សាលាដំបូងខេត្តបន្ទាយមានជ័យ មិនឱ្យសមាជិកគណបក្សភ្លើងទៀន លោក ចៅ វាសនា បាននៅក្រៅឃុំតាមការស្នើសុំរបស់មេធាវីការពារក្តីឡើយដោយ សំអាងលើអង្គហេតុពាក់ព័ន្ធលើការគូសសន្លឹកឆ្នោត និ​ង​ការបង្ហោះរូបភាពបោះឆ្នោត កាលពីថ្ងៃទី២៣ខែកក្កដាថ្មីៗនេះ។ 

លោក ចៅ វាសនា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបោះឆ្នោត បន្ទាប់មកតុលាការខេត្តបន្ទាយមានជ័យ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធពន្នាគារខេត្តនេះ ចោទពីបទ «ញ៉ុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ករណីនេះ តាមរយៈមេធាវី លោក ចៅ វាសនា បានជំទាស់នឹងការចោទប្រកាន់ របស់ចៅក្រសមស៊ើបសួរហើយដាក់ពាក្យប្តឹងសុំនៅក្រៅឃុំ។

ប៉ុន្តែមេធាវី​ ការពារក្តីឱ្យលោក ចៅ វាសនា គឺលោក សំ សុគង់ បានឱ្យដឹងក្រោយចូលតទាំងក្តីនៅថ្ងៃទី៨សីហានេះថា ចៅក្រមបង្គាប់ឱ្យបន្តឃុំខ្លួនកូនក្តីបណ្តោះអាសន្ននៅក្នុងពន្ធនាគារដដែល ដើម្បីរង់ចាំសវនាការសាធារណៈដោយមិនទាន់កំណត់ពេល។

លោកថា៖«ទាក់ទងទៅនឹងការស្នើសុំឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហ្នឹងគឺលោកស្រីចៅក្រមគាត់បានសម្រេចបដិសេធ បានន័យថាគាត់មិនព្រមដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួរភិរិទ្ធ សុំមិនអធិប្បាយស៊ីជម្រៅករណីនេះទេ តែថាឱ្យតែតុលាការចោទមន្ត្រីរបស់ខ្លួនគឺមិនដែលលើកលែងឱ្យនៅក្រៅឃុំនោះឡើយ។ 

លោកថា៖« [] តុលាការរាល់តែដងគេធ្វើអ៊ឹចឹងហើយហ្នឹង! និយាយរួមទៅយើងគ្មានសង្ឈឹមហ្មង ឱ្យតែគេចោទប្រកាន់អីមួយហើយ សុំនៅក្រៅឃុំមិនដែលបាន»។

ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានៅតែបន្តដើរលើស្តង់ដារពីរ​ សម្រាប់ការអនុវត្តលើផ្លួវច្បាប់ និងនយោបាយ។ 

លោកថា៖«ក្នុងបរិបទនៃលំហនយោបាយនាពេលបច្ចុប្បន្ននេះ ឱ្យតែមានការចោទប្រកាន់បែបហ្នឹងហើយដូចជាមិនអាចមានដំណោះស្រាយល្អណាមួយទេ»។

បើតាមលោកមេធាវី សំ សុខគង់ ជុំវិញសំនុំរឿងចោប្រកាន់នេះ លោកបានដាក់ពាក្យបណ្តឹងទាស់ទៅកាន់សាលា​​ឧទ្ធរណ៍រួចរាល់ហើយ ដើម្បីបន្តរកយុត្តិធម៌ឱ្យកូនក្តី។

កន្លងទៅតុលាការខេត្តបន្ទាយមានជ័យធ្លាប់កាត់ទោសលោក ចៅ វាសនា ឱ្យជាប់ពន្ធនាគារម្តងហេីយ ក្រោយគាត់ជាប់ឆ្នោតជាចៅសង្កាត់ប៉ោយប៉ែត អំឡុងនៃការបោះឆ្នោតឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងលំហនយោបាយនៅកម្ពុជា អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិ បាននិយាយក្នុង​​សេចក្តីថ្លែ​​ង​​​កា​រណ៍ ចុះថ្ងៃទី២ខែសីហាឆ្នាំ២០២៣ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០​​២​​២ និងការបោះឆ្នោតសកលទើបបញ្ចប់ទៅថ្មីៗនេះ មិនអាចធានាបានពីសេរី ត្រឹមត្រូវ និងយុ​​ត្តិធ​​ម៌​​​​ទេ ​​ដោយចាត់ទុកជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រឹតត្បឹតលំហនយោបាយ ។

បញ្ហានេះ អង្គការសហប្រជាជាតិ បានទាមទារឱ្យរដ្ឋាភិបាលគោរពតាមសន្ធិសញ្ញាអន្តរជាតិនានា ដោយបើកផ្លូវឱ្យមា​​​នដំណោះស្រាយខាងនយោបាយ និងការគោរពសិទ្ធិមនុស្ស។