កសិករមួយចំនួន នៅតែបង្ហាញក្តីបារម្ភពីតម្លៃស្រូវចុះថោកនារដូវប្រមូលផលខាងមុខ បើទោះមន្ត្រីសំអាងថារដ្ឋាភិបាលអាណត្តិថ្មី នឹងពង្រាយមន្ត្រីជំនាញទៅតាមមូលដ្ឋាន និងទម្លាក់លុយ១០០លានដុល្លារ ដើម្បីផ្គត់ផ្គង់វិស័យកសិកម្មក្តី។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននិយាយថា រដ្ឋាភិបាលថ្មីអាណត្តិទី៧ ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត គ្រោងទម្លាក់ថវិកាចំនួន១០០លានដុល្លារ ដើម្បីលើកស្ទួយវិស័យកសិកម្ម។
លោកបន្ថែមថា រដ្ឋាភិបាលថ្មី ក៏នឹងបញ្ជូនអ្នកជំនាញកសិកម្ម ទៅប្រឹក្សាដល់កសិករយ៉ាងតិចម្នាក់ក្នុងមួយឃុំ-សង្កាត់ នៅទូទាំងប្រទេស។
លោកថា៖«យើងទម្លាក់លុយ១០០លានដុល្លារ សម្រាប់វិស័យកសិកម្ម ដើម្បីលើកតម្កើងជីវភាពកសិករ និងផលិតផលកសិកម្មទី១។បន្ថែមពីទម្លាក់លុយទៅហ្នឹងគឺយើងទម្លាក់មន្ត្រីជំនាញកសិកម្មយ៉ាងហោចណាស់ម្នាក់នៅតាមឃុំនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាទីប្រឹក្សាដល់កសិករក្នុងការដាំដុះ»។
Newsroom Cambodia មិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហានេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល ។
អនុប្រធានសហគមន៍មួយនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង អ្នកស្រី ឡាយ សុខុម និយាយថា គាត់នៅតែបារម្ភពីតម្លៃស្រូវធ្លាក់ចុះនារដូវប្រមូលផលខាងមុខ ដូចឆ្នាំកន្លងទៅ ដោយថាបើមើលទៅលលើកញ្ចប់ថវិកាទម្លាក់សម្រាប់ទ្រទ្រង់វិស័យកសិកម្ម ដែលមន្ត្រីអះអាង ប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅដែរ។
អ្នកស្រីឱ្យដឹងដែរថា តម្លៃស្រូវកាលពីឆ្នាំ២០២២ មានតម្លៃថោក ពោលគឺត្រឹមតែ ៨០០រៀលក្នុងមួយគីឡូក្រាម ក្រោយពីប្រមូលផលរួច។
អ្នកស្រីយល់ថា៖«លុយវាស្មើតែគ្នា បើធ្វើដូចឆ្នាំមុន វាថោកដូចតែមុនហ្នឹង។ បើទម្លាក់នៅតែដដែល វាគ្មានប្រសើរឡើងទេ ទាល់តែដំឡើង[លុយ]បន្តិចទៀតបានវាឡើងថ្លៃគួរសម »។
អ្នកស្រីបន្តថា បញ្ហាស្រូវចុះថោក ធ្វើឱ្យអ្នកផលិតស្រូវជាងពាក់កណ្តាលបោះបង់មុខរបរ ក្នុងចំណោមអ្នកផលិតស្រូវជាង៣០០គ្រួសារក្នុងសហគមន៍។
តំណាងសហគន៍រូបនេះ បានគូសបញ្ជាក់ថាមូលហេតុចម្បងដែលជំរុញឱ្យពួកគាត់បោះបង់មុខរបរផលិតស្រូវ ដោយសារតម្លៃស្រូវធ្លាក់ចុះ ប៉ុន្តែតម្លៃជី ថ្នាំសម្លាប់សត្វល្អិត និងតម្រូវការចាំបាច់ផ្សេងៗទៀត បន្តហក់ឡើងថ្លៃជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
បញ្ហានេះ អ្នកស្រី សុខុម ចង់ឃើញរដ្ឋាភិបាលថ្មី ជួយបង្កើនតម្លៃស្រូវឱ្យបានសមរម្យ ក៏ដូចសម្រួលតម្លៃជី និងសម្ភារៈផ្សេងៗទៀត ដើម្បីជាការលើកទឹកចិត្តប្រជាកសិករ។
អ្នកស្រីថា៖«ឱ្យគាត់(រដ្ឋាភិបាល)ជួយមានកន្លែងទិញឱ្យត្រឹមត្រូវ ឱ្យតម្លៃស្រូវឡើងថ្លៃគួរសម ឱ្យកសិករបានមានកម្លាំងធ្វើអីទៀតផង ហើយជីកុំឱ្យឡើយថ្លៃពេក ឡើងតែល្មមបានហើយ»។
