សហជីពព្រមានប្តឹងក្រុមហ៊ុនសន្តិសុខ HONESTY general security ទៅតុលាការ បើនៅតែគេចវេះមិនបើកប្រាក់ខែឱ្យបុគ្គលិក រយៈពេលមួយខែកន្លះទៅនេះ ដោយសំអាងថា អ្នកមិនទទួលបានការទូទាត់ប្រាក់ខែទាំងនោះ កំពុងប្រឈមនឹងបញ្ហាជីវភាព ដោយសារពួកគេមានវ័យចំណាស់ និងពិការភាព។
អគ្គលេខាធិការរងនៃសហព័ន្ធសហជីពសេរីកម្មករ លោក សៅ សុខសាន ឱ្យដឹងនៅថ្ងៃចន្ទថា ក្រុមហ៊ុនសន្តិសុខនៅរាជធានីភ្នំពេញមួយឈ្មោះ HONESTY general security មិនបើកប្រាក់ខែឱ្យបុគ្គលិកចំនួន៤នាក់រយៈពេលមួយខែកន្លះហើយ ចាប់ពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី៣០មិថុនា ឆ្នាំ២០២៣។
លោកបន្តថា ក្នុងនោះមានបុគ្គលិក៣នាក់អាយុជិត៧០ឆ្នាំ និងម្នាក់ពិការដៃ ដែលកំពុងខ្វះខាត ក្រោយក្រុមហ៊ុនមិនបើកប្រាក់ខែចំនួន១ខែកន្លះស្នើនឹង ៣០០ដុល្លារក្នុងម្នាក់ៗ។
លោក សុខសាន គូសបញ្ជាក់ថា បញ្ហានេះលោកនឹងដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីឱ្យភាគីក្រុមហ៊ុន ទទួលខុសត្រូវចំពោះមុខច្បាប់។
បន្ថែមពីនេះលោករំឭកថា បុរសទាំង៤នាក់នេះ ធ្លាប់ដាក់បណ្តឹងទៅក្រសួងការងារម្តងរួចមកហើយ កាលពីខែថ្ងៃទី១២ ខែកក្កដាកន្លងទៅ។
ក្រោយមកក្រសួងបានប្រាប់ឱ្យដកពាក្យបណ្តឹងនោះវិញ ដោយអះអាងថា ក្រុមហ៊ុននេះបានបិទ ដូច្នេះមិនអាចស្រាវជ្រាវរកឃើញម្ចាស់ក្រុមហ៊ុនសន្តិសុខខាងលើ ដើម្បីទូទាត់ប្រាក់នោះបានទេ។
យ៉ាងណាលោកថា ក្រុមហ៊ុនសន្តិសុខនោះជាជនជាតិខ្មែរ ហើយក្រុមហ៊ុនកំពុងដំណើរការនៅក្នុងខេត្តសៀមរាបនៅឡើយ។
លោកអះអាងថា៖«បើមិនមានដំណោះស្រាយទេ យើងនឹងប្តឹងទៅតុលាការហើយរឿងហ្នឹង! ព្រោះអីវិវាទហ្នឹងមិនអាចទៅណាផ្សេងក្រៅពីតុលាការទេ»។
លោក លឹម សុខងួន អាយុ៦៧ឆ្នាំ ដែលអះអាងថា ក្រុមហ៊ុនមិនទូទាត់ប្រាក់ខែឱ្យ បាននិយាយថា គាត់ទទូចឱ្យស្ថាប័នរដ្ឋជួយពន្លឿនដំណោះស្រាយ លោកថាគាត់មិនមានថវិកាសងបំណុលគេ ក្រោយក្រុមហ៊ុន មិនបើកលុយឱ្យ។
លោកថា៖«និយាយរួមទៅ គឺសុំទាមទារតែថ្លៃប្រាក់បៀវត្សដែលជាកម្លាំងពលកម្មពួកខ្ញុំដែលបានបម្រើការឱ្យគាត់»។
