គណបក្សនយោបាយដែលចូលរួមប្រកួតការបោះឆ្នោត តែមិនទទួលបានកៅអីក្នុងសភា ចង់ឃើញរដ្ឋាភិបាលថ្មីកែប្រព័ន្ធយុត្តិធម៌ជាចំនុចអាទិភាព ដើម្បីធានាដល់ការអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សប្រកបដោយការជឿទុកចិត្តដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងឈានទៅទប់ស្កាត់អំពើពុករលួយ គ្រឿងញៀន ការគំរាមកំហែងការរស់នៅរបស់ពលរដ្ឋ ដែលបានបន្សល់ទុកច្រើនឆ្នាំកន្លងទៅនេះ ។
លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣កក្កដា បានបង្ហាញថា គណបក្សនយោបាយ២ ទទួលបានអាសនៈសភាក្នុងចំណោម១៨គណបក្សដែលបានចុះឈ្មោះចូលរួមប្រកួត នោះ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ ក្នុងចំណោមអាសនៈសរុបទូទាំងប្រទេស ១២៥។
ចំណែកគណបក្សនយោបាយចំនួន១៦ ដែលចូលរួមប្រកួតមិនទទួលបានអាសនៈក្នុងសភា សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិនេះទេ។
ជុំវិញលទ្ធផលបឋមនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សេក សុខា លើកឡើងថា បើទោះបីជាគណបក្សរបស់លោកមិនទទួលបានអាសនៈនៅក្នុងសភាក៏ពិតមែន តែលោកចង់ឱ្យរដ្ឋាភិបាលអាណត្តិថ្មីនេះ ធ្វើយ៉ាងណាលុបបំបាត់អំពើពុករលួយ គោរពសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន ស្របតាមលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ។
លោកគិតថា ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យបានល្អប្រសើរជាងបច្ចុប្បន្ន ជាការស្តារបញ្ហាដែលបានចាក់ស្រែះក្នុងសង្គមបានប្រើសើរឡើងវិញ ។
លោកថា៖«បើសិនជាតុលាការឯករាជ្យ អ្វីៗទាំងអស់វាល្អប្រសើរ! វាល្អប្រសើរទាំងសិទ្ធិមនុស្ស សិទ្ធិសេរីភាពរបស់មនុស្ស សិទ្ធិសារព័ត៌មានជាដើម។ កាលណា(តុលាការ)ឯករាជ្យហើយ យើងធ្វើអ្វីៗតាមច្បាប់ វាល្អប្រសើរសឹងតែគ្រប់យ៉ាង»។
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ វិញបានលើកឡើងថា បើរដ្ឋាភិបាលថ្មីចាប់យកចំនុចអាទិភាព ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌មែននោះ បញ្ហាធំៗដែលធ្លាប់កើតមានត្រូវបានដោះស្រាយ ដូចជាបញ្ហាគ្រឿងញឿន ជម្លោះដីធ្លី សារធាតុគីមីលើចំណីអាហារដែលនាំចូលពីប្រទេសជិតខាងជាដើម ។
មេបក្សដែលជាអតីតអ្នកតស៊ូនៅជាយដែនថៃប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមចូលកម្ពុជានាពេលនោះ និយាយថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នឹងជំរុញឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាពទប់ស្កាត់អំពើពុករលួយ លោកថាអំពើនេះ បានញាំញីសង្គមឱ្យល្អក់កករ និងបានធ្វើឱ្យរដ្ឋខាតបង់ថវិកាជាច្រើនរៀងរាល់ឆ្នាំ ខណៈពលរដ្ឋក៏ត្រូររងអំពើអយុត្តិធម៌ ជាបន្តបន្ទាប់ដោយសារបញ្ហានេះដែរ។
លោកថា៖«អំពើពុករលួយហ្នឹងហើយដែលអាចធ្វើឱ្យរដ្ឋខាតបង់ថវិកាមួយឆ្នាំៗច្រើន ហើយក៏ធ្វើឱ្យប្រជាពលរដ្ឋរងភាពអយុត្តិធម៌ច្រើនណាស់នៅក្នុងសង្គមផងដែរ»។
