រដ្ឋធម្មនុញ្ញ​កម្ពុជា​ទទួលស្គាល់​ និងគោរព​សិទ្ធិ​មនុស្ស​ដូច​មានចែង​ក្នុង​សន្ធិ​សញ្ញា​អន្តរជាតិ ដោយមាន​​​សិទ្ធិសេ​រីភាព​ និង​ករណីយ​កិច្ច​ដូចគ្នា​ទាំង​អស់​។ ប៉ុន្តែសិទ្ធិ​របស់​​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​មួយ​ចំនួន​​នៅកម្ពុជា​មិនទាន់មានការ​​ស្គាល់​ដោយ​ច្បាប់​​​ឡើយ​ ហើយ​សហគមន៍​អ្នកស្រឡាញ់​ភេទដូចគ្នា និងអ្នក​ប្តូរយេនឌ័រនៅតែ​បន្ត​រង​​ការរឹតត្បិត​​ រើសអើង ​ និង​ការប្រើប្រាស់​អំពើ​ហិង្សា​​នៅក្នុង​សង្គម​​។

ខាងក្រោម​នេះ​ជាកិច្ច​សម្ភាសន៍​រវាង​ លោក​ មេត​​ មន្ថារី​ ជា​អ្នក​តស៊ូ​​មតិ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ និង​អ្នកប្តូរ​យេនឌ័រ ជាមួយ​​​​កញ្ញា សោម សុធារី ជា​សិក្ខាកាម​របស់ Newsroom Cambodia៖

Q: ជម្រាប​សួរ​លោក​! 

A: បាទ​! ជម្រាប​សួរ​។

Q: តើអ្នកស្រឡាញ់ភេទដូចគ្នាក្នុងពេលបច្ចុប្បន្នមានស្ថានភាពបែបណាដែរ?

A: បើ​និយាយ​អំពី​ស្ថានភាព​របស់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ និងអ្នក​ប្តូរ​យេនឌ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ បច្ចុប្បន្នប្រទេស​កម្ពុ​ជា​​យើង​អត់មាន​ការពារ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ និង​អ្នកប្តូរ​យេនឌ័រទេ។​ ដូច្នេះទម្រង់​នៃអំពើហិង្សា​ និង​ការ​រើស​អើង​ផ្សេងៗ​ហ្នឹង​វា​កើត​ឡើងទៅកាន់​សហគមន៍​អ្នកស្រឡាញ់​ភេទដូចគ្នា​​ មានន័យថា​វាកើត​ឡើង​ក្នុង​សាលា​រៀន ​វា​កើតឡើង​នៅ​តាម​កន្លែង​ធ្វើការ​មួយ​ចំនួន​ វា​កើតនៅតាម​សហគមន៍​ដូចជា​សហគមន៍ជនជាតិ​ដើម​ភាគតិច​​ រឺក៏​សហគមន៍ជនជាតិភាគតិច​ សហគមន៍ដែលគាត់កាន់សាសនា មានច្បាប់​សាស​នាមួយ​ចំនួន​ដែលគាត់​មានការ​រើសអើង​មកកាន់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ដូចជា​សាសនាឥស្លាម​ ច្បាប់សាសនា​មួយ​ចំនួន​ដូចជា​សាសនាគ្រឹស្ត។​ ចឹង​វាកើត​ឡើងជា​លក្ខណៈ​សហគមន៍ ហើយ​ទម្រង់ដែល​យើងមើលឃើញថា​វាកើតឡើង​ច្រើនជាង​គេនោះ​គឺ​ នៅ​ពេល​ដែល​សហគមន៍​អ្នក​​ស្រឡាញ់​ភេទ​ដូចគ្នា​ និងអ្នកប្តូរយេនឌ័រ គាត់បង្ហាញ​អត្តសញ្ញាណ​របស់​គាត់​តាមរយៈ​ការបង្ហាញអត្តចរិត​របស់គាត់ រឺក៏តាម​រយៈការស្លៀកពាក់​​ ការទុកសក់ជាដើមនោះ​ តែងតែមាន​ការរឹត​ត្បិតជានិច្ច​​ នៅ​សាលារៀនក្តី​ នៅ​តាមកន្លែង​ធ្វើការមួយ​ចំនួន​ក្តី​ ក៏ដូច​នៅ​សហគមន៍គាត់​ដែលគាត់រស់នៅផ្ទាល់ក្តី ​​។

Q: បើប្រៀបធៀបឥលូវនឹងកាលពី៥ឆ្នាំមុន តើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាមានការវិវត្តដែររឺទេ?

