តំបន់ការពារធនធានធម្មជាតិយ៉ាចហោចណាស់​១៦ ​​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកែប្រែ​ដោយ​ពង្រីក​បន្ថែម និងកាត់បន្ថយទំហំផ្ទៃដីនៃដែនការពារ ដោយអះអាង​ថា ដើម្បី​​ការពារ​តំបន់​ធម្មជាតិទាំងនោះឱ្យមានប្រសិទ្ធភាព។

​យោង​តាម​អនុក្រឹត្យ​​​​ស្តីអំពីការកែប្រែ​តំបន់​ជម្រកសត្វព្រៃ និង​ឧទ្យានជាតិ​ដាច់ដោយ​ឡែក​គ្នា ចេញ​នៅ​ថ្ងៃទី​១៧​​ ខែកក្កដា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​បង្ហោះ​ជាបន្ត​បន្ទាប់​លើ​ទំព័​ហ្វេសប៊ុក​របស់​លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​បង្ហាញ​ថា ​រដ្ឋាភិបាល​សម្រេច​​កែសម្រួល​ទំហំ​​តំបន់ទាំង​នោះ ដោយ​មានការ​ខ្លះ​ពង្រីក ខ្លះ​បង្រួម និង​ខ្លះ​បង្កើត​ថ្មី ដើម្បី​ថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី ជីវៈ​ចម្រុះ រក្សាលំនឹងបរិស្ថាន ​រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង​ការពារ​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

​​​​តំបន់ការពារធម្មជាតិដែលត្រូវពង្រីកផ្ទៃដីបន្ថែមមានដូចជា ឧទ្យានជាតិមុនីវង្ស «បូកគោ» ឧទ្យានជាតិកែប ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឧទ្យានជាតិវីរៈជ័យ ឧទ្យាន​ជាតិ​វើនសៃ-សៀមប៉ាង និង​បង្កើតឧទ្យានជាតិជួរភ្នំក្រវាញដែលមានផ្ទៃដីទំហំ ៩២៦ ១២៣ ហិកតា ជាដើម​។  ចំណែក​ឧទ្យាន​​ជាតិ​ដែល​ត្រូវ​កាត់បន្ថយ​​ទំហំ​មាន​ដូចជា ឧទ្យាន​ជាតិ​បទុម​សាគរ ស្ថិតក្នុងភូមសាស្ត្រខេត្តកោះកុង ត្រូវបានរដ្ឋាភិបាលកាត់បន្ថយផ្ទៃដីទំហំជាង ២៧០០០ ហិកតា ពីផ្ទៃដីទំហំ ១៧១ ២៥០ហិកតា មកនៅត្រឹម ១៤៣ ៨៩៥ ហិកតា និង​ដែន​ជម្រក​សត្វ​ព្រៃពាមក្រសោប ក៏ត្រូវបានកាត់បន្ថយផ្ទៃដីទំហំជាង ៦៧០០ ហិកតាផងដែរ។

ប្រធានផ្នែកកម្មវិធី និង​តស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គីមហុង លើកឡើងថា វាជារឿងល្អដែលរដ្ឋាភិបាលដាក់បន្ថែមនូវផ្ទៃដីក្នុងការការពារ ហើយ​លោកគាំទ្រការដាក់ចេញទាំងនេះ។ ប៉ុន្តែ​លោក​ក៏​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋក្នុងតំបន់ជុំវិញនោះ បើគ្មានការពិភាក្សាគ្រប់ជ្រុងជ្រោយ។

លោកបញ្ជាក់​ថា៖ «កាលណាយើងពង្រីកផ្ទៃដីតំបន់ការពារច្រើនពេក វា​ប៉ះពាល់​​ផ្ទៃដីកសិកម្ម ទីអាស្រ័យផល ឬក៏បង្ករ​ការ​ស្មុគស្មាញ​ដល់​ជនជាតិដើម​ភាគតិច​នៅ​ក្នុង​ការអនុវត្ត​កម្មវិធីប្រពៃណីរបស់ពួកគាត់ក៏ជាការរំខានដែរ។ ក៏ប៉ុន្តែយ៉ាងណាមិញ​សប្បាយចិត្ត​បើសិ​ន​ជាមានការពិគ្រោះគ្រប់ជ្រុងជ្រោយអនុវត្តបានល្អប្រសើរ»។

លោក​ ហេង គីមហុង ក៏ស្នើឱ្យមានការបន្ថែមនូវឧទ្យានុរក្ស និងការ​ចូលរួមពីសហគមន៍​មូលដ្ឋាន​​ដើម្បីអភិរក្សព្រៃទាំងនោះដើម្បីឱ្យការការពារមានប្រសិទ្ធភាព ដោយសារកន្លង​មក​រដ្ឋាភិបាល​មាន​យុទ្ធនាការអន្ទាក់សូន្យ និងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេស ប៉ុន្តែបទល្មើសទាំង​នោះនៅតែមានការកើនឡើង។

