ក្រុមហ៊ុនសន្តិសុខ Honesty General Security ដែលបានបិទទ្វារកាលពីខែមិថុនាកន្លងទៅ បន្តសុំពន្យារពេលទូទាត់ប្រាក់ខែដល់អតីតបុគ្គលិកចំនួន៤នាក់ជាថ្មីម្តងទៀត ក្រោយរងការព្រមានប្តឹងទៅតុលាការពីសំណាក់សហជីព និងបុគ្គលិកទាំងនោះ ដោយសំអាងថាប្រធានក្រុមហ៊ុនសន្តិសុខ ព្យាយាមគេចវេះប្រមាណ៤ខែមកហើយ។
តំណាងក្រុមហ៊ុនសន្តិសុខ លោក សុន ពិទូ បានឱ្យដឹងនៅថ្ងៃទី ៧ កញ្ញាថា ក្រុមហ៊ុនមិនបានទូទាត់ប្រាក់ខែឱ្យអតីតសន្តិសុខទាំង៤នាក់ចាប់ពីតាំងពីមានបញ្ហាកើតឡើង ដោយបានស្នើសុំពន្យារពេលបន្ថែមទៀតយ៉ាងយូរត្រឹមថ្ងៃទី១១ ខែកញ្ញា ដោយសារតែប្រធានក្រុមហ៊ុនកំពុងមានបញ្ហាសេដ្ឋកិច្ច ខណៈក្រុមហ៊ុនក៏បានបិទទ្វារតាំងពីខែមិថុនាកន្លងទៅដែរ។
លោកបន្តថា៖«ខាងម្ចាស់ក្រុមហ៊ុនគេសុំពេលមួយអាទិត្យទៀត ព្រោះអីលុយគាត់អត់ទាន់បើក កន្លែងការងារគាត់។ អ៊ឹចឹងសុំរយៈពេលគាត់មួយអាទិត្យទៀត ប្រហែលជាថ្ងៃទី១០ ឬថ្ងៃទី១១(ខែកញ្ញា)»។
ទន្ទឹមនឹងនេះ អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ លោក សៅ សុខសាន បានអះអាងថានឹងបន្តប្តឹងករណីនេះ ទៅតុលាការដើម្បីទាមទារប្រាក់ខែ៣០០ដុល្លារអាមេរិក ប្រសិនបើប្រធានក្រុមហ៊ុននៅតែមិនចូលទូទាត់ប្រាក់ខែដល់អតីតបុគ្គលិករបស់ខ្លួនទាំង៤នាក់ទៀត។
លោកបន្តថា៖«ខ្ញុំកំពុងតែប្រមូលឯកសារភស្តុតាងពាក់ព័ន្ធសំណុំរឿងរបស់ពួកគាត់ហ្នឹង ដើម្បីធ្វើពាក្យបណ្តឹងឱ្យគាត់ប្រឹងទៅសាលាដំបូងខេត្តកណ្តាល »។
បើទោះជាបែបណា តំណាងសហជីពសេរីកម្មករ និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានជួបពិភាក្សាគ្នា ដោយមានប្រធានការិយាល័យវិវាទការងារទី២នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ឡាំ សុវុត្ថា ជាអ្នកសម្របសម្រួល ជុំវិញករណីក្រុមហ៊ុនមិនបើកប្រាក់ខែម្នាក់៣០០ដុល្លារអាមេរិកឱ្យបុគ្គលិកសន្តិសុខ៤នាក់ ដែលបានអូសបន្លាយតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣។
ក្រោយជួបពិភាក្សានេះ ភាគីពាក់ព័ន្ធបានសម្រេចធ្វើកិច្ចសន្យាទូទាត់ប្រាក់ខែដល់អតីតបុគ្គលិកសន្តិសុខទាំង៤នាក់ មកត្រឹមម្នាក់១៧០ដុល្លារវិញ ដោយកំណត់យកនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ជាថ្ងៃទូទាត់ប្រាក់ខែ។
ចំណែក តំណាងអតីតបុគ្គិលក្រុមហ៊ុនសន្តិសុខ លោក លឹម សុខងួន បារម្ភថាការពន្យារពេលរបស់ក្រុមហ៊ុនបន្ថែមទៀតនេះអាចជាការសន្យាខ្យល់ ខណៈលោកធ្លាប់មានសង្ឃឹមខ្ពស់ថាទទួលបានប្រាក់ខែដែលកើ តចេញពីកម្លាំងពលកម្មរបស់ខ្លួនពេលដែលតំណាងក្រុមហ៊ុនធ្វើកិច្ចសន្យានៅក្រសួងការងារ ប៉ុន្តែជាក់ស្តែងបានត្រឹមខកខិត្ត។
លោកបន្តថា ក្រុមហ៊ុនដែលជាអ្នកយល់ដឹងពីច្បាប់ បែរជាបំពានលើសេចក្តីទុកចិត្តរបស់អតីតបុគ្គលិកដែលគ្មានការងារធ្វើ និងជីវភាពខ្វះខាតតាំងពីអំឡុងខែឧសភាមក។ អតីតសន្តិសុខវ័យ៦៧ឆ្នាំរូបនេះ ទទូចឱ្យស្ថាប័នរដ្ឋជួយពន្លឿនដំណោះស្រាយ ដើម្បីយកថវិកាទាំងនោះសងបំណុលគេ និងចាយវាយប្រចាំថ្ងៃ។
