រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍អំពាវនាវឱ្យប្រជាពលរដ្ឋប្តឹងទៅក្រសួង ប្រសិនបើតំបន់របស់ខ្លួនរកឃើញថាមិនមានសេវាទូរស័ព្ទ និងអ៊ីនធឺណិតគ្រប់គ្រាន់ ខណៈលោកថានឹងផាកពិន័យក្រុមហ៊ុនផ្តល់សេវាណាដែលមិនបង្កើនសមត្ថភាពផ្គត់ផ្គង់ពេញលេញជូនអ្នកប្រើប្រាស់។
រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត លើកឡើងកាលពីថ្ងៃទី១៩ កក្កដា ដោយជំរុញឱ្យពលរដ្ឋដែលមានបញ្ហាសេវាទូរស័ព្ទប្តឹងទៅក្រសួង ប្រសិនបើតំបន់ពួកគេរស់នៅជួបបញ្ហាបែបនេះមែន។លោកបន្តថា ការអំពាវនាវនៅពេលនេះ គឺដើម្បីឱ្យក្រសួងចាត់វិធានការចំពោះក្រុមហ៊ុនដែលផ្តល់សេវានោះឱ្យពង្រឹងសេវារបស់ខ្លួនទៅតាមតម្រូវការ។
លោកបន្តថា៖«បើថាទូរស័ព្ទអត់មានសេវា គឺអាចប្តឹងមកក្រសួង។ ក្រសួងនឹងហៅក្រុមហ៊ុនមក ដល់ពេលហ្នឹងមើលឃើញទាំងអស់គ្នាហើយ។ បន្ទាប់ពីនេះទៅ គឺក្រុមហ៊ុនណាដែលមិនបង្កើនគុណភាពសេវាបានល្អ ក្រសួងនឹងផាកពិន័យ »។
ទាក់ទងភាពរអាក់រអួលផ្នែកសេវាទូរស័ព្ទនេះ ពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ លោក អៀន លីដា ឱ្យដឹងថា នៅតំបន់របស់លោកសេវាទូរស័ព្ទពិតជាមានភាពខ្សោយ។លោកបន្តថា ក្រៅពីសេវាទូរស័ព្ទ មិនអាចឆ្លើយតបទៅតាមតម្រូវការបានហើយ ចំពោះបញ្ហាអ៊ីនធឺណិត ក៏រឹតតែពិបាកទទួលយកថែមទៀត។
រស់នៅភូមិជាំម្លូរ ឃុំរកាពក្រាំ លោក អៀន លីដា ការខ្សត់ខ្សោយផ្នែកសេវាអ៊ីនធឺណិតនេះ ត្រូវបង្ខំចិត្តធ្វើឱ្យលោកត្រូវបន្តោកទូរស័ព្ទទៅលើដើមឈើខ្ពស់ដើម្បីប្រើប្រាស់សេវាភ្ជាប់អ៊ីនធឺណិតពីទូរស័ព្ទនោះវិញ។
លោកបន្តថា៖«ពេលដែលយើងចង់លេងអ៊ីនធឺណិតអី គឺអ្នកស្រុកអ្នកភូមិចាប់ផ្តើមយកទូរស័ព្ទមួយព្យួរទៅលើដើមឈើឱ្យខ្ពស់ទៅ ហើយភ្ជាប់Wifi ទៅទូរស័ព្ទមួយទៀត។ អ៊ឹចឹងនិយាយរួមទៅ បើនិយាយពីសេវាទូរស័ព្ទគឺលំបាក សូម្បីតែសេវានិយាយទូរស័ព្ទទាល់តែទៅឆ្ងាយបានអាចនិយាយបាន»។
មិនខុសគ្នាទេ លោក ណូ ចាន់ណេង រស់នៅក្រុងភ្នំពេញ ក៏ឯកភាពដែរថា បញ្ហាសេវាទូរស័ព្ទនេះសឹងតែគ្រប់ប្រព័ន្ធទៅហើយក្នុងពេលបច្ចុប្បន្ន ដែលមិនបានផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នៅតំបន់ដែលលោករស់នៅ។
រស់នៅភូមិបុរីកម្មករសង្កាត់ជើងឯក ខណ្ឌដង្កោ ប្រភពដដែលបន្តថា សព្វថ្ងៃនេះទូរស័ព្ទដែលអាចបម្រើសេវាបាន គឺដំណើរការបានចំពោះការហៅធម្មតា ប៉ុន្តែបើត្រូវការប្រើអ៊ីធឺណិត ដើម្បីចូលទៅកាន់កម្មវិធីផ្សេងៗតាមរយៈបណ្តាញសង្គមវិញ គឺសេវាអ៊ីនធឺណិតខ្សោយនៅឡើយ។
លោកបន្តថា៖«បើសិនជាយើងមានចំណូលទាប អ៊ីនធឺណិតអត់ដើរទៀត វាអាចប៉ះពាលច្រើនដល់សតិអារម្មណ៍» ។