បន្ថែមពីនេះ ប្រធានគណបក្សស្ត្រីដើម្បីស្រ្តី អ្នកស្រី ស៊ឹង សុធី បានលើកឡើងថា អ្នកស្រីចង់ឱ្យរដ្ឋាភិបាល ឡើងកាន់ដំណែងនាអាណត្តិថ្មីនេះ ធ្វើយ៉ាងណាយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធតុលាការនេះ ឱ្យកាន់តែដិតដល់ ខណៈអ្នកស្រីអះអាងថា ធ្លាប់ឃើញការប្រព្រឹត្តិអំពើពុករលួយពីសំណាក់ចៅក្រមកាន់សំនុំរឿងមួយចំនួន យកអ្នកទោសធ្វើជាមុខរបរដើម្បីទទួលបានផលប្រយោជន៍ផ្សេងៗ។
អ្នកស្រី សុធី ក៏ចង់ឃើញរដ្ឋាភិបាលថ្មី ដោះលែងអ្នកទោសនយោបាយទាំងអស់ ដោយហេតុថា អ្នកនយោបាយគឺធ្វើគ្រប់យ៉ាងដើម្បីជាតិ ដូច្នេះអ្នកស្រីថាមិនគួរចាប់ចងដូចបច្ចុប្បន្ននោះទេ។
អ្នកស្រីថា៖«អ្នកនយោបាយមិនសក្តិសមនឹងមានទោសទេ ព្រោះគាត់លះបង់ដើម្បីតែប្រទេសជាតិយើង អ៊ឹចឹងសក្តិសមនឹងគាត់ទទួលបានសេចក្តីសុខ គ្មានការថ្កោលទោស»។
ដោយឡែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ចាត់ទុកការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាកត្តាជំរុញឱ្យមានឯកភាពជាតិ បញ្ឈប់រាល់ការចោទគ្នាជាជនក្បត់ជាតិដូចពេលបច្ចុប្បន្ន ដែលជាកត្តាជំរុញឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិដូចពីអតីតកាល។
លោកយល់ថា ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅតែមានស្តង់ដារ២(លម្អៀង)រវាងអ្នកមានអំណាច និងអ្នកគ្មានអំណាច នោះឯកភាពជាតិក៏ពិបាកកើតឡើង ដែលការណ៍នេះលោកថា ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ពិតជារឿងចាំបាច់ ដើម្បីចៀសវាងកុំឱ្យប្រព័ន្ធយុត្តិធម៌ក្លាយជាឧបករណ៍បំបែកបំបាក់សង្គមគ្មានទីបញ្ចប់។
លោកបញ្ជាក់ថា៖«ប្រព័ន្ធតុលាការគឺជារឿងមួយសំខាន់ដែលត្រូវធ្វើដើម្បីឱ្យតុលាការមានឯករាជ្យ។ បើកាលណាតុលាការមានឯករាជ្យ ការចោទប្រកាន់ផ្សេងៗផ្នែកទិដ្ឋភាពនយោបាយមិនអាចកើតមាន ពេលនឹងវាអាចជាជំហានមួយឈានទៅរកការផ្សះផ្សាជាតិ»។
អង្គការគម្រោងយុត្តិធម៌ពិភពលោកបានចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ រកឃើញថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេជិតបាតតារាង ក្នុងចំណោមប្រទេស១៤០កម្ពុជានៅចំណាត់ថ្នាក់ទី១៣៩ ដែលចំណាត់ថ្នាក់នេះដូចគ្នាទៅនឹងចំណាត់ថ្នាក់ឆ្នាំ២០២១ដែរ ដែលកម្ពុជាឈរនៅលេខរៀងទី១៣៨ ក្នុងចំណោម១៣៩ប្រទេសគ្មានការគោរពនីតិរដ្ឋ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហាក់យល់ស្របចំពោះការលើកឡើងនេះដែរ ដោយលោកបានអះអាងថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនេះដែរ តាមរយៈការបង្កើតឱ្យមានច្បាប់គ្រប់គ្រាន់ ដែលនេះលោកចាត់ទុកថា ជាការខិតខំរបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា៖«រដ្ឋាភិបាលកំពុងតែធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយប្រព័ន្ធយុត្តិធម៌យើងគឺរៀបចំឱ្យមានច្បាប់គ្រប់ជ្រុងជ្រោយ»។
