ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី កំពុងព្រួយបារម្ភពីការបាត់បង់ព្រៃអាស្រ័យផល ព្រៃកប់សព និងទីតាំងគោរពបូជារបស់ពួកគេ ក្រោយមានវត្តមានក្រុមហ៊ុនអភិវឌ្ឍន៍ និងការផ្តល់សម្បទានដីសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាល ចូលកាន់តែកៀកតំបន់ដែលពួកគេរស់នៅ។
ប្រធានបណ្តាញសហគមន៍ជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភារម្យ បានឱ្យដឹងថា ជនជាតិដើមភាគតិចដែលរស់នៅក្នុងឃុំចំនួន២១ ស្មើនឹង ៩២ភូមិ ក្នុងខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងបញ្ហា ដោយសារមិនអាចអាស្រ័យផលពីព្រៃឈើ និងការធ្វើកសិកម្មដូចពីមុនទៀត ក្រោយរដ្ឋាភិបាលផ្តល់ដីសម្បទានឱ្យទៅក្រុមហ៊ុនមួយចំនួនដាំកៅស៊ូ និងចេកជាដើម ខណៈដែលដីនោះភាគច្រើនពីមុនមកពួកគេកាន់កាប់ និងអាស្រ័យផលពីការបរបាញ់សត្វ ការបេះបន្លែ រួមនិងការផ្សំថ្នាំ។
មិនតែប៉ុណ្ណោះ អ្នកស្រីថា ជនជាតិដើមទាំងនោះ ក៏កំពុងតែប្រឈមនឹងការបាត់បង់ព្រៃបញ្ចុះសព និងទីតាំងសក្ការៈបូជាមួយចំនួន ដូចជា កន្លែងអារក្ស អ្នកតាជាដើម ដែលអ្នកស្រីថា ត្រូវបានគេកំណត់ចូលក្នុងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។
អ្នកស្រី ភ្លឹក ភារម្យ បញ្ជាក់ថា៖ «តាំងពីយូរណាស់ហើយ យើងអត់ដែលបាត់បង់ព្រៃឈើ យើងអត់ដែលបាត់បង់សត្វព្រៃទាំងអស់ហ្នឹងទេ! យើងមានសត្វព្រៃជាច្រើននៅក្បែរយើង តែឥឡូវហ្នឹងនៅពេលដែលមានក្រុមហ៊ុនវិនិយោគផ្សេងៗ យើងបាត់បង់សត្វព្រៃ យើងបាត់បង់ព្រៃឈើ យើងបាត់បង់កន្លែងជំនឿផ្សេងៗ»។
ករណីនេះ អ្នកស្រីថា បានធ្វើឱ្យពលរដ្ឋជនជាតិដើមភាគតិចបច្ចុប្បន្ន មានជីវភាពខ្វះខាតមិនអាចរកចំណូលបានផ្គត់ផ្គង់ការចំណាយ និងហូបចុកគ្រប់គ្រាន់ ខណៈការខ្ចីបំណុលធនាគារចាប់ផ្តើមកើតមាន ខុសកាលពីជិតប៉ុន្មានឆ្នាំមុន។ មួយវិញទៀត អ្នកស្រីថា ពលរដ្ឋមួយចំនួនបង្ខំចិត្តលក់ដីដោយសារតម្រូវការលុយ ខណៈខ្លះទៀតត្រូវបានក្រុមហ៊ុនដកហូតដោយមិនមានសំណងថែមទៀត។
អ្នកស្រីថា៖ «ពីមុនយើងមានចំណូល យើងអត់ដែលជំពាក់ធនាគារទេ បើឥឡូវវិញយើងមានចំណូល យើងប្រឹងដើម្បីសងធនាគារទាំងអស់ហ្នឹង។ បើយើងមានផ្ទះ មានតែផ្ទះទេ យើងអត់មានដី។ ដីទាំងអស់ត្រូវបានវិនិយោគ ដីទាំងអស់ត្រូវបានលក់ចេញ»។
ជនជាតិដើមភាគតិចពូនងដែលរស់នៅភូមិមេមុំរយ៉លើ ឃុំរយ៉ ស្រុកកោះញែក លោក ស្រើម ចូញ បានឱ្យដឹងថា លោកត្រូវបានបាត់បង់ដីធ្លីដែលធ្លាប់កាន់កាប់អាស្រ័យផលប្រមាណ ៥ហិកតា ក្រោយមានវត្តមានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលពី៣ (LASED III) ចូលមកដល់មូលដ្ឋានរបស់លោក ហើយហាមឃាត់មិនឱ្យពលរដ្ឋអាស្រ័យផលបន្លែ ផ្លែឈើដូចកាលពីមុន។
