ក្រុមអ្នកជំនាញទាមទារទៅរដ្ឋាភិបាលឱ្យបង្កើនថ្ងៃឈប់​សម្រា​ក៦ខែសម្រាប់ស្រ្តីក្រោយសម្រាលកូន ដើម្បីស្រោចស្រ​​ង់​​សុខភាពទារកក្រោយពីរកឃើញថា ការឈប់​សម្រា​កត្រឹម​៣ខែ​ដូចបច្ចុប្បន្ន ជាបញ្ហាច​ម្បងមួ​​យទា​ញទម្លាក់យ៉ាងគំហុកលើជម្រើស​​បំបៅកូនដោយទឹកដោះម្តាយ ។

របាយការណ៍របស់មូលនិធិកុមារនៃអង្គការសហប្រជាជាតិ(UNICEF)និងអង្គការទស្សនៈពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ បានបង្ហាញការព្រួយបារម្ភ លើការធ្លាក់ចុះនៃអត្រាបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា។

ពួកគេថាបញ្ហានេះបានធ្លាក់យ៉ាងគំហុក ដូចទៅនឹងការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលបានបានរកឃើញថា ការការបំបៅកូនដោយទឹកដោះម្តាយភ្លាមៗក្នុងអំឡុង ១​ម៉ោងដំបូងក្រោយសម្រាលបានថយចុះពី៦៦ភាគរយ មក៥៤ភាគរយ។

ចំណែកការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់ទារកនៅក្នុងរយៈពេល ៦ ខែដំបូងនៃជី​​វិ​​ត​ ថយចុះពី ៧៤ភាគរយ មក ៥០ភាគរយ ដែលថា បានបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំងសម្រាប់កម្ពុជា។

ប្រភពនោះបញ្ជាក់ថា  កត្តាដែលអាចរួមចំណែកនាំឱ្យអត្រាបំបៅកូនដោយទឹកដោះម្តាយ មានការថយចុះដោយសារការបន្តផ្សព្វផ្សាយយ៉ាងគំហុកនៃផលិតផលម្សៅទឹកដោះគោ កង្វះការយល់ដឹងអំពីអត្ថប្រ​យោ​​​ជ​​​ន៍​​​នៃ​ការបំបៅកូនដោយទឹកដោះម្តាយ និងកង្វះការគាំទ្រ ដល់ស្ត្រីដែលកំពុងបំបៅដោះកូន ពេលដែលពួ​​កគេវិលចូលធ្វើការវិញក្រោយសម្រាក៣ខែ។ 

វេជ្ជបណ្ឌិតឯកទេសសុខភាពសាធារណៈ លោក គួច ម៉េងលី បានឱ្យដឹងថា ការដែលកុមារ ឬទារកមិនទទួ​ល​បានការបំបៅដោយទឹកដោះម្តាយគ្រប់គ្រាន់ នឹងធ្វើឱ្យពួកគេមានប្រព័ន្ធការពារខ្សោយ សុខភាពមិនរឹងមាំ ​និងជីវជាតិលូតលាស់មិនគ្រប់គ្រាន់។

លោកថា៖«បើសិនជាកូនមិនសូវបានបៅទឹកដោះម្តាយទេ ប្រព័ន្ធការពារគាត់ខ្សោយ ហើយជាទូទៅបើមិនបានបៅទឹកដោះម្តាយទេ ធ្វើឱ្យគាត់ឧស្សាហ៍ឈឺច្រើន»។

បើតាមការប៉ាន់ប្រមាណជាសកល គេអាចសង្គ្រោះជីវិតកុមារប្រមាណ ៨២0.000នាក់ជារៀងរាល់ឆ្នាំ ប្រ​​សិ​​​​​ន​បើការបំបៅកូនដោយទឹកដោះម្តាយមានការកើនឡើងរហូតដល់កៀកនឹងកម្រិតសកល។

ការបំបៅកូ​​ន​​​ដោយទឹកដោះម្តាយ ក៏ជួយដល់ការរៀនសូត្ររបស់កុមារ បង្ការភាពធាត់ជ្រុល និងជំងឺរ៉ាំរ៉ៃ នៅពេលដែលកុ​​មារកាន់តែចម្រើនវ័យនៅក្នុងជីវិតដែរ។

រីឯក្រសួង​សុខាភិបាលកាលពីឆ្នាំ២០២០ធ្លាប់បានបញ្ជាក់​ថា​ ការ​បំបៅ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​ចំពោះ​ទារក​ដែល​មាន​អាយុ ៦ខែ​ដំបូង គឺ​ជួយ​ទប់​ស្កាត់​មរណភាព​ទារក​បាន ២០ភាគរយ​ ហើយ​អាច​ជួយ​កាត់​ប​​ន្ថយ​​ជំងឺ​រាករូស​ចំពោះ​ទារ​ក​ដល់​ទៅ ១១ដង​ និង​ជំងឺ​រលាក​សួត​បាន​ដល់​ទៅ ១៥ដង​ បើ​ធៀប​ទៅ​នឹង​កុ​មា​រ​ដែ​ល​មិន​បាន​បំបៅ​ដោយ​ទឹក​ដោះ​ម្ដាយ។ 

