អ្នកផ្តួចផ្តើមគំនិត«យុទ្ធនាការព្យាបាលដំបៅផែនដី»កំពុងរៀបចំបង្កើតឱ្យទៅជា​មូលនិធិ ដើ​ម្បី​​ស្វែងរកថវិកាជួយ​ផ្គត់ផ្គង់ដល់​ក្រុម«អ្នកតាភ្នំ»ដែលហ៊ានលះបង់គ្រប់​​បែបយ៉ាងក្នុងការអភិរក្ស​​ព្រៃ​​​​អភិរក្សព្រៃឈើ​​នៅ​​តំ​​បន់​​​​ជើងភ្នំឱរ៉ាល់ ដែលសព្វថ្ងៃនេះកំពុងរងការគំរាមកំហែង និងបំផ្លេច​​បំ​​ផ្លាញ។

លោក តាន់ គីមសួរ ដែលគេស្គាល់ជាទូទៅថាជាអ្នកដែលសកម្មមួយរូបអំពីបរិស្ថាន និងសង្គម លើកឡើងថា តាមពិតទៅក្រុម«អ្នកតាភ្នំ» នេះដើមឡើយគឺជាក្រុមអ្នកដែលធ្លាប់​​ប្រព្រឹត្តបទ​​ល្មើ​​​ស​​​ព្រៃឈើដែរ ប៉ុន្តែឆ្លងកាត់ការណែនាំ និងបញ្ចុះបញ្ចូលរបស់លោករួចមក ពួកគេបានប្រែ​​ក្លា​​យ​​​ពីអ្នកកាប់​​ព្រៃ​​ឈើ មកជាអភិរក្សវិញម្តងនៅពេលនេះ។

ប្រភពដដែលបន្តថា ការបង្កើតមូលនិធិនេះឡើងក្នុង​គោលបំណងស្វែង​​រកថវិកា​​ពី​សប្បុរសជន យកទៅទ្រទ្រង់សកម្មភាពអភិរក្សព្រៃឈើ ដែលកំពុងជួបការខ្វះខាតផ្នែកហិរញ្ញវត្ថុ ដើម្បី​​ប្រតិ​​បត្តិ​ការ។

លោកថា៖«មូលហេតុនៃការកៀរគរការចូលរួមពីមហាជន ក៏ដោយសារវាពាក់ព័ន្ធ​ទៅលើបញ្ហា​ដែល​​​​ពួកយើងប្រឈមមុខនោះគឺ ការខ្វះ​​ថវិកា​​លើការ​​បន្តកិច្ច​​ការងារ​​ទាំងអស់ហ្នឹង ទៅ​លើ​​ការ​​ចំ​​ណាយ ចំពោះក្រុមអ្នកតាភ្នំ»។

បើតាមលោក តាន់ គីមសួរ នៅចំពោះមុខ ដែលហៅថា «ក្រុមអ្នកតាភ្នំ»នេះមានសមាជិក ចំនួ​​ន​​៨នាក់ ដែលកំពុងតែបំពេញការងារដោយសកម្ម​​។ការចំណាយជាមធ្យមទៅលើ​​ប្រាក់​​បៀវ​​ត្ស៍​​ប្រ​​​​ចាំ​​ខែរបស់ពួកគេក្នុងម្នាក់១៥០ដុល្លារអាមេរិក។ក្រៅពីនេះ ដើម្បីអាចឱ្យសកម្មភាពនេះ​​ដំ​​ណើ​​​រ​​​ការទៅ​​បាន សម្រាប់ការងារអភិរក្សដូចជាចុះល្បាតជាដើម ត្រូវមានថវិកា​​ទ្រទ្រង់ស​​កម្ម​​ភា​​ព​ យ៉ាងហោច​​ណា​​ស់​​​​ក៏ ២០ ០០០ដុល្លារ នៅក្នុងដៃដែរក្នុងមួយឆ្នាំៗ។លោកបន្តថា បើមិន​​មា​ន​​​ថ​វិកា​​​​គ្រប់​​គ្រាន់ទេ ការអភិរក្សនេះ ក៏ជួបការលំបាកដែរ។

សកម្មជនបរិស្ថាន និងសង្គមរូបនេះបញ្ជាក់ទៀតថា ការផ្តួចផ្តើមនាំឱ្យរូបលោក​​បង្កើតទៅជាមូ​​ល​​​​និធិនេះឡើង ព្រោះតែរូបគេ​បានប្រើប្រាស់ធនធានថវិកាផ្ទាល់ខ្លួនស្ទើរគ្មានសេសសល់ និ​ង​​​ពុំមានលទ្ធភាព​​ក្នុងការទ្រទ្រង់សកម្មភាពអភិរក្សនេះតទៅមុខទៀតបាន ទើបជំរុញឱ្យមាន​​កា​​រ​​ចូល​​រួមពី​​មហាជន។