A: បើប្រៀបធៀបបច្ចុប្បន្ន​ ជាមួយនឹង​ប្រាំ​ឆ្នាំមុន ឬក៏​ដប់ឆ្នាំ​មុន​ ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​នេះ​មាន​​ស្ថាន​ភាពរបស់សហគមន៍​អ្នក​ស្រឡាញ់​ភេទដូចគ្នា​ហ្នឹង មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន​ ដោយ​សារ​តែ​មាន​សហគមន៍ ​មានបុគ្គល​ដែល​គាត់ស្ថិតនៅ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​​ហ្នឹង​ គាត់ចាប់​ផ្តើម​បង្ហាញ​អត្ត​សញ្ញាណ​ ចាប់​ផ្តើម​និយាយ​ពីបញ្ហា​របស់គាត់​ហ្នឹង​ ច្រើនជាង​ប្រាំឆ្នាំមុន​។ ​

Q: តើអ្នកស្រឡាញ់ភេទដូចគ្នា គាត់ជួប​បញ្ហាប្រឈមអ្វីខ្លះ?

A: សម្រាប់​បច្ចុប្បន្ន​នេះ​ ខ្ញុំគិត​ថា​បញ្ហា​ប្រឈម​ដែលគាត់ជួប​ចម្បងនោះ​គឺ​ ទីមួយ​ ទាក់ទង​នឹងគ្រួសារ​របស់គាត់​គឺ មិនទាន់​មាន អាចថាគ្រួសារមួយ​ចំនួន​របស់​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ភាគច្រើន​​​មិនទាន់មាន​ការទទួល​ស្គាល់​ មិនទាន់គាំទ្រ​កូនរបស់ខ្លួនទេ​ បើសិនជា​កូន​របស់ខ្លួន​បង្ហាញ​ឱ្យដឹង​ថា​គាត់​ស្រឡាញ់​ភេទ​ដូចគ្នា​ គាត់​ផ្លាស់ប្តូរ​យេនឌ័រ​របស់​គាត់ពី​ស្រី​ទៅប្រុស​ រឺក៏ពីប្រុសទៅស្រី​។​ ចឹង​គ្រួសារភាគច្រើន​​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា មិនទាន់​​​មានការ​ស្វែង​យល់ទៅ​លើចំណេះ​ដឹង​មូលដ្ឋាន​ទៅលើ​និន្នាការ​ភេទ​ និងអត្តសញ្ញាណ​យេនឌ័រ​នោះទេ​ ចឹងគាត់​​មិនទាន់​អាច​ទទួលស្គាល់ទៅកាន់​​កូន​របស់​គាត់។

បញ្ហាចម្បង​មួយទៀតដែលតែង​តែឃើញនោះ​គឺ​ នៅតាមសាលា​រៀន​ ដូចជា​នៅតាម​វិទ្យាល័យ​ក៏ដូចជា​សាកលវិទ្យាល័យ​ នៅពេលដែល​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ និងអ្នកប្តូរ​យេនឌ័រ​ហ្នឹង ​គាត់បង្ហាញ​អត្តចរិតរបស់​គាត់ចេញមក​ គឺគ្រូ​​តែងតែយល់​ថា​គាត់​ធ្វើ​បែប​ហ្នឹង​ អឺគាត់មិនគួរ​ធ្វើ​បែបហ្នឹង​ ដោយសារ​តែវាមើលមកមិនសមរម្យ​អីចឹងទៅ​​ ប៉ុន្តែជាក់ស្តែង​នោះគឺជាអត្ត​ចរិត​ពីកំណើត អត្តចរិកពី​ធម្មជាតិ​របស់គាត់​ ហើយទាក់​ទង​នឹងការ​ស្លៀក​ពាក់ ការទុក​សក់ហ្នឹង ដូចជា​អ្នកប្តូរ​យេន​ឌ័រពីប្រុស​ទៅស្រី​​ រឺក៏ពីស្រី​ទៅប្រុ​ស​ហ្នឹងគឺ​គាត់តែងតែទទួល​បានការ​រឹត​ត្បិត​ពីសាលា​រៀនពី​ទាំងនៅ​វិទ្យាល័យ​ ទាំងនៅសាកល​វិទ្យាល័យ​គឺមិន​ឱ្យទុក​សក់ ឬ​មិនឱ្យ​ស្លៀក​ពាក់​ដោយផ្អែក​ទៅតាម​អត្តសញ្ញាណ​របស់​គាត់​ទេ។ ​

