អ្នកជំនាញផ្នែកអភិបាលកិច្ច និងសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លើកឡើងថាការតែងតាំងមន្ត្រីដែលធ្លា​​ប់​ប្រព្រឹត្តបទល្មើ​សអាចកើតពីអំពើពុករលួយ និងគ្រួសារនិយម ដោយសារមិនបានពិនិត្យលើប្រវត្តិរបស់បុ​គ្គ​លនោះឱ្យ​បា​​នត្រឹមត្រូវ ខណៈការដកហូតតំណែងមន្ត្រីដែលធ្លាប់មានប្រវត្តិមិនល្អ ក៏មិនអាចដោះស្រា​​យ​អំពើសូកប៉ា​ន់ ​និងបក្សពួកនិយមបានដែរ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មើលឃើញថាការតែងតាំងមន្ត្រីដោយមិនបានត្រួតពិនិត្យពីជីវប្រវត្តិច្បាស់លាស់ហាក់មានច្រើននៅថ្នាក់ក្រោមជាតិ ដែលកើតឡើងដោយសារអំពើពុករលួយ និងគ្រួសារនិយម តាមរយៈការផ្តល់តួនាទីខ្លឹមៗដល់សមាជិកគ្រួសារពីសំណាក់មេដឹកនាំស្ថាប័នផ្ទាល់។ហេតុនេះបង្កឱ្យបុគ្គលដែលមានប្រវត្តិមិនល្អក្លាយជាមន្ត្រី ហើយរងការរិះគន់ពេលដែលស្រា​​វ​ជ្រាវរកឃើ​​​​ញថាធ្លាប់មានជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយ។

លោកបន្តថាការកែទម្រង់ដកហូតតំណែងមន្ត្រីណាដែលរកឃើញថាធ្លាប់បានប្រព្រឹត្តិកំហុសគឺជារឿ​​​ង​មួយដ៏ល្អ ប៉ុន្តែមិនទាន់ដោះស្រាយចំបញ្ហាដែលកំពុងកើតមាននៅឡើយទេ។មិនទាន់ចំបញ្ហា ដោយលោ​​​កសំ​​អា​ង​ថា ដើម្បីដោះស្រាយបញ្ហានេះបាន លុះត្រាតែអនុវត្តច្បាប់បោសសម្អាតពីឫសគល់នៃការតែង​​តាំ​​ង​ ដែលកើតចេញពីអំពើពុករលួយ និងគ្រួសារនិយមតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។

លោកបន្តថា៖«ការគ្រាន់តែដកមន្ត្រីដែលរកឃើញថាមានកំហុស ឬមានប្រវត្តិមិនល្អចេញ មិនទាន់ចំទៅនឹងអ្វីដែលហៅថាការបោសសម្អាតនូវមូលហេតុដើមរបស់វាទេ។ ជាបញ្ហាមួយដែលខ្មែរយើងដោះស្រាយបញ្ហាពុករលួយអត់រួចតាំងពីដើមមក គឺអំពើពុករលួយកើតតាំងពីលើដល់ក្រោយ អ៊ឹចឹងដល់ពេលធ្វើបានតែអ្នកក្រោម ដល់ពេលអ្នកលើធ្វើអត់កើត។ អ៊ឹចឹងបើសិនជាមានឧត្តមគតិ ហើយនិងចេតនាចង់លុបបំបាត់អំពើពុករលួយ គឺត្រូវធ្វើតាំងពីខាងលើមក»។

ការលើកឡើងរបស់អ្នកជំនាញបែបនេះ បន្ទាប់ពីអគ្គស្នងការ​រដ្ឋាននគរបាល​ជាតិ កាលពីថ្ងៃទី​១១ ​ខែ​កញ្ញា​ ឆ្នាំ២០២៣ ​បានសម្រេច​ដកហូត​តំណែង លោក ហុង សារ៉ុម ពី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ​សំព្រោជ ​ស្ថិតនៅ​ក្នុង​ស្រុក​ស្ទោង​​ខេត្ត​កំពង់ធំ ​មកជា​មន្ត្រី​នគរបាល​ធម្មតាវិញ​ ក្រោយតែងតាំងជាមេប៉ុស្តិ៍កាលពីដើមខែកញ្ញាកន្លងទៅនេះ។ ​ការ​ដកតំណែង​នេះ ធ្វើឡើងក្រោយពិនិត្យឃើញថាធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពីបទលួច ដែល«ល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ »។

ចំណែករដ្ឋមន្តី្រក្រសួងមហាផ្ទៃថ្មី លោក ស សុខា តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី១២ ខែកញ្ញា ក៏សម្រេចដកហូតតំណែងលោក ហេង ហាប់ ដែលទើបទទួលបានការតែងតាំងជាស្នងការរងនៃស្នងការរដ្ឋាន​ន​​គរ​​បា​​​​ល​ខេត្តកំពត តាមរយៈសេចក្តីប្រកាសចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មកជាមន្ត្រីធម្មតាដូចគ្នា។