កសិករនៅខេត្តស្វាយរៀង អ្នកស្រី អ៊ុង សាវី ចង់ឃើញរដ្ឋាភិបាលថ្មី ដោះស្រាយបញ្ហានេះដោយថាពួកគាត់ភាគច្រើនខ្ចីបំណុលធនាគារ ដើម្បីយកប្រាក់មកទ្រទ្រង់មុខរបរផលិតស្រូវនេះ។
អ្នកស្រីថា៖«ស្រូវនៅតែមានតម្លៃធ្លាក់ចុះអ៊ឹចឹងវេទនាមែនទែនអ្នកជំពាក់ធនាគារកាន់តែដុនដាបទៅៗហើយ»។
អ្នកជំនាញកសិកម្មលោកបណ្ឌិត យ៉ង សាំងកុមារ ធ្លាប់លើកឡើងកាលខែវិច្ឆិកាឆ្នាំ២០២២មុនគាត់ចូលរួមជីវភាពនយោបាយជាបក្សកាន់អំណាចថា បញ្ហាស្រូវធ្លាក់ថ្លៃ នៅរដូវប្រមូលផលជារៀងរាល់ឆ្នាំ មកពីកង្វះកន្លែងសម្ងួត បញ្ហារោងម៉ាស៊ីនខ្វះទុន ដើម្បីទិញស្រូវស្តុកទុក រួមទាំងការសម្រុកលក់របស់កសិករ ដើម្បីយកលុយមកដោះស្រាយបញ្ហាជីវភាព។
មួយវិញទៀតលោកថា រដ្ឋាភិបាល និងវិស័យឯកជន បានដោះស្រាយបញ្ហានេះបានតិចតួចនៅឡើយ រួមទាំងទំហំថវិកាប្រើប្រាស់ដែលរដ្ឋាភិបាលទម្លាក់ឱ្យមិនដល់ ១០០លានដុល្លារក្នុងមួយឆ្នាំ ខណៈតម្រូវការទុន ដើម្បីដោះស្រាយវិបត្តិទីផ្សារកសិផល អាចមានទំហំ៥០០លានដុល្លារក្នុង១ឆ្នាំ។
លោកថា ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋត្រូវពង្រីកសមត្ថភាពរោងម៉ាស៊ីនកិនស្រូវ ទាំងកន្លែងស្តុក ទីតាំងសម្ងួត និងផ្ដល់ទុនគ្រប់គ្រាន់ដល់រោងម៉ាស៊ីន និងសហគមន៍ ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ពង្រាយអ្នកជំនាញកសិកម្មនៅតាមបណ្តាមូលដ្ឋានមិនអាចដោះស្រាយវិបត្តិទីផ្សារកសិផលបានទេ ប្រសិនបើអ្នកជំនាញនោះប្រើប្រាស់ត្រឹមទ្រឹស្តី ។
លោកថា៖«ការបញ្ជូនមន្ត្រីកសិកម្មទៅកាន់តាមឃុំនីមួយៗវាគ្រាន់តែជាដំណោះស្រាយមួយទេ ក៏ប៉ុន្តែរឿងដែលសំខាន់បំផុតនោះវាទាល់តែយើងធ្វើដូចនៅថៃ នៅវៀតណាម ដែលយកមន្ត្រីកសិកម្មជំនាញយកទៅបណ្តុះ ជួយគាំទ្រគាត់ ឱ្យគាត់អាចបង្កើតកសិដ្ឋាននៅតាមមូលដ្ឋានមួយៗ»។
បើតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ រដ្ឋាភិបាលមានចក្ខុវិស័យធ្វើទំនើបកម្មវិស័យកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បង្កើនប្រាក់ចំណូលដល់កសិករ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដើម្បីប្រែក្លាយវិស័យនេះជាកសិកម្មវ័យឆ្លាតបែបច្ចេកវិទ្យាថ្មី ធានាដំណាំដែលមានសក្ដានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ជាដើម។
ដោយឡែក កិច្ចព្រមព្រៀង FTA បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលកិច្ចព្រមព្រៀងនេះបានបើកផ្លូវឱ្យកម្ពុជានាំផលិតផល៣៤០មុខទៅលក់នៅប្រទេសចិន ទាំងទម្លាយរបាំងពន្ធអាករ ឬមិនយកពន្ធពីប្រទេសនាំចូល ដែលក្នុងនោះមានទាំងវិស័យស្រូវអង្ករ។
ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកផលិតស្រូវខ្លះ នៅខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តព្រៃវែងជាដើម បានត្អូញត្អែរថា ឱ្យតែដល់រដូវប្រមូលផលឈ្មួញបានកំណត់ថ្លៃស្រូវពួកគេក្នុងតម្លៃទាប ធ្វើឱ្យពួកគេខាតបង់និងខ្លះលក់ដីស្រែដើម្បីសងបំណុលធានាគារ និងខ្លះចំណាកស្រុកទាំងប្រឈមនឹងគ្រោះថ្នាក់ ដេីម្បីរកប្រាក់ដោះបំណុល ៕