ខ្ញុំ​ក៏សង្កេតឃើញដែរថា​នៅ​តាម​កន្លែង​ធ្វើការមួយ​ចំនួន​ ភាគច្រើនដែរ​គឺ​មិនទាន់​អនុញ្ញាតឱ្យ​បុគ្គល​ណាមួយ​ដែលគាត់​បង្ហាញ​ខ្លួនឯង​ជា​អ្នក​ស្រឡាញ់​ភេទដូចគ្នា​​ ហើយ​គាត់ចង់ស្លៀកពាក់ ទុកសក់​ ឬក៏​តុប​តែងខ្លួនផ្អែក​ទៅលើអត្តសញ្ញាណយេនឌ័រ​របស់គាត់​នោះ​គឺ​កន្លែង​ធ្វើការ​មួយ​ចំនួន​នៅតែ​មាន​ការរឹត​ត្បិត​ទៅលើកា​រ​បង្ហាញ​អត្តសញ្ញាណរបស់គាត់ផងដែរ​។ ហ្នឹងគឺជាបញ្ហាចម្បង​ដែល​ខ្ញុំ​ឃើញ​កើតមានឡើង​ច្រើ​​នសម្រាប់បច្បុប្បន្ន​​ទាក់ទង​នឹង​ការបង្ហាញ​យេនឌ័រ​​របស់​សហគមន៍​អ្នកស្រឡាញ់ភេ​ទដូចគ្នា​ និងអ្នកប្តូរ​យេនឌ័រ​។

Q: តើសកម្មជនអ្នកស្រឡាញ់ភេទដូចគ្នាបានធ្វើសកម្មភាពអ្វីខ្លះ ដើម្បីលើកកម្ពស់សិទ្ធិរបស់ខ្លួន?

A: បាទ! កន្លង​មក សកម្មជន ​អ្នកតស៊ូ​មតិ​ទៅនឹងអ្នកស្រឡាញ់ភេទ​ដូចគ្នា​ និងអ្នក​ប្តូរ​យេនឌ័រ ហ្នឹង គាត់ធ្វើសកម្មភាព​ច្រើនមែនទែន ហើយ​បើនិយាយ​ទៅ​ពួកគាត់ធ្វើសកម្មភាព​​ផ្សេងគ្នា មានអ្នក​អាយុ​ចាប់៥០ ទៅ៧០​ឆ្នាំ​​ហ្នឹង​គាត់​ធ្វើ​សកម្មភាពបែប​តាមជំនាន់​របស់គាត់អីចឹង ឬតាម​កន្លែង ​គាត់ទូទៅ​​អីចឹង​ទៅ ហើយ​បើអ្នក​អាយុ​ចាប់ពី​ខ្ទង់​សាម ទៅ​ខ្ទង់សែ គាត់​ធ្វើ​សកម្ម​ភាព​ទៅតាម​លក្ខណៈ​របស់គាត់​ ខ្ទង់ពីអាយុ​ដប់ប្រាំបីឆ្នាំ ទៅ​សាមសិបអី​ហ្នឹងក៏​ធ្វើសកម្មភាពតាម​លក្ខណៈ​របស់​គាត់​។ ឧទាហរណ៍​ដូចវ័យ​អាយុ​ហាសិប ទៅចិតសិប​ហ្នឹង​គាត់អឺ អ្នកខ្លះ​គាត់រស់​នៅ​តាម​ភូមិ​ តាម​ឃុំ​មួយ​ចំនួន​ដូច​នៅតាម​ខេត្ត​​​មួយចំនួន គាត់​ធ្វើ​ពិ​ធី​ជួប​ជុំ​ដូចជាពិ​ធី​បុណ្យ​ ការ ពិធីបុណ្យផ្សេង​ៗ​ លក្ខណៈ​ព្រះពុទ្ធ​សាសនា​ចឹង​ ហើយគាត់​បង្ហាញឱ្យដឹង​ថា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ហ្នឹង​ ក៏គាត់ធ្វើ​អំពើល្អ​នៅក្នុង​សង្គម​ ​ហើយគាត់​បង្ហាញអត្តសញ្ញាណយេនឌ័រ​របស់គាត់​នៅ​ក្នុងភូមិ​នៅក្នុង​ឃុំ​ដែល​គាត់​រស់នៅអីចឹងទៅ ហើយសម្រាប់អ្នកវ័យ​ខ្ទង់សាម សែ ឬក៏​ដប់ប្រាំបីឆ្នាំ​ ទៅសាមសិបឆ្នាំហ្នឹង​ភាគច្រើនគឺគាត់​ធ្វើជា​ពិព័ណ៍សិល្បៈផ្សេងៗ​ ធ្វើជា​សិក្ខា​សាលាចែក​រំលែក​ផ្សេងៗ​​អំពីសហគមន៍​​អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រហ្នឹង​។