សន្តិសុខម្នាក់ទៀតអាយុ៦៥ឆ្នាំ គឺលោក ស៊ុន ព្រែក បាននិយាយថា គាត់កំពុងខ្វះខាតលើការចំណាយអាហារប្រចាំថ្ងៃ ហើយចង់ឃើញស្ថាប័នរដ្ឋចាត់វិធានការច្បាប់ លើម្ចាស់ក្រុមហ៊ុន HONESTY general security ដើម្បីកុំឱ្យក្រុមហ៊ុនដទៃទៀតយកគំរូតាម ។
លោកថា៖«បើឃើញចាប់ដាក់គុក កុំឱ្យខូចក្រុមហ៊ុនសន្តិសុខគេដទៃទៀត»។
Newsroom Cambodia មិនអាចរកការឆ្លើយតបពីក្រុមហ៊ុន HONESTY general security ជុំវិញការចោទប្រកាន់នេះបានទេ គិតត្រឹមថ្ងៃអង្គារ ដោយទូរសព្ទមិនអាចទាក់ទងបាន។
ជុំវិញបញ្ហានេះ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមមុខសញ្ញានៃក្រសួងការងារ លោក ទេស រុក្ខាផល បានបញ្ជាក់យ៉ាងខ្លីថា វិវាទនេះ មិនមានបញ្ហាអ្វីនោះទេ ដោយថាក្រុមការងារកំពុងស្វែងរកដំណោះស្រាយ។
លោកថា៖«វិវាទហ្នឹងយើងចាត់ចែងហើយ គ្មានបញ្ហាអ្វីទេ! យើងនឹងចាត់ចែងដោះស្រាយ»។
ចំណែកមន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃក្រសួងមហាផ្ទៃម្នាក់សុំមិនបញ្ចេញឈ្មោះ បានអះអាងថា កំពុងតែចាត់វិធានការលើភាគីក្រុមហ៊ុនតាមនីតិវិធី។
លោកបន្ថែមថា នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នឹងខិតខំឱ្យអស់លទ្ធភាព ដើម្បីរកច្រកចេញនៃវិវាទខាងលើ។
លោកថា៖«ឥឡូវហ្នឹងយើងកំពុងតែមានចំណាត់ការលើក្រុមហ៊ុនសិន យើងហៅក្រុមហ៊ុនមកសាកសួរសិន ហើយបន្ទាប់មកយើងនឹងមាននីតិវិធីបន្តៗទៀត។ យើងនឹងសម្របសម្រួលឱ្យអស់លទ្ធភាព បើសិនជាអត់មានដំណោះស្រាយជាមួយពួកគាត់ទេ យើងនឹងឱ្យគាត់ដាក់ពាក្យបណ្តឹងបន្តទៀត»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា ករណីថៅកែគេចវេសបែបនេះ បានកើតឡើងជាបន្តបន្ទាប់នៅកម្ពុជា ។
តែយ៉ាងណាលោកផ្តល់យោបល់ថា ដើម្បីគ្រប់គ្រងកុំឱ្យមានក្រុមហ៊ុនខិលខូចបង្កបញ្ហាដល់ពលរដ្ឋ រដ្ឋាភិបាលគួរតែត្រួតពិនិត្យលក្ខខណ្ឌ និងកិច្ចសន្យាបើកក្រុមហ៊ុនឱ្យបានច្បាស់លាស់ ទប់ស្កាត់ការបើកក្រុមហ៊ុនខុសច្បាប់ រួមទាំងពង្រឹងវិធានត្រូវពិនិត្យលើការតម្កល់ថវិកានៅស្ថាប័នរដ្ឋ ដើម្បីបម្រុងទុកជូនបុគ្គលិក ក្នុងករណីក្រុមហ៊ុនមានបញ្ហា។
លោកថា៖«ក្រសួង ឬក៏ស្ថាប័នពាក់ព័ន្ធហ្នឹង គួរតែពង្រឹងយុន្ធការនៃការអនុវត្ត និងការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងការរងគ្រោះរបស់ប្រជាពលរដ្ឋ»៕