ក្រុមអ្នកជំនាញទាមទារទៅរដ្ឋាភិបាលឱ្យបង្កើនថ្ងៃឈប់សម្រាក៦ខែសម្រាប់ស្រ្តីក្រោយសម្រាលកូន ដើម្បីស្រោចស្រង់សុខភាពទារកក្រោយពីរកឃើញថា ការឈប់សម្រាកត្រឹម៣ខែដូចបច្ចុប្បន្ន ជាបញ្ហាចម្បងមួយទាញទម្លាក់យ៉ាងគំហុកលើជម្រើសបំបៅកូនដោយទឹកដោះម្តាយ ។
របាយការណ៍របស់មូលនិធិកុមារនៃអង្គការសហប្រជាជាតិ(UNICEF)និងអង្គការទស្សនៈពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ បានបង្ហាញការព្រួយបារម្ភ លើការធ្លាក់ចុះនៃអត្រាបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា។
ពួកគេថាបញ្ហានេះបានធ្លាក់យ៉ាងគំហុក ដូចទៅនឹងការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលបានបានរកឃើញថា ការការបំបៅកូនដោយទឹកដោះម្តាយភ្លាមៗក្នុងអំឡុង ១ម៉ោងដំបូងក្រោយសម្រាលបានថយចុះពី៦៦ភាគរយ មក៥៤ភាគរយ។
ចំណែកការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់ទារកនៅក្នុងរយៈពេល ៦ ខែដំបូងនៃជីវិត ថយចុះពី ៧៤ភាគរយ មក ៥០ភាគរយ ដែលថា បានបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំងសម្រាប់កម្ពុជា។
ប្រភពនោះបញ្ជាក់ថា កត្តាដែលអាចរួមចំណែកនាំឱ្យអត្រាបំបៅកូនដោយទឹកដោះម្តាយ មានការថយចុះដោយសារការបន្តផ្សព្វផ្សាយយ៉ាងគំហុកនៃផលិតផលម្សៅទឹកដោះគោ កង្វះការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ និងកង្វះការគាំទ្រ ដល់ស្ត្រីដែលកំពុងបំបៅដោះកូន ពេលដែលពួកគេវិលចូលធ្វើការវិញក្រោយសម្រាក៣ខែ។
វេជ្ជបណ្ឌិតឯកទេសសុខភាពសាធារណៈ លោក គួច ម៉េងលី បានឱ្យដឹងថា ការដែលកុមារ ឬទារកមិនទទួលបានការបំបៅដោយទឹកដោះម្តាយគ្រប់គ្រាន់ នឹងធ្វើឱ្យពួកគេមានប្រព័ន្ធការពារខ្សោយ សុខភាពមិនរឹងមាំ និងជីវជាតិលូតលាស់មិនគ្រប់គ្រាន់។
លោកថា៖«បើសិនជាកូនមិនសូវបានបៅទឹកដោះម្តាយទេ ប្រព័ន្ធការពារគាត់ខ្សោយ ហើយជាទូទៅបើមិនបានបៅទឹកដោះម្តាយទេ ធ្វើឱ្យគាត់ឧស្សាហ៍ឈឺច្រើន»។
បើតាមការប៉ាន់ប្រមាណជាសកល គេអាចសង្គ្រោះជីវិតកុមារប្រមាណ ៨២0.000នាក់ជារៀងរាល់ឆ្នាំ ប្រសិនបើការបំបៅកូនដោយទឹកដោះម្តាយមានការកើនឡើងរហូតដល់កៀកនឹងកម្រិតសកល។
ការបំបៅកូនដោយទឹកដោះម្តាយ ក៏ជួយដល់ការរៀនសូត្ររបស់កុមារ បង្ការភាពធាត់ជ្រុល និងជំងឺរ៉ាំរ៉ៃ នៅពេលដែលកុមារកាន់តែចម្រើនវ័យនៅក្នុងជីវិតដែរ។
រីឯក្រសួងសុខាភិបាលកាលពីឆ្នាំ២០២០ធ្លាប់បានបញ្ជាក់ថា ការបំបៅទឹកដោះម្ដាយតែមួយមុខគត់ចំពោះទារកដែលមានអាយុ ៦ខែដំបូង គឺជួយទប់ស្កាត់មរណភាពទារកបាន ២០ភាគរយ ហើយអាចជួយកាត់បន្ថយជំងឺរាករូសចំពោះទារកដល់ទៅ ១១ដង និងជំងឺរលាកសួតបានដល់ទៅ ១៥ដង បើធៀបទៅនឹងកុមារដែលមិនបានបំបៅដោយទឹកដោះម្ដាយ។
