មន្រ្តីជាន់ខ្ពស់ នៃស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថាសមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីបើក​​កា​​រ​​ស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាអ្នកប្រើប្រាស់អំពើហិង្សា ប្រឆាំងអ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ ដោយមិនបោះបង់ចោលឡើយ។

លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ​បានបញ្ជាក់​នៅថ្ងៃនេះថា រាល់បទល្មើស​ដែ​ល​​​បា​​នកើតឡើង គឺជាភារកិច្ចរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់។ជារួម សមត្ថកិច្ចនឹងអ​​នុវត្ដភារកិច្ចដោ​យ​គ្មា​​ន​កា​​ររឿ​​ស​អើងឡើយ មិនថារឿងរ៉ាវកើតឡើងលើភាគីណាមួយនោះទេ។

លោកបន្តថា ចំពោះករណីលោក នី ណា​ក់ ដែលបានប្រកាសពីការរងគ្រោះដោយអំពើហិង្សា ស្នងការដ្ឋាននគរបាលរា​​ជធានីភ្នំពេញកំ​ពុង​​ស្រា​​​វជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរកជនដៃដល់មកអនុវត្ដតាមនីតិវិធីច្បាប់។

លោកបន្តថា៖«រាល់បទល្មើសដែលបានកើតឡើងគឺជាភារកិច្ចរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដោយឡែកចំពោះ​​ករណី​​លោ​​​​ក នី ណាក់ ដែលបានប្រកាសពីការរងគ្រោះដោយអំពើហិង្សានេះ ខ្ញុំក្នុងនាមជាស្នងកា​​រនគរបាលរា​ជ​​ធា​​​នី​​ភ្នំពេញគឺកំពុងតែស្រាវជ្រាវ និងធ្វើការជាមួយភាគីពាក់ព័ន្ធ »

ការប្រកាសជំហររបស់កម្លាំងនគរបាលនេះ នៅពេលនេះ ធ្វើឡើងក្រោយពីអ្នកជំនាញកសិកម្ម លោក ​នី ណា​​ក់ ជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ ​ឱ្យជួយពន្លឿននីតិវិធី​​ដើម្បីស្វែងរក​​​ជន​​ល្មើ​សដែល​​មិនស្គាល់អត្តស​​ញ្ញាណមួយក្រុម ដែលប្រើហិង្សាមកលើខ្លួន យកមកផ្តន្ទាទោស។

លោក នី ណាក់ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមស្គាល់ថា ជាអ្នកដែលតែងតែរិះគន់​អំពីភាពអ​វិជ្ជ​មាន និងបញ្ហាផ្សេងៗនៅក្នុងសង្គមបានអំពាវនាវដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យជួយ​​​ពន្លឿននីតិវិធីក្នុងការស្រាវជ្រាវរកមុខជនល្មើស ដែលបានព្រួតគ្នាវាយលោក កាលរសៀលថ្ងៃ​ទី១២ ខែ​​កញ្ញា ឆ្នាំ២០២៣។ ក្នុងនោះលោក នី ណាក់ ក៏បានជំរុញឱ្យសមត្ថកិ​​ច្ចអនុវត្តវិជ្ជាជីវៈ​ឱ្យមានតម្លា​​ភាព​ដើ​​ម្បី​​ឱ្យ​សាធារណៈជនមានភាពជឿជាក់ទៅលើមន្ត្រីនគរបាលជាតិ។

លោកបន្តថា ៖«បន្ទាប់ពីរងគ្រោះនេះ ខ្ញុំសូមស្នើដល់អាជ្ញាធរដែលមានដូចជា ប៉ូលីស ប៉េអឹម ជួយពន្លឿននីតិវិធីក្នុង​​ការ​​ស្រា​វជ្រាវរក​​មុខជនល្មើសដែលពួកវាបានព្រួតគ្នាវាយខ្ញុំឱ្យឃើញ » ។

ដោយឡែក ចំពោះស្ថានភាពរបស់លោកនាពេលនេះវិញ គឺមានភាពល្អប្រសើរ ទាំងសតិស្មារតី ការ​​ហូ​​​​ប​​ចុក និងការធ្វើដំណើរដោយពុំមានអ្នកគ្រានៅពីក្រោយ ដូចមុនទៀតនោះទេ បន្ទាប់រូបលោក​​បានសម្រា​​ក​​ព្យា​​បាលនៅមន្ទីពេទ្យមួយរយៈ។

ជាអ្ន​កដែលធ្លាប់រិះគន់ដោយមិនសំចៃមាត់ លោក នី ណាក់ បន្ថែមថា រូបលោកបានរងការវាយ​​ប្រហារ​​ស្ទើ​​រ​​បាត់បង់ជីវិត និងបណ្តាលឱ្យរងរបួសជាច្រើនកន្លែង ដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម។