Q: នៅពេលដែលសិទ្ធអ្នកស្រឡាញ់ភេទដូចគ្នានៅតែបន្តមានការរើសអើង តើវានឹងមានផលប៉ះពាល់អ្វីខ្លះដល់សង្គម?

A: បាទ! នៅពេលដែលនៅតែមាន​ការរើសអើងមកកាន់សហគមន៍​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ និង​អ្នកប្តូរយេនឌ័រហ្នឹង ខ្ញុំគិតថា​វាអាចប៉ះពាល់​ ទីមួយមកកាន់​សេដ្ឋកិច្ច​ជាតិ​យើងដែរ​ ពីព្រោះ​ថានៅពេលដែលយើង​រឹត​ត្បិត​យើង​អត់​អនុញ្ញា​ត​ឱ្យ​អ្នកស្រឡាញ់​ភេទ​ដូចគ្នា អ្នកប្តូរ​យេនឌ័រ​គាត់​បង្ហាញ​ជាខ្លួនគាត់​អីចឹង ​ហើយ​គាត់អត់អាចបំពេញការងារ​ មុខរបរ​របស់គាត់​ពេញលេញ​ទេ​ ហើយ​ដូចនៅក្នុង​សាលា​រៀនចឹង​ គឺឃើញថា​​សក្តានុពលប្រព័ន្ធ​ចិត្ត​ទទួល​ការអប់​រំ​របស់​គាត់ គឺគាត់មិនអាច​ទៅរៀនដោយ​ធ្វើជាខ្លួនឯងពេញលេញ ចឹង​គាត់អត់​អាច​ចូលរួមចំណែក​ពេញ​លេញ​ក្នុងនាម​ជាប្រជា​ជនមួយ​អាច​និយាយថាប្រកប​មុខរបររកស៊ី​ពេញ​លេញដូច​ប្រជាជន​ដទៃទេ​ ចឹងវាអាច​ប៉ះពាល់​ដល់សេដ្ឋកិច្ចជាតិ​ដែរ។

មួយទៀត​ដែរ អ្នកស្រឡាញ់​ភេទដូចគ្នា និងអ្នក​ប្តូរ​យេនឌ័រងឲហ្នឹង​​ក៏ត្រូវ​បង់ពន្ធ​​ដែរ ហើយ​មិនត្រឹមតែ​បង់ពន្ធ​ទេ​ គាត់​ក៏ត្រូវ​តែទៅ​បោះឆ្នោត​ដូចគ្នា​ ចឹងនៅពេលដែលប្រទេ​ស​យើង​អត់​ទទួលស្គាល់​វត្តមាន​របស់គាត់​នៅក្នុង​ប្រទេស​យើង​ចឹង​អឺច គាត់​នៅតែធ្វើជាពលរដ្ឋ​មួយចឹង​ តែគ្រាន់​តែថា​គាត់​ជាពលរដ្ឋ​ម្នាក់​ហ្នឹងគឺ​មិនត្រូវ​បានគេ​ទទួល​ស្គាល់ពេញ​លេញ​។

Q: តើអ្នកពាក់ព័ន្ធគួរធ្វើបែបណាដើម្បីបញ្ឈប់ការរើសអើងទៅ​លើអ្នកស្រឡាញ់ភេទដូចគ្នា?

