ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ.ប.ម.) លោក យ៉េង វីរៈ ប្រកាសថានឹងលាលែងពីតួនាទីត្រឹមចុងឆ្នាំនេះ ដើម្បីផ្តល់ឱកាសឱ្យក្រុមយុវជនដឹកនាំបន្ត ខណៈការបោះឆ្នោតបួនលើកកន្លងទៅ មិនទទួលបានសំឡេងឆ្នោតគាំទ្រ សម្រាប់តំណែងក្នុងសភា និងមេឃុំ-ចៅសង្កាត់ នៅថ្នាក់មូលដ្ឋាន ។
លោក យ៉េង វីរៈ បានបង្ហោះសារលើបណ្តាញសង្គមថ្មីៗនេះថា លោកនឹងផ្ទេរតួនាទីជាប្រធានបក្ស ឱ្យទៅយុវជនដឹកនាំវិញ ក្រោមហេតុផលថា វាសនានៃប្រជាធិបតេយ្យនៅកម្ពុជា អាចដំណើរការបានល្អប្រសើរ គឺអាស្រ័យលើប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ។
លោកថា៖«ខ្ញុំសូមផ្ទេរការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យជូនអ្នកជំនាន់ក្រោយ ដើម្បីបន្តវេនហើយ»។
Newsroom មិនអាចស្វែងរកការពន្យល់បន្ថែមពីលោក យ៉េង វីរៈ ជុំវិញជំហរនេះបានទេ ដោយទូរសព្ទលោកគ្មានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យ គ.ប.ម. លោក សេក សុខា និយាយថា ការសម្រេចរបស់ប្រធានបក្សខ្លួន អាចមានមូលហេតុចម្បងពីរ គឺទី១ដោយសារតែលោក យ៉េង វីរៈ បានបំពេញតួនាទីនេះប្រមាណ ៨ឆ្នាំមកហើយ ចាប់តាំងពីបង្កើតគណបក្សនេះមក។
មួយវិញទៀតអាចដោយសារប្រធានបក្ស សម្លឹងឃើញពីសមាសភាពយុវជនជំនាន់ក្រោយអាចមានលទ្ធភាពនិងសក្តានុពល ដើម្បីបន្តការងារនេះពីលោកបាន។
លោកថា៖«គាត់ចង់ឱ្យកម្លាំងយុវជនមកដឹកនាំ។ គាត់សម្លឹង ឬក៏គាត់គិតថាយុវជនក្រោយនឹងអាចឡើងមកដឹកនាំជំនួសគាត់បាន»។
យ៉ាងណាអ្នកនាំពាក្យរូបនេះ មិនទាន់ទម្លាយឱ្យដឹងថា យុវជនណាមួយជាបេក្ខភាពប្រធានបក្សជំនួសលោក យ៉េង វីរៈ នៅឡើយទេ ដោយថារង់ចាំលទ្ធផលសមាជនៅធ្នូ ឆ្នាំ២០២៣។
លោកអះអាងដែរថា យ៉េង វីរៈ ក៏នៅតែរួមរស់ជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានដដែល។
លោកថា៖«គាត់(លោក យ៉េង វីរៈ) នៅតែនៅជាមួយនិង គ.ប.ម.! គាត់មានទៅណា។ យើងនឹងស្នើបេ ក្ខ ជន(ប្រធានគណបក្ស)! ដល់ពេលយើងធ្វើសមាជយើងបោះឆ្នោតសម្រេច»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដែលកើតចេញពីក្រុមការងារបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ដោយមានការគាំទ្រជាប្រជាកសិករនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំនួន ហើយមានលោក យ៉េង វីរៈ ជាប្រធាន។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុក ការលាឈប់របស់លោក យ៉េង វីរៈ ជាការទទួលខុសត្រូវ ក្នុងនាមជាមេដឹកនាំដែលមានឆន្ទៈចំពោះជាតិ ហើយមិនស្រលាញ់អំណាច។
លោកថា៖«ជាសញ្ញាណមួយស្ទង់ស្ទាបជាមេដឹកនាំមួយដែលមានការទទួលខុសត្រូវ។ ខ្ញុំគិតថាវាជារឿងដែលល្អ ហើយពិតជាមានមោទនភាពចំពោះការសម្រេចចិត្តរបស់គាត់ក្នុងនាមជាមេដឹកនាំ មិនក្តោប ឬស្រលាញ់អំណាចតែឯង»។
លោក សុជាតិ យល់ថាជម្រើសរបស់លោក យ៉េង វីរៈ ជាគំរូភាពមួយប្រាប់ទៅមេដឹកនាំបក្សនយោបាយដទៃទៀតដែលខ្វះភាពក្លាហាន ចុះចេញពីតំណែង ដើម្បីប្រយោជន៍ជាតិនិងប្រជាធិបតេយ្យ ។