លោកបន្តថា៖«ចំពោះ​​ផ្ទៃមុខរបស់ខ្ញុំវិញ ដែលមានដូចជា៖ មាត់ ច្រមុះ ភ្នែក គុំត្រចៀក ថ្គៀម ចិញ្ចើម សុ​ទ្ធ​​តែ​​​​រងរបួស​​ទាំង​​​​អស់ »។ 

តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោក នី ណាក់ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានសរសេ​​ររៀ​បរាប់ថា«ក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំបាទ នី ណាក់ ចំពោះយុត្តិធម៌ នៃអំពើហឹង្សា មកលើរូបខ្ញុំបាទ សូ​​សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ជួយពន្លឿនដល់ការស៊ើបអង្កេតរបស់ សមត្ថកិច្ច ដើម្បីរកមុខអ្ន​​កពាក់​​ព័ន្ធនិ​​ងអ្នកដៃដល់មកដាក់ទោស។ បើសម្តេចជួយបាន ខ្ញុំបាទ នឹង ប្រកាសចុះចូលបំរើរាជរដ្ឋាភិបាល ក្រោ​​​យពេលយុត្តិធម៌កើតមានចំពោះរូបខ្ញុំ »

សម្រាប់លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា រហូតមកដល់ពេលនេះ ចំ​​ពោះ​​​សំ​​ណុំ​​រឿង​​​​នេះ សមត្ថកិច្ចគ្រប់ជំនាញ គឺកំពុងតែពិនិត្យដោយម៉ត់​ចត់​ចំពោះបញ្ហានេះ ដោយ​​មិ​ន​​ប្រងើយកន្តើយនោះ​​​ទេ។លោកបន្តថា ស្ថាប័នជំនាញបំពេញការងាររបស់ខ្លួនដោយមិនមានការរើសអើង និងកំពុងប្រមូល​​ភ​ស្តុ​តាងនៅទីតាំងកើតហេតុជាដើម។

លោកបន្តថា៖« ក្នុងករណីនេះសមត្ថកិច្ចមិនអាចប្រាប់លំអិតបាននោះទេ ដោយខ្លាចបែកនូវសំណុំរឿង ក៏ប៉ុន្តែខ​​ណពេ​​លនេះ សមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ​ស្នងការនគរបា​​លរាជធានីភ្នំ​​​ពេញ​ និងអធិការដ្ឋាននគរបាលនៅកន្លែងកើតហេតុនោះគឺកំពុងតែធ្វើការចំពោះបញ្ហានេះ » ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានឱ្យ​​​​ដឹងថា ចំពោះបទល្មើសទៅលើលោក នី ណាក់ នេះ បើពិនិត្យឱ្យបានច្បាស់លាស់នោះ នេះគឺជាសកម្មភា​​ព​​មួយដែលធ្ងន់ធ្ងរ ដោយអាចចាត់ទុកករណីនេះជាការប៉ុនប៉ងមនុស្សឃាតក៏បានដែរ។

បើតាមលោក អំ សំអាត ក្រោយមានការសង្កេតបង្ហាញថាទម្រង់នៃអំពើហិង្សាពីសំណាក់ជនស​​ង្ស័យ​មួយក្រុមទៅលើលោកនី ណាក់ នេះគឺមានរបួសចំកន្លែងដែលត្រូវស្លាប់ជាច្រើនកន្លែង ជាពិសេសនោះគឺក្បាលតែម្តង។ក្នុងន័យនេះ លោកជំរុញឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ បើកការស៊ើបអង្កេតដោយតម្លាភាព ដើម្បីស្វែ​​ង​រកយុត្តិធម៌ជូនជនរងគ្រោះ។

លោកបន្តថា៖«ខ្ញុំយល់ករណីនេះមន្ត្រីប៉ូលីសគួរតែមានការស៊ើបអង្កេតឱ្យបានឆាប់រហ័ស ព្រោះនេះគឺជាក​​រណីព្រហ្មទណ្ឌ ដែលមិនទាមទារពេលយូរក្នុងការប្រមូលភ័ស្តុតាង » ។

ភរិយាលោក នី ណាក់ ប្រាប់គេទំព័រ Newsroom Cambodia ថា ក្នុងពេលដែលរូបគេ និងស្វាមី ជិះម៉ូតូចេញពីឃ្លាំងធ្វើជីកំប៉ុសនៅព្រែកថ្មី ជិតម្តុំវត្តចំពុះ​​ក្អែកត្រឡប់ទៅ​ផ្ទះវិញ ភ្លាមៗនោះ មានជនល្មើស មិនស្គាល់​​មុខមានគ្នាបួនប្រាំនាក់ បាន​​ជិះ​​ម៉ូតូទៅបុកម៉ូតូរបស់ខ្លួនចំពីក្រោយបណ្តាលអោយដួលនៅលើដងផ្លូវ ហើយជនបង្កទាំង​​នោះបានព្រួ​ត​គ្នាវាយដំលើស្វាមីរបស់ខ្លួនបណ្តាលអោយរបួសធ្ងន់ធ្ងរត្រង់ក្បាលជាពិ​​សេ​​​​ស​៕