បន្ថែមពីលើនេះ ក្រោយពីការបង្កើតមូលនិធិនេះ តាំងពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៣ ថ​​វិ​​កា​​ដែ​ល​លោកទទួលបានពីសប្បុរជនមានចំនួន ៦ ០០០ ដុល្លារអាមេរិកហើយ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនានេះ។បើតាមលោក តាន់ គឹមសួរ នេះជាការអំពាវនាវ​​លើកទី២​​របស់​​លោក​​ហើ​​យ ចា​ប់​​តាំងពីការកៀរគរលើកទី១ បានរៀបចំឡើងកាលពី ឆ្នាំ២០២២។

លោក ឌឿក ដា ជាសមាជិកនៃក្រុម«អ្នកតាមភ្នំ» ម្នាក់ក្នុងចំណោមពួកគេទាំង៨នាក់​​អះអា​​ង​​ថា ​សកម្មភាពចូលរួមអភិរក្សព្រៃឈើ នៅភ្នំឱរ៉ាល់​នេះរូបគេត្រូវទទួលរ​ងនូវកា​​រ​គំរាម​​កំហែង​​គ្រ​​ប់​​​​រូប​​ភាព​​ដូចជាព្រមានបាញ់សម្លាប់ និងដុតផ្ទះចោលជាដើម។

បើទោះជាអ្នកដែលធ្លាប់​​ឆ្លងកាត់​ការ​កាប់ព្រៃឈើពីមុន តែលោក ឌឿក ដា ក៏នៅតែ​​បង្ហាញការ​​ព្រួ​​យចំពោះសុវត្ថិភាពដែរ ព្រោះមានពេលខ្លះត្រូវចុះល្បាត និងធ្វើដំណើរពេលយប់ ហើយ​​កន្លែ​​ង​​​​ស្នាក់នៅក្នុងព្រៃសហគមន៍ថែមទៀតផង។

លោកបន្តថា៖«ពេលដែលចុះល្បាតម្តងៗ មានគេគំរាមបាញ់សម្លាប់ មានឈានដល់គំរាម​​ដុត​​ផ្ទះ​​​​ចោ​ល​អ៊ឹចឹងទៀត»។

មិនខុសគ្នាទេ លោក ខ្លោង ឆន ជាសមាជិកអភិរក្ស «អ្នកតាភ្នំ» ម្នាក់ទៀតលើកឡើងដែរថា លោកត្រូវបាន​​អ្នកកាប់ព្រៃឈើគំរាម​ធ្វើ​​បាប ព្រោះតែសកម្មភាពចុះល្បាតក្នុងព្រៃរបស់ខ្លួន​។ប៉ុ​ន្តែ​​​​​យ៉ាងណាលោកថាមិនមានក្តីបារម្ភនោះពេកនោះទេ ព្រោះលោកថាប្រសិនបើ​រុញរាកា​​រងា​​រ​មួ​យ​​នេះ មានន័យថាលោកក៏​កំពុងចូលរួមបំផ្លាញ​​ព្រៃ​ឈើ​​ដូចកាលលោកនៅជា​​អ្នកកាប់បំ​​ផ្លា​​ញ​​​​​ដែ​រ​​។

លោកបន្តថា៖«មានគេគំរាមយើង គេថាបើនៅតែដើរទៀត ឃើញមុខកន្លែងណាគេថាវៃ។ គេគំ​​រាម​​ថាកុំឱ្យដើរលេង(ល្បាត)បើខ្ញុំដើរលេងញឹកទៅគេអាចនឹងប៉ុនប៉ងធ្វើបាបអត់ខ្លាចទេ​ព្រោះ​​​​​​អីខ្ញុំពីមុនធ្លាប់ជាអ្នកកាប់ឈើដែរ ដែលបានកែមក​​ជាអ្នក​​អភិរក្សវិញ​ បើសិនជាខ្ញុំឈប់ ស្មើ​​នឹងខ្ញុំដើរផ្លូវដដែល »។

ទាក់ទិននឹងសារគំរាមកំហែងនេះ លោក តាន់ គីមសួរ ក៏ទទួលស្គាល់ដែរថា ស​​កម្មភាព​​អភិរក្ស​​របស់​​លោ​​ក និង​​ក្រុ​មការងារនេះ សព្វថ្ងៃនេះបែរជាត្រូវរងនូវការគំរាម​​កំហែង និងប្រមាថ​​ដល់​​​​អាយុ​​ជីវិត​​ពី​​សំណាក់អ្នកកាប់បំផ្លាញព្រៃឈើទៅវិញ។

