រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍អំពាវនាវឱ្យប្រជាពលរដ្ឋប្តឹងទៅក្រសួង ប្រ​​សិន​បើ​​​តំបន់​​រប​​ស់​​ខ្លួ​នរកឃើញថាមិនមានសេវាទូរស័ព្ទ និងអ៊ីនធឺណិតគ្រប់គ្រាន់ ខណៈលោកថានឹងផាកពិន័​​យក្រុម​​ហ៊ុ​​​នផ្ត​​ល់​​​​សេ​​វា​​ណា​​​ដែលមិនបង្កើនសមត្ថភាពផ្គត់ផ្គង់ពេញលេញជូនអ្នកប្រើប្រាស់។​

រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត លើកឡើងកាលពី​ថ្ងៃទី១៩ កក្កដា ដោ​​យ​ជំរុញ​​ឱ្យពលរ​​ដ្ឋដែ​ល​​មានប​​ញ្ហាសេវាទូរស័ព្ទប្តឹងទៅក្រសួង ប្រសិនបើតំបន់ពួកគេរស់​​នៅជួបបញ្ហាបែប​​នេះ​​មែន​។​​លោក​​បន្ត​ថា ការអំពាវនាវនៅពេលនេះ គឺដើម្បីឱ្យក្រសួងចាត់​វិធា​​​ន​​កា​​​​រចំពោះក្រុ​​មហ៊ុន​​ដែល​​ផ្តល់​​សេ​​វា​​នោះឱ្យ​​ពង្រឹងសេវារបស់ខ្លួន​ទៅតាមតម្រូ​​វ​​កា​​រ។

លោកបន្តថា៖«បើថាទូរស័ព្ទអត់មានសេវា គឺអាចប្តឹងមកក្រសួង។ ក្រសួងនឹងហៅក្រុមហ៊ុនមក ដល់ពេ​​ល​​ហ្នឹ​​​​​ងមើ​​លឃើញទាំងអស់គ្នាហើយ។ បន្ទាប់ពីនេះទៅ​ គឺក្រុមហ៊ុនណាដែលមិនបង្កើនគុណភាព​​សេវាបា​​នល្អ​​ ក្រ​សួងនឹង​ផាកពិន័យ »។

ទាក់ទងភាពរអាក់រអួលផ្នែកសេវាទូរស័ព្ទនេះ ពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ លោក អៀន លីដា ឱ្យដឹងថា នៅ​​តំ​​​បន់របស់លោកសេ​​វាទូរស័ព្ទពិតជាមានភាពខ្សោយ។លោកបន្តថា ក្រៅពីសេវាទូរស័ព្ទ មិនអាចឆ្លើយត​​ប​​ទៅ​​​​តាមតម្រូវការបានហើយ ចំពោះបញ្ហាអ៊ីនធឺណិត ក៏រឹតតែពិបាកទទួលយ​​កថែមទៀត។

រស់នៅភូមិជាំម្លូរ ឃុំរកាពក្រាំ លោក អៀន លីដា ការខ្សត់ខ្សោយផ្នែកសេវាអ៊ីនធឺណិតនេះ ត្រូវបង្ខំចិត្ត​​ធ្វើ​​ឱ្យ​​លោ​កត្រូវ​​បន្តោក​​ទូរ​​ស័ព្ទ​ទៅ​​លើដើម​​ឈើ​​ខ្ព​​​ស់​​ដើ​​ម្បី​​ប្រើប្រាស់សេវាភ្ជាប់អ៊ីនធឺណិតពីទូរស័ព្ទនោះវិញ។

លោកបន្តថា៖«ពេលដែលយើងចង់លេងអ៊ីនធឺណិតអី គឺអ្នកស្រុកអ្នកភូមិចាប់ផ្តើមយ​​កទូរស័ព្ទមួយព្យួរទៅ​​​លើ​ដើមឈើឱ្យខ្ពស់ទៅ ហើយភ្ជាប់Wifi ទៅទូរស័ព្ទមួយទៀត។ អ៊ឹចឹងនិយាយរួមទៅ បើនិយាយពីសេ​​វាទូ​រ​ស័ព្ទ​​គឺលំបាក សូម្បីតែសេវានិយាយទូរស័ព្ទទាល់តែទៅឆ្ងាយបានអាចនិយាយបាន»។

មិនខុសគ្នាទេ លោក ណូ ចាន់ណេង រស់នៅក្រុងភ្នំពេញ ក៏ឯកភាពដែរថា បញ្ហាសេវា​​ទូរស័ព្ទនេះសឹងតែ​​​គ្រ​ប់​​​​ប្រ​ព័ន្ធ​ទៅហើយក្នុងពេលបច្ចុប្បន្ន ដែលមិនបាន​​ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់​​​នៅតំបន់ដែល​លោក​​រស់​​នៅ។

​​រស់​​នៅភូមិបុរីកម្មករសង្កាត់ជើងឯក ខណ្ឌដង្កោ ប្រភពដដែល​​ប​ន្ត​​ថា សព្វថ្ងៃនេះទូរស័ព្ទ​​ដែលអា​​ចប​​ម្រើ​​សេ​​វា​បាន គឺ​​​ដំណើរការបានចំពោះការហៅធម្មតា ប៉ុន្តែ​​បើ​​ត្រូវការប្រើអ៊ីធឺណិត ដើម្បីចូលទៅកាន់​​កម្មវិធីផ្សេងៗ​តាម​​រយៈ​បណ្តាញសង្គមវិញ គឺសេវាអ៊ីនធឺ​​ណិ​ត​​ខ្សោ​​យ​​នៅឡើយ។

