ស្ថាបនិកក្រុមយុវជនសំរាម បានបង្កើតថ្នាក់រៀនមួយកន្លែង ដើម្បីផ្តល់ឱកាសឱ្យកុមារគ្មានទីពឹង រួមទាំងក្មេងក្រីក្រ​​​​ដែលមិ​ន​​​​​​បានសិក្សា ដោយសារតាមឪពុកម្តាយធ្វើសំណង់នៅរាជធា​​នីភ្នំ​​ពេ​​ញ អាច​​បើ​​ក​ផ្លូវ​​ឱ្យពួកគេបានរៀនសូត្រដូចក្មេងដទៃទៀតដែរ។

លោក សាន ដារ៉ាវីត ស្ថាបនិកក្រុមយុវជនសំរាមដែលជាក្រុមដើរសម្អាតកាកសំណល់ផ្សេងៗក្នុងរា​​ជ​ធានីភ្នំពេញ បានសម្រេចចិត្តបើកថ្នាក់រៀន កម្រិតមត្តេយ្យមួយ នៅក្នុងសង្កាត់​​​ព្រែក​​កំ​​​ពឹស ខណ្ឌ​​ដ​​ង្កោ ជាយរាជធានីភ្នំពេញ។ ការបើកថ្នាក់បណ្តុះបណ្តាលក្រៅប្រព័ន្ធនេះ ដោយសារមើលឃើញកុមារដែលមកតាមឪពុកម្តាយធ្វើសំណង់នៅភ្នំពេញ និងកុមារកំពា្រជាច្រើនទៀត ជួបការលំបាក និងមិនធ្លាប់បានចូលសិក្សា។

បន្ថែមពីលើនេះ លោក សាន ដារ៉ាវីដ អំពាវនាវឱ្យកុមារគ្មានទីពឹង និងគ្មានសាច់ញាតិ ក៏អាច​​ចូល​​រៀ​​ន​​បានដែរ ប្រសិន​បើពួកគេចាប់អារម្មណ៍។ ក្រៅពីនេះ ការបង្កើតថ្នាក់រៀននេះ ក្នុងគោលបំណងផ្តល់​​​ឱកាសឱ្យកុមារទាំង​នោះបាន​ចេះដឹង និងរួមចំណែកជំរុញពួកគេឱ្យមានអនាគតល្អ ព្រោះមិន​​ច​​ង់​​​​ឱ្យលំបាកដោយការងារប្រើកម្លាំង និងក្លាយជាបន្ទុកសង្គម ដោយសារគ្មានការងារធ្វើ ឬដើរ​​សុំ​​លុ​​យ​​គេជាដើម។

លោកបន្តថា៖ «បើសិនជាគាត់អាចរៀនខ្ពស់ៗទៅ យើងនឹងព្យាយាមស្វែងរកអាហារូបករណ៍ឱ្យគា​​ត់​​បន្ថែម ដើម្បីឱ្យគាត់រៀនចប់បើសិនជាគាត់អត់បានចូលរៀន អនាគតរបស់គាត់អត់មានអីក្រៅពីប្រើកម្លាំងធ្វើជាកម្មករទេ អាចធ្វើនៅក្នុងស្រុក ឬអាចធ្វើចំណាកស្រុក»។