លោកបន្តថា៖«នៅពេលខ្លះក៏មានពាក្យពេចន៍គំរាម បង្កើតទៅជាពាក្យ​ចចាមរាមដែលប្រាប់​​អ្ន​ក​​ភូមិទៅថាឱ្យតែក្រុមគឹមសួរហ្នឹងហ៊ានតែចេញទៀត គឺដឹងតែលែងមាន​​ឱកាសត្រឡប់​​មក​​វិ​​ញ​​​​​​ជារឿងរហូតហើយ។ផ្លូវដែលពួកយើងតែងតែចុះទៅមួយចំនួនហ្នឹង គឺគេដាក់ថា​​ផ្លូវអាចថា​​ផ្លូវ​​មរណៈរបស់ តាន់ គីមសួរ អីក៏មានដែរ »។

បើតាមលោក តាន់ គីមសួរ សម្រាប់ការងាររបស់សមាជិកនៃក្រុម «អ្នកតាភ្នំ» គឺ​ដើរតួនាទីចាំ​​បាច់​​​ដាំដើមឈើឡើងវិញ ពន្លត់ភ្លើងឆេះព្រៃដែលកើតមានជារៀងរាល់ឆ្នាំ និងសារអន្ទាក់ ជា​​ពិ​​សេ​​សគឺការបង្ក្រាប​​បទ​​ល្មើ​ស​​​ព្រៃឈើដែលកើតមាននៅតំបន់នៃជើងភ្នំឱរ៉ាល់នេះ។

អ្នកអភិរក្សផ្នែកបរិស្ថានរូបនេះ ចាត់ទុកថា ព្រៃឈើនៅតំបន់ជើងភ្នំឱរ៉ាល់នេះ គឺមានសារៈ​​សំ​​ខា​ន់​ មិនមែនត្រឹមតែ​​ទា​ក់​​​ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ វាក៏ជាផ្នែកមួយជួយសម្រួល​​ជីវភាព​​រប​​ស់​​​​​​​​រដ្ឋ​​នៅ​​តំ​បន់នោះ ឱ្យទទួលបានប្រាក់ចំណូលដែរ តាមរយៈអនុផលព្រៃឈើដូចជាដកផ្សិត និង​បេះ​បន្លៃព្រៃ ហើយពួកគេក៏អាច​​លែ​​ង​​​​​សត្វ​​ចិញ្ចឹមទៅក្នុងព្រៃនោះបានថែមទៀត។

ក្រុមអភិរក្សព្រៃឈើ ចោទប្រកាន់ថា បទល្មើសព្រៃឈើកើតឡើងបាន នោះក៏ព្រោះតែ​​ជនល្មើ​​ស​​​​​បានសូក​​ប៉ាន់​លុយដល់មន្ត្រីបរិស្ថានដែលដាក់ទីស្នាក់ការនៅតំបន់នោះ​ដើម្បីប្រមូលលុយ​​។​​ប៉ុ​​​ន្តែ​​​សកម្ម​​ភាព​​ហាក់ថយ​​ចុះទៅវិញបន្តិច ក្រោយ​ពីមានវត្តមាន​​លោក តាន់ គីមសួរ ចូលរួមអភិ​​រក្ស​​​​នៅក្នុងតំបន់នេះ។ 

ឆ្លើយតបរឿងនេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី បានច្រានចោល​​កា​​រ​​លើក​​ឡើង​​ថាមានការសូកប៉ាន់ដល់មន្ត្រីបរិស្ថានជុំវិញការកាប់ និងដឹកជញ្ជូនឈើចេញ​ពីតំបន់​​ភ្នំ​​​​ឱ​​រ៉ាល់ ដោយលោកលើកទឹកចិត្តឱ្យប្តឹងទៅតុលាការចំពោះបុគ្គលណាធ្វើទង្វើនេះ ព្រោះ​​លោ​​ក​​​​​​ក៏​​មិន​​​​​គាំទ្រ និងកំពុងតែអនុវត្តច្បាប់ជុំវិញបញ្ហានេះដែរ។

លោកបន្តថា៖«ចង់ដឹងសួរគាត់ទៅ ឱ្យ(លុយ)អ្នកណាគេ ហើយដាក់ប្តឹងទៅតុលាការទៅ ខ្ញុំ​​អត់​គាំទ្ររឿងយកលុយយកកាក់អីទេ។ ពួកយើងចុះទៅល្បាតចាប់បានច្រើនករណីហើយ ចាប់​​មនុស្ស​​ដាក់​​តុលាការ ដាក់គុកដាក់អីទៀត អាហ្នឹងរឿងរបស់គាត់ៗ​​ចង់ផ្សព្វផ្សាយអីផ្សព្វផ្សាយ​​ទៅ រឿងរបស់គាត់ ប៉ុន្តែអ្វីដែលយើងធ្វើគឺអនុវត្តច្បាប់ យើងធ្វើរាល់ថ្ងៃ»។