ក្រៅពីនេះ លោក ណូ ចាន់ណេង បានស្នើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនសេវាទូរស័ព្ទទាំងអស់បង្កើនសមត្ថភាពផ្គត់ផ្គង់សេវារបស់ខ្លួនឱ្យបានល្អជាងបច្ចុប្បន្ន ព្រោះលោកថាការរកចំណូលបានតិច តែត្រូវចំណាយវិញតាមរយៈការបញ្ចូលលុយទូរស័ព្ទ ក្នុងទំហំមួយដែលខ្ពស់ជាង ប៉ុន្តែបែរជាសេវាអ៊ីនធឺណិតនៅខ្សោយ ដូច្នេះបានធ្វើឱ្យប៉ះពាល់ដល់ការងារ និងការរស់នៅ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានលើកឡើងថាដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាល និងក្រុមហ៊ុនផ្តល់សេវាត្រូវពិនិត្យកិច្ចសន្យាឱ្យបានស៊ីជម្រៅពីលក្ខខណ្ឌ។
មួយវិញទៀត ត្រូវជំរុញឱ្យមានការប្រកួតប្រជែង ដើម្បីទប់ស្កាត់អំពើពុករលួយ និងរក្សាតម្លៃប្រតិបត្តិការកុំឱ្យហក់ឡើងខ្ពស់ ខណៈលោកថាបើតម្លៃឡើងខ្ពស់ នោះក្រុមហ៊ុននឹងមិនមានលទ្ធភាពពង្រីកវិសាលភាព និងគុណភាពនោះទេ។
លោកបន្តថា៖«កាលណាយើងជំរុញការប្រកួតប្រជែងឱ្យស្មើភាពគ្នា យើងមានការកើនឡើងនៃគុណភាពនៃការផ្តល់សេវា។ ដើម្បីធ្វើដូច្នេះបាន ទាល់តែយើងធ្វើម៉េចទប់ស្កាត់នូវរាល់ភាពមិនប្រក្រតី អំពើពុករលាយ ក៏ដូចជាការអណាធិបតេយ្យផ្សេងៗអាចជាឧបសគ្គផងដែរដល់ក្រុមហ៊ុនជាអ្នកផ្តល់សេវាទាំងនោះ »។
បើតាមលោក ប៉ិច ពិសី ក្រៅពីបញ្ហាទាំងនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានគុណភាពល្អ ក៏ជាផ្នែកមួយជួយបង្កើនការផ្គត់ផ្គង់សេវាទូរស័ព្ទបានល្អដែរ តាមរយៈកំណើនប្រជាជន និងអ្នកវិនិយោគគិនបោះទុនវិនិយោគ ដោយសារមានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូល។
របាយការណ៍ដែលចេញដោយនិយ័តករទូរគមនាគមន៍កម្ពុជា កាលពីឆ្នាំ២០២១ បង្ហាញថា បច្ចុប្បន្ននេះកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ចំនួន៤៥ ហើយក្រុមហ៊ុនចំនួន៥ ក្នុងចំណោមនោះគឺជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត រួមមាន Smart, Cellcard, Viettel, Cootel និង SeaTel។
ប្រភពដដែលបង្ហាញថា ចំនួនអ្នកជាវអ៊ីនធឺណិតនៅកម្ពុជាបានកើនឡើងដល់ ១៧,៨៧២លាននាក់កាលពីឆ្នាំ២០២១ ដែលតួលេខនេះបង្ហាញថាមានការកើនឡើង ១២០ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ កាលពីថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្រេចដាក់ឱ្យអនុវត្តសេចក្តីប្រកាសស្តីពី«គុណភាពសេវាទូរគមនាគមន៍» ដោយទុករយៈពេល១០ខែ ឱ្យប្រតិបត្តិករទូរគមនាគមន៍កែលម្អ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដោយពង្រឹងគុណភាពសេវា និងបណ្តាញទូរគមនាគមន៍ ដើម្បីបម្រើផលប្រយោជន៍អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព ស្របតាមទឹកប្រាក់ដែលបង់៕