លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​នៅ​ថ្ងៃ​ចន្ទ បាន​​ប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​ជាង​៣០០ ទៅ​៣៥០គ្រឿង ​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​​​ថ្នាក់ជាតិ​​នីតិកាលទី៧​ នៅ​តាម​បណ្តា​ខេត្ត។​

បើតាម​សារ​សំឡេង​របស់​លោក​នាយករដ្ឋមន្រ្តី​ថ្លែងក្នុង​បណ្តាញ​សង្គម​តេឡេក្រាម​របស់​លោក នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣ ​លោក​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា ដើម្បី​ជួយសម្រួល​ដល់​ការធ្វើ​​ដំណើរ​សម្រាប់​ឲ្យក​ម្មករ កម្មការិនីទៅស្រុកនៅបណ្តាខេត្ត និង​កាត់​​បន្ថយ​ការចំណាយ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យអភិបាលរាជធានីភ្នំពេញបញ្ចេញឡានក្រុងសាធារណៈជាង​៣០០​គ្រឿង​ដើម្បី​ដឹកប្រជាពលរដ្ឋ។

លោក ហ៊ុន សែន បានលើកឡើង​​ក្នុង​សារសំឡេង​នោះ​ថា៖ ​«ការដឹកជញ្ជូននេះ ធ្វើ​ឡើង​ដោយ​គ្មាន​ការរើសអើងគណបក្សនយោបាយណាមួយទេ ដូច្នេះ​មិនមែន​ជា​ការទិញ​ដូរ​សន្លឹក​ឆ្នោត​នោះឡើយ។ យើង​ដឹក​គ្រប់និន្នាការនយោបាយ ហើយយើងក៏មិនដឹងថា អ្នកណា​បោះឆ្នោត​ឲ្យ​អ្នកណា​នោះ​ឡើយ យើងដឹកដោយគ្មានការរើសអើងនោះទេ ដូច្នេះ​វា​មិនមែន​ជា​ការសូក​ប៉ាន់ និងការដោះដូរជាមួយសន្លឹកឆ្នោតនោះទេ»។

លោក ហ៊ុន សែន បន្ថែម​ក្នុង​សារ​សំឡេង​ដដែលនោះ​ថា ការដឹកជញ្ជូន​នេះ មិនមាន​ការយក​ថវិការ​ណាមួយ​ឡើយ ហើយ​លោក​ស្នើឱ្យ​​អភិបាល​រាជធានី​ភ្នំពេញ​ត្រៀម​ចាប់​ពី​ឥលូវ​ហើយ​មាន​ការបើកបរ​ឱ្យបានត្រឹមត្រូវ យកចិត្តទុកដាក់ទៅលើសុខុមាល​ភាពក្នុងការធ្វើដំណើរ។

លោក ហ៊ុន សែន ក៏​បាន​សង្កត់​ធ្ងន់​ថា៖ «អាជ្ញាធរ និងអ្នកបើកបររថយន្ត ហាមសួរ​ប្រជាពលរដ្ឋ​បោះឆ្នោតឲ្យ​អ្នកណា នៅអំឡុងពេលដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត»។

ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រព្រឹត្ត​ទៅ​នៅ​រយៈពេល​មួយ​ថ្ងៃ គឺ​ចំ​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងអំឡុង​ការ​បោះឆ្នោត​នោះ រដ្ឋាភិបាល​ក៏​បានសម្រេចឲ្យមន្រ្តីរាជការ កម្មករ និយោជិតឈប់សម្រាកពេលចំនួនបីថ្ងៃផង​ដែរ៕