គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ​.ប)​​ កាលពីថ្ងៃទី១១​ កក្កដា ឆ្នាំ២០២៣​ ប្រកាស​ថា ​បុគ្គលដែល​ណែនាំ​ ឬញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ពេល​បោះឆ្នោត​នឹង​ត្រូវ​​ន្ទាទោស​តាមច្បាប់។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចេញ​នៅ​ថ្ងៃ​១១ ខែ​កក្កដា ឆ្នាំ​២០២៣ លើកឡើង​​ថា មានបុគ្គលមួយចំនួននៅតែបន្តយុទ្ធនាការ ​​​តាមបណ្តាញសង្គមព័ត៌មាន ណែនាំឲ្យ​ប្រជាពលរដ្ឋ​គូសសន្លឹកឆ្នោតចោល ដើម្បីឲ្យសន្លឹកឆ្នោតទាំង អស់​នោះ​ក្លាយ​ជា​សន្លឹក​ឆ្នោត​មិន​បានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។

គ.ជ.ប បន្ថែម​ថា បុគ្គលណាដែលប្រព្រឹត្តដូចខាងលើនឹងទទួលទោស តាមមាត្រា១៤២​ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី​​ ៥លានរៀល ទៅ២០លានរៀល ដោយពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត។

មាត្រា​១៤២​ថ្មី​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើសតាំ​ង​តំណាងរាស្ត្រ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ចែងថា ការណែនាំដោយប្រើមធ្យោបាយទុច្ចរិតរួមមាន​ការញុះញង់​ឲ្យ​អ្នក​បោះឆ្នោត​បំផ្លាញ ឬធ្វើឲ្យខូចសន្លឹក​ឆ្នោត​ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់បង់​ទំនុកចិត្តលើការបោះឆ្នោត នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់។

បុគ្គលណាដែលប្រព្រឹត្តបទល្មើសដូចខាងលើ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ ឬ​លុប បេក្ខភាពរបស់សាមីខ្លួន ឬ​ដក​សិទ្ធិ​ឈរ​ឈ្មោះឱ្យ​គេបោះឆ្នោត​របស់​សាម៉ី​ខ្លួន​រយៈពេល​យ៉ាង​តិច​៥ឆ្នាំ​បន្ថែមទៀតដោយ​ គ.ជ.ប ។

សមាជិក​ ​និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ប្រាប់ Newsroom Cambodia​ ថា ការណ៍ដែលប្រជាពលរដ្ឋគូសសន្លឹកឆ្នោតដែលមិនអាចយកជាការបាននោះ គឺ​វា​ផ្ទុយ​ពី​គោលការណ៍​ដែល​​ច្បា​ប់ចង់បាន​ ដែលនោះហើយគឺជាការអនុវត្តដែលខុសពីច្បាប់។

លោកថា៖ «ច្បាប់យើងកំណត់៥ឆ្នាំ បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត មាន​ការរៀបចំ​ការបោះឆ្នោ​ត ឲ្យប្រជាពលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាល ៥ឆ្នាំ​ម្តង។ អ៊ីចឹងការដែល​ទៅគូស គឺ​គូស​ដើម្បី​ជ្រើសរើស​គណបក្ស​ណាមួយ​ដែល​ស្រឡាញ់​ពេញ​ចិត្ត​ ប៉ុន្តែបើទៅគូសដើម្បីបំផ្លាញសន្លឹកឆ្នោតបានន័យថា វាអត់ចំ​គោលដៅ​នៃ​ច្បាប់​ចង់​បាន​ទេ អ៊ីចឹងនោះហើយគឺជាការអនុវត្តខុសច្បាប់»។​​

លោក កន សាវាង្ស មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិការ​ដើម្បី​កា​របោះឆ្នោត ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លើកឡើង​ថា ច្បាប់ដែល​បាន​ចែង​រួច​ហើយ គឺត្រូវតែអនុវត្ត ដូច្នេះ​អ្នកដែល​ញុះញង់​គឺ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ច្បាប់​ដែល​បាន​ចែង​ជា​ធរមាន។

លោកថា៖ «អាហ្នឹងជាធម្មតាទេ ធម្មតាកាលណាច្បាប់គេមានចែងហើយ យើងមិននិយាយ ទេថា​ច្បាប់​ហ្នឹងចែងទៅវាកម្រិតណាទេ កាលណាច្បាប់គេចែងហើយ គឺថា​គ្រប់គ្នា​ត្រូវ​តែ​អនុវត្ត​តាម​ហើយ។​ អ៊ីចឹងយើង​មិននិយាយថាច្បាប់និយាយយ៉ាងម៉េចទេ ប៉ុន្តែ​ជា​ទូទៅ​អ្នក​ដែល​ណែនាំ​ហ្នឹង​គឺ​ថា ជាការពិត​ណាស់ តាមច្បាប់ត្រូវមានទោសចឹង។​ ខ្ញុំមិនមាន​យោបល់​អី​ទៀត​ទេ​ដោយសារ​តែ​ច្បាប់​បាន​សម្រេច ហើយមកស្រាយ​ដោយរដ្ឋធម្មនុញ្ញរួចហើយ»។

យ៉ាងណាក៏ដោយ លោកបន្តថា ប្រជាពលរដ្ឋ​​នៅតែ​មាន​សិទ្ធិ​ពេញលេញ​​ក្នុង​ការ​ធ្វើ​តាម​ឆន្ទៈ​របស់​ខ្លួន ដើម្បី​សម្រេចចិត្តជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត​។​

លោកនិយាយថា៖​ ​«ប្រជាពលរដ្ឋមានសិទ្ធិក្នុងការសម្រេច​គូសបែបណាៗជាសិទ្ធិ ជា​សេរីភាព​របស់​ប្រជាពលរដ្ឋ​ មិនមែនជាកាតព្វកិច្ចទៅតាមផ្លូវច្បាប់ថា ត្រូវតែគូសបែបនេះ បែបនោះ អាហ្នឹង​គឺវាមិន​មានទេ»។​

គួរបញ្ជាក់​ថា កម្ពុជា​នឹង​រៀប​ចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ ដោយ​មិនមាន​គណបក្ស​ប្រឆាំង​លេចធ្លោណា​មួយ​​អាច​ប្រកួត​ប្រជែងជាមួយ​​គណបក្ស​​ប្រជាជន​កម្ពុជា​បាន​ឡើយ បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិរៀប​ចំ​ការ​​បោះឆ្នោត (គ.ជ.ប) ហាម​ឃាត់មិន​ឱ្យ​ចូលរួម​ឈរ​ឈ្មោះ​ ដោយ​មូលហេតុ​​កង្វះ​ឯកសារផ្លូវច្បាប់៕