សង្គមស៊ីវិល និងពលរដ្ឋមួយចំនួន ជំរុញឱ្យស្ថាប័នរដ្ឋ​បង្កើនការផ្សព្វផ្សាយសេវាគាំពារសង្គម ដើម្បីពង្រឹងប្រសិទ្ធភាព និងធានាប្រយោជន៍សមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដូចការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ។

ប.ស.ស បាននិយាយក្នុងសេចក្តីប្រកាសចុះថ្ងៃទី១២ ខែកក្កដានេះថា ប្រជាពលរដ្ឋដែលប្រកបរបរក្រៅប្រព័ន្ធ ដូចជាអាជីករលក់ដូរ អ្នករត់ម៉ូតូឌុប កង់បី និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ អាចស្នើសុំប័ណ្ណ ប.ស.ស បានដូចបុគ្គល​ក្រុមហ៊ុន និងរដ្ឋដែរ។

ស្ថាប័ននោះ បញ្ជាក់ថា អ្នកដែលអាចទទួលបាន​ប័ណ្ណគាំពារសង្គមនេះ តាមរយៈរបបភាគទាន(បង់លុយ)ដោយស្ម័គ្រចិត្តចំនួន ១៥ ៦០០រៀលក្នុងមួយខែ។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ចាត់ទុក​សេចក្តីប្រកាសនេះថា ជាការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល។ ប៉ុន្តែលោកចង់ឃើញ បេឡាជាតិសន្តិសុខសង្គម និងស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយគោលការណ៍ថ្មីនេះ ឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាបានដឹង និងអាចចុះឈ្មោះប្រើប្រាស់សេវាគាំពារសុខភាពមួយនេះបាន។

លោកថា៖ «អាជ្ញាធររដ្ឋគួរតែផ្សព្វផ្សាយសេចក្តីសម្រេចនេះ ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បី[…]គាត់មានឱកាសក្នុងការទៅចុះយកប័ណ្ណ ប.ស.ស. ដើម្បីជាប្រយោជន៍របស់ពួកគាត់សម្រាប់របបថែទាំងសុខភាពនេះ»។

អ្នករត់កង់បីនៅរាជធានីភ្នំពេញ លោក សូត្រ សោភ័ណ្ឌ និយាយថា គាត់មិនទាន់មានប័ណ្ណគាំពារសង្គ​មរបស់រដ្ឋប្រើនៅឡើយទេ ប៉ុន្តែគាត់ធ្លាប់ឮអ្នកធ្លាប់ប្រើសេវានេះ ត្អូញត្អែរថា គ្រូពេទ្យមិនសូវយកចិត្តទុកដាក់។

លោកថា៖ «ខ្ញុំចង់ឱ្យខាង... គាត់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ឱ្យស្រួលបងប្អូនដូចអាជីវករខ្លះគាត់អត់បានដឹង។ ជួនកាលអ្នករត់ម៉ូតូឌុបគាត់អត់យល់អត់អីចឹង គាត់ថាទៅបង់ ប... គេអត់សូវយកចិត្តទុកដាក់»។

ប្រធានក្រុមការងារបុគ្គលស្វ័យនិយោគ លោក មាស សារុន​ លើកឡើងដែរថា គាត់ធ្លាប់ជួបបញ្ហានេះផ្ទាល់ដោយថា មានមន្ទីរពេទ្យខ្លះយកចិត្តទុកដាក់អ្នកជំងឺបានល្អ តែមន្ទីរពេទ្យខ្លះបានទាមទារលុយ ៥០ភាគរយពីអ្នកជំងឺ ដែល​ជាសមាជិក ប.ស.ស.​។

បញ្ហានេះ លោកចង់ឃើញ​បេឡាជាតិសន្តិសុខសង្គម​ ពង្រឹងប្រសិទ្ធភាពសេវាគាំពារសង្គមរបស់រដ្ឋនេះ ដើម្បីធានាប្រយោជន៍​​សមាជិក។

លោកថា៖ «ជួនកាលពួកគាត់អត់សូវដឹង អត់សូវយល់ពីការធ្វើហ្នឹងថាមានអត្ថប្រយោជន៍ម៉េចខ្លះ»។

