ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសពីការបញ្ចុះ​តម្លៃ​អគ្គិសនីចន្លោះ ១០ ដល់ ២០​ភាគរយ សម្រាប់​អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិ​កម្ម។

ការប្រកាសនេះ ​ធ្វើឡើងក្រោយមានការណែនាំពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាល​ពីថ្ងៃ​ម្សិល​មិញ ឱ្យ​បញ្ចុះតម្លៃអគ្គិសនីសម្រាប់រោងចក្រសហគ្រាសជាង ២ម៉ឺនកន្លែង ក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកសង្វាក់ផលិតកម្ម និងបង្កើតការងារបន្ថែមដល់​ពលរដ្ឋខ្មែរ។

យោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣​នេះ បានលើកឡើង​ថា ការបញ្ចុះថ្លៃអគ្គិសនី​ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងផ្នែកកសិកម្មនេះ ធ្វើឡើង​​ក្នុងគោលដៅ​ជំរុញការ​ពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនពលរដ្ឋ។

ក្រសួងបន្តថា ការបញ្ចុះតម្លៃនេះ សម្រាប់អ្នកប្រើប្រាស់​ប្រភេទឧស្សាហកម្ម និង​កសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងនោះបញ្ចុះ​អត្រាថ្លៃចំនួន ១០ភាគរយ សម្រាប់​ថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោង៧ព្រឹក​​ដល់ម៉ោង៩យប់ និង​បញ្ចុះអត្រាថ្លៃ​ចំនួន ២០​ភាគ​រយ សម្រាប់​ការប្រើប្រាស់​លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់​ថ្ងៃសៅរ៍ ចន្លោះម៉ោង៩យប់ ដល់ ៧ព្រឹក និង ២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។

សេចក្ដីប្រកាសព័ត៌មានដដែល បានលើកឡើងទៀត​ថា៖ «អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្ដាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់​ថា ខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន»

ចំណែករយៈពេលអនុគ្រោះថ្លៃ ដើម្បីលើកទឹកចិត្ត​ឱ្យបង្កើនការប្រើ​ប្រាស់នេះ ក្រសួងថា មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្ត​តាមរយៈការជូនដំណឹង​​មុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងរ៉ែនិង​ថាមពល ពិនិត្យមើលលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីគ្រប់បណ្ដា​រោងចក្រ​សហគ្រាស ជាពិសេស​ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលមានតម្រូវការខ្ពស់ផ្នែកអគ្គិសនី។

លោកគូស​បញ្ជាក់ថា៖ «[រោងចក្រ]​ អាចមានលទ្ធភាពពង្រីកថែមទៀត នាំចេញច្រើន ការងារថែមទៀត បើមិនថែមម៉ោង ក៏រកបុគ្គលិកថែម [] ២ម៉ឺន១ពាន់សហគ្រាស ដែលអាចទទួលបានផលពីការគិតគូរការចុះភ្លើង[អគ្គិសនី]កម្រិតណាមួយចាប់ពីខែ១០[ខែតុលា]នេះ»

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ មានប្រសាសន៍ថា តំណាង​រោងចក្រ បានស្នើសុំការបញ្ចុះថ្លៃអគ្គិសនីនេះជារៀងរាល់ឆ្នាំ ហើយលោកអំពាវនាវឱ្យរដ្ឋាភិបាលចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រសហគ្រាសទៅតាមលទ្ធភាព។ បើតាម លោក ខេនលូ បច្ចុប្បន្នរដ្ឋាភិបាល បានគិតថ្លៃអគ្គិសនីសម្រាប់​រោងចក្រ​​ជិត ០,១៤ដុល្លារ ក្នុងមួយគីឡូវាត់​ម៉ោង។

លោកបន្ត​ថា៖ «កាត់បន្ថយចំណាយមានន័យថាជួយទៅរោងចក្រ អាច increase [រោងចក្របន្ថែមផលិតកម្ម] ឬនឹងអាចរើសកម្មករបន្ថែម»

កម្មករម្នាក់ដែលរោងចក្រកំពុងព្យួរការងារ លោក ស្រស់ វុទ្ធី សាទរចំពោះការបញ្ចុះតម្លៃអគ្គិសនី​សម្រាប់ផ្នែកឧស្សាហកម្ម និងកសិកម្ម​នេះ ដោយលោកសង្ឃឹមថា រោងចក្រ​នឹង​កាត់បន្ថយការចំណាយ ហើយ​នឹងអាចមានលទ្ធភាពរើសកម្មករបន្ថែម។

លោក វុទ្ធី និយាយថា៖ «ខ្ញុំគិតថា បើមានការបញ្ចុះថ្លៃអគ្គិសនីតាមបណ្ដារោងចក្រ ខ្ញុំគិតថាប្រហែលជាអាចមានឥវ៉ាន់ដេរ សង្ឃឹមថា ការងារកម្មករមានការថែមម៉ោងអីចឹង»

ប្រធាន​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ ស្វាគមន៍ចំពោះចំណាត់ការររបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបន្ទុកលើថៅកែរោងចក្រដែល​អាចជះផលប្រយោជន៍ដល់កម្មករ។ យ៉ាងណា លោក​ថា ការបញ្ចុះថ្លៃអគ្គិសនី​នេះ គ្រាន់តែជួយឱ្យកម្មករទទួលបានផលប្រយោជន៍ដោយប្រយោលប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ លោក​ក៏បាន​ជំរុញឱ្យរដ្ឋាភិបាលងាក​មក​ទប់ស្កាត់ការឡើង​ថ្លៃជួលបន្ទប់ឱ្យកម្មករ និងការ​រក្សាស្ថិរភាពតម្លៃសាំង​និងអាហារលើទីផ្សារវិញ ដើម្បីជួយសម្រួលដល់​ជីវភាពរបស់កម្មករផងដែរ។

លោក គង់ អាទិត្យ ថ្លែងថា៖ «អ្វីដែលល្អសម្រាប់កម្មករមួយទៀត ឱ្យរដ្ឋាភិបាលមានចំណាត់ការមួយថ្លៃជួលផ្ទះ ហើយនឹងតម្លៃទំនិញលើទីផ្សារបន្ថែមពីលើនេះ ព្រោះជំហានទី១ វានៅឆ្ងាយ​ពី​កម្មករ​ពេក ថ្លៃភ្លើង[អគ្គិសនី]​អី​វាទៅជួយអីៗ​ តែវានៅប្រយោល»

កាលពី ឆ្នាំ២០២០ អគ្គិសនី​កម្ពុជាសម្រេច​បញ្ចុះ​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​សម្រាប់​កសិករ​បូមទឹក​ធ្វើ​កសិកម្ម នៅពេល​យប់ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ព្រឹក ​ក្នុង​អត្រា​​ ៤៨០រៀល​ ក្នុង​ ១គីឡូវ៉ាត់​ម៉ោង ​ដើម្បី​ចូលរួម​លើក​ទឹកចិត្ត​ដល់​​កសិករ​ក្នុង​ការលើក​កម្ពស់​ផលិតភាព​កសិកម្ម៕