ការសម្រេចរុះរើតួនាទីនៅក្នុងកងកម្លាំងនគរបាលជាតិនេះ ក្រោយតែងតាំងបានរយៈពេលជិត១ខែ ដោយរកឃើញថាធ្លាប់ប្រព្រឹត្តិបទល្មើ​​ស​​លួច IPad ពីហាងលក់ទូរសព្ទមួយកាលពីប៉ុន្មានឆ្នាំមុន ដែល«ល្មើសវិន័យរបស់កងកម្លាំងនគរបាលជា​តិ​​ »។

បើ​​ទោះបែបណា ការកែសម្រួលមុខងារ របស់មន្រ្តីនគរបាលទាំងនោះ គេសង្កេតឃើញពេលមានប្រតិ​​ក​​ម្ម​​​​ពី​​​​ព​​ល​​​​​រដ្ឋ​​ដែលផ្ទុះការរិះគន់ចំពោះមន្រ្តីនគរបាល ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស បែរជា​ត្រូវបាន​​ផ្តល់​​តួ​​នា​​​​ទី​​​ដឹ​​ក​​​​​​​នាំ​​ក្នុង​​ជួរ​​ក​​ម្លាំងនគរបាលទៅវិញ។

លោក ហុង សារ៉ុម ជានាយកប៉ុស្តិ៍នគរបាលសំព្រោជ ធ្លាប់ជាអតីតឧក្រិដ្ឋជនប្លន់ទូមាស នៅស្រុកស្ទោង​​ខេ​ត្ត​​​​​​កំពង់ធំ កាលពីដើមខែ មីនា ឆ្នាំ២០២១៥។ដោយឡែកលោក ហេង ហាប់ ដែលទើបទម្លាក់​​តួ​នា​​ទី​​ពី​​ស្នង​កា​​ររងខេត្តកំពត មកជាមន្រ្តីនគរបាលធម្មតា ក៏ធ្លាប់មានប្រវត្តិលួច IPad កាលពីចុងខែ ឧសភា ឆ្នាំ​​២​​០​១៩ នៅ​​ហាងវេរលុយមួយកន្លែងនៅ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញដែរ។

ជុំវិញករណីនេះ នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកថាជារឿងត្រឹមត្រូវដែលរដ្ឋាភិបាលអាណត្តិថ្មីមានឆន្ទៈក្នុងការវះកាត់មន្ត្រីដែលមានប្រវត្តិមិនល្អ ឬធ្លាប់ប្រព្រឹត្តបទល្មើសផ្សេង​​ៗ​​។ក៏ប៉ុន្តែលោកចង់ឃើញការតែងតាំងតួនាទីមន្ត្រីត្រូវតែសំអាងលើសមត្ថភាព ហើយត្រួតពិនិត្យឱ្យបានល្អិ​​ត​​ល្អន់ជាមុនសិន ដើម្បីទប់ស្កាត់អំពើពុករលួយ និងការដំឡើងឋានៈដោយបក្សពួកនិយម។

លោកបន្តថា៖«ការគ្រប់គ្រងធនធានមនុស្សគួរធ្វើជាប្រព័ន្ធ ហើយការតែងតាំងការតំឡើងក្តីគួរតែលើគុណតម្លៃ សមត្ថភាពអនុវត្តការងារកន្លងមក តើគាត់ធ្វើត្រឹមត្រូវដែរឬទេ? ចៀសវាងការរៀបចំមន្ត្រី ឬក៏ការតំឡើងឋានៈដោយផ្អែកលើការស៊ីសំណូកសូកប៉ាន់ ឬក៏ខ្សែស្រឡាយបក្សពួកនិយម ដើម្បីយើងធានានូវប្រសិទ្ធភាពនៃការផ្តល់សេវា ហើយនិងវឌ្ឍនៈភាពជាវិជ្ជមាននៃស្ថាប័នរដ្ឋ»។

ក្រៅពីនេះ បើតាមលោក ប៉ិច ពិសី លោកក៏ស្នើឱ្យរដ្ឋាភិបាលបន្តស្រាវជ្រាវ និងវះកាត់មន្ត្រីដែលប្រព្រឹត្តខុសច្បាប់ដោយមិនលើកលែង ដើម្បីធានាដល់ការកំណែទម្រង់ប្រព្រឹត្តទៅប្រកបដោយតម្លាភាព។

ប្រហាក់ប្រហែលគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ  (Lic a  dho)លោក អំ សំអាត ស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យសមាសភាពឱ្យបានច្បាស់លាស់ឱ្យ​​ស្រ​​​បទៅនឹងក្របខណ្ឌនៃច្បាប់ មុននឹងសម្រេចតែងតាំងតួនាទីដល់មន្ត្រីណាម្នាក់ ចៀសវាងបង្កឱ្យមានការរិះគន់ដល់រដ្ឋាភិបាលដូចពេលកន្លងទៅ។

លោកបន្តថា៖«វាជារឿងមួយគួរតែពិនិត្យពិចារណាឱ្យបានច្បាស់លាស់ ព្រោះការតែតាំង ការតំឡើងឋាន​​ន្ត​រ​ស័ក្ក តំឡើងតំណែងមួយគឺថាពឹងផ្អែកទៅលើស្នាដៃរបស់មន្ត្រី ពឹងផ្អែកទៅលើសមត្ថភាព ពឹងផ្អែកទៅលើកា​រងារ ហើយនិងពិនិត្យទៅលើប្រវត្តិឱ្យបានច្បាស់លាស់ »។

