មន្រ្តីជាន់ខ្ពស់ នៃស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថាសមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីបើកការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាអ្នកប្រើប្រាស់អំពើហិង្សា ប្រឆាំងអ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ ដោយមិនបោះបង់ចោលឡើយ។
លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃនេះថា រាល់បទល្មើសដែលបានកើតឡើង គឺជាភារកិច្ចរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់។ជារួម សមត្ថកិច្ចនឹងអនុវត្ដភារកិច្ចដោយគ្មានការរឿសអើងឡើយ មិនថារឿងរ៉ាវកើតឡើងលើភាគីណាមួយនោះទេ។
លោកបន្តថា ចំពោះករណីលោក នី ណាក់ ដែលបានប្រកាសពីការរងគ្រោះដោយអំពើហិង្សា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរកជនដៃដល់មកអនុវត្ដតាមនីតិវិធីច្បាប់។
លោកបន្តថា៖«រាល់បទល្មើសដែលបានកើតឡើងគឺជាភារកិច្ចរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដោយឡែកចំពោះករណីលោក នី ណាក់ ដែលបានប្រកាសពីការរងគ្រោះដោយអំពើហិង្សានេះ ខ្ញុំក្នុងនាមជាស្នងការនគរបាលរាជធានីភ្នំពេញគឺកំពុងតែស្រាវជ្រាវ និងធ្វើការជាមួយភាគីពាក់ព័ន្ធ »។
ការប្រកាសជំហររបស់កម្លាំងនគរបាលនេះ នៅពេលនេះ ធ្វើឡើងក្រោយពីអ្នកជំនាញកសិកម្ម លោក នី ណាក់ ជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ ឱ្យជួយពន្លឿននីតិវិធីដើម្បីស្វែងរកជនល្មើសដែលមិនស្គាល់អត្តសញ្ញាណមួយក្រុម ដែលប្រើហិង្សាមកលើខ្លួន យកមកផ្តន្ទាទោស។
លោក នី ណាក់ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមស្គាល់ថា ជាអ្នកដែលតែងតែរិះគន់អំពីភាពអវិជ្ជមាន និងបញ្ហាផ្សេងៗនៅក្នុងសង្គមបានអំពាវនាវដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យជួយពន្លឿននីតិវិធីក្នុងការស្រាវជ្រាវរកមុខជនល្មើស ដែលបានព្រួតគ្នាវាយលោក កាលរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងនោះលោក នី ណាក់ ក៏បានជំរុញឱ្យសមត្ថកិច្ចអនុវត្តវិជ្ជាជីវៈឱ្យមានតម្លាភាពដើម្បីឱ្យសាធារណៈជនមានភាពជឿជាក់ទៅលើមន្ត្រីនគរបាលជាតិ។
លោកបន្តថា ៖«បន្ទាប់ពីរងគ្រោះនេះ ខ្ញុំសូមស្នើដល់អាជ្ញាធរដែលមានដូចជា ប៉ូលីស ប៉េអឹម ជួយពន្លឿននីតិវិធីក្នុងការស្រាវជ្រាវរកមុខជនល្មើសដែលពួកវាបានព្រួតគ្នាវាយខ្ញុំឱ្យឃើញ » ។
ដោយឡែក ចំពោះស្ថានភាពរបស់លោកនាពេលនេះវិញ គឺមានភាពល្អប្រសើរ ទាំងសតិស្មារតី ការហូបចុក និងការធ្វើដំណើរដោយពុំមានអ្នកគ្រានៅពីក្រោយ ដូចមុនទៀតនោះទេ បន្ទាប់រូបលោកបានសម្រាកព្យាបាលនៅមន្ទីពេទ្យមួយរយៈ។
ជាអ្នកដែលធ្លាប់រិះគន់ដោយមិនសំចៃមាត់ លោក នី ណាក់ បន្ថែមថា រូបលោកបានរងការវាយប្រហារស្ទើរបាត់បង់ជីវិត និងបណ្តាលឱ្យរងរបួសជាច្រើនកន្លែង ដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម។