មាត្រា១៨៦ នៃច្បាប់ស្តីពីការងាររបស់កម្ពុជា តម្រូវឱ្យសហគ្រាសមានបុគ្គ​លិក​ជាស្ត្រីចាប់ពី១០០នាក់ឡើ​ងទៅ បង្កើតបន្ទប់ដាច់ដោយឡែក សម្រាប់បំបៅដោះកូននៅក្នុងគ្រឹះស្ថាន ឬមានទីតាំងស្ថិតនៅជិតកន្លែងបំពេ​​ញការងារ។

រីឯមាត្រា១៨៤ចែងថា ស្ត្រីមានរយៈពេល ១ម៉ោងក្នុងមួយថ្ងៃ ដើម្បីលើកទឹកចិត្តឱ្យម្តាយបំបៅដោះកូននៅក្នុងម៉ោងពេលបំពេញការងារ។ 

ទោះជាបែបនេះក្តី ប្រធានសមាគមនការពារសិទ្ធិការងារ ហៅកាត់ថា (LPA) លោក យ៉ាំ ថៃសាន លើកឡើងថា ទោះបីជាច្បាប់ផ្តល់ឱកាសបែបនេះក្តី តែស្ត្រីនៅតែជួបញ្ហា ។

លោកថា៖«ជាធម្មតាទោះបីជាច្បាប់តម្រូវឱ្យមានពិនិត្យដ្ឋាន ឬមួយក៏បន្ទប់បំបៅដោះកូនមែន ប៉ុន្តែការអនុវត្តជាក់ស្តែងភាគច្រើនមិនអាចធ្វើទៅបានទេ ដោយសារតែយើងឃើញថាការធ្វើដំណើរឆ្ងាយ ហើយក៏មិនមានភាពងាយស្រួលឱ្យម្តាយអាចនាំកូនទៅបំបៅនៅកន្លែងទេ វាពាក់ព័ន្ធនឹងសុវត្តិភាព និងបញ្ហាផ្សេងៗទៀត នេះជាហេតុធ្វើឱ្យការបំបៅដោះកូនដោយទឹកដោះម្តាយមានការធ្លាក់ចុះ»។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា លើកឡើងថាការបង្កើនរយៈពេលឈប់សម្រាកលំ​​ហែ​​មាតុភាព ពី៣ខែទៅ ៦ខែ គឺជាតម្រូវការចាំបាច់ពីសំណាក់ស្ត្រីគ្រប់វិស័យ ទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូ​ច​​ជា​​មន្ត្រីរាជការ និងសង្គមស៊ីវិលចង់បាន ។

លោកគូសបញ្ជាក់ថា ដោយថារយៈពេល ៣ខែដូចបច្ចុប្បន្ននេះ គឺតិចតួចបំផុតសម្រាប់កា​​រ​ថែទាំសុខភាពម្តាយ និងទារក។ 

លោកថា៖«បើក្រឡេកមើលវិស័យកាត់ដេរ ស្បែកជើង និងកាបូប យើងសង្កេតឃើញថា កម្មករស្ទើតែ ៨០ភាគរយហើយដែលជាស្ដ្រី ដោយកន្លងមកពួកគាត់មានពេលតិចតួចបំផុតក្នុងការបំបៅដោះកូន»។

ជាការឆ្លើយតបនឹងសំណើរនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ប្រាក់ សោភ័ណនារី ឱ្យដឹងថាក្រសួ​​​ងបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ហើយក៏លើកទឹកចិត្តឱ្យបុគ្គលិកសុខាភិបាលទាំងអស់ចូល​​រួមការពារ លើកកម្ពស់ និងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយនៅតាមកន្លែងធ្វើការរបស់ពួកគេ។

អ្នកស្រីថា៖«ក្រសួងសុខាភិបាលបាននិងកំពុងអនុវត្តសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តឱ្យមានការអនុវត្តទម្លាប់ចិញ្ចឹមទារក និងកុមារតូចឱ្យបានល្អបំផុត ដូចជាការអនុវត្តគំនិតផ្តួចផ្តើមមណ្ឌលសុខភាពស្រឡាញ់​​ទារក និងគោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារតូច ជាដើម»។

តាមរយៈរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ អង្គការយូនីសេហ្វ និងដៃគូបានអំ​​ពា​​វនា​​វ​ឱ្យរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធចាត់វិធានការជាក់លាក់ ក្នុងនោះមានទាំងជម្រើសឱ្យស្ត្រីឈប់សម្រា​ករ​​យៈពេល៦ខែ ដោ​យ​​មានប្រាក់ឈ្នួល ដើម្បីស្រោចស្រង់ការថយចុះនៃការបំបៅកូនដោយទឹកដោះ​ម្តាយ និ​ងការស្លាប់របស់ទារក។