អំពើ​​ហិង្សា​ក្នុង​គ្រួសា​រ​ នៅ​តែ​បន្ត​​កើត​​មានឡើង ដោយ​បង្ក​ឱ្យ​​មាន​​ផលប៉ះ​ពាល់​​​ដល់​គ្រួសា​រ និង​សង្គ​ម​មនុស្ស​​ទាំង​មូល​​។​​​ រាជ​រដ្ឋាភិ​បាល​ និង​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន ​នៅ​តែ​បន្ត​ទប់​ស្កាត់ ​និង​ចាត់​វិធានការ​​តាម​នីតិវិធីច្បាប់ ចំពោះ​បុគ្គល​​ដែល​បាន​ប្រព្រឹត្តិ​នូវបញ្ហា​ទាំ​ង​អស់​នេះ។​​

ខាង​ក្រោម​នេះ​​ជា​កិច្ច​សម្ភាស​​រវាង​​កញ្ញា ណម​ ស៊ីណា ប្រធាន​​កម្មវិធី​ទំនាក់​ទំនង​សហគមន៍​នៃ​អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បីកម្ពុជា (GADC) និង​ព្រះតេជគុណ​ ឃត​ ពន្លឺ​ ​ដែល​​ជា​​សិក្ខា​កាម​ Newsroom​​ Cambodia​  កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ អំពីករណីអំពើ​​ហិង្សា​ក្នុង​គ្រួសា​រ ៖

Q៖ ចម្រើនពរ​ កញ្ញា ណម ស៊ីណា!

A៖ សូមក្រាមថ្វាយបង្គំព្រះតេជគុណ!                                            

Q៖ តើអំពើហិង្សាក្នុងគ្រួសារជាអ្វី?

A៖ កូណា!​ នេះ​គឺ​យើង​និយាយ​ដល់​ទាក់​ទង​នឹង​និយម​ន័យ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ ​បើ​យោង​ទៅ​តាម​ច្បាប់​ស្តី​អំពី​​ការ​ទប់​ស្កា​ត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពា​រជន​រង​គ្រោះ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ ​យើង​សំដៅ​ទៅ​ដល់​អំពើហិង្សា​ទាំងឡាយ​ណា​ដែលអាច​កើត​មានឡើង​ទៅ​លើប្តី​ ឬប្រពន្ធ ឬ​ក៏​អ្នក​នៅ​ក្នុង​បន្ទុក​​គ្រួសារ​ ​ទោះ​បី​ជា​អំពើ​ហិង្សា​កើត​ឡើង​នៅ​ទីណា​ក៏ដោយ​គឺ​គេ​មើល​ទៅ​លើ​ទំនាក់​ទំនង​គាត់​ជា​ប្តី ​ឬ​ជា​ប្រពន្ធ ​ឬក៏អ្នក​ដែល​មាន​បន្ទុក​នៅ​ក្នុង​គ្រួសារ​។

Q៖ តើមូលហេតុអ្វីខ្លះដែលនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ?

A៖ ​មូល​ហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើត​មាន​អំពើហិង្សា​ក្នុងគ្រួសារ​វាមាន​ហេតុផល​ចម្បង​ កត្តា​រួម​ផ្សំ​ ​បើ​យើង​ពាក់​វែន​តា​យេន​ឌ័រមើល​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ មាន​ន័យថា​វា​កើត​អំពី​វិសមភាព​អំណាច​រវាង​បុរស​ និង​ស្ត្រី​ក្នុង​ក្រុម​គ្រួសារ​ ថា​តើ​វិសមភាព​អំណាច​កើត​ចេញ​ពី​អី​គេ​? វា​កើត​ចេញ​ពី​តួនាទី​ដែល​សង្គម​​បាន​កំណត់​ និង​ឱ្យ​តម្លៃ​ផ្សេងគ្នា​រវាង​បុ​រស​ និង​ស្ត្រី​ មាន​ន័យ​ថាសង្គម​រំពឹ​ង​ថា​ បុរស​ជា​មេ​គ្រួសារ​​​​​គាត់​មាន​តួនាទី​មួយ​នៅ​ក្នុង​ការរក​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសា​រ ហើយ​ស្ត្រី​សង្គម​គេថា​គាត់​មាន​តួនាទី​​ជាមេផ្ទះ​ដែល​សង្គម​គេ​គិតថា​គាត់​មួយថ្ងៃៗ​គាត់​អត់​ធ្វើ​អី​ទេ​ តែ​តាម​ពិត​មួយ​ថ្ងៃ២៤​ម៉ោង​ គាត់​រក​ពេល​សឹង​តែសម្រាក​គ្មាន។​