ក្រៅពីការបាត់បង់នេះ លោកបារម្ភថា ការអភិវឌ្ឍនៅតំបន់នោះ អាចបង្កផលប៉ះពាល់ដល់តំបន់ព្រៃអាស្រ័យផល រួមនិងព្រៃអារក្ស អ្នកតា ដែលជនជាតិដើមភាគតិចខិតខំថែរក្សាតាំងពីជំនាន់ដើមមក។
លោកថា៖ «មានផលប៉ះពាល់ច្រើនណាស់នៅក្នុងសហគមន៍ហ្នឹង បើកាលណាអភិវឌ្ឍន៍មក មានន័យថាព្រៃដែលយើងការពារពីបុរុមបុរាណទាំងអស់ហ្នឹង ត្រូវគេឈូសឆាយ កាប់ឆ្ការអស់»។
កាលពីឆ្នាំ២០២១ ក្រសួងរៀបចំដែនដី បានផ្តល់សម្បទានដីសង្គមកិច្ចទំហំ ៦ពាន់ហិកតា ដែលគ្របដណ្តប់លើឃុំរយ៉ និងឃុំសុខសាន្ត ក្នុងខេត្តមណ្ឌលគិរី ឱ្យធនាគារពិភពលោក ដែលជាផ្នែកមួយនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣(LASED III)។
ក្រៅពីនោះ ពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា មានក្រុមហ៊ុនដាំកៅស៊ូ និងដាំចេកថែមទៀត។
តំណាងផ្នែកការពារវប្បធម៌ ប្រពៃណីនៃសហគមន៍ជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី លោក ណាន ដានី បានបង្ហាញពីការសោកស្តាយចំពោះការចូលមកអភិវឌ្ឍន៍ ដោយមិនបានសិក្សាផ្ទាល់ជាមួយសហគមន៍ជនជាតិដើមភាគតិច ដែលនេះលោកថាកំពុងបង្កការព្រួយបារម្ភលើការបាត់បង់តំបន់ជំនឿ និងដីព្រៃផ្សេងៗទៀត ដែលធ្លាប់ផ្តល់ផលប្រយោជន៍ដល់សហគមន៍។ ករណីនេះ លោកស្នើថា រាល់ការអភិវឌ្ឍនៅតំបន់នោះ គួរណាតែបានជួបពិគ្រោះជាមួយសហគមន៍ពីផលប៉ះពាល់ជាមុនសិន។
លោកថា៖ «ក្រុមហ៊ុនមុនការអភិវឌ្ឍអ្វីមួយត្រូវការឆ្លង ឬក៏ការពិគ្រោះគ្នាជាមួយសហគមន៍ជនជាតិដើមសិន»។
នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកថា ជនជាតិដើមភាគតិចជាជនងាយរងគ្រោះដីធ្លី នៅពេលដែលមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជន ឬអ្នកមានអំណាច។ លោកលើកឡើងថា រដ្ឋាភិបាល រួមនិងអាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យនូវផលប៉ះពាល់ និងបញ្ហាប្រឈមឡើងវិញជូនពួកគេ ដើម្បីធានាឱ្យបាននូវការរក្សាវប្បធម៌ ប្រពៃណី និងជំនឿផ្សេងៗឱ្យបានគង់វង្សស្របតាមអនុសញ្ញាស្តីពីជនជាតិដើមភាគតិច។
លោកថា៖ «អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលគួរតែពិនិត្យឡើងវិញផងដែរ ជូនជនជាតិដើមភាគតិចហ្នឹង ដើម្បីធ្វើម៉េចឱ្យគាត់រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ វប្បធម៌ ឬក៏ដីសហគមន៍ ដីកន្លែងជំនឿសាសនា អារក្ស អ្នកតា តំបន់កប់ខ្មោចជាដើមសម្រាប់ពួកគាត់ ដើម្បីកុំឱ្យគាត់បាត់បង់នូវអត្តសញ្ញាណទាំងអស់ហ្នឹង»។
សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម មាត្រា២៦ បានបង្ហាញថាជនជាតិដើមមានសិទ្ធិប្រើប្រាស់ដីធ្លី ដែនដី និងប្រភពធនធានដែលពួកគេមាន ឬកកាន់កាប់ ឬទទួលបានជាប្រពៃណី។ រដ្ឋត្រូវទទួលស្គាល់ និងការពារតាមច្បាប់ចំពោះដីធ្លី ដែនដី និងប្រភពធនធាននានា ដោយការទទួលស្គាល់បែបនេះ ត្រូវប្រព្រឹត្តិទៅដោយការគោរពចំពោះទំនៀមទម្លាប់ ប្រពៃណី និងប្រព័ន្ធកាន់កាប់ដីធ្លីរបស់ជនជាតិដើមពាក់ព័ន្ធ។
ជាការឆ្លើយតប អភិបាលរងខេត្តមណ្ឌលគិរី លោក ចាន់ រតនា បានអះអាងថា ការអភិវឌ្ឍ គឺជារឿងមួយចាំបាច់ចំពោះជនជាតិដើម ដោយការអភិវឌ្ឍចង់មិនចង់ គឺនឹងមានផលប៉ះពាល់ដែរ។ យ៉ាងណាលោកថា នឹងបន្តធ្វើកិច្ចការងារនេះជាមួយសហគមន៍ជនជាតិដើម ដោយថាទោះជាអភិវឌ្ឍន៍ក៏នៅតែអភិរក្សវប្បធម៌ និងប្រពៃណីជូនពួកគេដែរ។
លោកគូសបញ្ជាក់ថា៖ «យើងនឹងធ្វើការងារហ្នឹងជាមួយគាត់បន្តទៀត ហើយនឹងពន្យល់គាត់ ដោយសារថាការអភិវឌ្ឍចំពោះគាត់ក៏មានការចាំបាច់ បើសិនយើងអត់អភិវឌ្ឍន៍ ក៏វាមិនអាចអភិវឌ្ឍន៍ជាមួយគាត់របៀបណា ប៉ុន្តែអភិវឌ្ឍន៍ក៏យើងត្រូវអភិរក្សជូនគាត់ដែរ ឱ្យដើរទន្ទឹមគ្នា យើងមិនឱ្យមានបញ្ហាទេ។ អភិវឌ្ឍន៍មានន័យថាការកែច្នៃ តែកែច្នៃវាត្រូវប៉ះពាល់ទម្រង់ទ្រង់ទ្រាយដើមអ៊ឹចឹងហើយ»។
ត្រឡប់មកប្រធានបណ្តាញសហគមន៍ជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភារម្យ បានស្នើឱ្យរដ្ឋាភិបាលពន្លឿនការកាត់ដីសមូសភាពឱ្យទៅជនជាតិដើមភាគតិចដែលធ្លាប់ប្រើប្រាស់ និងអាស្រ័យផលជាច្រើនជំនាន់មកហើយ។ មួយវិញទៀត អ្នកស្រីចឹងឱ្យទប់ស្កាត់ការអភិវឌ្ឍលើដីព្រៃជំនឿរបស់ជនជាតិដើម ដោយអះអាងថាមិនប្រឆាំងនឹងការអភិវឌ្ឍទេ ប៉ុន្តែបារម្ភពីផលប៉ះពាល់ដល់ការរស់នៅ និងជំនឿរបស់ពួកគេ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តឱ្យក្រុមហ៊ុនចូលវិនិយោគនៅតំបន់នោះ។
អ្នកស្រីបារម្ភថា៖«បើសិនជារាជរដ្ឋាភិបាលនៅតែបើកឱ្យក្រុមហ៊ុនចូលមក ធ្វើឱ្យជនជាតិពួកយើងបាត់បង់ទាំងអស់ហ្នឹង ដីព្រៃអារក្សអ្នកតា ហើយពួកយើងអត់មានឱកាសជួបជុំគ្នា ដើម្បីថែរក្សាប្រពៃណីវប្បធម៌របស់ពួកយើង។ យើងមិនបានប្រឆាំងក្នុងការអភិវឌ្ឍទេ ហើយក៏យើងមិនចង់ឱ្យរដ្ឋាភិបាលអភិវឌ្ឍន៍ជ្រុលពេកដែរ ដែលធ្វើឱ្យជនជាតិដើមភាគតិចក្លាយជាខ្ញុំកញ្ជះ ឬក៏ឱ្យជនជាតិដើមភាគតិចអស់ដីអស់ធ្លីដែរ»។
អ្នកស្រីបានបញ្ជាក់ថា នៅខេត្តមណ្ឌលគិរី មានជនជាតិដើមភាគតិច ពូនងក្រោល ទំពួន និងចារ៉ាយជាដើម ដែលកំពុងរស់ចម្រុះគ្នាក្នុងភូមិចំនួន៩២ ឃុំចំនួន២១ និងស្រុកចំនួន៥៕