ប្រជាពលរដ្ឋមួយចំនួន លើកឡើងថាពួកគេនៅមិនទាន់ដឹងច្បាស់អំពីគោលនយោបាយរបស់គណបក្សនីមួយៗ នៅក្នុងអាណត្តិទី៧នេះនៅឡើយទេ ខណៈអ្នកជំនាញគោលនយោបាយ ចាត់ទុកការដែលពលរដ្ឋម្ចាស់ឆ្នោតយល់មិនបានស៊ីជម្រៅទៅលើកម្មវិធីនយោបាយ វាងាយនឹងឆាប់ចាញ់បោកអ្នកនយោបាយ ជាពិសេស អាចធ្វើឱ្យការសម្រេចចិត្តក្នុងការបោះឆ្នោត នាំទៅដល់ការជ្រើសរើសមេដឹកនាំខុស។
មានមុខរបរជាអ្នករត់ម៉ូតូកង់ លោក ចាន់ ផាត ឱ្យដឹងថាលោកតែងតែឮសារនយោបាយ តាមរយៈឧបករណ៍បំពងសំឡេង នៅអំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត របស់គណបក្សនយោបាយ មានគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាជាដើម។ក៏ប៉ុន្តែលោកថា ការស្តាប់ម្តងម្កាល់របស់លោកនេះ ហាក់មិនបានស្តាប់ឱ្យបានចប់ចុងចប់ដើមទេ អំពីគោលនយោបាយរបស់គណបក្សទាំងនោះ ព្រោះរវល់នឹងកិច្ចការប្រចាំថ្ងៃ ជាពិសេសរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ។
លោកបន្តថា៖«អត់បានទៅស្តាប់ដែរ លឺសូរតែមួយប្រាវៗ ជិះកាត់ទៅឃើញៗ អត់បានឈប់ចាំមើលស្តាប់! មិនសូវចាំទេ! ចាំតែគេស្រែកឈ្នះៗ ឈ្នះ ។ពេលវេលាយើងរកស៊ី! យើងអត់បើយើងនៅរវល់តែចាំស្តាប់គេ ដាច់បាយ »។
ហាក់មិនខុសគ្នាទេ អ្នកប្រកបរបរលក់ភេសជ្ជៈតាមរ៉ឺម៉ក លោកស្រី ជិន សុខាន់ ថ្លែងថារូបគេក៏មិនបានដឹងពីសាររបស់គណបក្សនយោបាយដែលត្រូវប្រកួតប្រជែងនាពេលដ៏ខ្លីខាងមុខនេះដែរទេ។
ស្ថិតក្នុងវ័យប្រមាណ ៤៦ឆ្នាំរូប លោកស្រី មានប្រសាសន៍ថាទៀតថា លោកស្រីហាក់មិនចង់ដឹងពីបញ្ហានយោបាយប៉ុន្មានឡើយ ព្រោះត្រឹមអ្នករកស៊ីតូចតាចម្នាក់ មិនចាំបាច់ត្រូវគិតពីបញ្ហានយោបាយនេះទេ។
លោកស្រីបន្តថា៖«ខ្ញុំអត់ចង់ដឹងព្រោះខ្ញុំអ្នកលក់អ៊ឹចឹង ខ្ជិលចង់ដឹង។ ការពិតក៏ចង់គិតដែរ ប៉ុន្តែគ្រាន់ថាខ្ញុំគិតក៏គិតមិនចេញដែរ អ៊ឹចឹងខ្ញុំដឹងតែលក់ រកស៊ីចិញ្ចឹមឆ្នាំងបន្តិចៗ »។
ការបោះឆ្នោតសភាតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ក្នុងឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៣ ខែ កក្កដា។គណបក្សនយោបាយចំនួន ២០ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់អាណត្តិទី៧នេះ។ក៏ប៉ុន្តែ ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានបដិសេធគណបក្ស២ ក្នុងនោះមានគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ក្រោមហេតុផលខុសនីតិវិធីរដ្ឋបាល។
