គ​ណប​ក្ស​នយោបាយ​​ដែលចូល​រួមប្រកួត​ការបោះឆ្នោត តែ​មិនទទួល​បានកៅអីក្នុង​សភា​ ច​​​​​ង់ឃើ​ញ​​រដ្ឋាភិ​បាលថ្មី​​​​​​​កែ​​​​ប្រ​ព័​​ន្ធ​យុ​ត្តិ​ធ​​ម៌​ជាចំនុ​​ច​​​អា​​​ទិ​​ភា​ព ​ដើ​ម្បី​ធានាដល់ការអនុ​វត្ត​ន​យោបា​​​​​យ​​​ប្រ​​ជាធិបតេ​យ្យ សេរីពហុបក្ស​​ប្រកបដោយការជឿទុកចិត្ត​ដូ​ចមានចែ​​​ងក្នុង​រដ្ឋធម្ម​​នុញ្ញ​​​ និ​​ងឈា​​នទៅ​​ទ​ប់​​​ស្កាត់​អំ​​​​​ពើ​​​​​​ពុ​ក​រលួយ​ ​​គ្រឿ​​ង​ញៀន​ កា​រគំរាមកំហែ​ងការរស់​នៅរបស់​ពលរដ្ឋ ​​ដែ​លបានបន្ស​ល់ទុកច្រើនឆ្នាំ​កន្លងទៅ​នេះ ។

លទ្ធផលប​ឋម​នៃការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី៧ឆ្នាំ២០២៣​ កាលពីថ្ងៃទី២៣កក្កដា  បានបង្ហាញថា ​គ​ណបក្សនយោបាយ២ ទទួលបានអាសនៈសភាក្នុងចំណោម១៨គណបក្សដែលបានចុះឈ្មោះ​​ចូលរួមប្រកួត នោះ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សរាជានិយមហ៊្វុ​នស៊ិនប៉ិចទទួលបាន ៥អាសនៈ ក្នុងចំណោមអាសនៈសរុបទូទាំងប្រទេស ១២៥។

ចំ​ណែកគ​ណប​ក្សន​យោបាយចំ​នួន១៦​ ដែលចូលរួមប្រកួតមិនទទួលបានអាសនៈក្នុងសភា សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិនេះទេ។

ជុំវិញលទ្ធផលបឋមនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សេក សុខា លើកឡើ​ងថា បើទោះបីជាគ​ណបក្សរបស់លោក​មិនទ​ទួលបានអាសនៈនៅ​ក្នុងសភាក៏ពិតមែន តែលោកចង់ឱ្យ​​រដ្ឋា​ភិបាលអាណត្តិថ្មីនេះ ធ្វើយ៉ាងណាលុបបំបាត់អំពើពុករលួយ គោរពសិទ្ធិមនុស្ស សេរីភាពសារព័​ត៌មាន ស្របតាមលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

លោកគិតថា ការធ្វើកំណែទម្រង់ប្រ​​ព័ន្ធយុត្តិធម៌ឱ្យបានល្អប្រសើរជាងបច្ចុប្បន្ន ជាការស្តារបញ្ហាដែលបានចាក់ស្រែះក្នុងសង្គមបានប្រើសើរឡើងវិញ ។

លោកថា៖«បើសិនជាតុលាការឯករាជ្យ អ្វីៗទាំងអស់វាល្អប្រសើរ! វាល្អប្រសើរទាំងសិទ្ធិមនុស្ស សិទ្ធិសេរីភាពរបស់មនុស្ស សិទ្ធិសារព័ត៌មានជាដើម។ កាលណា(តុលាការ)ឯករាជ្យហើយ យើងធ្វើអ្វីៗតាមច្បាប់ វាល្អប្រសើរសឹងតែគ្រប់យ៉ាង»។

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ វិញបានលើកឡើងថា បើរដ្ឋាភិបាលថ្មីចាប់យកចំនុចអាទិភាព ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធ​យុត្តិធ​ម៌មែននោះ បញ្ហាធំៗដែលធ្លាប់កើតមានត្រូវបានដោះស្រាយ ដូចជាបញ្ហាគ្រឿងញឿន ជម្លោះដីធ្លី សារធាតុគីមីលើចំណីអាហារដែលនាំចូលពីប្រទេសជិតខាងជាដើម ។

មេបក្សដែលជាអតីតអ្នកតស៊ូនៅជាយដែនថៃប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមចូលកម្ពុជានាពេលនោះ និយាយថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នឹងជំរុញឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាពទប់ស្កាត់អំពើពុករលួយ លោកថាអំពើនេះ បានញាំញីសង្គមឱ្យល្អក់កករ និងបានធ្វើឱ្យរដ្ឋខាតបង់ថវិកាជាច្រើនរៀងរាល់ឆ្នាំ ខណៈពលរដ្ឋក៏ត្រូររងអំពើអយុត្តិធម៌ ជាបន្តបន្ទាប់ដោយសារបញ្ហានេះដែរ។

