សង្គមស៊ីវិល និងពលរដ្ឋមួយចំនួន ជំរុញឱ្យស្ថាប័នរដ្ឋបង្កើនការផ្សព្វផ្សាយសេវាគាំពារសង្គម ដើម្បីពង្រឹងប្រសិទ្ធភាព និងធានាប្រយោជន៍សមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដូចការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ។
ប.ស.ស បាននិយាយក្នុងសេចក្តីប្រកាសចុះថ្ងៃទី១២ ខែកក្កដានេះថា ប្រជាពលរដ្ឋដែលប្រកបរបរក្រៅប្រព័ន្ធ ដូចជាអាជីករលក់ដូរ អ្នករត់ម៉ូតូឌុប កង់បី និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ អាចស្នើសុំប័ណ្ណ ប.ស.ស បានដូចបុគ្គលក្រុមហ៊ុន និងរដ្ឋដែរ។
ស្ថាប័ននោះ បញ្ជាក់ថា អ្នកដែលអាចទទួលបានប័ណ្ណគាំពារសង្គមនេះ តាមរយៈរបបភាគទាន(បង់លុយ)ដោយស្ម័គ្រចិត្តចំនួន ១៥ ៦០០រៀលក្នុងមួយខែ។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ចាត់ទុកសេចក្តីប្រកាសនេះថា ជាការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល។ ប៉ុន្តែលោកចង់ឃើញ បេឡាជាតិសន្តិសុខសង្គម និងស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយគោលការណ៍ថ្មីនេះ ឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាបានដឹង និងអាចចុះឈ្មោះប្រើប្រាស់សេវាគាំពារសុខភាពមួយនេះបាន។
លោកថា៖ «អាជ្ញាធររដ្ឋគួរតែផ្សព្វផ្សាយសេចក្តីសម្រេចនេះ ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បី[…]គាត់មានឱកាសក្នុងការទៅចុះយកប័ណ្ណ ប.ស.ស. ដើម្បីជាប្រយោជន៍របស់ពួកគាត់សម្រាប់របបថែទាំងសុខភាពនេះ»។
អ្នករត់កង់បីនៅរាជធានីភ្នំពេញ លោក សូត្រ សោភ័ណ្ឌ និយាយថា គាត់មិនទាន់មានប័ណ្ណគាំពារសង្គមរបស់រដ្ឋប្រើនៅឡើយទេ ប៉ុន្តែគាត់ធ្លាប់ឮអ្នកធ្លាប់ប្រើសេវានេះ ត្អូញត្អែរថា គ្រូពេទ្យមិនសូវយកចិត្តទុកដាក់។
លោកថា៖ «ខ្ញុំចង់ឱ្យខាង ប.ស.ស. គាត់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ឱ្យស្រួលបងប្អូនដូចអាជីវករខ្លះគាត់អត់បានដឹង។ ជួនកាលអ្នករត់ម៉ូតូឌុបគាត់អត់យល់អត់អីចឹង គាត់ថាទៅបង់ ប.ស.ស. គេអត់សូវយកចិត្តទុកដាក់»។
ប្រធានក្រុមការងារបុគ្គលស្វ័យនិយោគ លោក មាស សារុន លើកឡើងដែរថា គាត់ធ្លាប់ជួបបញ្ហានេះផ្ទាល់ដោយថា មានមន្ទីរពេទ្យខ្លះយកចិត្តទុកដាក់អ្នកជំងឺបានល្អ តែមន្ទីរពេទ្យខ្លះបានទាមទារលុយ ៥០ភាគរយពីអ្នកជំងឺ ដែលជាសមាជិក ប.ស.ស.។
បញ្ហានេះ លោកចង់ឃើញបេឡាជាតិសន្តិសុខសង្គម ពង្រឹងប្រសិទ្ធភាពសេវាគាំពារសង្គមរបស់រដ្ឋនេះ ដើម្បីធានាប្រយោជន៍សមាជិក។
លោកថា៖ «ជួនកាលពួកគាត់អត់សូវដឹង អត់សូវយល់ពីការធ្វើហ្នឹងថាមានអត្ថប្រយោជន៍ម៉េចខ្លះ»។