លោកបន្តថា៖«យើងអ្នកអត់ដឹងច្បាប់ ប៉ុន្តែគេអ្នកដឹងច្បាប់ហើយ គេបំពានលើយើងៗគ្រាន់បានតែតូចចិត្ត ។ ខ្ញុំ អត់ទាមទារអីទេ ទាមទារតែកម្លាំងពលកម្មខ្ញុំ ដែលខ្ញុំបម្រើឱ្យក្រុមហ៊ុន»។
គេហទំព័រ Newsroom Cambodia បានព្យាយាមសុំការបញ្ជាក់ពីប្រធានសន្តិសុខ Honesty General Security ដែរ ប៉ុន្តែភាគីតំណាងសន្តិសុខរបស់ក្រុមហ៊ុន Honesty General Security បានបដិសេធរហូត មុននឹងចុចផ្តាច់ទូរស័ព្ទ។
យ៉ាងនេះក្តី អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ លោក សៅ សុខសាន ចាត់ទុកថាការសុំពន្យារនេះអាចគ្រាន់ជាចេតនាមិនចង់ទូទាត់ប្រាក់ខែឱ្យអតីតបុគ្គលិកសន្តិសុខដែលមានទាំងជនដែលមានពិការភាព និងមនុស្សវ័យចំណាស់ទាំង៤នាក់ច្រើនជាង។លោកបន្តថា អ្វីដែលភាគីសន្តិសុខ លើកឡើងនេះ អាចជារឿងដែលមិនចង់ទទួលខុសត្រូវចំពោះបញ្ហាដែលកំពុងកើតឡើងនេះ។
លោកបន្តថា៖«ខ្ញុំមិនទុកចិត្តអ្វីដែលគាត់និយាយទេ ពេលយើងមានក្រដាស្នាមហើយគាត់នៅតែក្រឡាសសម្តី អ៊ឹចឹងគាត់និយាយតាមទូរសព្ទខ្ញុំមិនជឿជាក់។ ខ្ញុំនៅតែមិនទាន់ជឿទេ ដរាបណាលុយមិនទាន់ដល់ដៃក្រុមសន្តិសុខទាំង៤នាក់ »។
ក្រុមហ៊ុនសន្តិសុខឈ្មោះ Honesty General Security ដែលធ្លាប់មានទីតាំងនៅរាជធានីភ្នំពេញនេះ ខកខានបើកកប្រាក់ខែឱ្យអតីតបុគ្គលិករបស់ខ្លួនចំនួន៤នាក់ជាង១ខែមកមកហើយ ចាប់ពីថ្ងៃទី ១៦ ឧសភា ឆ្នាំ២០២៣មក។
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃកំណត់ទូទាត់ប្រាក់ខែដែលភាគីក្រុមហ៊ុនសន្តិសុខ បានធ្វើកិច្ចសន្យានៅក្រសួងការងារ ប៉ុន្តែអតីតបុគ្គលិកនៃក្រុមហ៊ុនេះ បានអះអាងថាពួកគេនៅមិនទាន់ទទួលបានដំណឹងណាមួយច្បាស់លាស់ពីភាគីក្រុមហ៊ុននៅឡើយទេ ខណៈតំណាងភាគីក្រុមហ៊ុនក៏បានព្យាយាមគេវេះរហូត ហើយទូរស័ព្ទក៏បិទទៀត។
ក្នុងពេលជាមួយគ្នានេះ សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ ក៏បញ្ជាក់ដែរ អតីតបុគ្គលិកសន្តិសុខ បានទាក់ទងទៅការិយាល័យដោះស្រាយវិវាទការងារ នៃក្រសួងការងារដែរ ប៉ុន្តែត្រូវបានបដិសេធ ដោយលើកហេតុផលថាហួសពីសមត្ថកិច្ចរបស់ការិយាល័យដែលត្រូវដោះស្រាយហើយ។
ជុំវិញករណីនេះ Newsroom Cambodia មិនទាន់អាចសុំការបញ្ជាក់ពីប្រធានការិយាល័យវិវាទការងារទី២ លោក ឡាំ សុវុត្ថា បានភ្លាមៗនៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត និយាយថា ករណីថៅកែគេចវេះបែបនេះ បានកើតឡើងជាបន្តបន្ទាប់នៅកម្ពុជា។ តែយ៉ាងណាលោកផ្តល់យោបល់ថា ដើម្បីគ្រប់គ្រងកុំឱ្យមានក្រុមហ៊ុនខិលខូចបង្កបញ្ហាដល់ពលរដ្ឋ រដ្ឋាភិបាលគួរតែត្រួតពិនិត្យលក្ខខណ្ឌ និងកិច្ចសន្យាបើកក្រុមហ៊ុនឱ្យបានច្បាស់លាស់ ជាការទប់ស្កាត់ការបើកក្រុមហ៊ុនខុសច្បាប់ រួមទាំងពង្រឹងវិធានច្បាប់ និងត្រូវពិនិត្យលើការតម្កល់ថវិកានៅស្ថាប័នរដ្ឋ ដើម្បីបម្រុងទុកជូនបុគ្គលិក ក្នុងករណីក្រុមហ៊ុនមានបញ្ហា។
លោកបន្តថា៖«ក្រសួង ឬក៏ស្ថាប័នពាក់ព័ន្ធហ្នឹង គួរតែពង្រឹងយុន្ធការនៃការអនុវត្ត និងការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងការរងគ្រោះរបស់ប្រជាពលរដ្ឋ » ៕