អគ្គនាយករង និងជាអ្នកនាំពាក្យរបស់ ប.ស.ស. លោក ​ហេង សុផាន់ណារិទ្ធ មានប្រសាសន៍ថា បច្ចុប្បន្ន ប.ស.ស.បាននិងកំពុងផ្សព្វផ្សាយទូទាំងរាជធានី ខេត្តតាមរយៈបណ្តាញផ្សព្វសង្គមនានា ដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីគោលការណ៍នេះ។

មន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងទៀតថា គិតត្រឹមខែកក្កដានេះ មានពលរដ្ឋជាង ៧ ០០០​នាក់ ដែលបានចុះឈ្មោះជាសមាជិកស្វ័យនិយោជន៍នៃបេឡាជាតិសន្តិសុខសង្គម។

មួយវិញទៀត លោកថា សមាជិក ប.ស.ស. មិនតម្រូវឱ្យបង់ប្រាក់ថ្លៃសេវាព្យាបាល ឬបន្ទប់ស្នាក់នៅនោះទេ ដរាបណាអ្នកទៅរកសេវា ឬអ្នកជំងឺ មិនទាមទារសេវាពិសេស ក្រៅពីមន្ទីរពេទ្យរៀបចំឱ្យ ។

លោកថា៖ «អត់មាន[ចំណាយ]ទេ ហ្រ្វីទាំងអស់! អត់មានថែមលុយថែមអីទេ លើកលែងតែគាត់[អ្នកជំងឺ]គេងហ្នឹង  គាត់ចង់បានបន្ទប់ VIPម្នាក់ឯង គាត់ត្រូវបង់លុយថែមតម្លៃ[Extra] ៥០ភាគរយ»។

បើតាមអ្នកនាំពាក្យ​ដដែល ការដាក់ចេញរបបវិភាគទានសម្រាប់បុគ្គលស្វ័យនិយោជន៍នេះ ត្រូវបានចាប់ផ្តើមសាកល្បងកាលពីខែមេសា ឆ្នាំ២០២៣​ ដោយសារតែរដ្ឋាភិបាលមានគោលបំណងពង្រីកការគ្របដណ្តប់ទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ដើម្បីឱ្យពួកគាត់មានរបបថែទាំសុខភាពគ្រប់ៗគ្នា។

មាត្រា១ នៃច្បាប់ស្តីពីបេឡាជាតិរបបសន្តិសុខសង្គម បញ្ជាក់ពីគោលបំណងថា ដើម្បីធានាឱ្យមានសមធម៌ សាមគ្គីធម៌សង្គម និងលើកកម្ពស់សុខមាលភាព រួមនិងជីវភាពរបស់ប្រជាពលរដ្ឋ។

បើតាមលោក សុផាន់ណារិទ្ធ ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស. ប្រជាពលរដ្ឋត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន ដូច​ជា មានអាជីវកម្ម ឬមុខរបរដែលអាចរកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធប្រាក់ឈ្នួល ឬបុគ្គលិក និងតម្រូវឱ្យមានអាយុមិនលើសពី ៦០ឆ្នាំ។

មួយវិញទៀត ពលរដ្ឋត្រូវស្នើសុំធ្វើដោយខ្លួនឯង ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមទៅកាន់ទីស្នាក់ការ ប.ស.ស.។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋធ្លាប់លើកឡើងពីការរើសអើង អាចជាអារម្មណ៍ផ្ទាល់របស់បុគ្គលជាគ្រូពេទ្យ មិនឆ្លុះបញ្ចាំងពីបញ្ហារួមនោះទេ។

យ៉ាងណា លោក វន់ ពៅ ចង់ឃើញស្ថាប័នរដ្ឋបង្កើតឱ្យមានប្រព័ន្ធតាមដានរាល់ការផ្តល់សេវាសុខភាពផ្នែ​កគាំពារសង្គមនេះនៅតាមមន្ទីរពេទ្យ ដើម្បីឱ្យការផ្តល់សេវានេះមានប្រសិទ្ធភាព ក្នុងការបម្រើសេវាជូ​​នប្រជាពលរដ្ឋ ដូចការតាំងចិត្តរបស់រដ្ឋាភិបាល៕