សម្រាប់ យុវជន អ៊ុន ចិន្តា ដែលបានចូលរួមហែរក្បួនថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រ ជាមួយនិងគណបក្សកាន់អំណាច ឱ្យដឹងដែរថា លោកមិនបានដឹងទាល់តែសោះពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពោលគឺចូលរួមដោយសារតែទទួលបានដំណឹងថាជាបក្សដែលផ្តល់ជូននូវសន្តិភាព។
ស្ថិតក្នុងវ័យ១៨ឆ្នាំយុវជនរូបនេះ លើកឡើងថា ការមិនបានដឹងពីសារនយោបាយបែបនេះអាចនឹងធ្វើឱ្យលោកជួបផលវិបាកខ្លះដែរ ក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សដែលខ្លួនត្រូវបោះឆ្នោតឱ្យ។
លោកបន្តថា៖«ខ្ញុំដឹងតែសន្តិភាព! គេប្រាប់ថាសន្តិភាព »។
គណបក្សប្រជាជនកម្ពុជាតាមរយៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១ បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន៦ចំណុច ដូចជានឹងផ្ដល់ការថែទាំសុខភាពដល់គ្រួសារងាយរងគ្រោះ និងបណ្ដុះបណ្ដាលជំនាញដោយឥតបង់ថ្លៃជាដើម ជាពិសេសនឹងពង្រាយមន្រ្តីកសិកម្មឱ្យបានគ្រប់ឃុំទាំងអស់នៅជនបទ។
ដោយឡែក គណបក្សខ្មែររួបរួមជាតិដែលមាន លោក ញឹក ប៊ុនឆៃ ជាប្រធានវិញ បានដាក់ចេញនូវគោលនយោបាយអាទិភាពមួយចំនួនសម្រាប់ប្រកួតប្រជែង នៅក្នុងការបោះឆ្នោតនេះ។គេសង្កេតឃើញ គណបក្សដែលធ្លាប់មានប្រវត្តិឈាមជ័រ កើតចេញពីរាជានិយមផង គោលនយោបាយដែលទំនងហាក់លេចធ្លោ ក្នុងចំណោមកម្មវិធីនយោបាយផ្សេងទៀត គឺគណបក្សនឹងទម្លាក់ថវិកាដើម្បីអភិវឌ្ឍភូមិ ឃុំចំនួន៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
រីឯគណបក្សប្រជាធិយតេយ្យមូលដ្ឋានដែលមាន លោក យ៉េង វីរៈ ជាប្រធាន ក៏បានដាក់ចេញគោលនយោបាយចំនួន១១ចំនុចដែរ ក្នុងនោះគណបក្សដែលបង្កើតឡើងចេញពីក្រុមអង្គការមិនមែនរដ្ឋាភិបាល បានជ្រើសរើសយកគោលនយោបាយជាអាទិភាព ក្នុងចំណោមក្មវិធីនយោបាយសំខាន់ៗដទៃតៀត គឺការកំណត់អាណត្តិសម្រាប់មុខតំណែងនាយករដ្ឋមន្ត្រី។
ជុំវិញករណីនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ចាត់ទុកថាការដែលពលរដ្ឋមិនបានយល់ដឹងពីសកម្មភាពនយោបាយ អាចដោយសារតែពួកគេមិនចង់ខ្វាយខ្វល់ពីបញ្ហានយោបាយ និងអាចមកពីអ្នកនយោបាយមិនសូវបានផ្សព្វផ្សាយ កម្មវិធីនយោបាយឱ្យពលរដ្ឋបានដឹងពីគោលនយោបាយ។
លោកបន្តថា៖«ជាបញ្ហាមួយដែលវាមានប៉ះពាល់ដល់គុណភាពនៃលទ្ធផលការបោះឆ្នោត ដោយសារទី១ពលរដ្ឋគាត់ទៅបោះ(ឆ្នោត)ដោយសារតែគេប្រាប់ឱ្យទៅបោះ ឬគាត់ធ្លាប់ទៅបោះ មិនមែនគាត់ស្រលាញ់ទៅលើគោលនយោបាយរបស់គណបក្សនោះទេ ហើយទី២ជួនកាលវាអាចធ្វើអ្នកខ្លះគេមិនខ្វល់តែម្តង ដោយសារគេមិនដឹង ហើយគេមិនទៅក៏មិនបាន »។
ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ចាត់ទុកថា ពលរដ្ឋម្នាក់ៗមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ក៏ប៉ុន្តែលោកថាការដែលម្ចាស់ឆ្នោតមិនបានយកចិត្តទុកដាក់ និងគិតគូរពីគោលនយោបាយរបស់គណបក្សនីមួយៗ អាចនឹងបង្កផលប៉ះពាល់ដល់ពួកគាត់ដោយមិនដឹងខ្លួន ប្រសិនបើអ្នកជាប់ឆ្នោតអនុវត្តខុសពីការសន្យា។
លោកបន្តថា៖«បើសិនជាគាត់មិនបានឈ្វេងយល់ គឺគាត់អត់បានដឹងទេ អ៊ឹចឹងថ្ងៃក្រោយទៅ ទោះបីជាគណបក្សនយោបាយហ្នឹងគាត់ធ្វើអីក៏គាត់មិនបានដឹងថា គោលនយោបាយគណបក្សវាយ៉ាងម៉េច ហើយគណបក្សហ្នឹងបានសន្យាយ៉ាងម៉េច គឺអត់បានដឹងទេ »។
បន្ថែមពីលើនេះ អ្នកការពារសិទ្ធិមនុស្សរូបនេះ បញ្ជាក់ទៀតថា ដើម្បីចៀសវាងការអនុវត្តផ្ទុយពីការសន្យាពីសំណាក់គណបក្សនយោបាយដែលជាប់ឆ្នោត ពលរដ្ឋត្រូវតាមដានសារនយោបាយ និងទង្វើរបស់អ្នកនយោបាយឱ្យបានហ្មត់ចត់។
លោកបន្តថា៖«គាត់(ពលរដ្ឋ)ត្រូវតាមដានមើលទៅលើគោលនយោបាយ និងការសន្យារបស់គណបក្សហ្នឹង ហើយទៅមើលលើលទ្ធភាពនៃទង្វើរបស់គណបក្សហ្នឹងថាតើគាត់អាចជឿទុកចិត្ត និងអាចគាំទ្របានទេ។ ហើយបន្ទាប់គាត់ពីបោះឆ្នោតហើយ ក៏គាត់ត្រូវតែមានការតាមដានតទៅទៀត ថាគណបក្សដែលជាប់ឆ្នោតហ្នឹងបានធ្វើតាមគោលនយោបាយឬទេ? ធ្វើតាមការសន្យាឬទេ »។
គេសង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់អាណត្តិទី៧នេះ សម្រាប់ថ្ងៃយុទ្ធនាការឃោសនា ស្វែងរកសំឡេងគាំទ្រ ហាក់មានភាពស្ងប់ស្ងាត់ បើធៀបនឹងអាណត្តិមុនៗនៅតាមដងផ្លូវ។
នៅតាមមហាវិថីធំៗ នៅក្នុងទីក្រុងភ្នំពេញ យូរៗទើបគេឮសារនយោបាយរបស់គណបក្ស ដែលចូលរួមប្រកួតប្រជែងម្តង ជាពិសេសគណបក្សប្រជាជនកម្ពុជា តាមរយៈសំឡេងឧឃោសនសព្ទ។ក្រៅពីនេះ គណបក្សនយោបាយ ១៧ ផ្សេងទៀត ហាក់មិនសូវជាមានសកម្មភាពអ្វីទេ មានពេលខ្លះ គេមិនទាំងដឹងថា តើសារនយោបាយរបស់គណបក្សទាំងនោះ ផ្តោតលើអ្វីខ្លះផង។
សម្រាប់ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម យល់ឃើញថាដើម្បីអាចឱ្យពលរដ្ឋម្ចាស់ឆ្នោត ដឹងពីកម្មវិធីនយោបាយ របស់គណបក្សនីមួយៗ លុះត្រាតែរដ្ឋបើកទូលាយប្រព័ន្ធផ្សព្វផ្សាយ ឱ្យបានស្មើភាពគ្នា ទើបធានាបានថា ពលរដ្ឋទទួលបានដំណឹងគ្រប់គ្រាន់ ដែលអាចជាមធ្យោបាយជួយឱ្យពួកគេងាយក្នុងការសម្រេចចិត្តជ្រើសរើស គណបក្សណាមួយដែលខ្លួនពេញចិត្ត ដោយពិតប្រាកដទៅបាន៕