ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ កំពុងពិនិត្យសេចក្ដីសម្រេចរបស់ការិយា​​​ល័យ​ភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទជុំវិញការបើកការស៊ើបអង្កេតលើពាក្យបណ្ដឹងចោទប្រកាន់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ថាបានរួមចំណែកបណ្ដាលឱ្យពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ជួបប្រទះផលវិបាក។

សេចក្ដីថ្លែងការណ៍រួមមួយរបស់អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ ចុះថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា ក្រុមប្រឹក្សាភិបាលមានរយៈពេល១០ថ្ងៃ ដើម្បីត្រួតពិនិត្យមើលសំណើ​នេះ។ ប្រភពដដែល បន្តថា បន្ទាប់ពីពិនិត្យដោយល្អិតល្អន់ ក្រុមប្រឹក្សាភិបាលអាចសម្រេចឱ្យការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ​បន្តការស៊ើបអង្កេត ឬបញ្ឈប់ការស៊ើបអង្កេតនេះ។

សេចក្ដីថ្លែងការណ៍ បញ្ជាក់ថា គ្រឹះស្ថានផ្ដល់ប្រាក់កម្ចីនៅប្រទេសកម្ពុជា ដែលរងការស៊ើបអង្កេត​ទាំងនោះ មានដូចជា ធនាគារ​អេស៊ីលីដា ​ធនាគារ​ហត្ថា ​ធនាគារ​ស្ថាបនា ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត ​អិល​អូអិល​ស៊ី ​និង​ប្រាសាក់ ពាក់ព័ន្ធនឹងការរំលោភបំពានស្តង់ដាអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បានលើកឡើងថា ពលរដ្ឋកម្ពុជាជាច្រើននាក់បានជួបប្រទះបញ្ហាធ្ងន់ធ្ងរ ដោយសារកម្ចីបែបកេងប្រវ័ញ្ចនេះ។

លោកបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ បណ្ដោយឱ្យប្រជាពលរដ្ឋខ្ចីប្រាក់ដោយពុំបានសិក្សាគ្រប់ជ្រុងជ្រោយពីលទ្ធភាពបង់ប្រាក់ត្រលប់វិញ ដែល​ករណីនេះបណ្ដាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ ពុំមានលទ្ធភាពដោះបំណុល ដោយ​ពួកគេខ្លះចំណាក​ស្រុក កាត់បន្ថយរបបអាហារសម្រាប់សន្សំប្រាក់បង់ធនាគារ និងបង្ខំឱ្យកូនឈប់រៀនដើម្បីទៅបម្រើការងារដែលជាទម្រង់ពលកម្មកុមារជាដើម។ 

លោកបន្តថា មន្រ្តីឥណទានមួយចំនួន បានគំរាមកំហែង និងបង្ខំពលរដ្ឋ ដាក់លក់ដីដើម្បីបង់ប្រាក់ធនាគារផងដែរ។

លោកថា ករណីទាំងនេះ បានរំលោភបំពានគោលការណ៍របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពាក់ព័ន្ធនឹងការវាយតម្លៃការគ្រប់គ្រងផលប៉ះពាល់ ហានិភ័យ បរិស្ថាន សង្គម សុខភាព និងលទ្ធភាព។

លោក សំអាត និយាយថា៖ «ការកម្ចីមីក្រូហិរញ្ញវត្ថុគោលបំណងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ មិនមែនធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាទេ»។

លោក សុខ វឿន នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានច្រានចោលការចោទប្រកាន់ដែល​ថា ស្ថាប័នផ្ដល់ប្រាក់កម្ចីអិលអូអិលស៊ី បានរំលោភលើគោលការណ៍សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ លោក​​ថា ស្ថាប័នហរិញ្ញវត្ថុទាំង៦ នៅកម្ពុជា ដែលរងការចោទប្រកាន់បានបដិសេធជុំវិញករណីនេះ ទៅកាន់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ កាលពីឆ្នាំមុន។