បើតាម លោក ដារ៉ាវីត ថ្នាក់រៀននេះ បានបើករយៈពេល ២ខែមកហើយ ដោយបានបង្រៀនសិស្សចំនួន ៥នាក់ ជាការសាកល្បង។ ប៉ុន្តែនៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ នឹងបើកជាផ្លូវការដោ​​យមាន​​កុ​​មា​​រ​​ជិត ២០នាក់ ចូលរៀន ហើយក្នុងនោះក៏មានគ្រូស្ម័គ្រចិត្តចំនួន ៧នាក់ ចូលរួមបង្រៀន​​​ដែ​រ។ លោ​​​​​​កបញ្ជាក់ទៀតថា ចំពោះកុមារទាំងនោះនឹងទទួលបានការ​គាំទ្រទាំ​​ងស្រុងតាមរយៈការផ្តល់​​ស​​ម្ភារ​​សិក្សា និងអាហារ ២ពេលក្នុងមួយថ្ងៃ ហើយថែមទាំងផ្តល់កន្លែងស្នាក់នៅថែមទៀត ប្រសិន​​បើពួកគេ​​​​ខ្វះ​​ខាត។ មិនតែប៉ុណ្ណោះ លោកថា ប្រសិនបើកុមារ​​ណាដែលអាចរៀន​​បានជាប់​​លាប់រ​​យៈ​​ពេលចាប់ពី ១ខែឡើងទៅ នឹងទទួលបានកង់មួយ ដើម្បីជាការលើកទឹកចិត្ត។

អ្នកស្រី ធឹម ធាង ដែលមានចៅប្រុស-ស្រីចំនួន ៤នាក់ ក្នុងនោះមាន ២នាក់ជាក្មេងកំព្រា ពួកគេ​​សុ​ទ្ធ​​​​តែមិនបានសិក្សា​​នៅឯស្រុកកំ​​ណើតនាខេត្ត​​បាត់​​ដំ​​បង។ ប្រភពបន្តថា ការខកខាន​​ក្នុងការសិក្សា​​នេះ ព្រោះតែក្រុមគ្រួសារមានជីវភាពខ្វះខាត ដូច្នេះត្រូវមកតាមអ្នកស្រី និងឪពុកម្តាយរប​​ស់​​ពួក​​គេ ដែលធ្វើការងារផ្នែកសាងសង់នៅរាជធានីភ្នំពេញ។

ស្ត្រី​​​​​​វ័យ ៦៥ឆ្នាំរូបនេះ អះអាងទៀតថា ការបើកថ្នាក់រៀនេះ ហាក់បីដូចជា​​ស្រោ​ច​​​​ស្រង់​​ចៅ​​ៗ​​រប​​ស់​​អ្ន​​ក​​​​ស្រី ដែលគ្មានឱកាស​ចូលរៀន ឱ្យបានចេះដឹង ថែមទាំងបានការឧបត្ថម្ភសម្ភារសិក្សា រួមទាំង​​ជួ​​យ​​​​ទិ​​ញកង់ឱ្យថែមទៀតផង។ 

អ្នកស្រីបន្តថា៖ «គាត់ជួយឱ្យសិស្សហ្នឹងមានសង្ឃឹមហ្មង។ បើអត់បើក(ថ្នាក់រៀន)ទៅល្ងង់! វាអត់​​ចេះ​​ទាំងអស់! វាអត់មានអីចេះនឹងគេទេ »។

ចំណែក រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក​ សិរី ជំនះ ធ្លាប់បានបញ្ជាក់ថា ការ​​ងា​​រ​​ស្ម័គ្រចិត្តគឺជាការ​​ងារដែល​​មាន​តម្លៃមិនអាចកាត់ថ្លៃបាន ព្រោះជាឱកាសក្នុងរៀនសូត្រ និង​​ជាកា​​រ​​ប​​ណ្តុះ​​សាមគ្គីភាព។ លោក​ក៏បានជំរុញឱ្យយុវជនបង្កើនការចូលរួមការងារស្ម័គ្រចិត្ត ខណៈលោក​​ថា​​​​ចាត់​​ទុកថា អ្នកស្ម័គ្រចិ​ត្ត​​គឺ​​ជា​​ផ្នែកមួយដែលខ្វះមិនបាន(ក​តាលីករ)ក្នុងការរួមចំណែកជួយអភិ​​វឌ្ឍ​​ន៍នៅសហមគមន៍ និងសង្គមជាតិទាំងមូល​។​​