​បើ​យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា​ជា​ណាកម្ពុជា​យើង ​ការងារ​អត់​មាន​ប្រាក់​កម្រៃ​ គឺមាន​តម្លៃ​ស្មើ​នឹង​ការងារ​មាន​ប្រាក់​កម្រៃ​ ​ប្រ​សិន​គាត់​គិត​ដល់​ចំណុច​ហ្នឹង​ គឺ​មិន​​មាន​នរណា​ម្នាក់​ប្រើ​អំណាច​លើ​នរណា​ម្នាក់​ទេ​ ព្រោះ​ជាទូទៅ​អ្នក​ដែល​មានអំណាច​សេដ្ឋ​កិច្ច​ តែង​តែ​ប្រើ​អំណាច​ទៅ​លើអ្ន​កគ្មាន​អំណាច​សេដ្ឋកិច្ច​។ ​សរុប​មក​វិញ​ហេតុផល​អ្វី​ដែលនាំ​ឱ្យកើត​មាន​អំពើ​ហិង្សា​​ក្នុង​​គ្រួ​សារ​​ គឺ​ដោយសារ​វិសមភាព​អំណាច​ វិសមភាព​អំណាច​កើត​ឡើង​ដោយ​សារអ្វី? ​​កើត​ឡើង​ដោយ​សារតែបទដ្ឋាន ផ្នត់គំនិតដែលឱ្យតម្លៃផ្សេងៗគ្នាទៅ​លើ​តួនាទី​ស្ត្រី​នៅ​ក្នុង​ក្រុម​គ្រួសារ​។​

Q៖ តើអំពើហិង្សាក្នុងគ្រួសារស្ដែងចេញតាមសកម្មភាពបែបណាខ្លះ?

A៖ តាម​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រងគ្រោះ​ដដែល ​យើង​កំណត់​ប្រភេទ​អំពើ​ហិង្សា​ជា​៤​ប្រភេ​ទ គឺ​អំពើ​ហិង្សា​ផ្លូវកាយ​ ផ្លូវចិត្ត​ ផ្លូវភេទ​ និង​ផ្លូវ​សេដ្ឋ​កិច្ច​ ការស្តែង​ចេញ​ ​ពេលខ្លះ​វាមើល​ឃើញ​ ពេលខ្លះ​វាមើល​អត់​ឃើញ​។ មនុស្ស​ភាគ​ច្រើន​គិតថា ​ទាល់​តែ​មាន​របួស​ស្នាម​ ចេញ​ឈាម​ បែក​ក្បាល​ បាន​ហៅ​ថា អំពើ​ហិង្សា​តាម​ផ្លូវ​កាយ​ធ្ងន់ធ្ង​រ។ ប៉ុន្តែ​​ពេល​ខ្លះ​វាគ្រាំ​ក្នុង​ វា​អត់​មាន​របួស​ស្នាម​ទេ តែ​ឈឺ​ចាប់​ផ្នែក​ខាង​ក្នុ​ង ​បែប​នឹង​ក៏​ជា​អំពើ​ហិង្សា​ផ្លូ​វ​កាយ​ដែរ។​

អំពើ​ហិង្សា​ផ្លូវចិត្ត​មានន័យថា​ ធ្វើ​ឱ្យ​នរណា​ម្នាក់ឈឺ​ចាប់​ផ្លូវចិត្ត​របស់គេ។​ ​អំពើ​ហិង្សា​​ផ្លូវ​សេដ្ឋកិច្ច​មានន័យថា​ ទាក់ទង​នឹង​សកម្មភាព​ទាំងឡាយ​ណា​ដែលប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច​រួម​ទាំ​ងបិទ​សិទ្ធិ​សេរីភាព​ស្ត្រី​មិនឱ្យ​ចេញ​ទៅ​រក​ប្រាក់​ចំណូល​ក៏​រាប់​ចូល​ជាអំពើ​ហិង្សា​ផ្នែក​សេដ្ឋកិច្ចផង​​ដែរ។ បុរស​ដែល​តួនាទី​ជា​ប្តី​បាន​លុយ​មក​គាត់​មិន​បែង​ចែក​ មិនខ្វ​ល់​ខ្វាយ​ គាត់​រឹត​ត្បិតចំណែក​ណា​មួយ​ គាត់តាម​ដាន​ គាត់​គ្រប់គ្រង​ គាត់​សួរនាំ​ព្រឹ​កល្ងាច​ឱ្យ​មួយ​ម៉ឺនចាយ​លើ​អ្វីខ្លះ ​ម៉េច​បានម្ហូបតែ​មួយមុ​ខ​ចឹង​ ទាំង​អស់​នឹង​ក៏រាប់​ចូល​ជា​អំពើ​ហិង្សា​ផ្នែកសេដ្ឋកិច្ចដែរ​។

Q៖ នៅពេលមានអំពើហិង្សាក្នុងគ្រួសារតើមានផលប៉ះពាល់អ្វីខ្លះចំពោះគ្រួសារ និងសង្គម?