A: បាទ! ខ្ញុំគិតថា​អឺ ដូចជា​​ក្រសួង​អប់រំ​ ក្រសួងការងារ​ និង​ក្រសួង​វប្បធម៌ ដោយសារ​តែបច្ចប្បន្ន​សាកល​វិទ្យាល័យមួយ​ចំនួន​នៅក្រោម​ក្រសួង​វប្បធម៍គ្រប់គ្រងដែរ​ ហើយវិទ្យាស្ថាន​បណ្តុះ​បណ្តាល​មួយ​ចំនួន​ស្ថិតនៅ​ក្រោម​ក្រសួង​ការងារ​គ្រប់គ្រង​ វិទ្យាល័យ ក៏ដូចជាសាកលវិទ្យាល័យ​ទូទៅ​ភាគ​ច្រើន​គឺនៅ​ក្រោម​ក្រសួង​អប់​រំគាត់ជា​អ្នកគ្រប់គ្រង​​ជាអ្នក​មើលខុស​ត្រូវជាដើម​។ ចឹងខ្ញុំ​គិត​ថា​ ក្រសួង​អប់រំ​ ក្រសួង​វប្បធម៌ និងក្រសួង​ការងារ​ហ្នឹង ​គួរតែ​ចាប់ផ្តើមគិតគូរ​ ធ្វើ​ការងារ​មួយ​ចំនួន​​ដោយទទួល​ស្គាល់​នូវវត្តមាន​របស់​សហគមន៍អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ និងអ្នក​ប្តូរ​យេនឌ័រ​ហ្នឹង​ នៅក្នុង​សាលារៀន នៅក្នុង​កន្លែងធ្វើការ​ នៅតាមវិទ្យាស្ថាន​បច្ចេក​ទេស​ការងារ​ផ្សេងៗ​ គាត់​គួរតែចាប់ផ្តើមគិត​គូរ​ និងទទួលស្គាល់​នូវ​វត្តមាន​របស់គាត់​។

Q: ជា​ចុងក្រោយ លោក​មានអ្វី​បន្ថែម ឬជា​សំណូមពរ​ដែរ​ឬទេ?​

A: បាទ! ជាចុងក្រោយ​ខ្ញុំ​ចង់​​​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ប្រទេសកម្ពុជា​ហ្នឹង ប្រសិនជាអា​ច​យើងគួ​រ​តែ​​​ចាប់​ផ្តើម​បង្កើត​ច្បាប់​ទទួល​ស្គាល់​អត្តសញ្ញាណរបស់​សហគមន៍​អ្នក​ស្រឡាញ់​ភេទដូច​គ្នា​ និង​អ្នក​ប្តូរ​យេន​ឌ័រ​ហ្នឹង​ ពីព្រោះថា​ការដែល​មានច្បាប់​ទទួល​ស្គាល់​អត្តសញ្ញាណ​របស់គាត់​ហ្នឹង គឺ​វានឹង​អាច​ធ្វើឱ្យការ​រើសអើង​ដែល​កើតឡើង​នៅ​សាលា​រៀន​ នៅកន្លែង​ធ្វើការ​ និង​នៅតាម​សហគមន៍​ជនជាតិ ឬក៏​សហគមន៍​សាសនា​មួយ​ចំនួនហ្នឹង វាកាត់​បន្ថយ​ដោយ​ខ្លួន​ឯង​ ដោយ​សារ​តែយើង​ចាប់​ផ្តើម​ទទួល​ស្គាល់​ជាលក្ខណៈ​ផ្លូវ​ច្បាប់ ​ជាលក្ខណៈ​ផ្លូវ​ការ​តែម្តង​ទៅលើអត្តសញ្ញាណរបស់គាត់​។

Q: ចា៎! អរគុណច្រើនលោក មន្ថារី សម្រាប់ការផ្តល់បទសម្ភាសន៍!

A: បាទ! អរគុណច្រើនដូចគ្នា​ដែលបានទាក់ទងមក​ដើម្បីធ្វើកិច្ច​សម្ភាស​៕