មន្រ្តីការពារសិទ្ធិខ្មែរកម្ពុជាក្រោម បង្ហាញការខកចិត្ត ក្រោយពេលអាជ្ញាធរហាមឃាត់ការជួបជុំមនុស្សចំនួន ១៥នាក់ ដែលគ្រោងយកញតិ្ដដាក់នៅតាមស្ថានទូតប្រទេសលោកសេរី ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យប្រទេសទាំងនោះជួយជំរុញទៅរដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរកម្ពុជាក្រោម ៤នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍លោកបណ្ឌិត សឺន ជុំជួន ប្រាប់ Newroom Cambodia នៅថ្ងៃសុក្រនេះថា ការដាក់ញាត្តិនេះ ក្នុងគោលបំណងរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសបណ្តាប្រទេសលោកសេរី ដើម្បីជំរុញឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនការពារសិទ្ធិខ្មែរក្រោម ៤នាក់ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ។
លោកឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញបដិសេធសកម្មភាពជួបជុំគ្នានេះ បន្ទាប់ពីមានកិច្ចប្រជុំមួយ ចូលរួមដោយអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ជាមួយមន្រ្តីនៃសមាគមខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
លោកចាត់ទុកការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបដិសេធសំណើរក្នុងការជួបជុំគ្នានេះ ថាជាការរំលោភសិទ្ធិមនុស្សដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់កំពូល។
លោកបន្តថា៖ «អាចទាក់ទងគេហៅថា រឹតត្បិតសេរីភាព[ពលរដ្ឋខ្មែរកម្ពុជាក្រោម] កន្លងមកយើងធ្លាប់ធ្វើដែរ ប៉ុន្តែមិនធ្លាប់មានការបិទសិទ្ធិសេរីភាពបែបនេះទេ នេះជាលើកដំបូង ការជួបជុំលើកនេះ ប៉ុន្តែត្រូវបានការរារាំង»។
បើតាមលោក សឺន ជុំជួន គម្រោងដង្ហែញត្តិនេះ មានអ្នកចូលរួមចំនួន១៥អង្គ/នាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ហើយញត្តិនឹងយកទៅដាក់នៅតាមស្ថានទូតនានា និងអង្គការអន្តរជាតិមួយចំនួនទៀត។
យ៉ាងណាក្តី លោកឱ្យដឹងថា ក្រោយការហាមឃាត់នេះ សមាគមខ្មែរកម្ពុជាក្រោមនឹងបន្តយកញត្តិដាក់នៅតាមបណ្តាស្ថានទូតប្រទេសប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញដដែល ប៉ុន្តែមិនមានការជួបជុំមនុស្សច្រើននោះទេ។
លោកបន្តថា៖ «យើងនៅតែមានវិធីសាសាស្រ្តធ្វើផ្សេងទៀតយើងនឹងពិនិត្រមើលបន្ថែមទៀត ថាតើយើងគួរតែធ្វើដោយរបៀបណា យើងនៅតែធ្វើ យើងមិនបោះបង់ចោលទេ»។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នគរបាលវៀតណាម បានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមចំនួន៩នាក់ ព្រមៗគ្នាដើម្បីសួរចម្លើយ ក្រោយពេលពួកគេធ្វើសកម្មភាពផ្សព្វផ្សាយពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម និងឯកសារស្តីពី «សិទ្ធិជនជាតិដើម» របស់អង្គការសហប្រជាជាតិ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងនៅតាមមូលដ្ឋានរបស់ខ្លួន។
ក្នុងថ្ងៃដដែលនោះ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៣នាក់ រួមមាន លោក យ័ញ ម៉ិញក្វាង រស់នៅខេត្តឃ្លាំង និងលោក ថាច់ កឿង លោកតោ ហ្វាងចឿង រស់នៅខេត្តព្រះត្រពាំង ត្រូវបានចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។