លោកបន្ថែមថា សមាគមមីក្រូហរិញ្ញវត្ថុកម្ពុជា នឹងចេញសេចក្ដីថ្លែងការណ៍លើករណីនេះក្នុងពេលឆាប់ៗខាងមុខ។

លោក សុខ​ វឿន និយាយថា៖ «អត់បានធ្វើដូចការចោទប្រកាន់គេនោះទេ ថាបង្ខំគេ[ពលរដ្ឋ]លក់ដី រំលោភសិទ្ធិមនុស្សអីហ្នឹង»។

បើតាម លោក សុខ វឿន ប្រសិនបើក្រុមប្រឹក្សាភិបាល អនុញ្ញាតឱ្យការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ បើកការស៊ើបអង្កេតនោះ ដំណើរការនេះនឹងមានរយៈពេល១៨ខែ។

កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តកណ្ដាល បានបង្ខំចិត្តដាក់លក់ផ្ទះដើម្បីដោះបំណុលធនាគារ ក្រោយអស់លទ្ធភាពសងបន្ត ដោយសារមុខរបរពួកគេរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ និយាយថា៖ «ការស៊ើបអង្កេតជាជំហានដ៏សំខាន់ឆ្ពោះទៅរកយុត្តិធម៌ និងដំណោះស្រាយសំណងសម្រាប់ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ដែលបន្តរងគ្រោះដោយសារតែកម្ចីបែបកេងប្រវ័ញ្ច»។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួង​​សហ​ព័ន្ធ​អាល្លឺម៉ង់​ សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ (B​M​Z​)​ បានចេញរបាយការណ៍សិក្សា ដោយបង្ហាញថា មានប្រជាពលរដ្ឋកម្ពុជា ជិត១៧ម៉ឺននាក់ (១៦៧ ០០០នាក់) បានលក់ដី និងកំពុងលក់ដីសងបំណុលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍ដដែលបញ្ជាក់ថា គិតជាមធ្យមរយៈពេល ១៦នាទីម្តងមានពលរដ្ឋខ្មែរ ១គ្រួសារបានលក់ដីដើម្បីសងទៅម្ចាស់បំណុល។

លោក អៀង​ វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លើកឡើង​នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងសង្ឃឹមថា ការស៊ើបអង្កេតនេះអាចដំណើរការទៅមុខបានឆាប់ៗនេះ ដើម្បីជំរុញដល់សិទ្ធិទទួលបានដំណោះស្រាយរបស់អ្នកខ្ចីឥណទាន និងចាប់ផ្ដើមដោះស្រាយការខូចខាតធ្ងន់ធ្ងរនានា ដែលបណ្ដាលមកពីការវិនិយោគទាំងអស់នេះ»។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ តំណាងឱ្យពលរដ្ឋជាអ្នកខ្ចីឥណទានខ្នាតតូច បានដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ជុំវិញការរំលោភបំពានស្តង់ដារអនុវត្តរបស់សាជីវកម្មមហរិញ្ញវត្ថុអន្តរជាតិ បណ្ដាលមកពីការអនុវត្តកម្ចីគ្មានសីលធម៌ និងកម្ចីបែបកេងប្រវ័ញ្ចនៅកម្ពុជា។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ធ្លាប់ឱ្យ​ដឹង​ថា​ ស្ថាប័នហិរញ្ញ​វត្ថុ​ទាំង​៦​នោះ ​ធ្លាប់​ទទួល​បាន​ការ​អនុម័ត​ទឹកប្រាក់​ច្រើន​ជាង ​៤០០​លាន​ដុល្លារ ពី​មូលនិធិ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ ​នៅ​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ រួមមាន ​កម្ចី​ឥណទាន​ដោយ​ផ្ទាល់​ កម្ចី​បញ្ចូល​គ្នា​ កម្ចី​ឥណទាន​ និង​ការ​វិនិយោគ​ផ្អែក​លើ​សមភាព​ពី​មូលនិធិ​ដែល​គាំទ្រ​ដោយ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ៕