគ្រប់គ្រាន់ផង ធ្វើឱ្យ​​កុ​​មា​រជាច្រើននាក់អភិវឌ្ឍខ្លួនយឺតយ៉ាវ។ មួយវិញទៀត គុណភាពនៃបរិស្ថាន​​រៀនសូត្រនៅ​​មាន​​ក​​ម្រិ​​តទាប និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាបរិក្ខារអនាម័យ  និងទឹកស្អាត នៅខ្វះ​​ខាត​​ក៏​​បង្ក​​ផលប៉ះពាល់ដល់ការសិក្សារបសកុមារដែរ។

ប្រភពដដែលបានរកឃើញថា ការកសាងបរិស្ថានសាលារៀនដែលធ្វើឱ្យកុមារមានសុខភាពល្អ ជួយជំរុញទឹកចិត្តឪពុកម្តាយឱ្យបញ្ជូនកូនៗពួកគេទៅសាលារៀន និងលើកទឹកចិត្តសិស្ស​​ឱ្យ​​បន្ត​​​​​រៀនសូត្រ។ការស្រាវជ្រាវបានបង្ហាញដែរថាកុមារនៅកម្ពុជានៅបន្តរៀនយឺត ដោយសារ​​មូល​​​​ហេតុជាច្រើន ដូចជាការពុំបានត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់សម្រាប់ចូលរៀន គុណភាព​​ទាប​​នៃការរៀន និងបង្រៀនដែលកុមារទទួលបាន រួមនិងការមករៀនមិនទៀងទាត់។បញ្ហាទាំង​​អស់​​​នេះ ជាដើមហេតុធ្វើឱ្យកុមារជាច្រើននាក់បោះបង់ចោលការសិក្សា។

ក្នុងនាមជាយុវជនស្ម័គ្រចិត្តលោក ម៉ាត់ សាអ៊ីត លើកឡើងថា ខេត្តគោលដៅមួយចំនួន ដែល​​លោក​ត្រូវជួយ ដូចជា ខេត្តបាត់ដំបង បន្ទាយ មានជ័យ ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តសៀមរាប ។បើទោះជាមកដល់ពេលនេះ មិន​​ទា​ន់​​​​មាន​​ទិ​ន្នន័យច្បាស់លាស់ ពីចំនួនកុមារដែលត្រូវជួយ ប៉ុន្តែប្រភពដដែលបញ្ជាក់​​ថាកុមារ​​នៅ​​​​តាម​​ជន​​បទ​​ទាំងនោះ មានចំនួនរាប់ពាន់នាក់ ពួកគេធ្លាប់ទទួលបានការជួយឧបត្ថម្ភក៍ជា​​សម្ភារសិក្សា​​រួច​​​​មកហើយ។

ចំណែក នាយកសាលាបឋមសិក្សាជ័យតាស្វាយ ដែលស្ថិតក្នុងស្រុកឈូក ខេត្តកំពត លោក ដួង ឈូក​ចាត់​ទុកថាជំនួយរបស់យុវជន ម៉ាត់ សាអ៊ីត បានផ្លាស់ប្តូរសាលារបស់លោទាំងស្រុង​​តាម​​រយៈ​​​ផ្តល់ជំនួយជាច្រើនដល់សាលារបស់លោកដែលខ្វះខាតទាំងអគារសិក្សា និង​​បាន​​ជួយ​​​ជា​​សម្ភារសិក្សាដល់កុមារជា​ង២៤០នាក់។ក្នុងនោះលោកថាយុវជន​​ខាងលើបានជួយ​​សា​ង​​​ស​ង់​​អគារមួយខ្នងមានតម្លៃជាង​ ១ម៉ឺនដុល្លារថែមទៀត។

លោកបន្តថា៖«បើសិនជាអត់គាត់ និយាយចំទៅសាលានេះ​​ប្រហែលជាមិនបានប្រ​​សើរអ៊ឹចឹង​​ទេ​​។ សកម្មភាពដែលគាត់ធ្វើគឺបានជួយអភិវឌ្ឍសហគមន៍របស់យើង សាលារបស់យើង​​បាន​​ល្អ​​ប្រ​​សើរ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង ចាត់ទុកថា​​សកម្ម​ភាពរបស់យុវជនខាងលើគឺជារូបភាពមួយដែលបង្ហាញពីការលះបង់ដើម្បីសង្គម ដែល​​ប​ច្ចុ​​ប្បន្នមិនសូវជាមានច្រើនទេ។ ដូច្នេះសាធារណៈជនគួរតែលើកទឹកចិត្ត ទោះបីជាខ្លួនមិនបាន​​ចូ​​ល​​​​​​រួមជាថវិកា ឬជំនួយមនុស្សធម៌ក្តី។

លោកបន្តថា៖«ជារឿងល្អដែលយុវជនគាត់មានឆន្ទៈឈឺឆ្អាលបញ្ហាសង្គម ចង់ជួយបញ្ហាសង្គម ជារឿងមួយសំខាន់ណាស់។ មានមនុស្សមិនច្រើនទេដែលលះបង់ពេលវេលា លះបង់ធនធាន លះបង់សេចក្តីសុខផ្ទាល់ខ្លួនសម្រាប់អ្នកដ៏ទៃ ដើម្បីជួយដល់អ្នកក្រីក្រ​ អ្នកដែលលំបាក ឱ្យ​​ងើ​ប​​ចេ​ញផុតពីការលំបាក»។

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលត្រូវគាំទ្រ​គំនិត​​ផ្តួច​ផ្តើមរបស់ក្រុមយុវជនស្ម័គ្រចិត្តមូលដ្ឋាន ឬអង្គការដែលពាក់ព័ន្ធនឹងការងារស្ម័គ្រចិត្ត ដោយ​​ត្រូវឱ្យតម្លៃ និងផ្តល់រង្វាន់លើកទឹកចិត្តចំពោះយុវជនដែលបំពេញការងារស្ម័គ្រចិត្ត។ ជាពិសេស​​គឺត្រូវបង្កើតយន្តការសម្របសម្រួល និងបង្កើនកិច្ចសហប្រតិបត្តិការ​​ឱ្យមានប្រសិទ្ធភាពរវាង​​រដ្ឋា​​ភិបាល អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដើម្បីជួយអ្នកស្ម័គ្រចិត្ត៕