មាត្រា១៨៦ នៃច្បាប់ស្តីពីការងាររបស់កម្ពុជា តម្រូវឱ្យសហគ្រាសមានបុគ្គលិកជាស្ត្រីចាប់ពី១០០នាក់ឡើងទៅ បង្កើតបន្ទប់ដាច់ដោយឡែក សម្រាប់បំបៅដោះកូននៅក្នុងគ្រឹះស្ថាន ឬមានទីតាំងស្ថិតនៅជិតកន្លែងបំពេញការងារ។
រីឯមាត្រា១៨៤ចែងថា ស្ត្រីមានរយៈពេល ១ម៉ោងក្នុងមួយថ្ងៃ ដើម្បីលើកទឹកចិត្តឱ្យម្តាយបំបៅដោះកូននៅក្នុងម៉ោងពេលបំពេញការងារ។
ទោះជាបែបនេះក្តី ប្រធានសមាគមនការពារសិទ្ធិការងារ ហៅកាត់ថា (LPA) លោក យ៉ាំ ថៃសាន លើកឡើងថា ទោះបីជាច្បាប់ផ្តល់ឱកាសបែបនេះក្តី តែស្ត្រីនៅតែជួបញ្ហា ។
លោកថា៖«ជាធម្មតាទោះបីជាច្បាប់តម្រូវឱ្យមានពិនិត្យដ្ឋាន ឬមួយក៏បន្ទប់បំបៅដោះកូនមែន ប៉ុន្តែការអនុវត្តជាក់ស្តែងភាគច្រើនមិនអាចធ្វើទៅបានទេ ដោយសារតែយើងឃើញថាការធ្វើដំណើរឆ្ងាយ ហើយក៏មិនមានភាពងាយស្រួលឱ្យម្តាយអាចនាំកូនទៅបំបៅនៅកន្លែងទេ វាពាក់ព័ន្ធនឹងសុវត្តិភាព និងបញ្ហាផ្សេងៗទៀត នេះជាហេតុធ្វើឱ្យការបំបៅដោះកូនដោយទឹកដោះម្តាយមានការធ្លាក់ចុះ»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា លើកឡើងថាការបង្កើនរយៈពេលឈប់សម្រាកលំហែមាតុភាព ពី៣ខែទៅ ៦ខែ គឺជាតម្រូវការចាំបាច់ពីសំណាក់ស្ត្រីគ្រប់វិស័យ ទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាមន្ត្រីរាជការ និងសង្គមស៊ីវិលចង់បាន ។
លោកគូសបញ្ជាក់ថា ដោយថារយៈពេល ៣ខែដូចបច្ចុប្បន្ននេះ គឺតិចតួចបំផុតសម្រាប់ការថែទាំសុខភាពម្តាយ និងទារក។
លោកថា៖«បើក្រឡេកមើលវិស័យកាត់ដេរ ស្បែកជើង និងកាបូប យើងសង្កេតឃើញថា កម្មករស្ទើតែ ៨០ភាគរយហើយដែលជាស្ដ្រី ដោយកន្លងមកពួកគាត់មានពេលតិចតួចបំផុតក្នុងការបំបៅដោះកូន»។
ជាការឆ្លើយតបនឹងសំណើរនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ប្រាក់ សោភ័ណនារី ឱ្យដឹងថាក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ហើយក៏លើកទឹកចិត្តឱ្យបុគ្គលិកសុខាភិបាលទាំងអស់ចូលរួមការពារ លើកកម្ពស់ និងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយនៅតាមកន្លែងធ្វើការរបស់ពួកគេ។
អ្នកស្រីថា៖«ក្រសួងសុខាភិបាលបាននិងកំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តឱ្យមានការអនុវត្តទម្លាប់ចិញ្ចឹមទារក និងកុមារតូចឱ្យបានល្អបំផុត ដូចជាការអនុវត្តគំនិតផ្តួចផ្តើមមណ្ឌលសុខភាពស្រឡាញ់ទារក និងគោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារតូច ជាដើម»។
តាមរយៈរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ អង្គការយូនីសេហ្វ និងដៃគូបានអំពាវនាវឱ្យរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធចាត់វិធានការជាក់លាក់ ក្នុងនោះមានទាំងជម្រើសឱ្យស្ត្រីឈប់សម្រាករយៈពេល៦ខែ ដោយមានប្រាក់ឈ្នួល ដើម្បីស្រោចស្រង់ការថយចុះនៃការបំបៅកូនដោយទឹកដោះម្តាយ និងការស្លាប់របស់ទារក។