មន្ត្រីជំនាញរដ្ឋាភិបាលនិយាយថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តធ្លាក់ចុះ ហើយពលរដ្ឋជាអតិថជននឹងរងគ្រោះធ្ងន់ធ្ងរ បើរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ មិនធ្វើកំណែទម្រង់ប្រព័ន្ធទីផ្សារទាន់ពេល ដោយសំអាងថាវិស័យនេះវាបានហក់ឡើងដល់កំពូលជិត៤ឆ្នាំទៅហើយ ដែលត្រូវធ្លាក់ចុះវិញជាកត្តាស្វ័យប្រវត្តិ ។
នាយកនៃវិទ្យាស្ថានសិក្សាចិននិងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជារបស់រដ្ឋាភិបាល លោក បណ្ឌិត គី សេរីវឌ្ឍន៍ បាននិយាយនៅថ្ងៃ២៨កក្កដានេះថា រដ្ឋាភិបាលអណត្តិទី៧ មានតែវិស័យឧស្សាហ៍កម្ម និងវិស័យសេដ្ឋកិច្ច ដែលអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ដោយឡែកវិស័យអចលនទ្រព្យនឹងត្រូវបន្តធ្លាក់ចុះ ក្រោយហក់ឡើងខ្ពស់បំផុតនៅឆ្នាំ២០១៩។
លោកថា៖«វិស័យអចលនទ្រព្យវិញ ខ្ញុំយល់ឃើញថាជាវិស័យមួយដែលកើនឡើងដល់កម្រិតទុំជោរហើយ ដូច្នេះវិស័យអចលនទ្រព្យមិនអាចជំរុញ និងអភិវឌ្ឍឱ្យបានរីកចម្រើនខ្លាំងដូចទៅនឹងឆ្នាំ២០១៩ទេ»។
លោកបន្តថា វិស័យនេះនៅល្អប្រសើរ ឬធ្លាក់ចុះខ្លាំង អាស្រ័យលើការការរៀបចំកំណែទម្រង់រចនាសម្ព័ន្ធទីផ្សារ ដែលតម្រូវឱ្យមានចូលរួមពីសំណាក់រដ្ឋាភិបាល វិស័យឯកជន ដើម្បីធ្វើយ៉ាងណាកុំឱ្យវិស័យនេះធ្លាក់ក្នុងរណ្តៅធ្ងន់ធ្ងរ ។
លោកគូសបញ្ជាក់ថា ការធ្លាក់ចុះវិស័យអចលនទ្រព្យនឹងទាញទម្លាក់វិស័យផ្សេងៗឱ្យធ្លាក់ដូចគ្នា ហើយថា ពលរដ្ឋនឹងក្លាយជាជនរងគ្រោះធ្ងន់ធ្ងរនៅក្នុងវិស័យនេះ ក្នុងនាមជាអតិថិជន។
លោកថា៖«កាលណាបើវិបត្តិនៃអចលនទ្រព្យធ្លាក់កាន់តែធ្ងន់ធ្ងរ វានឹងឈានទៅវិបត្តិ(Dominos) ដួលបន្តគ្នាទាំងអស់ ហើយពេលនោះអ្នករងគ្រោះគឺប្រជាពលរដ្ឋ ដែលយកលុយទៅទិញដី ទិញបុរី ទិញអចលនទ្រព្យនេះ»។
អនុប្រធានសភាពាណិជ្ជកម្ម និងជាអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា លោក តាន់ មុន្នីវណ្ណ ធ្លាប់បានលើកឡើងនៅក្នុងវេទិកាតុមូលដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា កាលពីខែមិថុនាកន្លងទៅថាការដែលអចលនទ្រព្យនៅកម្ពុជារងនូវបញ្ហាប្រឈមដោយសារតែកម្ពុជាបានអភិវឌ្ឍវិស័យនេះរហ័សពេក ដោយបានផ្លាស់ប្តូរពីដីកសិកម្ម ឬដីផ្សេងទៀតទៅជាលំនៅឋាន ដោយមិនបានសិក្សាពីសក្តានុពលច្បាស់លាស់។
លោកថា៖«យើងConvert(បម្លែង)ដីហ្នឹងលឿនពេក។ Convert(បម្លែង)ដីពីដីកសិកម្ម ដីពាណិជ្ជកម្ម ដីលំនៅដ្ឋានហ្នឹងលឿន ដែលលំនៅដ្ឋានមិនទាន់លឿន(រីកដុះដាល)ដល់ថ្នាក់ហ្នឹងទេ»។
ដោយឡែក អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ លោក ជូ វណ្ណៈ ធ្លាប់បានអះអាងដែរថា ដើម្បីចូលរួមដោះស្រាយនិងពង្រឹងការគ្រប់គ្រងវិស័យអចលនទ្រព្យឱ្យបានល្អប្រសើរ ស្ថាប័នកំពុងរៀបចំច្បាប់ស្តីពីការគ្រប់គ្រងវិស័យអចលនទ្រព្យ រួមទាំងបានរៀបចំកែសម្រូលបទបញ្ញត្តិផ្សេងៗ ដើម្បីគ្រប់គ្រងវិស័យនេះ។
