ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ.ប.ម.) លោក យ៉េង វីរៈ ប្រកាសថានឹងលាលែងពីតួនាទីត្រឹមចុងឆ្នាំ​នេះ ដើម្បីផ្តល់ឱកាសឱ្យក្រុមយុវជនដឹកនាំបន្ត​ ខណៈការបោះឆ្នោតបួនលើកកន្លងទៅ មិ​​ន​​ទទួលបា​នសំឡេងឆ្នោតគាំទ្រ សម្រាប់តំណែងក្នុងសភា និងមេឃុំ-ចៅសង្កាត់ នៅថ្នាក់មូលដ្ឋាន​ ។

លោក យ៉េង វីរៈ បានបង្ហោះសារលើបណ្តាញសង្គមថ្មីៗនេះថា លោកនឹងផ្ទេរតួនាទីជាប្រធានបក្ស ឱ្យទៅយុវជនដឹកនាំវិញ ក្រោមហេតុផលថា វាសនានៃប្រជាធិបតេយ្យនៅកម្ពុជា អាចដំណើរការបានល្អប្រសើរ គឺអាស្រ័យលើប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ។​

លោកថា៖«ខ្ញុំសូមផ្ទេរការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យជូនអ្នកជំនាន់ក្រោយ ដើម្បីបន្តវេនហើយ»។

Newsroom មិនអាចស្វែងរកការពន្យល់បន្ថែមពីលោក យ៉េង វីរៈ ជុំវិញជំហរនេះបានទេ ដោយទូរសព្ទលោកគ្មានអ្នកទទួល។

ប៉ុន្តែអ្នកនាំពាក្យ គ.ប.ម. លោក សេក សុខា និយាយថា ការសម្រេចរបស់ប្រធានបក្សខ្លួន អាចមានមូលហេតុចម្បងពីរ គឺទី១ដោយសារតែលោក យ៉េង វីរៈ បានបំពេ​ញ​តួនាទីនេះប្រមាណ ៨ឆ្នាំមកហើ​យ ចាប់តាំងពីបង្កើតគណបក្សនេះមក។

មួយវិញទៀតអាចដោយសារប្រធានបក្ស សម្លឹងឃើញពីសមាសភាពយុវជនជំនាន់ក្រោយអា​ចមានលទ្ធភា​​ព​និងសក្តានុពល ដើម្បី​បន្ត​​ការងារនេះពីលោកបាន។

លោកថា៖«គាត់ចង់ឱ្យកម្លាំងយុវជនមកដឹកនាំ។ គាត់សម្លឹង ឬក៏គាត់គិតថាយុវជនក្រោយនឹងអាចឡើងម​ក​​ដឹកនាំជំនួសគាត់បាន»។

យ៉ាង​ណាអ្នកនាំពាក្យរូបនេះ មិនទាន់ទម្លាយឱ្យដឹងថា យុវជនណាមួយជាបេក្ខភាពប្រធានបក្សជំនួសលោ​​ក យ៉េង វីរៈ​ នៅឡើយទេ ដោយថារង់ចាំលទ្ធផលសមាជនៅធ្នូ ឆ្នាំ២០២៣។

លោកអះអាងដែរថា យ៉េង វីរៈ ក៏នៅតែរួមរស់ជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានដដែល។

លោកថា៖«គាត់(លោក យ៉េង វីរៈ) នៅតែនៅជាមួយនិង​ គ.ប.ម.! គាត់មានទៅណា។ យើងនឹងស្នើបេ ក្ខ  ជន(ប្រធានគណបក្ស)! ដល់ពេលយើងធ្វើសមាជយើងបោះឆ្នោតសម្រេច»។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដែលកើតចេញពីក្រុមការងារបណ្តាញ​សង្គមខ្មែរដើម្បីខ្មែរ ដោយមានការគាំទ្រជាប្រជាកសិករនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំ​នួន ហើយមានលោក យ៉េង វីរៈ ជាប្រធាន។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត​ លោក សេក សុជាតិ ចាត់ទុក ការលាឈប់របស់លោក យ៉េង វីរៈ ជា​កា​រទទួលខុសត្រូវ ក្នុងនាមជាមេដឹកនាំដែលមានឆន្ទៈចំពោះជាតិ ហើយមិនស្រលាញ់អំណាច។

លោកថា៖«ជាសញ្ញាណមួយស្ទង់ស្ទាបជាមេដឹកនាំមួយដែ​លមានការទទួលខុសត្រូវ។ ខ្ញុំគិតថាវាជារឿងដែ​​លល្អ ហើយពិតជាមានមោទនភាពចំពោះការសម្រេចចិត្តរបស់គាត់ក្នុងនាមជាមេដឹកនាំ មិនក្តោប​ ឬស្រ​លា​ញ់អំណាចតែឯង»។

លោក​ សុជាតិ យល់ថាជម្រើសរបស់លោក យ៉េង វីរៈ ជាគំរូភាពមួយប្រាប់ទៅមេដឹកនាំបក្សនយោបាយដ​ទៃ​​​ទៀតដែលខ្វះភាពក្លាហាន ចុះចេញពីតំណែង ដើម្បីប្រយោជន៍ជាតិនិងប្រជាធិបតេយ្យ ។