អគ្គនាយករង និងជាអ្នកនាំពាក្យរបស់ ប.ស.ស. លោក ហេង សុផាន់ណារិទ្ធ មានប្រសាសន៍ថា បច្ចុប្បន្ន ប.ស.ស.បាននិងកំពុងផ្សព្វផ្សាយទូទាំងរាជធានី ខេត្តតាមរយៈបណ្តាញផ្សព្វសង្គមនានា ដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីគោលការណ៍នេះ។
មន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងទៀតថា គិតត្រឹមខែកក្កដានេះ មានពលរដ្ឋជាង ៧ ០០០នាក់ ដែលបានចុះឈ្មោះជាសមាជិកស្វ័យនិយោជន៍នៃបេឡាជាតិសន្តិសុខសង្គម។
មួយវិញទៀត លោកថា សមាជិក ប.ស.ស. មិនតម្រូវឱ្យបង់ប្រាក់ថ្លៃសេវាព្យាបាល ឬបន្ទប់ស្នាក់នៅនោះទេ ដរាបណាអ្នកទៅរកសេវា ឬអ្នកជំងឺ មិនទាមទារសេវាពិសេស ក្រៅពីមន្ទីរពេទ្យរៀបចំឱ្យ ។
លោកថា៖ «អត់មាន[ចំណាយ]ទេ ហ្រ្វីទាំងអស់! អត់មានថែមលុយថែមអីទេ លើកលែងតែគាត់[អ្នកជំងឺ]គេងហ្នឹង គាត់ចង់បានបន្ទប់ VIPម្នាក់ឯង គាត់ត្រូវបង់លុយថែមតម្លៃ[Extra] ៥០ភាគរយ»។
បើតាមអ្នកនាំពាក្យដដែល ការដាក់ចេញរបបវិភាគទានសម្រាប់បុគ្គលស្វ័យនិយោជន៍នេះ ត្រូវបានចាប់ផ្តើមសាកល្បងកាលពីខែមេសា ឆ្នាំ២០២៣ ដោយសារតែរដ្ឋាភិបាលមានគោលបំណងពង្រីកការគ្របដណ្តប់ទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ដើម្បីឱ្យពួកគាត់មានរបបថែទាំសុខភាពគ្រប់ៗគ្នា។
មាត្រា១ នៃច្បាប់ស្តីពីបេឡាជាតិរបបសន្តិសុខសង្គម បញ្ជាក់ពីគោលបំណងថា ដើម្បីធានាឱ្យមានសមធម៌ សាមគ្គីធម៌សង្គម និងលើកកម្ពស់សុខមាលភាព រួមនិងជីវភាពរបស់ប្រជាពលរដ្ឋ។
បើតាមលោក សុផាន់ណារិទ្ធ ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស. ប្រជាពលរដ្ឋត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន ដូចជា មានអាជីវកម្ម ឬមុខរបរដែលអាចរកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធប្រាក់ឈ្នួល ឬបុគ្គលិក និងតម្រូវឱ្យមានអាយុមិនលើសពី ៦០ឆ្នាំ។
មួយវិញទៀត ពលរដ្ឋត្រូវស្នើសុំធ្វើដោយខ្លួនឯង ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមទៅកាន់ទីស្នាក់ការ ប.ស.ស.។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋធ្លាប់លើកឡើងពីការរើសអើង អាចជាអារម្មណ៍ផ្ទាល់របស់បុគ្គលជាគ្រូពេទ្យ មិនឆ្លុះបញ្ចាំងពីបញ្ហារួមនោះទេ។
យ៉ាងណា លោក វន់ ពៅ ចង់ឃើញស្ថាប័នរដ្ឋបង្កើតឱ្យមានប្រព័ន្ធតាមដានរាល់ការផ្តល់សេវាសុខភាពផ្នែកគាំពារសង្គមនេះនៅតាមមន្ទីរពេទ្យ ដើម្បីឱ្យការផ្តល់សេវានេះមានប្រសិទ្ធភាព ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដូចការតាំងចិត្តរបស់រដ្ឋាភិបាល៕