A៖ ផល​ប៉ះ​ពាល់​ប្រាក​ដជាមាន​ ព្រោះ​ពាក្យថា​ អំពើ​ហិង្សា​ ​មិនសប្បាយ​ មិនរីករាយ​នោះទេ និង​ប៉ះ​ពាល់​​ដល់​សុភមង្គល​ក្នុង​គ្រួសា​រ​ ធ្វើ​ឱ្យ​គ្រួសារ​មិន​មានសុ​ខដុមរមនា​ ទំនាក់​ទំនង​គ្រួសារ​ក៏​មិន​ចុះ​សម្រុង​នឹង​គ្នា​ ហើយ​កូន​ៗ​ក៏រង​ផល​ប៉ះ​ពាល់​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ហើយ​ពួកគាត់​អាច​ក្លាយ​ជាក្មេង​ឯកោ​ក្លាយ​ជា​ក្មេង​ដែល​ផ្តាច់​ខ្លួន​ពីគេ​ឯង​ និង​ក្លាយ​ជាក្មេង​ដែល​គ្មា​ន​មិត្ត​ ហើយ​ទាក់​ទង​ផ្នែក​សុខ​​មាភាព​របស់​ក្មេង​ក៏​បែប​ហ្នឹង​ដែ​រ ជាក្មេង​ដែល​មិន​សូវ​មាន​កា​រលូត​លាស់​ល្អ​ ទាក់​ទង​ផ្នែក​បញ្ញា​ស្មារតី​​របស់​គាត់​ក៏​មិ​ន​សូវ​ល្អ​ដែរ​ ព្រោះ​មាន​អ្វី​មួយ​ដក់​នៅ​ក្នុងអារ​ម្មណ៍របស់​គាត់​។​

ចំពោះ​ស្ត្រី​ខ្លួន​ឯង​ក៏​ដូចគ្នា​ដែរ​ ស្រ្តី​ដែល​ជា​ជនរងគ្រោះ​ ព្រោះ​ជា​ការ​ពិត​ហិង្សា​ក្នុងគ្រួសារភាគ​ច្រើន​ស្រ្តីជាជនរងគ្រោះ​។​ ដូច្នេះ​ហើយ​ស្ត្រី​ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត​ផ្លូ​វកាយរបស់​ពួកគាត់​គឺមិនសូវល្អ។ ​

ចំពោះ​សង្គមមានន័យថា​ ប្រសិន​បើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ​ ជន​ប្រព្រឹត្តត្រូវ​មាន​ទោស​ទណ្ឌ​ ដូច្នេះសូវ​មាន​ជន​ណា​ប្រព្រឹត្តទៀតទេ​។ ប៉ុន្តែ​បើ​នៅ​ក្នុងសហគមន៍​មួយ​នឹង​មាន​មួយ​ករណី​ ពីរ​ករណី​ គេ​វាយប្រពន្ធដូចជាមិនអី​ ដូច្នេះ​អាច​ធ្វើ​ឱ្យ​អ្នកផ្សេង​ៗ​ទៀ​តអាច​ប្រើ​អំណាច​ ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ជា​មនុស្ស​ប្រុស​បង្កហិង្សា​ទៅ​លើ​ស្ត្រី​ ហើយ​វាអាច​កើត​មាន​លើ​គ្រួសារផ្សេងៗ​ទៀត​។​

Q៖ តើនរណាជាជនរងគ្រោះពេលមានអំពើហិង្សាកើតឡើងក្នុងគ្រួសារ?

A៖ ជនរងគ្រោះភាគច្រើនជាស្រ្តី និងកុមារ នៅក្នុងបន្ទុកគ្រួសារ។

Q៖ តើមានទិន្នន័យណាមួយដែលអាចស្រង់ស្ថិតិអំពីបញ្ហាករណីអំពើហិង្សាដែរទេ?ឧទាហណ៍ ក្នុងមួយឆ្នាំកើតឡើងប៉ុន្មានករណី?

A៖ ទាក់ទងចំណុចមួយនឹងគឺមិនមានទេ ស្ថាប័នជាតិយើងក៏មិនមានបង្ហាញស្ថិតិករណីហិង្សាថា​ មួយ​ឆ្នាំ​កើតឡើងប៉ុន្មាន ថយចុះបែបម៉េច គឺអត់មានទេ។

Q៖ ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារតើយើងត្រូវធ្វើដូចម្ដេច?

A៖ ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារខ្ញុំគិតថា​ ទីមួយ​គឺរវាង​បុរស​ និង​​ស្ត្រី​ត្រូវ​គោរព​ឱ្យ​តម្លៃ​គ្នា​។ ​មាន​​ន័យ​ថា​ ការងារ​ផ្ទះ​គឺ​មាន​តម្លៃ​ស្មើ​នឹង​ការងារ​ក្រៅផ្ទះ។ ដូច្នេះហើយ បើមានតម្លៃស្មើគ្នា គាត់ប្រាកដ​ជា​ពុំ​មាន​នរណា​ម្នាក់​ប្រើ​អំណាច​ លើ​នរណា​ម្នាក់​នោះទេ​ គឺ​ចែក​រំលែក​ការងារផ្ទះ​គ្នា​ ​និងគោរព​សិទ្ធិ​​គ្នា​​ទៅ​វិញ​ទៅ​មក ហើយរាល់​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្តគឺ​ត្រូវជជែក​គ្នា។

Q៖ អាត្មាភាពសូមអរគុណ កញ្ញា ណម ស៊ីណា សម្រាប់ការផ្តល់បទសម្ភាស!

A៖ ករុណា សូមអរព្រះគុណ៕