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង ចាត់​​ទុក​​ថា ការប​​ង្រៀ​​​នស្ម័គ្រចិត្ត គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនផ្សេងទៀត។ លោ​ក​បន្ថែមថា សកម្មភាពទាំង​​នោះ​​ ក៏គួរតែត្រូវបានលើកទឹកចិត្ត​ពី​អាជ្ញាធរ​មូល​ដ្ឋាន និងរដ្ឋាភិ​​បាល តា​​មរ​យៈការផ្តល់កម្លាំងចិត្ត និង​​ស​ម្ភា​​រៈប្រើ​​ប្រាស់ចាំបាច់ផ្សេងៗ ដើម្បីគាំទ្រដល់កា​​របង្រៀន​​កុមារ​​ដែល​ខ្វះខាត និងមិនបាន​​រៀនសូត្រ​​។

លោកបន្តថា៖ «ត្រូវតែមានការលើកទឹកចិត្តពីអាណាព្យាបាល ពីអាជ្ញាធរ ពីរដ្ឋាភិបាល សម្រាប់ការ​​ផ្តួចផ្តើមបែបហ្នឹង។ជាមួយគ្នានោះទៀតសោត ក៏គួរតែមានការគាំទ្រដល់គាត់ដែរ គាំទ្រទាំងខា​​ង​​ផ្នែ​ក​​ស្មារតី ទាំងមធ្យោបាយផ្សេងៗដែលគាត់អាច​បន្ត ហើយពង្រឹងសមត្ថភាពពួក​​គាត់តទៅមុខ​​ថែម​​ទៀ​ត​»។

លោក សាន ដារ៉ាវីត ជាស្ថាបនិកយុវជនសំរាម លើកឡើងថា នេះគឺជាថ្នាក់រៀនដំបូងគេហើយ​​ដែ​​​​លលោក​​បាន​​ផ្តួច​​ផ្តើមឡើង ដើម្បីកុមារដែលមិនមានឱកាសសិក្សាទាំងនោះ ខណៈលោក​​​ចំ​​ណាយថ​​វិកាផ្ទាល់ខ្លួ​​​ន​អស់ប្រមាណជាង ២ពាន់ដុល្លារអាមេរិកមកហើយ ដើម្បីជួយទ្រទ្រង់សកម្ម​​ភា​ពនេះ​​។

យ៉ាងណា លោកថានឹងខិតខំ ដើម្បី​​បង្កើត​​ឱ្យ​មានកាន់​​តែច្រើន​​នៅ​​​តាមបណ្តាខេត្តមួយចំនួនទៀត ដែ​​លសម្បូរក្រុមក្មេងៗទាំងនោះ ខណៈលោកថាជំហានបន្ទាប់​​អាច​នឹងធ្វើនៅតំបន់ឧត្តុង្គ ក្នុង​​ខេត្ត​​កំ​​​ពង់ស្ពឺ ក្រោ​​យ​​មើលឃើញថាមានកម្មករ​​សំណង់ជាច្រើន បានកើនឡើងព្រោងព្រាតនៅទីនោះ ដោ​​យឪពុកម្តាយ បានយក​​កូនតាម អំឡុងពេលធ្វើសំណង់។ ស្ថាបនិកក្រុមយុវជនសំរាមរូបនេះ ក៏អំពាវនាវដែរថា ការផ្តួចផ្តើមថ្នាក់រៀននេះ គឺ​​ជាការបង្ហាញ​​ទៅ​​កា​ន់​​​​មហា​​ជនឱ្យបានចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារសិក្សាផ្សេងៗ ដើម្បីផ្តល់ឱកា​​សឱ្យ​​កុ​​មា​រដែលខ្វះខាតផ្សេងទៀតបានសិក្សាដែរ។ លើសពីនេះទៀត លោកថា សកម្មភាពនេះ ​ក៏ជាទង្វើរ​​មួយ​​​​ដែល​​លោក​​ចង់​​ឃើ​​ញយុ​​វ​​ជន​​ផ្សេងទៀតបង្កើតឱកាសឱ្យបានច្រើននៅក្នុងសង្គម ដើម្បីជួយ​​កុ​​មា​​រក្រីក្រ និងគ្មានទីពឹងដូចជានៅពេលនេះដែរ៕