ក្នុងរយៈពេលជាង១ខែក្រោយអាជ្ញាធរឱ្យផ្អាកសកម្មភាព នៅថ្ងៃចន្ទ ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បើកដំណើរការឡើងវិញជាបណ្ណោះអាសន្នរហូតមានសេចក្ដីសម្រេចណាមួយពីតុលាការ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចេញនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
សមាគមកសិករកម្ពុជានេះ ត្រូវបានក្រសួងមហាផ្ទៃផ្អាកសម្មភាពកាលពីដើមខែមិថុនា ព្រមទាំងរឹបអូសយកឯកសារជាច្រើនដើម្បីរក្សាទុកសម្រាប់ស៊ើបអង្កេត បន្ទាប់ពី ប្រធានសមាគមនេះ រងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍កសិករ។
លោក ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃសម្រេចដូច្នេះ ដោយផ្អែកលើដីកាពីតុលាការខេត្តរតនគិរីឱ្យបើកដំណើរការជាបណ្ដោះអាសន្ន។
លោកបន្ថែមថា ការអនុញ្ញាតឱ្យសមាគមនេះអាចដំណើរការពេញលេញទៅបានលុះត្រាមានការបង្គាប់ពីតុលាការខេត្តរតនគិរីនៅពេលណាមួយ។
ប្រភពដដែល បញ្ជាក់ថា នៅថ្ងៃចន្ទ លោកបានជូនដំណឹងឱ្យអាជ្ញាធរឱ្យចុះដកហូតក្រដាសបម្រាមដែលបិតនៅស្នាក់ការសមាគមដែលមានអាស័យដ្ឋានទីស្នាក់ការកណ្តាលក្នុងខណ្ឌសែនសុខ ក្រុងភ្នំពេញ ដើម្បីឱ្យសមាគមនេះអាចចាប់ផ្ដើមបន្តការងាររបស់ខ្លួន។
លោកបន្តថា៖«រងចាំសាលដីការបស់តុលាការព្រោះដោយសារសាលដីកាហ្នឹងគាត់អនុញ្ញាតឱ្យបណ្ដោះអាសន្ន ចឹងគាត់បន្តនីតិវិធីគាត់យ៉ាងម៉េចខ្ញុំអត់ដឹងទេ នីតិវិធីរបស់តុលាការ» ។
គេសង្កេតឃើញថា ការផ្អាកសកម្មភាពរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានបង្កើតជាក្ដីកង្វល់ដល់កសិករមួយចំនួន ដោយពួកគេបារម្ភពីកង្វះការបណ្ដុះបណ្ដាលបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមមាន់ និងដាំដំណាំផ្សេងៗ។ប៉ុន្មានថ្ងៃក្រោយ នៅពេលប្រធានសមាគម និងសហការីចំនួនពីនាក់ត្រូវឃាត់ខ្លួននៅខេត្តក្រចេះ កសិកររាប់រយនាក់ បានដើរដោយថ្មើជើងនៅភ្នំពេញដោយប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងក្បាលម៉ាស៊ីនដឹកសមាគមរបស់ពួកគេទាំងបីនាក់ឱ្យមានសេរិភាពវិញ។
ប្រធានស្ដីទីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា ថ្លែងថា លោកសាទរចំពោះការអនុញ្ញាតឱ្យសមាគមអាចចាប់ផ្ដើមការងារសាជាថ្មី ដែលអាចជួយឱ្យកសិករមានបំណិនជីវិតឡើងវិញ តាមរយៈសកម្មភាពរបស់សមាគមនៅពេលនេះ។
លោកបន្តថា រយៈពេល២ខែនេះ បុគ្គលិកសរុបចំនួន២១នាក់របស់សមាគមពុំមាននរណាម្នាក់លាឈប់នោះទេ។បន្ថែមពីលើនេះ បុគ្គលិកទាំងអស់នឹងចូលបម្រើការងារតាមតួនាទីរៀងៗខ្លួនវិញបន្ទាប់ពីអាជ្ញាធរចុះដកហូតបម្រាមដែលបានបិតនៅខ្លោងទ្វារសមាគម។ក៏ប៉ុន្តែលោកថា តាមគោលការណ៍របស់សមាគម ករណី លោក ថេង សាវឿន នៅជាប់ពាក្យបណ្ដឹងត្រូវរងចាំការទម្លាក់បទចោទជាមុនសិន ទើប លោក សាវឿន អាចបន្តដឹកនាំសមាគមវិញបាន។លោកបន្ថែមថា បើពុំនោះទេ លោក ថេង សាវឿន អាចបម្រើការងារត្រឹមតែជាបុគ្គលិកធម្មតានៅក្នុងសមាគម។
លោកបន្តថា៖ «ខ្ញុំសប្បាយចិត្តនៅពេលគេបើកដំណើរ CCFC បើកដំណើរឡើងវិញ ពីព្រោះអំឡុងពេលដែលCCFCបិទ ប្រជាពលរដ្ឋនៅមូលដ្ឋានគឺគាត់មានផលប៉ះពាល់ខ្លាំងមែនទែនទាក់ទងរឿងដីធ្លីរបស់គាត់ហើយការកៀបសង្កត់់ខ្លាំងមែនទែននៅតាមមូលដ្ឋាន នៅពេលអត់មានអង្គការសង្គមស៊ីវិលជួយគាត់»។
លោក ថេង សាវឿន និយាយថា តុលាការខេត្តរតនគិរី នៅពុំទាន់បានទម្លាក់បទចោទប្រឆាំងរូបលោក និងសហការី២នាក់ទៀតនៅឡើយទេ មកដល់ថ្ងៃនេះ។