លុះមកដល់នៅថ្ងៃទី៣ ខែសីហា សកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត គឺអ្នកស្រី ឌិន ធីហ្វិន រស់នៅខេត្តឃ្លាំង ដែលត្រូវអាជ្ញាធរនាំខ្លួនទៅសួរចម្លើយដែរនោះ ត្រូវរងការចោទប្រកាន់ពីបទ «មិនអនុវត្តតាមសាលក្រមរបស់តុលាការ» ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានបដិសេដឆ្លើយតបជុំវិញករណីដាក់ញត្តិរបស់សមាគមខ្មែរកម្ពុជាក្រោម ដោយលោកប្រាប់ឱ្យសាកសួរព័ត៌មានបន្ថែមទៅកាន់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញវិញ។
លោកថា៖ «ខ្ញុំអត់មែនអ្នកនាំពាក្យទេ! សូមទាក់ទងទៅអ្នកនាំពាក្យ»។
ចំណែកអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក មេត មាសភក្តី មិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃនេះ ដោយលោកមិនទទួលទូរសព្ទ។
យ៉ាងនេះក្តី បើតាមកំណត់ហេតុប្រជុំ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដែល Newsroom Cambodia ទទួលបាន បញ្ជាក់ថា ការហាមឃាត់ការជួបជុំរបស់សមាគមខ្មែរកម្ពុជាក្រោម ក្រោមហេតុផល ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងខុសពីលក្ខន្តិកៈ របស់សមាគមការពារសិទ្ធិខ្មែរក្រោមមួយនេះ ដែលតម្កល់នៅក្រសួងមហាផ្ទៃត្រង់ប្រការ៤ ប្រការ៥ ប្រការ៧ និងប្រការ៨។
មួយវិញទៀត ក្នុងកំណត់ហេតុដដែល បន្ថែមថា គម្រោងយកញតិ្ដដាក់នៅតាមបណ្តាស្ថានទូតរបស់សមាគមខ្មែរក្រោមនេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមិនអនុញ្ញាតិឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋជាសមាជិកអាស៊ានណាមួយឡើយ។
បន្ថែមលើនេះប្រភពដដែល បានសរសេរថា អាជ្ញាធរនឹងចាត់វិធានការច្បាប់ ដោយឥតលើកលែងចំពោះម្ចាស់សំណើរ ដែលនៅតែធ្វើសកម្មភាពល្មើសបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសម្រេចមិនឱ្យមានការជួបជុំគ្នានេះ។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ចាត់ទុកថា ការដែលអាជ្ញាធរមិនអនុញ្ញាតិឱ្យពលរដ្ឋខ្មែរក្រោមជួបជុំគ្នានេះ ជារឿងខុសឆ្គង ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្ថែមថា ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជា គឺជាពលរដ្ឋខ្មែរស្របច្បាប់ដែលមានសិទ្ធិក្នុងការជួបជុំ ការប្រមូលផ្តុំ និងការដាក់ញត្តិ ជាដើម ដូចទៅនឹងពលរដ្ឋទូទៅដែរ។
លោកបន្តថា៖ «យើងគិតថា វាផ្ទុយនឹងអាស៊ាន ផ្ទុយនឹងរដ្ឋធម្មនុញ្ញ អាហ្នឹងវាទាល់តែការងារដែលធ្វើហ្នឹង គឺរដ្ឋាភិបាលជ្រៀតជ្រែកឬក៏លូកលាន់ ទៅលើប្រទេសមួយទៀត។ ប៉ុន្តែនេះបើពលរដ្ឋ [ដាក់ញត្តិ] ជាសិទ្ធិរបស់គាត់ទេ មិនមែនក្នុងនាមរដ្ឋាភិបាល។ បើរដ្ឋាភិបាលអាហ្នឹង ពាក់ព័ន្ធធម្មនុញ្ញអាស៊ាន ទាក់ទងនឹងក្របខណ្ឌអាស៊ានអីផ្សេងៗ តែនេះពលរដ្ឋ សិទ្ធិរបស់ពលរដ្ឋតាមបណ្តាប្រទេសមួយៗ»។
រដ្ឋធម្មនុញ្ញ មាត្រា៣១ ចែងថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ចំណែក មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ទឹកដីកម្ពុជាក្រោម មានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្តដែលខ្មែរក្រោមចាត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
ដែនដីកម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូសាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរក្រោមរស់នៅប្រមាណជាង ៧លាននាក់ ប៉ុន្តែរដ្ឋាភិបាលវៀតណាមថាខ្មែរក្រោមមាន ១លាន៣សែននាក់៕