ពលរដ្ឋនៅខេត្តស្វាយរៀងបានឱ្យដឹងថា ក្រុមហ៊ុនឯកជនមួយ បានបន្តសកម្មភាពប្រើគ្រឿងចក្រឈូសឆាយដីសាធារណៈ និងកាយដីនៅចំណុចស្រះទឹកមួយកន្លែង ដែលអាជ្ញាធរសម្រេចកាត់ឆ្វៀលទុកជាសម្បត្តិរដ្ឋ ក្រោយក្រុមហ៊ុននេះបានចាក់ដីរំលោភយកនាពេលកន្លងទៅ។
លោក សួន វុត្ថា វ័យ ៣៤ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមហ៊ុន អេស ប៊ី ប៊ី ផី គ្រុប (SBBP Group) ដែលមានលោក សួស សម្បត្តិ ជាម្ចាស់ បានឱ្យគ្រឿងចក្របន្តសកម្មភាពឈូសឆាយដីលើផ្លូវសាធារណៈ និងកាយដីក្នុងស្រះទឹករដ្ឋ។ លោកថា សកម្មភាពគ្រឿងចក្ររបស់បុគ្គលឯកជននេះ បានបំពានទៅលើសេចក្តីសម្រេចរបស់អាជ្ញាធរ ដែលបានកំណត់ស្រះទឹកនេះជាសម្បត្តិរួម ក្រោយក្រុមហ៊ុននេះបានចាក់ដីលុបផ្នែកខ្លះនៃស្រះទឹកនាពេលកន្លងទៅ។
លោកថា៖ «គាត់ [សួស សម្បត្តិ] ប្រគល់ឱ្យវិញហើយ! គាត់នៅ គាត់ហ៊ាននៅតែបន្តរំលោភបំពានដដែលហ្នឹង។ ទៅថ្ងៃខាងមុខ គាត់ឆ្លៀតធ្វើម្តងបន្តិចៗ ពេលណាដែលពលរដ្ឋគាត់មិននៅដិតដល់ហ្នឹង! ក្រុមហ៊ុនចេះតែដាក់គ្រឿងចក្ររំលោភបំពាន ពេលណាដែលពលរដ្ឋនៅដិតដល់ទៅ នៅយាមនៅអីអ៊ីចឹងទៅ ពួកគាត់អត់ហ៊ានធ្វើទេ។ខ្ញុំស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការតឹងរ៉ឹងទៅលើក្រុមហ៊ុនរបស់លោក សួស សម្បត្តិ ហ្នឹង»។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរខេត្ដស្វាយរៀង បានសម្រេចវាស់វែង ដោយកំណត់ទំហំស្រះរដ្ឋទំហំជាង១ហិកតា ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ទុកជាសម្បត្តិសាធារណៈ ក្រោយពេលរងការចោទពីពលរដ្ឋថាបានគប់គិតគ្នាលក់ស្រះទឹកនេះទៅឱ្យបុគ្គលឯកជន។
ការសម្រចកាត់ឆ្វៀលដីទុកជាស្រះទឹករដ្ឋនេះ ក្រោយពេលអ្នកភូមិត្រពាំងតាអី ប្រមាណ ៤០នាក់ បានជួបជុំគ្នា នៅក្បែរស្រះទឹកដែលកំពុងមានវិវាទ ដោយទាមទាយកស្រះទឹកមកវិញ បន្ទាប់ពីគ្រឿងចក្រ ក្រុមហ៊ុន អេស ប៊ី ប៊ី ផី គ្រុប (SBBP Group) បានចាក់ដីចូលស្រះទឹក និងឈូសឆាយដីនៅក្បែរស្រះទឹកនោះ។
យ៉ាងណាក្តីជុំវិញករណីនេះ មេឃុំព្រៃតាអី លោក នុត ផល្លា ទទួលស្គាល់ថា ក្រុមហ៊ុន អេស ប៊ី ប៊ី ផី គ្រុប (SBBP Group) ពិតជាបានបន្តសកម្មភាពបំពានលើស្រះទឹកដែលធ្លាប់មានវិវាទនេះពិតមែន។ លោកថា គ្រឿងចក្ររបស់លោក សួស សម្បត្តិ បានកាយដីចេញពីស្រះទឹកដែលបុគ្គលនេះចាក់រំលោភយកនាពេលកន្លងទៅ ដោយមិនបានជូនដំណឹងទៅកាន់អាជ្ញាធរនោះទេ។ យ៉ាងណា លោកថាលោកបញ្ជាឱ្យគ្រឿងចក្របញ្ឈប់សកម្មភាពរួចរាល់ហើយ ក្រោយពេលទទួលបានដំណឹងនេះ។
