មន្ត្រីនិយាយថាការយឺតយ៉ាវជិត២ខែក្នុងការប្រគល់កុំព្យូទ័រឱ្យវិញទៅអតីតមេដឹកនាំខ្មែរក្រហមវ័យជរាលោក ខៀវ សំផន តាមការទាមទាររបស់មេធាវី ដើម្បីបានបញ្ចប់សៀវភៅជិត១០ឆ្នាំក្នុងពន្ធនាគារសាលាក្តីខ្មែរក្រហមនោះ ដោយសារក្រសួងជាប់មមាញឹកក្រោយបោះឆ្នោត ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានឱ្យដឹងនៅថ្ងៃទី១៧សីហានេះថា មន្ត្រីជំនាញបានពិនិត្យសំណើនេះរួចហើយ។
ប៉ុន្តែថា បញ្ហាយឺតយ៉ាវទំនងដោយសារភាពមមាញឹកក្រោយការបោះឆ្នោត និងបញ្ហាមួយទៀតគឺក្រសួងរវល់រៀបចំកន្លែងធ្វើការថ្មី ទើបសាងសង់ហើយ។
លោកថា៖«សូមលោកមេធាវីគាត់ជួយសួរទៅខាងក្រសួងម្តងទៀត ក្រើនរម្លឹកការងារហ្នឹង ព្រោះខាងអគ្គស្នងការគេបានលើកយោបល់រួចហើយ។ ខាងអគ្គស្នងការគេវាយតម្លៃហើយជូនយោបល់មកក្រសួងហើយ ប៉ុន្តែដោយសារប្រហែលខាងអគ្គលេខាធិការដ្ឋានគាត់មមាញឹក »។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យដឹងដែរថា ក្រសួងមិនជំនាស់ការស្នើរបស់មេធាវីជនជាប់ចោទ ខៀវ សំផន ទេ ដោយថា កុំព្យូទរ័នោះ មានលក្ខណៈជាអង្គលីលេខ មិនមែនជាកុំព្យូទ័រប្រភេទអាចផ្ទុកឯកសារឆ្លងឆ្លើយបាននោះទេ ។
លោកថា៖«លោក(លោក ស ខេង)មិនទាន់ជំទាស់ទេមើលទៅ! គ្រាន់តែកុំព្យូទ័រហ្នឹង កុំព្យូទ័រគ្រាន់តែវាយដូចអង្គលីលេខអ៊ឹចឹង។ យកទៅវាយអីហ្នឹងបានតើជាអង្គលីលេខ កុំឱ្យតែកុំព្យូទ័រទាក់ទងមានអីណា server មានអីណាផ្ទុកអីណា អត់មានទេ»។
ការអះអាងនេះ ក្រោយមេធាវីការពារក្តីលោក ខៀវ សំផន គឺលោក គង់ សំអុន បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយស្នើសុំកុំព្យូទ័រឱ្យកូនក្តីបានប្រើឡើងវិញ ដើម្បីបញ្ចប់សៀវភៅមួយក្បាល កម្រាស់រាប់រយទំព័រនៅក្នុងពន្ធនាគារ។
លោកបញ្ជាក់ថា ការស្នើនេះ ដោយសារកុំព្យូទ័រដែលកូនក្តីកាត់ធ្លាប់ប្រើជាង១០ឆ្នាំ ត្រូវបានតុលាការខេត្តកណ្តាលដកហូតនៅពេល លោក ខៀវ សំផន ត្រូវបញ្ចូនចេញពីកន្លែងឃុំខ្លួននៅសាលាក្តីខ្មែរក្រហម ទៅកាន់ពន្ធនាគារខេត្តកណ្តាលវិញ។
លោកឱ្យដឹងដែរថា មុនដាក់សំណើទៅក្រសួងមហាផ្ទៃ លោកក៏បានដាក់សំណើរទៅប្រធានពន្ធនាគារខេត្តកណ្តាល លោក ឯម និមល និងរាយការណ៍ទៅសាលាក្តីខ្មែរក្រហមដែរ ។ ប៉ុន្តែថា ភាគីទាំង២ បង្វែរឱ្យទៅក្រសួងមហាផ្ទៃ ។
បើតាម លោក គង់ សំអុន ជាង២មកនេះ លោក មិនទទួលបានព័ត៌មានពីមន្ត្រី ជុំវិញសំណើរ សុំកុំព្យូទ័រត្រឡប់មកវិញ សម្រាប់ឱ្យកូនក្តីបានបញ្ចប់សៀវភៅនេះនៅឡើយទេ។
លោកថា៖«រដ្ឋាភិបាលអត់ទាន់ចេញលិខិតឆ្លើយតបមកខ្ញុំវិញទេ ឬក៏ប្រាប់ថាអត់ឱ្យដោយសារអីទេ អត់មានទេ»។
