ប្រជាពលរដ្ឋមួយចំនួន លើកឡើងថាពួកគេនៅមិនទាន់ដឹងច្បាស់​អំពីគោលនយោបាយរប​ស់គ​​ណ​បក្ស​នី​​មួ​យ​​ៗ នៅក្នុងអាណត្តិទី៧នេះនៅឡើយទេ ខណៈអ្ន​កជំនា​ញ​​​​គោលនយោបាយ ចាត់ទុកការដែលពលរដ្ឋម្ចាស់ឆ្នោតយ​​ល់មិនបានស៊ីជម្រៅទៅលើកម្មវិធីនយោបាយ វាងាយនឹងឆាប់ចាញ់បោកអ្នកនយោបាយ ជាពិ​​សេ​ស​ អាចធ្វើឱ្យការសម្រេចចិត្តក្នុងការបោះឆ្នោត នាំទៅដល់ការជ្រើសរើសមេដឹកនាំខុស។

មានមុខរបរជាអ្នករត់ម៉ូតូកង់​ លោក ចាន់ ផាត ឱ្យដឹងថាលោ​កតែងតែឮសារនយោបាយ តាមរយៈឧបក​​រណ៍​​​បំពងសំឡេង នៅអំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត របស់គណបក្សនយោបាយ មានគណបក្សរា​​ជា​និយម ហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជ​ន​កម្ពុជាជាដើម។ក៏ប៉ុន្តែ​លោ​កថា ការស្តាប់ម្តងម្កាល់របស់លោកនេះ ហាក់មិនបាន​​ស្តាប់​​ឱ្យបានចប់ចុងចប់ដើមទេ អំពីគោលនយោបាយរបស់គណបក្សទាំងនោះ ព្រោះ​​រវល់នឹងកិច្ចការប្រចាំថ្ងៃ ជាពិសេសរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ។

លោកបន្តថា៖«អត់បានទៅស្តាប់ដែរ លឺសូរតែមួយប្រាវៗ ជិះកាត់ទៅឃើញៗ អត់បានឈប់ចាំមើលស្តាប់! មិនសូវចាំទេ! ​ចាំតែគេស្រែកឈ្នះៗ ឈ្នះ ។ពេលវេលាយើងរកស៊ី! យើងអត់បើយើងនៅរវល់តែចាំស្តាប់គេ ដាច់បាយ »។

ហាក់មិនខុសគ្នាទេ អ្នកប្រកបរបរលក់ភេសជ្ជៈតាមរ៉ឺម៉ក លោកស្រី ជិន សុខាន់ ថ្លែងថា​​រូបគេក៏មិន​​បាន​​ដឹង​ពី​​​សា​​ររប​ស់គណបក្សនយោបាយដែលត្រូវប្រកួតប្រជែងនាពេលដ៏ខ្លីខាងមុខនេះដែរទេ។

ស្ថិតក្នុងវ័យប្រមាណ ៤៦​ឆ្នាំរូ​​​ប លោកស្រី មានប្រសាសន៍ថាទៀតថា លោកស្រីហាក់មិនចង់ដឹងពីបញ្ហា​​ន​​យោ​​បា​​​យ​ប៉ុន្មានឡើយ ព្រោះត្រឹមអ្នករកស៊ីតូចតាចម្នាក់ មិនចាំបាច់ត្រូវគិតពីបញ្ហានយោបាយនេះទេ។

លោកស្រីបន្តថា៖«ខ្ញុំអត់ចង់ដឹងព្រោះខ្ញុំអ្នកលក់អ៊ឹចឹង ខ្ជិលចង់ដឹង។ ការពិតក៏ចង់គិតដែរ ប៉ុន្តែគ្រាន់ថាខ្ញុំ​​​គិ​ត​​​ក៏​​​គិតមិនចេញដែរ អ៊ឹចឹងខ្ញុំដឹងតែលក់ រកស៊ីចិញ្ចឹមឆ្នាំងបន្តិចៗ »។

ការបោះឆ្នោតសភាតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ក្នុងឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៣ ខែ កក្កដា។គណបក្សនយោបាយចំនួន ២០ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់អាណត្តិទី៧នេះ។ក៏ប៉ុន្តែ ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានបដិសេធគណបក្ស២ ក្នុងនោះមានគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ក្រោមហេតុផលខុសនីតិវិធីរដ្ឋបាល។

សម្រាប់ យុវជន អ៊ុន ចិន្តា ដែលបានចូលរួមហែរក្បួនថ្ងៃបិទបញ្ច​ប់ នៃយុទ្ធ​នា​ការ​ឃោ​សនាស្វែងរកសំឡេងគាំទ្រ ជាមួយនិងគណបក្សកាន់អំណាច ឱ្យដឹងដែរថា លោកមិនបានដឹងទាល់​តែសោះពីគោលនយោ​បា​​យ​រប​ស់គណប​ក្សប្រ​ជា​​ជ​នក​ម្ពុជា ពោ​​លគឺចូ​ល​​រួ​​មដោយសារតែទទួលបានដំណឹងថាជាបក្សដែលផ្តល់ជូ​ន​​នូវ​​ស​ន្តិភាព។​​