លោកថា៖ «ខ្ញុំបានបញ្ជាទៅខាងអ្នកទទួលការងារហ្នឹង ឱ្យគាត់ឈប់ធ្វើសកម្មភាពព្រឹកមិញ។ កាលមុនគាត់ចាក់ចូលទៅក្នុងអាង [ស្រះទឹក] ហ្នឹង។ គាត់យកដីចាស់របស់គាត់ ខ្ញុំឱ្យឈប់កាយទៅ»។
មេការម្នាក់ធ្វើការឱ្យក្រុមហ៊ុន លោក សួស សម្បត្តិ ដែលអះអាងថា ឈ្មោះ ណាត ប្រាប់ Newsroom Cambodia ថា លោកបានឱ្យអ្នកបើកបរគ្រឿងចក្របញ្ឈប់សកម្មភាពបំពានទៅលើស្រះទឹកហើយ ក្រោយមានការហាមឃាត់ពីអាជ្ញាធរ។ លោកថា លោក សួស សម្បត្តិ បានប្រើឱ្យលោកយកគ្រឿងចក្រកាយដីចេញពីស្រះទឹកយកទៅចាក់នៅទីតាំងផ្សេងតែប៉ុណ្ណោះ ដោយមិនមានបំណងរំលោភយកស្រះទឹកនោះទេ។
លោកនិយាយថា៖ «ឈប់ហើយ! ឈប់កាយ [ដីចេញពីស្រះទឹក] ហើយ មានកាយអីទៀត កាយតែប៉ុន្មានឡានហ្នឹង! ៣ឡានហ្នឹង»។
ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា មាត្រា៣៦ ចែងថា ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥ ០០០ ០០០)រៀល ទៅ ដប់លាន(១០ ០០០ ០០០)រៀល និង ឬ ដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅដល់ប្រាំ(៥)ឆ្នាំចំពោះបុគ្គលណា ដែលលុបបឹងធម្មជាតិ ស្រះ ត្រពាំង និងអាងទឹកដោយគ្មានលិខិតអនុញ្ញាត។ ច្បាប់ដដែលចែងថា ករណីមិនរាងចាលត្រូវផ្តន្ទាទោស ទេ្វមួយជាពីរ។
មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន បានសាទរចំពោះអាជ្ញាធរមូលដ្ឋាននៅឃុំព្រៃតាអី ដែលបានចាត់វិធានការបន្ទាន់ ដោយបញ្ឈប់ឱ្យក្រុមហ៊ុនឯកជនឈូសឆាយលើដីសាធារណៈរបស់រដ្ឋ។ ប៉ុន្តែលោកថា អាជ្ញាធរគួរប្រើប្រាស់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីឱ្យបុគ្គលដែលរំលោភយកដីរដ្ឋរាងចាល និងបង្ហាញថា អាជ្ញាធរពិតជាបានអនុវត្តតួនាទីដើម្បីការពារទ្រព្យសម្បត្តិរដ្ឋពិតប្រាកដមែន។
លោកថា៖ «ខ្ញុំមើលឃើញថា បើសិនជាត្រឹមតែបញ្ឈប់ [សកម្មភាពឈូសឆាយលើដីរដ្ឋ] ហើយអត់មានធ្វើការព្រមាន អត់មានធ្វើការពិន័យ ឬក៏ដាក់ទោសទណ្ឌតាមផ្លូវច្បាប់ទេ! សកម្មភាពទាំងអស់នោះវាអាចកើតមានឡើងវិញ ឬក៏វាអាចជាគំរូភាពដែលធ្វើឱ្យតំបន់ផ្សេងនៅកើតមាន ដូចករណីហ្នឹងក៏អាចថាបានដែរ»។
កាលពីពេលថ្មីៗនេះ មានករណីស្រដៀងគ្នានេះដែរ គឺក្នុងខេត្តបាត់ដំបងមានបុគ្គលឯកជន បាន ចាក់ដីរំលោភចូលក្នុងស្ទឹងសង្កែ។ ប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមានការរិះគន់ពីពលរដ្ឋនៅតាមបណ្តាញសង្គមយ៉ាងចាស់ដៃ ទើបម្ចាស់សំណង់ដែលចាក់ដីចូលស្ទឹងនោះ បានយល់ព្រមកាយដីចេញ និងរុះរើផ្នែកខ្លះនៃសំណង់ក្បែរមាត់ស្ទឹងចេញវិញ ក្រោយពេលអាជ្ញាធរខេត្តបាត់ដំបងបានទៅពិនិត្យនៅទីតាំងផ្ទាល់៕