 លោកបញ្ជាក់ថា៖«មេដឹកនាំបក្សនយោបាយនីមួយៗ បើសិនជាគាត់គ្មានភាពក្លាហានសូម្បីតែបរាជ័យម្ត​​ង​​​ហើយម្តងទៀត តែមិនហ៊ានលះបង់ចោលតួនាទីដែលខ្លួនកំពុងតែកាន់កាប់ហ្នឹង គឺជារឿងមួយដែលមិ​នឆ្លុះ​​​​​​បញ្ចាំងពីឆន្ទៈ និងបេះដូងជាអ្នកស្នេហាជាតិពិតប្រាកដ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មើលឃើញថា ការលាលែងពីតួនាទីជាថ្នាក់ដឹកនាំបក្ស​​ប្រជាធិបតេយ្យមូលដ្ឋាននេះ អាចដោយសារតែគាត់បាត់បង់ក្តីសង្ឃឹមលើការទទួលបានការគាំទ្រពីប្រ​ជា​ពលរដ្ឋឱ្យបានប្រសើរឡើងទៅថ្ងៃអនាគត ក្រោយចូលរួមការបោះឆ្នោតជាតិ២អាណត្តិកន្លងទៅនេះមិនសូវមានការគាំទ្រ។

លោកថា៖«បក្សប្រជាធិបតេយ្យមូលដ្ឋាន បើយើងមើលទៅមកដល់ពេលនេះ គឺពួកគាត់មិនសង្ឃឹមថានឹងអាចបានមានភាពប្រសើរឡើងទៅលើការទទួលបានការគាំទ្រពីអ្នកបោះឆ្នោត នេះជារឿងមួយជួនកាលធ្វើឱ្យអ្នកដឹកនាំបាត់បង់នូវក្តីសង្ឃឹមសម្រាប់អនាគតផងដែរ»។

លោកបន្ថែមថា ការផ្ទេរតំណែងឱ្យទៅយុវជនជំនាន់ក្រោយបន្តជាប្រធានបក្សអាចមានភាពល្អប្រសើរ និងមានការគាំទ្រច្រើនពីមហាជនបាន វាលុះត្រាតែអ្នកដឹកនាំថ្មីនោះមានសមត្ថភាព និងយុទ្ធសាស្ត្រទាក់ទាញប្រជាពលរដ្ឋជាង លោក យ៉េង វីរៈ។

ប្រហាក់ប្រហែលនេះដែរ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថា ការផ្តល់ឱកាសឱ្យអ្នកជំនាន់ក្រោយធ្វើជាអ្នកដឹកនាំក្នុងករណីដែលមេដឹកនាំចាស់មិនអាចរកភាពជោគជ័យបា​ន​ គឺជារឿងមួយដ៏ល្អ។

 ប៉ុ​ន្តែ​លោកគិតថា វាត្រូវទាមទារអ្នកដឹកនាំថ្មីមានយុទ្ធសាស្ត្រទាញប្រជាប្រិយភាព និងធ្វើឱ្យប្រជាពលរដ្ឋទុ​ក​ចិត្ត បើពុំដូច្នេះទេលោកគិតថា បក្សនោះកាន់តែបាត់បង់ទំនុកចិត្ត និងមិនបានផ្តល់ក្តីសង្ឃឹមណាមួយដ​ល់អ្នកគាំទ្រថែមទៀត។

លោ​កថា៖«បើអ្នកមកក្រោយពុំមានសក្តានុពលទេ ឬក៏មានកម្លាំងសក្តានុពលប្រហាក់ប្រហែលគា​​ត់ទេ វាមិនអាចផ្តល់ក្តីសង្ឃឹមសម្រាប់អ្នកដើរតាមគណបក្សប្រជាធិបតេយ្យមូលដ្ឋានហ្នឹងទេ»។

បើតាមលោក សុវណ្ណរ៉ា ​ដើម្បីជាការផ្តល់ក្តីសង្ឃឹមឱ្យអ្នកជំនាន់ថ្មី មេដឹកនាំចាស់គួរតែផ្តល់តម្រុយឱ្យអ្នកប​​ន្ត​វេ​​នបានយល់ដឹងពីបរិបទនយោបាយ ក្នុងនាមខ្លួនជាអ្នកឆ្លងកាត់ធ្លាប់ឆ្លងការការបោះឆ្នោតជ្រើសតាំងតំ​ណាងរាស្ត្រ២អាណត្តិ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្លាប់បានចូលរួមប្រកួតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់២លើក កាលពីអាណត្តិទី៤ឆ្នាំ២០១៧ និងអាណត្តិទី៥ឆ្នាំ២០២២ តែមិនទទួលបានតំណែងជាមេឃុំ ឬចៅសង្កាត់ណាមួយទេ។

ក្រៅ​ពីនេះគណបក្សនេះក៏បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២លើកទៅហើយដែរ កាលពីអា​ណត្តិទី៦ឆ្នាំ២០១៨ និងអាណត្តិទី៧ឆ្នាំ២០២៣។

តា​មរយៈលទ្ធផលបឋមសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៧នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានទ​ទួ​​ល​បានសំឡេងគាំទ្រជាង ៣៥០០០សំឡេង ស្នើនឹង ០.៤៦ភាគរយ ពោលគឺមិនទួលបានអាសនៈក្នុងស​ភាទេ៕