អ្នកឃ្លាំមើលបង្ហាញការយល់ឃើញថា ប្រទេសញាំញីដោយគ្រឿងស្រវឹងងាយនឹងរអិលធ្លាក់ក្នុងវិបត្តិគ្រឿងញៀនបង្កផលប៉ះទង្គិចដល់សន្តិសុខសង្គម ការអភិវឌ្ឍ និងបញ្ហាជាច្រើនទៀត បើមិនពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ។
កាលពីសប្តាហ៍មុន ស្ថាប័នអន្តរជាតិWisevoterបានចេញរបាយការណ៍ស្រាវជ្រាវមួយរកឃើញថា ប្រទេសកម្ពុជាជាប់លេខរៀងទី៣ ក្នុងចំណោម១០ប្រទេសនៃសមាជិកអាស៊ាន ជាប្រទេសមានប្រជាពលរដ្ឋច្រើនសេពគ្រឿងស្រវឹង ។
តាមការស្រាវជ្រាវនោះ ប្រទេសឡាវឈរនៅលេខរៀងទី១ វៀតណាមនៅលេខរៀងទី២ និងកម្ពុជានៅលេខរៀងទី៣។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង និយាយថា កម្ពុជាពិតជាមានពលរដ្ឋស្ទើរគ្រប់វ័យផឹកគ្រឿងស្រវឹងច្រើនដូចការសិក្សានោះមែន ។
លោកបន្តថា មូលហេតុចម្បង មកពីកម្ពុជាគ្មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ខ្វះវិធានទប់ស្កាត់ ដូចជាការកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង រួមទាំងវិធានទប់ស្កាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម លើទីផ្សារប្រកួតប្រជែង តាមបែបលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងជាដើម ។
លោកកត់សម្គាល់ថា ប្រទេសមានប្រជាពលរដ្ឋជោកជាំជាមួយគ្រឿងស្រវឹង ងាយនឹងធ្លាក់ទៅក្នុងបញ្ហាគ្រឿងញៀន ដែលថា ជាប្រភពបង្កអសន្តិសុខសង្គម ដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រោះថ្នាក់ចរាចរណ៍ ហិង្សាក្នុងគ្រួសារ និងបញ្ហាមួយចំនួនទៀត ។
លោកថា៖«កាលណាយុវជនប្រើប្រាស់គ្រឿងស្រវឹងច្រើន គឺជាច្រកស្ពានឈានទៅរកការប្រើប្រាស់គ្រឿងញៀន។ វាប៉ះពាល់ទៅដល់ខ្លួនគាត់ហ្នឹង ហើយក៏ប៉ះពាល់ទៅដល់សង្គមដូចជារឿងហិង្សា គ្រោះថ្នាក់ចរាចរណ៍ រឿងបងតូចបងធំ អាហ្នឹងវាប៉ះពាល់ដល់សង្គម វាប៉ះពាល់ដល់ការអភិវឌ្ឍដែរ»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន បង្ហាញក្តីបារម្ភចំពោះការកើនឡើងនៃបញ្ហានេះ ខណៈលោកសង្កេតឃើញថា ក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅកម្ពុជាចេះតែកើនឡើងជាបន្តបន្ទាប់។
លោក ច័ន្ទរឿន និយាយថា ប្រទេសជោកជាំដោយគ្រឿងស្រវឹងការវិវត្តនៃសតិបញ្ញារបស់ពលរដ្ឋនឹងកាន់តែធ្លាក់ចុះ ហើយសុខភាពផ្លូវចិត្ត និងផ្លូវកាយនឹងកាន់តែរងផលប៉ះពាល់ ដែលក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់គ្រួសារ និងសង្គម។
លោកថា៖«នៅពេលដែលសង្គមមួយសម្បូរប្រជាពលរដ្ឋសេពគ្រឿងស្រវឹង មិនយូរមិនឆាប់គឺប្រជាពលរដ្ឋទាំងអស់នឹងកើតជំងឺ ហើយពេលណាដែលកើតជំងឺទៅវាក្លាយជាបន្ទុកសម្រាប់គ្រួសារ។ ហើយបន្ទាប់ពីជាបន្ទុកគ្រួសារ វានឹងក្លាយជាបន្ទុកសម្រាប់សង្គមផងដែរ»។
អ្នកឃ្លាំមើលបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនមានយន្តការដោះស្រាយបញ្ហាគ្រឿងស្រវឹងនេះទាន់ពេលវេលាទេ បញ្ហាជាច្រើនទៀតរួមទាំងគ្រឿងញៀន នឹងបង្កផលប៉ះទង្គិចដល់សន្តិសុខសង្គម កាន់តែខ្លាំងឡើងៗពិបាកទប់ស្កាត់។
ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោកវេជ្ជបណ្ឌិត នុត សម្បត្តិ និយាយថា សង្គមមួយដែលញាំញីដោយគ្រឿងស្រវឹង នឹងបង្កឱ្យមានអំពើហិង្សាកើតឡើងច្រើន បាត់បង់ទ្រព្យសម្បត្តិ និងធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គមទាំងមូល។
លោកថា៖«វាធ្វើឱ្យខូចវិន័យ ខូចសណ្តាប់ធ្នាប់សង្គម បាត់បង់ភាពថ្លៃថ្នូរក្នុងសង្គម។ អ៊ឹចឹងបានន័យថាស្រាបង្កផលប៉ះពាល់ដល់ខ្លួនឯង ដល់សង្គមគ្រួសារ ដល់សង្គមជាតិ»។
ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថា តាមរយៈការសិក្សាផ្ទាល់របស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង អ្នកប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាចយចុះ៣០ភាគរយ ដែលថាការធ្លាក់ចុះនេះភាគច្រើនក្នុងស្រទាប់យុវជន។
លោកថា៖«ខ្ញុំមិនដឹងគេកំណត់ថ្នាក់របៀបម៉េច! មិនដឹងគេរករបៀបម៉េច! ប៉ុន្តែចំពោះកម្ពុជារដ្ឋាភិបាលបានឃើញការប្រើប្រាស់ធ្លាក់ចុះ ៣០ភាគរយ[…]នៅក្នុងចំណោមថយចុះ ៣០ភាគរយ ភាគច្រើនជាយុវជន។ យុវជនឥឡូវមិនស្ថិតនៅក្នុងទិសដៅអ្នកផលិតគ្រឿងស្រវឹង ឬអ្នកនាំគ្រឿងស្រវឹងយកមកលក់ទេ»។
យ៉ាងណាលោកថា រដ្ឋាភិបាលអាណត្តិទី៧ កើតក្រោយការបោះឆ្នោត នឹងគិតគូធ្វើច្បាប់គ្រប់គ្រង គ្រឿងស្រវឹង ដើម្បីទប់ស្កាត់ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងស្រវឹងនេះ។
សេចក្ដីព្រាងច្បាប់ «ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង» ត្រូវបានតាក់តែងឡើងដោយរដ្ឋាភិបាលកម្ពុជា រួចរាល់អំឡុងឆ្នាំ២០១៥ ដែលមានក្រសួងសុខាភិបាលជាសេនាធិការដើម្បីគ្រប់គ្រងគ្រឿងស្រវឹង។បន្ទាប់មកសេចក្តីព្រាងនោះ ក៏បានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យដែរ មុនបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត និងប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក្នុងកិច្ចប្រជុំសួរដេញដោលមួយ កាលពីថ្ងៃទី១៩មិថុនាឆ្នាំ២០១៩ថា សេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងបានដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណីអាហារតាមការស្នើសុំរបស់ ក្រសួងពាណិជ្ជកម្ម។នេះបើតាមការបញ្ជាក់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់លោក ពេជ្រ ស្រស់ នាពេលនោះ។
យ៉ាងណាក៏ដោយចុះ លោក យង់ គិមអេង ផ្តល់ជាយោបល់ថា ដើម្បីគ្រប់គ្រងគ្រឿងស្រវឹង ដែលជាដើមចមជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន បង្កផលប៉ះទង្គិចដល់សន្តិសុខសង្គម រដ្ឋាភិបាលត្រូវមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ទប់ស្កាត់មន្ត្រីខិលខូចនៅពីក្រោយការអនុវត្តច្បាប់ និងទប់ស្កាត់ការផ្សព្វផ្សាយពាណិជ្ជកម្មដែលនាំទៅដល់ការលើកទឹកចិត្តឱ្យប្រើប្រាស់គ្រឿងស្រវឹង។
លោកថា៖«កត្តាដែលមានប្រសិទ្ធភាព គឺធ្វើច្បាប់! ហើយច្បាប់ហ្នឹងត្រូវតែមានការតំឡើងពន្ធអាករ ទី១។ ហើយទី២ គឺហាមការផ្សាយពាណិជ្ជកម្ម ទាំងតាមអនឡាយ ទាំងតាមទូរទស្សន៍ ទាំងតាមផ្ទាំងប៉ាណូ ហើយទី៣ គឺត្រូវតែហាមការលក់ដូ និងទី៤ គឺការកំណត់អាយុប្រើប្រាស់គ្រឿងស្រវឹង»។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានជំងឺប្រមាណជាង ២០០មុខ ដូចជាជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលចរិតជាដើម។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ កាលពីចុងមិនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់គូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជារងគ្រោះពីការជួញដូរគ្រឿងញៀន។
លោកបានលើកឡើងថា បទល្មើសគ្រឿងញៀននៅតែអាចឆ្លងចូល«កម្ពុជាទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ រួមទាំងករណីរក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេស»ខណៈប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន រាយការណ៍ថា ឆ្នាំ២០២២ បទល្មើសគ្រឿងញៀនធំៗ ដែលសមត្ថកិច្ចរឹបអូសបានជាង១៤តោន ស្មើនឹង៣១៨ភាគរយ ធ្រៀបឆ្នាំកន្លងទៅ «ជាទំហំមួយច្រើនលើសលុបគួរឱ្យព្រួយបារម្ភ»។
ដោយឡែកចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅឆ្នាំ២០២២លោកថា មានជាង២ម៉ឺននាក់(២២២១៣) កើនឡើងជិត៦ពាន់នាក់(៥,៩៤៩) បើប្រៀបធៀបនឹងឆ្នាំ២០២១ ។