ទន្ទឹម​នឹងការសារទរពីការ​ពង្រីក​ទំហំ​ឧទ្យានជាតិ​ លោក ហេង គីមហុង ​ក៏​មានការ​ព្រួយ​បារម្ភ​អំពីការ​បន្ថយ​ទំហំ​ផ្ទៃ​ដី​តំបន់​ការពារ និង​ឧទ្យានជាតិ​ដូចជា​ តំបន់​ឧទ្យានជាតិបទុម​សាគរ​ផង​ដែរ ដោយ​លោក​ថា តំបន់​នោះ​គឺជាផ្នែកមួយយ៉ាងសំខាន់នៃជីវៈចម្រុះ​នៃតំបន់ភ្នំក្រវាញ និង​ជា​ព្រៃដែលមានសត្វធំៗដូចជាពពួកដំរីរស់នៅ។ លោក​ថា ប្រសិនបើកាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ធ្វើការអភិវឌ្ឍ​ដោយមិនមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទេ នោះ​នឹង​បង្ក​ការខាត​បង់​ច្រើន ទាំង​សង្គម និង​ធនធានធម្មជាតិ​។

លោកគីមហុង បន្ថែមថា៖ «ចំនួន​ដ៏ច្រើននៃផ្ទៃដីឧទ្យានជាតិ​បទុមសាគរ​ដែលបានផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ជាពិសេសភាគច្រើននៃ​អ្នក​ដែល​ទទួលបាន​គឺ​ប្រភព​ជិត​ស្និទ្ធ​ជាមួយ​លោក​ឧកញ៉ា លី​ យ៉ុងផាត់ គឺជារឿងមួយដែលយើងឃើញ​ថា​ជាកា​រផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ដោយ​ពុំមានតម្លាភាព ដោយជាទូទៅយើងឃើញថាសាធារណៈជនបានដឹង បានឮនៅពេល​ដែល​មាន​ការឈូសឆាយទៅហើយ ការអភិវឌ្ឍទាំងអស់នោះមិនមាន​ការពិគ្រោះជាមុ​នទាល់​តែ​សោះ​ពីសំណាក់ប្រជាពលរដ្ឋ»។

Newsroom Cambodia មិនអាចសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានឡើយគិតត្រឹមរសៀលថ្ងៃពុធនេះ។

ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​កាត់​ដី​នៅ​តំបន់​ឧទ្យានជាតិ​មួយ​ចំនួន​ឱ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន​ក្រោម​ហេតុ​ផល​ដើម្បី​អភិវឌ្ឍន៍។

កាលពី​ខែ​មិថុនា​ ឆ្នាំ២០២៣​ រដ្ឋាភិបាល​បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​២២១,៩៤​ហិកតា ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ​គិរីរម្យ ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ ​សម្រាប់​ផ្តល់ឱ្យ​ក្រុម​ហ៊ុនវ័ន ម័រ (One More) ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ជឹង សុគន្ធាវី ​ផង​ដែរ។​

កាលពីខែវិច្ឆិកា ​ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ដី​ប្រមាណ​៣០​ហិកតា​ពី​តំបន់​ឧទ្យាន​ជាតិ​កែប​ក្នុង​ខេត្ត​កែប ​ដើម្បី​ផ្តល់​ឱ្យ​ក្រុមហ៊ុន​មួយ​គ្រប់គ្រង​ដោយ​កូនស្រី​របស់​អ្នកស្រី ​ជឹង សុភាព ​ហៅ​យាយភូ ​ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។

នៅខែ​កក្កដា ​ឆ្នាំ​២០២២ ​រដ្ឋាភិបាល​បាន​កាត់​ផ្ទៃដី​ទំហំ​៦៤៩​ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​ឃុំក្តុល​សែនជ័យ ​និងឃុំ​ជៀប​ ស្រុក​ទឹកផុស​ ខេត្ត​កំពង់​ឆ្នាំង ​សម្រាប់​ផ្តល់​ឱ្យ​ក្រុម​ហ៊ុន​វ័ន ហ្វ្រេត​ធើនីធី​ (One Fraternity) ​ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ​ជឹង សុគន្ធាវី ​សម្រាប់​វិនិ​យោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​ធម្មជាតិ។

បន្ថែម​ពី​នេះ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០២២ ​រដ្ឋា​ភិបាល​ក៏​បាន​កាត់​ផ្ទៃ​ដី​ទំហំ​៧០​ហិកតា​ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីម៉ា​ ចំណុច​ទឹកធ្លាក់​ក្បាល​ព្រះ ​ភូមិ​ពូ​ត្រុំ ​សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ​ខេត្ត​មណ្ឌលគិរី​សម្រាប់​ផ្តល់ឱ្យ​ក្រុមហ៊ុន​ One Prosperity ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ​ជឹង សុគន្ធាវី ​ផង​ដែរ៕