ក្នុងរយៈពេលជាង១ខែក្រោយអាជ្ញាធរឱ្យផ្អាកសកម្មភាព នៅថ្ងៃចន្ទ ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យ​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បើកដំណើរការឡើងវិញជាបណ្ណោះអាសន្នរ​​ហូ​​តមានសេចក្ដីសម្រេចណាមួយពីតុលាការ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែល​​​ចេ​ញ​​នៅថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

សមាគមកសិករកម្ពុជានេះ ត្រូវបានក្រសួងមហាផ្ទៃផ្អាកសម្មភាពកាលពីដើមខែមិថុនា ព្រមទាំងរឹ​ប​​អូសយកឯកសារជាច្រើនដើម្បីរក្សាទុកសម្រាប់ស៊ើបអង្កេត បន្ទាប់ពី ប្រធាន​សមា​​​គមនេះ រងកា​​រ​​ចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍កសិករ។​

លោក ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបា​​យ​នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃសម្រេចដូច្នេះ ដោ​​យផ្អែកលើដីកាពីតុលាការខេត្តរតនគិរីឱ្យបើកដំណើរការជាបណ្ដោះអាសន្ន។

លោកបន្ថែមថា ការអនុញ្ញាតឱ្យសមាគមនេះអាចដំណើរការពេញលេញទៅបានលុះត្រាមា​​ន​​​ការប​ង្គា​​​​ប់ពីតុលាការខេត្តរតនគិរីនៅពេលណាមួយ។

ប្រភពដដែល បញ្ជាក់ថា នៅថ្ងៃចន្ទ លោកបានជូនដំណឹងឱ្យអាជ្ញាធរឱ្យចុះដកហូតក្រដាសបម្រា​​ម​​​ដែលបិតនៅស្នាក់ការសមាគមដែលមានអាស័យដ្ឋាន​ទីស្នាក់​ការ​កណ្តាល​ក្នុង​ខណ្ឌ​សែនសុខ​ ក្រុង​ភ្នំពេញ ដើម្បីឱ្យសមាគមនេះអាចចាប់ផ្ដើមបន្តការងាររបស់ខ្លួន។

លោកបន្តថា៖«រងចាំសាលដីការបស់តុលាការព្រោះដោយសារសាលដីកាហ្នឹងគាត់អនុញ្ញាតឱ្យ​​ប​ណ្ដោះអាសន្ន ចឹងគាត់បន្តនីតិវិធីគាត់យ៉ាងម៉េចខ្ញុំអត់ដឹងទេ នីតិវិធីរបស់តុលាការ»

គេសង្កេតឃើញថា ការផ្អាកសកម្មភាពរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានបង្កើ​​ត​​ជា​​​​​ក្ដីកង្វល់ដល់កសិ​​ក​រមួយចំនួន ដោយពួកគេបារម្ភពីកង្វះការបណ្ដុះបណ្ដាលបច្ចេកទេសធ្វើកសិ​​ក​ម្ម ចិញ្ចឹមមាន់ និងដាំដំ​​ណាំ​ផ្សេងៗ។ប៉ុន្មានថ្ងៃក្រោយ នៅពេលប្រធានសមាគម និងសហការីចំ​​​នួ​ន​​ពីនាក់ត្រូវឃាត់ខ្លួននៅខេត្តក្រចេះ កសិកររាប់រយនាក់ បានដើរដោយថ្មើជើងនៅភ្នំពេញដោ​​​យ​​​​​​​ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងក្បាលម៉ាស៊ីនដឹកសមាគមរបស់​ពួ​​កគេទាំងបីនាក់ឱ្យមានសេរិភាពវិញ។

ប្រធានស្ដីទីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា ថ្លែងថា លោកសាទរចំពោះការអនុញ្ញាតឱ្យសមាគមអាចចាប់ផ្ដើមការងារសាជាថ្មី ដែលអាចជួយឱ្យកសិករមានបំណិន​​ជីវិត​​ឡើ​​ងវិញ តាមរយៈសកម្មភាពរបស់សមាគមនៅពេលនេះ។