ក្រៅពីនេះ ប្រធានមន្ទីរបរិស្ថានរូបនេះ បដិសេធដែរថា ចំពោះការបង្កើតមូលនិធិ​​ដើម្បីស្វែងរក​​ថ​​វិកា​​ទ្រទ្រង់សកម្មភាពអភិរក្សវិញ គឺក្នុងនាមជាសេនាធិការផ្នែកបរិស្ថានលោកពុំដែលបានដឹង ឬ​មានកិច្ចសហការណាមួយ​​ជា​​មួយមន្ទីរបរិស្ថានខេត្តម្តងណានោះឡើយ ពីក្រុមមូលនិធិនេះ។

លោកបន្តថា៖«ខ្ញុំអត់ដឹងព្រោះអត់ឃើញមានលិខិតអីដាក់មកខ្ញុំផង។អត់មានធ្វើការអី​​ទាក់​​ទ​ង​​​​ជា​​មួយខ្ញុំទេ»។

ត្រឡប់មក អ្នកផ្តួលផ្តើមគំនិតបង្កើត«យុទ្ធនាការព្យាបាលដំបៅផែនដី» លោក តាន់ គីមសួរ​ វិ​ញ​​​​បានប្តេជ្ញាថានឹងនៅតែប្រឹងប្រែងលើការងារមួយនេះ ដោយមិនបោះបង់ ដើម្បីរកដំណោះ​​ស្រា​យ​​លើការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់នេះ។

លោកបន្តថា៖«ពួកយើងមិនបោះបង់ចោលទេ លុះត្រាតែព្យាយាមអស់គ្រប់មធ្យោបាយ អស់​​គ្រ​ប់​វិ​​ធីហើយ ពួកយើងរកដំណោះស្រាយអត់បាន អាហ្នឹងគឺអាចបង្អាក់ការងារ​​យើងបាន​​មួយ​​ផ្នែក ឬអាចឈានឆ្ពោះទៅដល់ការបញ្ឈប់ »។

របាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា គិតត្រឹម៧ថ្ងៃ អំឡុងពេល​​ចូល​​ឆ្នាំខ្មែរ ដោយគិតពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ មេសា ឆ្នាំ២០២៣ ជាពេលដែលពលរដ្ឋ​​កម្ពុជា​​ឈ​​ប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំ ទំហំនៃការបាត់បង់ព្រៃឈើដោយ​​សារបទល្មើសនេះ មាន​​ទំហំជិត ១០ម៉ឺនករណី(​​៩៥​​,៤​៧​​៨ ករណី)ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណ ១១​​៥​ ​​ហិកតារ​​។តួលេខនេះ តាមរយៈការរកឃើញដោយប្រព័ន្ធជូនដំណឹង។

ដោយឡែកបណ្ដាញ​សហគមន៍​ព្រៃឡង់ (PLCN) និង​សាកលវិទ្យាល័យ ខូផេន​ហេ​​ហ្គែន (​​U​​n​iv​ersity of Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) កាលពី​ខែ​មករា ឆ្នាំ​​​​​២​០​​២​​២ បា​​ន​រក​ឃើញដែរ​ថា កម្ពុជា​កំពុងបាត់បង់​គម្រប​ព្រៃឈើ​ជិត ២​លាន៥​សែន​ហិកតារ ក្នុង​ចន្លោះ​​ឆ្នាំ​២០​​០​​១ និង​ឆ្នាំ​២០២០ ដែល​ស្មើ​នឹង​ប្រមាណ២៨ភាគរយនៃ​គម្រប​ព្រៃឈើ​សរុប​គិ​ត​​​​​​​ចាប់​​តាំង​​ពី​ឆ្នាំ​២​​០០០មក។

ជាមួយគ្នានេះ លោក តាន់ គីមសួរ អំពាវនាវ​​ឱ្យអ្នកជួញដូរ និងកាប់បំផ្លាញព្រៃឈើ ត្រូវបញ្ឈប់​​សកម្មភាពរបស់ខ្លួន ព្រោះវាមិនមានប្រយោជន៍អ្វីទេ ផ្ទុយទៅវិញមាន​​តែបំផ្លាញធន​​ធាន​​ធម្ម​​ជាតិ និងប្រឈមបញ្ហាសុវត្តិភាពដូចជាដើមឈើរលំកិន ឬក្រឡាប់​​គោ​យន្ត​​ជាដើម។ លោកបន្តថា៖«ខ្ញុំអំពាវនាវឱ្យពួកគាត់ឈប់កាប់ទៅ ព្រោះអីគ្មានឃើញផល​​ប្រយោជន៍បាន​អី​ទេ បានតែមកចាយដោះទាល់បន្តិចបន្តួច តែបើថាឱ្យមានទៅមុខ​អត់មានទេ »៕