លោកបង្ហើបដែរថា សៀវភៅដែលកូនក្តី កំពុងសរសេរមានពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រក្នុងនាមជាអ្នកនយោបាយជើងចាស់ ។ ប៉ុន្តែនៅត្រង់ខ្លឹមសារជាក់លាក់យ៉ាងណានោះលោកមិនអាចបញ្ជាក់បាននៅឡើយ ។
លោកថា៖«វាសំខាន់មួយគឺបញ្ចេញទស្សនៈរបស់គាត់។ គាត់ចង់បង្ហាញពីអ្វីដែលគាត់យល់ថា ដែលគាត់ចង់និយាយថា វាការពារផលប្រយោជន៍របស់គាត់ ការពារខ្លួនគាត់អ៊ឹចឹងទៅ»។
យ៉ាងណាលោកអះអាងថា នឹងបន្តជំរុញករណីនេះ ក្រោយមានការបញ្ជាក់ពី លោក នុត សវនា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកថា សំណេររបស់លោក ខៀវ សំផន អាចជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការទប់ស្កាត់កុំឱ្យកម្ពុជាដើរជាន់ដានប្រវត្តិសាស្ត្រធ្លាក់ក្នុងភ្លើងសង្គ្រាមជាបន្តទៀត។
លោកថា៖«អ៊ឹចឹងក្នុងករណីនេះខ្ញុំយល់ថាគួរតែមានការពិនិត្យ និងផ្តល់លទ្ធភាពឱ្យទៅគាត់ ពីព្រោះធម្មតាគាត់ជាអ្នកនយោបាយមួយរូប ហើយអ្វីដែលជាការសរសេរ ការលើកឡើងអំពីរឿងពិត រឿងត្រឹមត្រូវ កើតឡើងនាពេលកន្លងមកហ្នឹង អាចធ្វើជាការសិក្សាទៅដល់អ្នកជំនាន់ក្រោយ ឬក៏អ្នកនយោបាយជំនាន់ក្រោយ ដើម្បីយកមកធ្វើការរៀនសូត្រដែរ»។
លោក ខៀវ សំផន ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ហើយត្រូវឃុំខ្លួននៅសាលាក្តីខ្មែរក្រហមអស់រយៈពេលប្រមាណ ១៥ឆ្នាំ។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ខៀវ សំផន ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារខេត្តកណ្តាលវិញ ដោយសារទីតាំងអតីតសាលាក្តីខ្មែរក្រហមត្រូវបានផ្ទេរឱ្យទៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក។
កាលពីខែកញ្ញា ឆ្នាំ២០២២ អតីតមេដឹកនាំសម័យខ្មែរក្រហមវ័យ ៩២ឆ្នាំ លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសាលាក្តីខ្មែរក្រហម ផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍សម្លាប់រង្គាលក្រុមជនជាតិវៀតណាមនិងចាម ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ និងអំពើមនុស្សឃាត។
ចាប់តាំងពីការបង្កើតសាលាក្តីខ្មែរក្រហមក្នុងឆ្នាំ២០០៦តុលាការកូនកាត់មួយនេះបានកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួនបីរូប គឺមានលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង និងមេដឹកនាំលោក នួន ជា ដែលបានស្លាប់។
ក្រៅពីនោះ ក៏មានអតីតមេដឹកនាំផ្សេងទៀត ដូចជាអ្នកស្រី អៀង ធីរិទ្ធ និងលោក អៀង សារី បានស្លាប់ ក្នុងអំឡុងពេលដំណើរសវនាការរបស់តុលាការខ្មែរក្រហមផងដែរ។