មួយវិញទៀត លោកថានឹងជំរុញការបណ្តុះបណ្តាលអាជ្ញាធរ និងភាគីក្រុមហ៊ុនស្វែងយល់ដឹង ថែមទាំងពង្រឹកការប្រមូលទិន្នន័យអចលនទ្រព្យនៅកម្ពុជាដែរ។
យ៉ាងណាបើតាមអ្នកជំនាញសេដ្ឋកិច្ច លោកគឺ សេរីវឌ្ឍន៍ ដើម្បីធានានូវការដោះស្រាយ និងទប់ស្កាត់កុំឱ្យបញ្ហានេះកើតឡើងកាន់តែធ្ងន់ រដ្ឋភិបាលដែលមានអគ្គនាយកនិយ័តករអាជីវកម្មអលនវត្ថុ និងបញ្ចាំ ត្រូវតែធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធមានដូចជា ម្ចាស់បុរី ឬក្រុមហ៊ុន បានជួបគ្នាជាមួយអតិជន និងម្ចាស់ដីដែលក្រុមហ៊ុនបានទិញដើម្បីធ្វើជាដីឡូតិ៍។ លោកគូសបញ្ជាក់ថា ការធ្វើដូច្នេះជាកាតាលីករជំរុញឱ្យបញ្ហានេះត្រូវបានដោះស្រាយដោយរលូន។
ចំណែក អ្នកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចៀសវាងបង្កផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរដល់ពួកគាត់ រដ្ឋាភិបាលថ្មីគួរតែពិនិត្យពិចារណា និងពង្រឹងឱ្យបាននូវការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ជាពិសេសគឺត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
លោកថា៖«ទាក់ទងនឹងវិស័យអចលនទ្រព្យនេះយើងឃើញថាពលរដ្ឋមួយចំនួនមិនមានលទ្ធភាពក្នុងការបង់បន្ត ហើយត្រូវបានក្រុមហ៊ុនរឹបអូសអីជាដើម ដែលនោះជាវិបត្តិមួយដែលរដ្ឋាភិបាលថ្មីត្រូវទទួលបន្ទុកនិងពិនិត្យមើលឱ្យបានល្អប្រសើរដើម្បីជួយធ្វើការទប់ស្កាត់ និងការសម្របសម្រួល»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីដើមខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាផ្ទាល់មាត់ទៅក្រសួងពាក់ព័ន្ធឱ្យពិនិត្យមើលករណីក្រុមហ៊ុនអចលនទ្រព្យរឹបអូសផ្ទះពីអ្នកទិញដែលខ្វះលទ្ធភាពបង់ប្រាក់រំលោះ។
វិធានរបស់ថ្នាក់ដឹកនាំ ចំពេលបណ្តាញព័ត៌មានក្នុងស្រុក និងអ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែក ករណីក្រុមហ៊ុនបុរីរឹបអូសផ្ទះពីកូនបំណុលខ្វះលទ្ធភាពបង់ប្រាក់រំលោះតាមកិច្ចសន្យា ទិញ លក់។
បញ្ហានេះអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ លោក ជូ វណ្ណៈ ឱ្យដឹងកាលពីថ្ងៃទី២០ខែកក្កដាថា រយៈពេលជាង១ខែក្រោយការអំពាវនាវរបស់នាយករដ្ឋមន្រ្តី មានប្រជាពលរដ្ឋជាង៤០០នាក់ បានដាក់ពាក្យបណ្ដឹង ក្រុមហ៊ុនសាងសង់បុរី ដែលប្រើវិធានរឹបអូស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបកម្មករនៅខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៣ ក៏បានចេញបញ្ជាបន្ថែមទៀត ឱ្យម្ចាស់ក្រុមហ៊ុនសាងសង់បុរីទាំងអស់ បញ្ឈប់ការរឹបអូសផ្ទះពីអ្នកទិញដែល ខ្វះលទ្ធភាពបង់បន្តទៀត និងណែនាំឱ្យរៀបចំឥណទានឡើងវិញ។
លោកក៏បានស្នើឱ្យក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធ ផ្ដល់ប្រាក់ខ្លះត្រលប់ទៅវិញ និងប្រគល់ផ្ទះជូនពួកអ្នកទិញវិញ ប្រសិនបើការរឹបអូសនោះ ទើបនឹងកើតឡើងថ្មីៗ៕