លោកបន្តថា៖«ចំពោះផ្ទៃមុខរបស់ខ្ញុំវិញ ដែលមានដូចជា៖ មាត់ ច្រមុះ ភ្នែក គុំត្រចៀក ថ្គៀម ចិញ្ចើម សុទ្ធតែរងរបួសទាំងអស់ »។
តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោក នី ណាក់ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានសរសេររៀបរាប់ថា«ក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំបាទ នី ណាក់ ចំពោះយុត្តិធម៌ នៃអំពើហឹង្សា មកលើរូបខ្ញុំបាទ សូមសម្តេច បវរធិបតី ហ៊ុន ម៉ាណែត ជួយពន្លឿនដល់ការស៊ើបអង្កេតរបស់ សមត្ថកិច្ច ដើម្បីរកមុខអ្នកពាក់ព័ន្ធនិងអ្នកដៃដល់មកដាក់ទោស។ បើសម្តេចជួយបាន ខ្ញុំបាទ នឹង ប្រកាសចុះចូលបំរើរាជរដ្ឋាភិបាល ក្រោយពេលយុត្តិធម៌កើតមានចំពោះរូបខ្ញុំ » ។
សម្រាប់លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា រហូតមកដល់ពេលនេះ ចំពោះសំណុំរឿងនេះ សមត្ថកិច្ចគ្រប់ជំនាញ គឺកំពុងតែពិនិត្យដោយម៉ត់ចត់ចំពោះបញ្ហានេះ ដោយមិនប្រងើយកន្តើយនោះទេ។លោកបន្តថា ស្ថាប័នជំនាញបំពេញការងាររបស់ខ្លួនដោយមិនមានការរើសអើង និងកំពុងប្រមូលភស្តុតាងនៅទីតាំងកើតហេតុជាដើម។
លោកបន្តថា៖« ក្នុងករណីនេះសមត្ថកិច្ចមិនអាចប្រាប់លំអិតបាននោះទេ ដោយខ្លាចបែកនូវសំណុំរឿង ក៏ប៉ុន្តែខណពេលនេះ សមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ស្នងការនគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលនៅកន្លែងកើតហេតុនោះគឺកំពុងតែធ្វើការចំពោះបញ្ហានេះ » ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានឱ្យដឹងថា ចំពោះបទល្មើសទៅលើលោក នី ណាក់ នេះ បើពិនិត្យឱ្យបានច្បាស់លាស់នោះ នេះគឺជាសកម្មភាពមួយដែលធ្ងន់ធ្ងរ ដោយអាចចាត់ទុកករណីនេះជាការប៉ុនប៉ងមនុស្សឃាតក៏បានដែរ។
បើតាមលោក អំ សំអាត ក្រោយមានការសង្កេតបង្ហាញថាទម្រង់នៃអំពើហិង្សាពីសំណាក់ជនសង្ស័យមួយក្រុមទៅលើលោកនី ណាក់ នេះគឺមានរបួសចំកន្លែងដែលត្រូវស្លាប់ជាច្រើនកន្លែង ជាពិសេសនោះគឺក្បាលតែម្តង។ក្នុងន័យនេះ លោកជំរុញឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ បើកការស៊ើបអង្កេតដោយតម្លាភាព ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
លោកបន្តថា៖«ខ្ញុំយល់ករណីនេះមន្ត្រីប៉ូលីសគួរតែមានការស៊ើបអង្កេតឱ្យបានឆាប់រហ័ស ព្រោះនេះគឺជាករណីព្រហ្មទណ្ឌ ដែលមិនទាមទារពេលយូរក្នុងការប្រមូលភ័ស្តុតាង » ។
ភរិយាលោក នី ណាក់ ប្រាប់គេទំព័រ Newsroom Cambodia ថា ក្នុងពេលដែលរូបគេ និងស្វាមី ជិះម៉ូតូចេញពីឃ្លាំងធ្វើជីកំប៉ុសនៅព្រែកថ្មី ជិតម្តុំវត្តចំពុះក្អែកត្រឡប់ទៅផ្ទះវិញ ភ្លាមៗនោះ មានជនល្មើស មិនស្គាល់មុខមានគ្នាបួនប្រាំនាក់ បានជិះម៉ូតូទៅបុកម៉ូតូរបស់ខ្លួនចំពីក្រោយបណ្តាលអោយដួលនៅលើដងផ្លូវ ហើយជនបង្កទាំងនោះបានព្រួតគ្នាវាយដំលើស្វាមីរបស់ខ្លួនបណ្តាលអោយរបួសធ្ងន់ធ្ងរត្រង់ក្បាលជាពិសេស៕