បើតាមលោកបណ្ឌិត មាស នី ចំណាត់ការវះកាត់មន្ត្រីដែលរកឃើញថាធ្លាប់ប្រព្រឹត្តកំហុសនេះនឹងមិនមានភាពយូរអង្វែងប៉ុន្មាននោះឡើយ ប្រសិនបើរដ្ឋាភិបាល ឬក្រសួងមហាផ្ទៃមិនមានគោលន​​យោបា​យប្រាកដ​​ប្រ​​ជាអំពីទំនាស់ផលប្រយោជន៍។លើសពីនេះទៀត កង្វះយន្តការតាមដានពីឫសគល់នៃការតែងតាំង ដែ​​ល​​នៅពីក្រោយដោយអំពើពុករលួយ ប្រាកដណាស់ទំនងការកែទម្រង់នេះ នឹងមិនងាយទទួ​​លបានជោ​​គ​​ជ័​​យ​​ឡើយ។

លោកបន្តថា៖«យើងត្រូវតាមមើលថាតើអ្នកណាខ្លះដែរនៅឃុបឃិតជាមួយនិងខ្សែបណ្តាញទាំងអស់ហ្នឹង។បើវាពាក់ព័ន្ធអំពើពុករលួយ វាពាក់ព័ន្ធគ្រួសារនិយមអីហ្នឹង បើមិនមានគោលនយោបាយទំនាស់ផលប្រយោជន៍យកមកដាក់ទេ ខ្ញុំគិតថារឿងហ្នឹងវាបានគ្រាន់តែមួយប្រាវ វិលមកវិញដដែល»។

បើតាមអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះ លោកក៏បារម្ភដែរថា ការកំណែទម្រង់ដកហូតតំណែងមន្ត្រីដែលរកឃើញថាធ្លាប់ប្រព្រឹត្តិកំហុសពីសំ​​ណាក់​​រដ្ឋាភិបាលអាណត្តិទី៧នេះ អាចអនុវត្តបានចំពោះមន្ត្រីថ្នា​​ក់​​ក្រោម ខណៈមន្ត្រីដែលមានឋានៈ និងតួនាទីកំពូលៗ ទំនងមិនងាយដូចការគិតប៉ុន្មានទេ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានលើកឡើងថា ចំពោះការស្នើឱ្យក្រសួងបន្តវះកាត់មន្ត្រីដែលប្រព្រឹត្តខុសនោះ គឺអាស្រ័យលើច្បាប់ ព្រោះក្រសួងមានតួនាទីអនុវត្តទៅតាមច្បាប់ដែ​ល​​បានចែង ហើយជុំវិញការដកហូតតំណែងមន្ត្រីនគរបាលកាលពីពេលថ្មីៗនេះ ដោយសារប្រព្រឹត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង។

លោកបន្តថា៖«ជាច្បាប់ផង ជាលក្ខខន្តិកៈរបស់មន្ត្រីរាជការនគរបាលផង បទបញ្ជាផ្ទៃក្នុងរបស់នគរបាលផ​​ង។ ក្រសួងមហាផ្ទៃយើងផ្អែកលើហ្នឹងទេ បើខុសពីនឹងឱ្យទាមទារ ហួសពីសមត្ថភាពរបស់ក្រសួងមហា​ផ្ទៃ ដោយច្បាប់មិនធ្វើឱ្យ យើងធ្វើមិនបាន! ហើយក្រសួងបានទទួលព័ត៌មានគ្រប់គ្រាន់ហើយ ជាសមត្ថកិច្ចរ​បស់ក្រសួងមហាផ្ទៃ អ្វីដែលក្រសួងមហាផ្ទៃធ្វើ គឺធ្វើទៅតាមតួនាទីភារកិច្ចនៃច្បាប់ដែលបានប្រគល់ »។

ក្រោយផ្ទុះការរិះគន់ជាហូរហែនៅលើបណ្តាញសង្គម បានបង្ខំចិត្តឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កា​​លពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិលោក ស ថេត សើរើឡើងវិញ ចំ​​ពោះ​​​ការតែងតាំង អ្នកដែលធ្លាប់មានប្រវត្តិពាក់ព័ន្ធបទល្មើស នៅក្នុងអតីតកាល។​ជាងនេះទៀត លោក ហ៊ុន ម៉ាណែត ក៏អំពាវនាវឱ្យស្ថាប័នរដ្ឋត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់មុននឹងផ្តល់តួនាទីដល់បុគ្គ​​ល​ណាម្នា​​ក់​​​ជាមន្ត្រី។

លោកបន្តថា៖«ខ្ញុំសូមឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់នូវបុគ្គលិកលក្ខណៈរបស់បុ​​គ្គ​​​​​​លនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋ ទាំងស៊ីវិល និងកងកម្លាំងប្រ​​ដា​ប់​អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ » ៕