ស្ថិតក្នុងវ័យ​​១​៨ឆ្នាំយុវជនរូបនេះ​ លើ​​ក​ឡើង​​ថា​​ ការ​​មិនបានដឹងពីសារនយោបាយ​បែបនេះអាចនឹង​ធ្វើឱ្យ​​លោ​​​​​​ក​​​​​ជួបផលវិ​​​បា​​កខ្លះដែរ ក្នុ​ង​​កា​រស​ម្រេ​​​​​ចចិត្ត​​ជ្រើ​ស​រើសគណបក្សដែលខ្លួនត្រូវបោះឆ្នោតឱ្យ។

លោកបន្តថា៖«ខ្ញុំដឹងតែសន្តិភាព! គេប្រាប់ថាសន្តិភាព »។

គណបក្សប្រជាជនកម្ពុជាតាមរយៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃបើកយុទ្ធនាការឃោ​សនា​​បោះ​​​​ឆ្នោ​ត​ថ្ងៃទី១ បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន៦ចំណុច ដូចជានឹងផ្ដល់ការថែទាំសុខភាពដល់គ្រួសារងាយរងគ្រោះ និងបណ្ដុះបណ្ដាលជំនាញដោយឥតបង់ថ្លៃជាដើម ជាពិសេសនឹងពង្រាយមន្រ្តីកសិកម្មឱ្យបានគ្រប់ឃុំទាំងអស់នៅជនបទ។

អ្នកគាំទ្រ គណបក្ស ហ្វ៊ុនសុិនបុិច ចូលរួមក្នុងថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៧ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព ៖ ប៉ា តុងចិន )

ដោយឡែក គណបក្សខ្មែររួបរួមជាតិដែលមាន លោក ញឹក ប៊ុនឆៃ ជាប្រធានវិញ បានដាក់ចេញនូវគោលន​​យោ​​បាយអាទិភា​ពមួយចំនួនសម្រាប់ប្រកួតប្រជែង នៅក្នុងការបោះឆ្នោតនេះ។គេសង្កេតឃើញ គណបក្សដែល​​ធ្លាប់មានប្រវត្តិឈាមជ័រ កើតចេញពីរាជានិយមផង គោលនយោបាយដែលទំនងហាក់លេចធ្លោ ក្នុងចំ​​ណោ​​មកម្មវិធីនយោបាយផ្សេងទៀត គឺគណបក្សនឹងទម្លាក់ថវិកាដើម្បីអភិវឌ្ឍភូមិ ឃុំចំនួន៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

រីឯគណបក្សប្រជាធិយតេយ្យមូលដ្ឋានដែលមាន លោក យ៉េង វីរៈ ជាប្រធាន ក៏បាន​ដាក់ចេញ​គោល​នយោ​បាយ​ចំនួន១១ចំនុចដែរ ក្នុងនោះគណបក្សដែលបង្កើតឡើងចេញពីក្រុមអង្គការមិនមែនរដ្ឋាភិបាល បានជ្រើសរើសយកគោលនយោបាយជាអាទិភាព ក្នុងចំណោមក្មវិធីនយោបាយសំខាន់ៗដទៃតៀត គឺការកំ​​ណត់អាណត្តិសម្រាប់មុខតំណែងនាយ​ករដ្ឋ​​មន្ត្រី​​។

ជុំវិញករណីនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត​ មាស នី ចាត់ទុកថាការដែលព​​លរដ្ឋមិនបា​​នយល់​​ដឹងពីសកម្មភាពនយោបាយ អាចដោយសារតែពួកគេ​​មិនចង់ខ្វាយខ្វល់ពីបញ្ហា​​នយោ​បា​យ និងអាច​​មកពីអ្នកនយោ​បាយមិនសូវបានផ្សព្វផ្សា​យ កម្មវិធីនយោបាយឱ្យពលរដ្ឋបានដឹងពីគោល​ន​យោ​​បា​​យ។

លោកបន្តថា៖«ជាបញ្ហាមួយដែលវាមានប៉ះពាល់ដល់គុណភាពនៃលទ្ធផលការបោះឆ្នោត ដោយ​​សារទី​១ព​ល​រដ្ឋគាត់ទៅ​បោះ(ឆ្នោត)ដោយសារតែគេប្រាប់ឱ្យទៅបោះ ឬគាត់ធ្លាប់ទៅបោះ មិនមែនគាត់ស្រ​លាញ់​ទៅ​លើ​គោលនយោបាយរបស់គណបក្សនោះទេ ហើយទី២ជួនកាលវាអាចធ្វើអ្នកខ្លះគេមិនខ្វល់តែម្តង ដោ​យ​សារគេមិនដឹង ហើយគេមិនទៅក៏មិនបាន »។

ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ​​(L​​ic​​a​​d​​h​​o​​) ចាត់ទុកថា ពល​រដ្ឋ​ម្នាក់ៗមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ក៏ប៉ុន្តែលោកថា​​កា​​​​រ​​​ដែ​​ល​​ម្ចា​ស់​​ឆ្នោតមិ​នបាន​យ​​ក​​ចិ​ត្ត​​​ទុក​ដាក់ និងគិតគូរពីគោលនយោបាយរបស់គណបក្សនីមួយៗ អាច​​​នឹ​ងបង្កផលប៉ះ​ពាល់​​ដល់​​ពួកគាត់​ដោយមិ​នដឹ​ង​​ខ្លួន ប្រសិនបើអ្នកជាប់ឆ្នោតអនុវត្តខុសពីការសន្យា។

លោកបន្តថា៖«បើសិនជាគាត់មិនបានឈ្វេងយល់ គឺគាត់អត់បានដឹងទេ អ៊ឹចឹងថ្ងៃក្រោយទៅ ទោះបីជាគ​ណ​​​​បក្សនយោបាយហ្នឹងគាត់ធ្វើអីក៏គាត់មិនបានដឹងថា គោលនយោបាយគណបក្សវាយ៉ាងម៉េច ហើយគ​ណ​​បក្សហ្នឹ​ងបានសន្យាយ៉ាងម៉េច គឺអត់បានដឹងទេ »។

បន្ថែមពីលើនេះ អ្នកការពារសិទ្ធិមនុស្សរូបនេះ បញ្ជាក់ទៀតថា ដើម្បីចៀសវាងការ​​អនុវត្តផ្ទុ​​យពីកា​​រសន្យា​​ពី​​សំ​​ណាក់គណបក្សនយោបាយដែលជាប់ឆ្នោត ពលរដ្ឋត្រូវតា​ម​ដា​ន​​សារនយោបាយ និងទង្វើរបស់អ្នក​​ន​​យោ​​​បាយ​​ឱ្យបានហ្ម​ត់​​ចត់​។

លោកបន្តថា៖«គាត់(ពលរដ្ឋ)ត្រូវតាមដានមើលទៅលើគោលនយោបាយ និងការសន្យារបស់គណ​បក្ស​ហ្នឹង ហើយទៅមើលលើលទ្ធភាពនៃទង្វើរបស់គណបក្សហ្នឹងថាតើគាត់អាចជឿទុកចិត្ត និងអាចគាំទ្រ​បាន​ទេ​។ ហើយបន្ទាប់គាត់ពីបោះឆ្នោតហើយ ក៏គាត់ត្រូវតែមានការតាមដានតទៅទៀត ថាគណបក្ស​ដែល​ជាប់​ឆ្នោ​ត​ហ្នឹងបានធ្វើតាមគោលនយោបាយឬទេ? ធ្វើតាមការសន្យាឬទេ »។

គេសង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់អាណត្តិទី៧នេះ សម្រាប់ថ្ងៃយុទ្ធនាកា​​​រ​​ឃោសនា ស្វែងរកសំឡេងគាំទ្រ ហាក់មានភាពស្ងប់ស្ងាត់ បើធៀបនឹងអាណត្តិមុនៗនៅតាមដងផ្លូវ។

នៅតាមមហាវិថីធំៗ នៅក្នុងទីក្រុងភ្នំពេញ យូរៗទើបគេឮសារនយោបាយរបស់គណបក្ស ដែលចូលរួម​​ប្រ​​​កួ​​តប្រជែងម្តង ជាពិសេសគណបក្សប្រជាជនកម្ពុជា តាមរយៈសំឡេងឧឃោសនសព្ទ។ក្រៅពីនេះ គណ​​ប​​​ក្សនយោបាយ ១៧ ផ្សេងទៀត ហាក់មិនសូវជាមានសកម្មភាពអ្វីទេ មានពេលខ្លះ គេមិនទាំងដឹងថា តើ​​សា​​​​​​រន​​យោ​​បាយរបស់គណបក្សទាំងនោះ ផ្តោតលើអ្វីខ្លះផង។

សម្រាប់ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម យល់ឃើញថាដើម្បីអាចឱ្យ​​ពលរដ្ឋ​​ម្ចាស់​​ឆ្នោ​​ត ដឹងពីកម្មវិធីនយោបាយ របស់គណបក្សនីមួយៗ លុះត្រាតែរដ្ឋបើកទូលាយប្រព័ន្ធផ្សព្វផ្សាយ ឱ្យបា​​ន​​ស្មើ​ភាពគ្នា ទើបធានាបានថា ពលរដ្ឋទទួលបានដំណឹងគ្រប់គ្រាន់ ដែលអាចជាមធ្យោបាយ​​ជួយ​ឱ្យ​​ពួក​គេ​​ងា​​​យក្នុងការសម្រេចចិត្តជ្រើសរើស គណបក្សណាមួយដែលខ្លួនពេញចិត្ត ដោយពិតប្រាកដទៅបាន៕