លោកថា៖«អំពើពុករលួយហ្នឹងហើយដែលអាចធ្វើឱ្យរដ្ឋខាតបង់ថវិកាមួយឆ្នាំៗច្រើន ហើយក៏ធ្វើឱ្យប្រជាព​ល​​រដ្ឋរងភាពអយុត្តិធម៌ច្រើនណាស់នៅក្នុងសង្គមផងដែរ»។

បន្ថែមពីនេះ ប្រធានគណបក្សស្ត្រីដើម្បីស្រ្តី អ្នកស្រី ស៊ឹង សុធី បានលើកឡើងថា អ្នកស្រីចង់ឱ្យរដ្ឋាភិបាល ឡើង​​កាន់ដំណែងនាអាណត្តិថ្មីនេះ ធ្វើយ៉ាងណាយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធតុលាការនេះ ឱ្យកាន់​តែ​ដិ​តដល់ ខណៈអ្នកស្រីអះអាងថា ធ្លាប់ឃើញការប្រព្រឹត្តិអំពើពុករលួយពីសំណាក់ចៅក្រមកាន់សំនុំរឿងមួ​​​យចំនួន យកអ្នកទោសធ្វើជាមុខរបរដើម្បីទទួលបានផលប្រយោជន៍ផ្សេងៗ។

អ្នកស្រី សុធី ក៏ចង់ឃើញរដ្ឋាភិបាលថ្មី ដោះលែងអ្នកទោសនយោបាយទាំងអស់ ដោយហេតុថា អ្នកន​យោបាយ​​គឺធ្វើគ្រប់យ៉ាងដើម្បីជាតិ ដូច្នេះអ្នកស្រីថាមិនគួរចាប់ចងដូចបច្ចុប្បន្ននោះទេ។

អ្នកស្រីថា៖«អ្នកនយោបាយមិនសក្តិសមនឹងមានទោសទេ ព្រោះគាត់លះបង់ដើម្បីតែប្រទេសជាតិយើង អ៊ឹចឹងសក្តិសមនឹងគាត់ទទួលបានសេចក្តីសុខ គ្មានការថ្កោលទោស»។

ដោយឡែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ចាត់ទុកការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាកត្តាជំរុញឱ្យមានឯកភាពជាតិ បញ្ឈប់រាល់ការចោទគ្នាជាជនក្បត់ជាតិដូចពេលបច្ចុប្បន្ន ដែលជាកត្តាជំរុញឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិដូចពីអតីតកាល។

លោកយល់ថា ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅតែមានស្តង់ដារ២(លម្អៀង)រវាងអ្នកមានអំណាច និងអ្នកគ្មានអំណាច នោះឯកភាពជាតិក៏ពិបាកកើតឡើង ដែលការណ៍នេះលោកថា ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ពិតជារឿងចាំបាច់ ដើម្បីចៀសវាងកុំឱ្យប្រព័ន្ធយុត្តិធម៌ក្លាយជាឧបករណ៍បំបែកបំបាក់សង្គមគ្មានទីបញ្ចប់។

 លោកបញ្ជាក់ថា៖«ប្រព័ន្ធតុលាការគឺជារឿងមួយសំខាន់ដែលត្រូវធ្វើដើម្បីឱ្យតុលាការមានឯករាជ្យ។ បើកា​ល​​ណាតុ​​លាការមាន​ឯករាជ្យ ការចោទប្រកាន់ផ្សេងៗផ្នែកទិដ្ឋភាពនយោបាយមិនអាចកើតមាន ពេលនឹង​​វាអា​ចជាជំហានមួយឈានទៅ​រក​​ការផ្សះផ្សាជាតិ»

អង្គការគម្រោងយុត្តិធម៌ពិភពលោកបានចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ រកឃើញថា នីតិរដ្ឋនៅកម្ពុជាទា​ប​​ជាងគេជិតបាតតារាង ក្នុងចំណោមប្រទេស១៤០កម្ពុជានៅចំណាត់ថ្នាក់ទី១៣៩ ដែលចំណា​ត់ថ្នា​ក់នេះ​ដូចគ្នាទៅនឹងចំណាត់ថ្នាក់ឆ្នាំ២០២១ដែរ ដែលកម្ពុជាឈរនៅលេខរៀងទី១៣៨ ក្នុងចំណោម១៣​៩ប្រ​​​ទេ​ស​គ្មានការគោរពនីតិរដ្ឋ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហាក់យល់ស្របចំពោះការលើកឡើងនេះដែរ ដោ​យ​លោកបានអះអាងថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនេះ​ដែរ តាមរយៈការបង្កើ​​តឱ្យមានច្បាប់គ្រប់គ្រាន់ ដែលនេះលោកចាត់ទុកថា ជាការខិតខំរបស់រដ្ឋាភិបាល។

