លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ បានប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈជាង៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ នៅតាមបណ្តាខេត្ត។
បើតាមសារសំឡេងរបស់លោកនាយករដ្ឋមន្រ្តីថ្លែងក្នុងបណ្តាញសង្គមតេឡេក្រាមរបស់លោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរសម្រាប់ឲ្យកម្មករ កម្មការិនីទៅស្រុកនៅបណ្តាខេត្ត និងកាត់បន្ថយការចំណាយ លោក ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញបញ្ចេញឡានក្រុងសាធារណៈជាង៣០០គ្រឿងដើម្បីដឹកប្រជាពលរដ្ឋ។
លោក ហ៊ុន សែន បានលើកឡើងក្នុងសារសំឡេងនោះថា៖ «ការដឹកជញ្ជូននេះ ធ្វើឡើងដោយគ្មានការរើសអើងគណបក្សនយោបាយណាមួយទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ។ យើងដឹកគ្រប់និន្នាការនយោបាយ ហើយយើងក៏មិនដឹងថា អ្នកណាបោះឆ្នោតឲ្យអ្នកណានោះឡើយ យើងដឹកដោយគ្មានការរើសអើងនោះទេ ដូច្នេះវាមិនមែនជាការសូកប៉ាន់ និងការដោះដូរជាមួយសន្លឹកឆ្នោតនោះទេ»។
លោក ហ៊ុន សែន បន្ថែមក្នុងសារសំឡេងដដែលនោះថា ការដឹកជញ្ជូននេះ មិនមានការយកថវិការណាមួយឡើយ ហើយលោកស្នើឱ្យអភិបាលរាជធានីភ្នំពេញត្រៀមចាប់ពីឥលូវហើយមានការបើកបរឱ្យបានត្រឹមត្រូវ យកចិត្តទុកដាក់ទៅលើសុខុមាលភាពក្នុងការធ្វើដំណើរ។
លោក ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា៖ «អាជ្ញាធរ និងអ្នកបើកបររថយន្ត ហាមសួរប្រជាពលរដ្ឋបោះឆ្នោតឲ្យអ្នកណា នៅអំឡុងពេលដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត»។
ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រព្រឹត្តទៅនៅរយៈពេលមួយថ្ងៃ គឺចំថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងអំឡុងការបោះឆ្នោតនោះ រដ្ឋាភិបាលក៏បានសម្រេចឲ្យមន្រ្តីរាជការ កម្មករ និយោជិតឈប់សម្រាកពេលចំនួនបីថ្ងៃផងដែរ៕