Newsroom Cambodia មិនទាន់អាចសុំការឆ្លើយតបពី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ដោយឡែក គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលទទួលបានអាសនៈចំនួន៥ ក្នុងសភាក្នុងអាណត្តិទី៧នេះ បានបញ្ជាក់ជំហរតាមរយៈអ្នកនាំពាក្យ លោក ញឿន រ៉ាដែន ថានឹងជំរុញឱ្យមានការដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងប្រឈម។
លោកអះអាងថា គណបក្សរាជានិយម នឹងព្យាយាមយកចិត្តទុកដាក់ជំរុញការកំណែទម្រង់ប្រព័ន្ធតុលាការ ដើម្បីធានាថាឱ្យពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់ និងមិនរងទុក្ខដោយសារប្រព័ន្ធតុលាការ ស្របតាមគោលនយោបាយដែលបានដាក់ចេញ។
លោកបញ្ជាក់ថា៖«យើងនឹងខិតខំជំរុញនូវប្រព័ន្ធតុលាការ ក៏ដូចជាបញ្ហាសិទ្ធិសេរីភាពរបស់ប្រជារាស្រ្តយើងផងដែរ […]ឈប់ឱ្យប្រជារាស្ត្រខ្មែររងទុក្ខវេទនាដោយសារប្រព័ន្ធតុលាការ»។
តែយ៉ាងណាបើទោះបីរដ្ឋធម្មនុញ្ញប្រកាសឱ្យបើចាប់តាំងពីឆ្នាំ១៩៩៣ និងបានចែងថា កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសជាតិរបស់ខ្លួន អំណាចបែកចែកដាក់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ក្កី តែរបាយការណ៍នានាបង្ហាញថា ឥទ្ធិពលនយោបាយរំលោភទៅលើស្ថាប័នកំពូលៗរបស់ជាតិទាំងនោះ ដែលនាំឱ្យបន្ទាត់នយោបាយបម្រើផលប្រយោជន៍បក្ខពួក និងក្រុមគ្រួសារអ្នកមានអំណាចច្រើនជាង ។
បរិបទនេះ ជំរុញឱ្យការអនុវត្តច្បាប់ភាគច្រើន យាយីគណបក្សប្រឆាំង ព័ត៌មានសេរី សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ដែលជំរុញគុណភាពអនុវត្តច្បាប់ និងអភិបាលកិច្ច ខណៈចៅក្រមមួយចំនួនរួមទាំងប្រធានតុលាការកំពូល លោក ឌិត មន្ទី ជាដើម នៅជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបក្សគ្រប់គ្រងអំណាច។
ជុំវិញបញ្ហានេះ ក្រោយការបោះឆ្នោតអាណត្តិទី៧នេះ១ថ្ងៃ សហរដ្ឋអាមេរិកដែលជាមហាអំណាចឃ្លាំមើលដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រកាសផ្ដាច់ជំនួយមួយចំនួន និងប្រើវិធានរឹតបន្តឹងទិដ្ឋាការ ចំពោះមន្ត្រី ដើម្បីជាឆ្លើយតបទៅនឹងការបោះឆ្នោត គ្មានភាពសេរី និងយុត្តិធម៌ ។
អាមេរិករំឭកដែរថា នៅមុនការបោះឆ្នោតអាជ្ញាធរកម្ពុជាបានយាយីដល់អ្នកនយោបាយគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលថាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងកាតព្វកិច្ចអន្តរជាតិរារាំងដល់ប្រជាជនកម្ពុជា ក្នុងការមានជម្រើសសម្រាប់កំណត់អនាគតរបស់ប្រទេសពួកគេ។
បន្ថែមពីនេះអាមេរិកនិយាយថា កម្ពុជានៅមានឱកាសកសាងមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិសាជាថ្មី ដោយស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បញ្ឈប់ការកាត់ក្ដីដែលមានចរិតនយោបាយ កែប្រែការដាក់ទោសដោយតុលាការលើអ្នករិះគន់រដ្ឋាភិបាល និងអនុញ្ញាតឱ្យស្ថាប័នសារព័ត៌មានឯករាជ្យដំណើរការឡើងវិញ។