លោកបញ្ជាក់ថា៖«រដ្ឋាភិបាលកំពុងតែធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយប្រព័ន្ធយុត្តិធម៌យើងគឺរៀបចំឱ្យមានច្បាប់គ្រប់ជ្រុងជ្រោយ»។

Newsroom Cambodia មិនទាន់អាចសុំការឆ្លើយតបពី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។

ដោយឡែក គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលទទួលបានអាសនៈចំនួន៥ ក្នុងសភាក្នុងអាណត្តិទី៧នេះ បានបញ្ជាក់ជំហរតាមរយៈអ្នកនាំពាក្យ លោក ញឿន រ៉ាដែន ថានឹងជំរុញឱ្យមានការដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងប្រឈម។

 លោកអះអាងថា គណបក្សរាជានិយម នឹង​ព្យាយាមយកចិត្តទុក​ដាក់ជំរុញការកំណែទម្រង់ប្រព័ន្ធតុ​លាកា​រ​ ​ដើម្បីធានាថា​ឱ្យពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់ និងមិនរងទុក្ខដោយសារប្រព័ន្ធតុលាការ ស្របតា​​ម​​គោ​​​លនយោបាយដែលបានដាក់ចេញ។

លោកបញ្ជាក់ថា៖«យើងនឹងខិតខំជំរុញនូវប្រព័ន្ធតុលាការ ក៏ដូចជាបញ្ហាសិទ្ធិសេរីភាពរបស់ប្រជារាស្រ្តយើ​ង​​​ផងដែរ []ឈប់ឱ្យប្រជារាស្ត្រខ្មែររងទុក្ខវេទនាដោយសារប្រព័ន្ធតុលាការ»។

តែយ៉ា​ងណាបើទោះបីរដ្ឋធម្មនុញ្ញប្រកាសឱ្យបើចាប់តាំងពីឆ្នាំ១៩៩៣ និងបានចែងថា កម្ពុជាអនុវត្តនយោ​បាយ​​ប្រជាធិបតេយ្យ សេរីពហុបក្ស ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសជាតិរបស់ខ្លួន អំណាចបែកចែកដាក់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ក្កី តែរបាយការណ៍នានាបង្ហាញថា ឥទ្ធិពលនយោបាយរំលោភទៅលើស្ថាប័នកំពូលៗរបស់ជាតិទាំងនោះ ដែលនាំឱ្យបន្ទាត់នយោ​បា​​​យបម្រើផលប្រយោជន៍បក្ខពួក និងក្រុមគ្រួសារអ្នកមានអំណាចច្រើនជាង ។

បរិបទនេះ ជំរុញឱ្យការអនុវត្តច្បាប់ភាគច្រើន យាយីគណបក្សប្រឆាំង ព័ត៌មានសេរី សកម្មជនបរិស្ថាន ស​កម្ម​ជនសិទ្ធិមនុស្ស ដែលជំរុញគុណភាពអនុវត្តច្បាប់ និងអភិបាលកិច្ច ខណៈចៅក្រមមួយចំនួនរួមទាំងប្រ​ធា​នតុលាការកំពូល លោក ឌិត មន្ទី ជាដើម នៅជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន​កម្ពុជា ជាបក្សគ្រប់គ្រង​​អំណាច។

ជុំវិ​ញបញ្ហានេះ ក្រោយការបោះឆ្នោតអាណត្តិទី៧នេះ១ថ្ងៃ សហរដ្ឋអាមេរិកដែលជាមហាអំណាចឃ្លាំមើលដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ​តា​ម​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រកាសផ្ដាច់ជំនួយមួយចំនួ​​​ន ​និង​ប្រើវិធានរឹតបន្តឹងទិដ្ឋាការ ចំពោះមន្ត្រី ដើម្បីជាឆ្លើយតបទៅនឹងការបោះឆ្នោ​ត គ្មានភាពសេរី និងយុ​ត្តិធម៌ ។

អា​មេរិករំឭកដែរថា នៅមុនការបោះឆ្នោតអាជ្ញាធរកម្ពុជាបានយាយីដល់អ្នកនយោបាយគណបក្សប្រ​ឆាំ​ង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលថាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ​និងកាតព្វកិច្ចអន្តរជាតិរារាំងដល់ប្រ​ជា​​​​​​​ជ​​​នកម្ពុជា ក្នុងការមានជម្រើសសម្រាប់កំណត់អនាគតរបស់ប្រទេសពួកគេ។

បន្ថែ​​មពីនេះអាមេរិក​និយាយថា កម្ពុជានៅមានឱកាសកសាងមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិសាជាថ្មី ដោ​​​​​យស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បញ្ឈប់ការកាត់ក្ដីដែលមានចរិតនយោបាយ កែប្រែ​​ការដាក់ទោសដោយតុលាការលើអ្នករិះគន់រដ្ឋាភិបាល និងអនុញ្ញាតឱ្យស្ថាប័នសារព័ត៌មានឯករាជ្យដំ​ណើ​​រ​ការឡើងវិញ។