លោកបន្តថា៖«បើសិនជាយើងមានចំណូលទាប អ៊ីនធឺណិតអត់ដើរទៀត វាអាចប៉ះពាលច្រើន​​ដល់សតិអា​រម្ម​​ណ៍​»

ក្រៅពីនេះ លោក ណូ ចាន់ណេង បានស្នើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនសេវាទូរស័​ព្ទទាំងអស់បង្កើនសមត្ថភា​ព​​ផ្គត់ផ្គង់សេវារប​ស់ខ្លួ​ន​​ឱ្យ​​បាន​ល្អជាងបច្ចុប្បន្ន ព្រោះលោកថាការរកចំណូលបានតិច តែត្រូវចំណាយវិ​ញ​​តា​​​​មរយៈការបញ្ចូលលុ​យ​ទូរ​ស័ព្ទ ក្នុងទំហំមួយដែលខ្ពស់ជាង ប៉ុន្តែបែរជាសេវាអ៊ីនធឺណិតនៅ​​ខ្សោយ ដូច្នេះ​​​បា​នធ្វើឱ្យប៉ះពាល់ដល់ការងារ​ និងការរស់នៅ​។​

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានលើកឡើងថាដើម្បីដោះស្រា​​យប​​ញ្ហា​​នេះ​​ឱ្យ​​មា​ន​​ប្រ​សិ​ទ្ធ​​ភា​ព រដ្ឋាភិបាល និងក្រុមហ៊ុនផ្តល់សេវាត្រូវពិនិត្យកិច្ចសន្យាឱ្យបានស៊ីជម្រៅពីលក្ខខណ្ឌ។

មួ​យ​​​​វិ​ញ​​​ទៀ​ត ត្រូវជំរុញឱ្យមានការប្រកួតប្រជែង​ ដើម្បីទប់ស្កាត់អំពើពុករលួយ និងរក្សាតម្លៃប្រតិបត្តិកា​រកុំ​​ឱ្យ​​​​ហ​​ក់​​​ឡើ​​ង​ខ្ពស់ ខណៈលោកថាបើតម្លៃឡើងខ្ពស់ នោះក្រុមហ៊ុននឹង​​មិនមានលទ្ធភាពព​ង្រីកវិសា​លភា​ព និ​ង​គុ​ណ​ភាពនោះទេ។

លោកបន្តថា៖«កាលណាយើងជំរុញការប្រកួតប្រជែងឱ្យស្មើភាពគ្នា យើងមានការកើនឡើងនៃគុណ​​ភាព​​នៃ​​​ការផ្តល់​សេវា។ ដើម្បីធ្វើដូច្នេះបាន ទាល់តែយើងធ្វើម៉េចទប់ស្កាត់នូវរាល់ភាពមិនប្រក្រតី​ អំពើពុ​ករលា​​យ ក៏ដូចជាការអណាធិបតេយ្យផ្សេងៗអាចជាឧបសគ្គផងដែរដល់ក្រុមហ៊ុនជាអ្នកផ្តល់សេវាទាំងនោះ »។

បើតាមលោក ប៉ិច ពិសី ក្រៅពីបញ្ហាទាំងនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានគុណភាពល្អ ក៏ជាផ្នែក​​មួ​​យ​​​​​​ជួយបង្កើនការផ្គត់ផ្គង់សេវាទូរស័ព្ទបានល្អដែរ តាមរយៈកំណើនប្រជាជន និងអ្នកវិនិយោគ​​គិនបោះ​​ទុនវិ​​និ​​​​យោគ ដោយសារមានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូល។

របាយការណ៍ដែលចេញដោយនិយ័តករទូរគមនាគមន៍កម្ពុជា កាលពីឆ្នាំ២០២១ បង្ហាញថា បច្ចុប្បន្ន​​នេះ​​ក​ម្ពុ​ជាមានក្រុមហ៊ុ​នផ្តល់សេវាទូរគមនាគមន៍ចំនួន៤៥ ហើយក្រុមហ៊ុនចំនួន៥ ក្នុងចំណោមនោះគឺជាក្រុមហ៊ុ​​នផ្តល់សេវាទូ​​រស័ព្ទចល័ត រួមមាន Smart, Cellcard, Viettel, Cootel និង SeaTel។

ប្រភពដដែលបង្ហាញថា ចំនួនអ្នកជាវអ៊ីនធឺណិតនៅកម្ពុជាបានកើនឡើងដល់ ១៧,៨៧២លាននាក់កាលពីឆ្នាំ២០​២១ ដែលតួលេខនេះបង្ហាញថាមានការកើនឡើង ១២០ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ កាលពីថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្រេចដាក់ឱ្យអនុវត្តសេ​ច​ក្តីប្រ​កាសស្តី​ពី«គុណភាពសេវាទូរគមនាគមន៍» ដោយទុករយៈពេល១០ខែ ឱ្យប្រតិបត្តិករទូរគមនាគ​​មន៍កែ​លម្អ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដោយពង្រឹងគុណភាពសេវា និងបណ្តាញទូ​រគ​មនាគមន៍ ដើម្បីបម្រើផលប្រយោជន៍អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុ​ណភាព ស្របតាមទឹកប្រាក់ដែលបង់៕