លោកបន្តថា រយៈពេល២ខែនេះ បុគ្គលិកសរុបចំនួន២១នាក់របស់សមាគមពុំមាននរណាម្នាក់លាឈ​ប់​នោះទេ។​បន្ថែមពីលើនេះ បុគ្គលិកទាំងអស់នឹងចូលបម្រើការងារតាមតួនាទីរៀងៗខ្លួនវិញបន្ទា​​​​​​​ប់ពីអាជ្ញាធរចុះដកហូតបម្រាមដែលបានបិតនៅខ្លោងទ្វារសមាគម។ក៏ប៉ុន្តែលោកថា តាមគោលការណ៍របស់សមាគម ករណី លោក​ ថេង សាវឿន នៅជាប់ពាក្យបណ្ដឹងត្រូ​វរងចាំការទម្លាក់បទចោទជាមុនសិន ទើប លោក សាវឿន អាចបន្តដឹកនាំសមាគមវិញបាន។លោកប​​ន្ថែ​មថា បើពុំនោះទេ លោក ថេង សាវឿន អាចបម្រើការងារត្រឹមតែជាបុគ្គលិកធម្មតានៅក្នុងសមា​​គ​​ម​​។

លោកបន្តថា៖ «ខ្ញុំសប្បាយចិត្តនៅពេលគេបើកដំណើរ CCFC បើកដំណើរឡើងវិញ ពីព្រោះអំឡុងពេលដែលCCFCបិទ ប្រជាពលរដ្ឋនៅមូលដ្ឋានគឺគាត់មានផលប៉ះពាល់ខ្លាំងមែនទែនទាក់ទងរឿងដីធ្លីរបស់គាត់ហើយការកៀបសង្កត់់ខ្លាំងមែនទែននៅតាមមូលដ្ឋាន នៅពេលអត់មានអង្គការសង្គ​​ម​ស៊ីវិលជួយគាត់»។

លោក​ ថេង សាវឿន និយាយថា  តុលាការខេត្តរតនគិរី នៅពុំទាន់បាន​ទម្លាក់បទចោទប្រឆាំងរូបលោ​​ក និ​​ង​​សហការី២នាក់ទៀតនៅឡើយទេ មកដល់ថ្ងៃនេះ។

ចំណែក លោក ​ស៊ឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក យល់ឃើញ​ថា បើទោះបីសមាគមកសិករកម្ពុជាបើកដំណើរការឡើងវិញក្ដី អាជ្ញាធរនៅមិន​​ទាន់​​ទម្លាក់​​ចោល​​ការ​​​ឃ្លាំមើលសក​​ម្ម​ភាពរបស់សមាគមនៅឡើយទេ ព្រោះនេះគឺជាការអនុញ្ញាតបើកដំណើរការជាប​​ណ្ដោះអាសន្ននៅឡើយ។

លោកបន្តថា៖ «បើសិនជាករណីណាមួយខាង CCFC ធ្វើសកម្មទៅត្រូវបានតុលាការចេញដីកា ឬក្រសួងផ្អាកបិទទៅវិញក៏អាចធ្វើឡើងទៅបានដែរ។ ចឹងអាហ្នឹងជាបញ្ហាមួយគឺយើងមើលឃើញថាដូចជាមិនទាន់ផ្ដល់ភាពពេញលេញ សម្រាប់ឱ្យពួកគាត់ធ្វើការងារបានគ្រប់គ្រាន់តាមបេកសកម្មឬកិច្ចការងារផ្សេងៗរបស់ខ្លួន »

ផ្ទុយពីការយល់ឃើញនេះ  លោក លោក ឈឹម កាន ដែលជាប្រធាននាយកដ្ឋានកិច្ចការសមាគម ​នៃអគ្គ​​នាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និយាយថា សមាគមកសិករកម្ពុជានេះ អាចបន្តការងាររបស់ខ្លួនដោយពុំមានការកម្រិតសកម្មភាព ឬតាមដានពីសំណាក់អាជ្ញាធរណាមួយ​នោះទេ ប្រសិ​​ន​​បើសមាគមនេះអនុវត្តការងារស្របតាមច្បាប់។ក្រៅពីនេះ សម្រាប់ឯកសារដែលរឹបអូសពីក្នុងការិ​​យា​​ល័យសមាគម គឺស្ថិតក្នុងដែនសម្ថកិច្ចរបស់តុលាការខេត្តរតនគិរី ជាអ្នកទទួលខុសត្រូវ។