ចំណែក លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក យល់ឃើញថា បើទោះបីសមាគមកសិករកម្ពុជាបើកដំណើរការឡើងវិញក្ដី អាជ្ញាធរនៅមិនទាន់ទម្លាក់ចោលការឃ្លាំមើលសកម្មភាពរបស់សមាគមនៅឡើយទេ ព្រោះនេះគឺជាការអនុញ្ញាតបើកដំណើរការជាបណ្ដោះអាសន្ននៅឡើយ។
លោកបន្តថា៖ «បើសិនជាករណីណាមួយខាង CCFC ធ្វើសកម្មទៅត្រូវបានតុលាការចេញដីកា ឬក្រសួងផ្អាកបិទទៅវិញក៏អាចធ្វើឡើងទៅបានដែរ។ ចឹងអាហ្នឹងជាបញ្ហាមួយគឺយើងមើលឃើញថាដូចជាមិនទាន់ផ្ដល់ភាពពេញលេញ សម្រាប់ឱ្យពួកគាត់ធ្វើការងារបានគ្រប់គ្រាន់តាមបេកសកម្មឬកិច្ចការងារផ្សេងៗរបស់ខ្លួន » ។
ផ្ទុយពីការយល់ឃើញនេះ លោក លោក ឈឹម កាន ដែលជាប្រធាននាយកដ្ឋានកិច្ចការសមាគម នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និយាយថា សមាគមកសិករកម្ពុជានេះ អាចបន្តការងាររបស់ខ្លួនដោយពុំមានការកម្រិតសកម្មភាព ឬតាមដានពីសំណាក់អាជ្ញាធរណាមួយនោះទេ ប្រសិនបើសមាគមនេះអនុវត្តការងារស្របតាមច្បាប់។ក្រៅពីនេះ សម្រាប់ឯកសារដែលរឹបអូសពីក្នុងការិយាល័យសមាគម គឺស្ថិតក្នុងដែនសម្ថកិច្ចរបស់តុលាការខេត្តរតនគិរី ជាអ្នកទទួលខុសត្រូវ។
គេហទំព័រសារព័ត៌មាន Newsroom Cambodia នៅពុំទាន់អាចសូមការអត្ថាធិប្បាយពី អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បាននោះភ្លាមៗទេនៅថ្ងៃនេះ ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្តែពុំមានអ្នកទទួល។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងសហការី២នាក់ទៀត ត្រូវអាជ្ញាធរខេត្តក្រចេះឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោយសមាគមនេះបានបើកវគ្គបណ្ដុះបណ្ដាលកបុគ្គលិកនៅខេត្តរតនគិរី ដោយក្រសួងមហាផ្ទៃចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធរឿងធ្វើបដិវត្តន៍កសិករ។
ក្រោយឃាត់ខ្លួនមនុស្សទាំងបីនាក់របស់សមាគមហើយ កាលពីថ្ងៃទី ៧ មិថុនា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចផ្អាកសកម្មភាពបណ្តោះអាសន្ន ដោយត្រូវរង់ចាំមានការសម្រេចថ្មីណាមួយ ពីតុលាការខេត្តរតនគីរី។
លោក ថេង សាវឿន និងសហការី២នាក់ទៀតរបស់លោក កាលពីថ្ងៃទី ១៧ មិថុនា ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកផ្លូវឱ្យមានជំនួបនៅភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ក្រោយពីអ្នកទាំងបីដោះលែងឱ្យមានសេរីភាពវិញ កាលពីថ្ងៃទី ៣០ ឧសភា ឆ្នាំ២០២៣។
លោក ហ៊ុន សែន បានអះអាងថា ចាប់ពីពេលនេះ សមាគមកសិករនេះ អាចធ្វើសកម្មភាពរបស់ខ្លួនបាន និងអំពាវនាវឱ្យទម្លាក់ចោលបទចោទចំនួន៣ករណី ប្រឆាំងនឹងបុគ្គលិករបស់ស្ថាប័នមួយនេះ។
លោកបន្តថា៖ «យើងពិនិត្យឃើញនូវផលប្រយោជន៍ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើកទឹកចិត្តឱ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនយើង។លោកនាយករដ្ឋមន្ត្រីសរសេរសមាគមត្រូវយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ» ។ សាលាដំបូងខេត្តរតនគិរី ចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូបទៀតពីបទ «រួមគំនិតក្បត់ »។គេសង្កេតឃើញថា ក្រោយឃុំខ្លួនអ្នកទាំងបីនាក់បានប៉ុន្មានថ្ងៃ ទាំងលោក ថេង សាវឿន និងសហការីរបស់លោក បានចេញសុំទោសតាម វីដេអូ ផ្សាយផ្ទាល់ពីខេត្តរតនគិរី មុនពេលពួកគេត្រូវបានដោះលែង ដែលស្ថិតក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវតុលាការ៕