លោកបញ្ជាក់ថា៖«មេដឹកនាំបក្សនយោបាយនីមួយៗ បើសិនជាគាត់គ្មានភាពក្លាហានសូម្បីតែបរាជ័យម្តងហើយម្តងទៀត តែមិនហ៊ានលះបង់ចោលតួនាទីដែលខ្លួនកំពុងតែកាន់កាប់ហ្នឹង គឺជារឿងមួយដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងបេះដូងជាអ្នកស្នេហាជាតិពិតប្រាកដ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មើលឃើញថា ការលាលែងពីតួនាទីជាថ្នាក់ដឹកនាំបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ អាចដោយសារតែគាត់បាត់បង់ក្តីសង្ឃឹមលើការទទួលបានការគាំទ្រពីប្រជាពលរដ្ឋឱ្យបានប្រសើរឡើងទៅថ្ងៃអនាគត ក្រោយចូលរួមការបោះឆ្នោតជាតិ២អាណត្តិកន្លងទៅនេះមិនសូវមានការគាំទ្រ។
លោកថា៖«បក្សប្រជាធិបតេយ្យមូលដ្ឋាន បើយើងមើលទៅមកដល់ពេលនេះ គឺពួកគាត់មិនសង្ឃឹមថានឹងអាចបានមានភាពប្រសើរឡើងទៅលើការទទួលបានការគាំទ្រពីអ្នកបោះឆ្នោត នេះជារឿងមួយជួនកាលធ្វើឱ្យអ្នកដឹកនាំបាត់បង់នូវក្តីសង្ឃឹមសម្រាប់អនាគតផងដែរ»។
លោកបន្ថែមថា ការផ្ទេរតំណែងឱ្យទៅយុវជនជំនាន់ក្រោយបន្តជាប្រធានបក្សអាចមានភាពល្អប្រសើរ និងមានការគាំទ្រច្រើនពីមហាជនបាន វាលុះត្រាតែអ្នកដឹកនាំថ្មីនោះមានសមត្ថភាព និងយុទ្ធសាស្ត្រទាក់ទាញប្រជាពលរដ្ឋជាង លោក យ៉េង វីរៈ។
ប្រហាក់ប្រហែលនេះដែរ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថា ការផ្តល់ឱកាសឱ្យអ្នកជំនាន់ក្រោយធ្វើជាអ្នកដឹកនាំក្នុងករណីដែលមេដឹកនាំចាស់មិនអាចរកភាពជោគជ័យបាន គឺជារឿងមួយដ៏ល្អ។
ប៉ុន្តែលោកគិតថា វាត្រូវទាមទារអ្នកដឹកនាំថ្មីមានយុទ្ធសាស្ត្រទាញប្រជាប្រិយភាព និងធ្វើឱ្យប្រជាពលរដ្ឋទុកចិត្ត បើពុំដូច្នេះទេលោកគិតថា បក្សនោះកាន់តែបាត់បង់ទំនុកចិត្ត និងមិនបានផ្តល់ក្តីសង្ឃឹមណាមួយដល់អ្នកគាំទ្រថែមទៀត។
លោកថា៖«បើអ្នកមកក្រោយពុំមានសក្តានុពលទេ ឬក៏មានកម្លាំងសក្តានុពលប្រហាក់ប្រហែលគាត់ទេ វាមិនអាចផ្តល់ក្តីសង្ឃឹមសម្រាប់អ្នកដើរតាមគណបក្សប្រជាធិបតេយ្យមូលដ្ឋានហ្នឹងទេ»។
បើតាមលោក សុវណ្ណរ៉ា ដើម្បីជាការផ្តល់ក្តីសង្ឃឹមឱ្យអ្នកជំនាន់ថ្មី មេដឹកនាំចាស់គួរតែផ្តល់តម្រុយឱ្យអ្នកបន្តវេនបានយល់ដឹងពីបរិបទនយោបាយ ក្នុងនាមខ្លួនជាអ្នកឆ្លងកាត់ធ្លាប់ឆ្លងការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២អាណត្តិ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្លាប់បានចូលរួមប្រកួតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់២លើក កាលពីអាណត្តិទី៤ឆ្នាំ២០១៧ និងអាណត្តិទី៥ឆ្នាំ២០២២ តែមិនទទួលបានតំណែងជាមេឃុំ ឬចៅសង្កាត់ណាមួយទេ។
ក្រៅពីនេះគណបក្សនេះក៏បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២លើកទៅហើយដែរ កាលពីអាណត្តិទី៦ឆ្នាំ២០១៨ និងអាណត្តិទី៧ឆ្នាំ២០២៣។
តាមរយៈលទ្ធផលបឋមសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៧នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបានសំឡេងគាំទ្រជាង ៣៥០០០សំឡេង ស្នើនឹង ០.៤៦ភាគរយ ពោលគឺមិនទួលបានអាសនៈក្នុងសភាទេ៕