គេហទំព័រសារព័ត៌មាន Newsroom Cambodia នៅពុំទាន់អាចសូមការអត្ថាធិប្បាយពី អ្នកនាំពា​​ក្យ​សាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បាននោះភ្លាមៗទេនៅថ្ងៃនេះ​ ដោយទូរសព្ទចូលជា​​ច្រើ​​ន​​ដង ប៉ុន្តែពុំមានអ្នកទទួល។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងសហការី២នាក់ទៀត ត្រូវអាជ្ញាធរខេត្តក្រចេះឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោយសមាគមនេះបានបើកវគ្គបណ្ដុះបណ្ដាលកបុគ្គលិកនៅខេត្តរតនគិរី ដោយក្រសួងមហាផ្ទៃចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធរឿងធ្វើបដិវត្តន៍កសិករ។

ក្រោយឃាត់ខ្លួនមនុស្សទាំងបីនាក់របស់សមាគមហើយ កាលពីថ្ងៃទី ៧ មិថុនា លោក ស ខេង រដ្ឋ​​​មន្រ្តី​​​​ក្រ​សួ​ង​​​មហាផ្ទៃ បានចេញសេចក្តីសម្រេច​ផ្អាក​សកម្មភាព​​​​បណ្តោះ​អាសន្ន​ ដោយត្រូ​​​វ​​​រង់​​ចាំ​មាន​​​កា​រ​​សម្រេចថ្មី​​ណាមួយ ពីតុលាការខេត្តរតនគីរី។

​លោក ថេង សាវឿន និងសហការី២នាក់ទៀតរបស់លោក កាលពីថ្ងៃទី ១៧ មិថុនា ត្រូវបានលោ​ក​​នា​​យ​​ករដ្ឋមន្រ្តី ហ៊ុន សែន បើកផ្លូវឱ្យមានជំនួបនៅភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ក្រោយ​ពីអ្ន​​ក​​ទាំ​​​​ងបីដោះលែងឱ្យមានសេរីភាពវិញ កាលពីថ្ងៃទី ៣០ ឧសភា ឆ្នាំ២០២៣។

លោក ហ៊ុន សែន បានអះអាងថា ចាប់ពីពេលនេះ សមាគមកសិករនេះ អាចធ្វើសកម្មភាព​​​របស់​ខ្លួ​ន​​​​បាន និងអំពាវនាវឱ្យទម្លាក់ចោលបទចោទចំនួន៣ករណី ប្រឆាំងនឹងបុគ្គលិករ​​បស់ស្ថាប័ន​មួយ​​នេះ​​​។

លោកបន្តថា៖ «យើង​ពិនិត្យ​ឃើញ​នូវ​ផលប្រយោជន៍​ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើក​ទឹកចិត្តឱ្យសមាគមបន្ត​សកម្មភាព​ដើម្បីផលប្រយោជន៍ប្រជាជនយើង។លោក​នាយក​រដ្ឋ​មន្ត្រីសរសេរស​​មាគមត្រូវ​យកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ» ។ សាលាដំបូងខេត្តរតនគិរី ចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូបទៀត​ពីបទ «​រួមគំនិ​​ត​​​ក្បត់ »។គេសង្កេតឃើញថា ក្រោយឃុំខ្លួនអ្នកទាំងបីនាក់បានប៉ុន្មានថ្ងៃ ទាំងលោក ថេង សាវឿន និងសហការីរបស់លោក បានចេញសុំទោសតាម វីដេអូ ផ្សាយផ្ទាល់ពីខេត្តរតនគិរី មុនពេល​​ពួក​​គេ​​​ត្រូវ​បានដោះលែង ដែលស្ថិតក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវតុលាការ៕