គណបក្សភ្លើងទៀន នៅតែមិនទាន់ទទួលបានលិខិតចុះបញ្ជីគណបក្ស សម្រាប់ចូលរួមការបោះឆ្នោតពីក្រសួងមហាផ្ទៃនៅឡើយ ដោយក្រសួងលើកហេតុផលថា ការស្នើសុំនេះ ផុតពីសមត្ថកិច្ចរបស់ខ្លួន ខណៈការជាប់គាំងនេះ ត្រូវបានអ្នកជំនាញសង្ស័យថា ជាទិដ្ឋភាពនយោបាយដែលអាចជះឥទ្ធិពលអាក្រក់ដល់នយោបាយកម្ពុជាពីក្រសែភ្នែកអន្តរជាតិ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួរភីរិទ្ធ បានឱ្យដឹងថា ជំនួបលើកទី៤ រវាងតំណាងគណបក្សភ្លើងទៀន និងតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកញ្ញា ជុំវិញការស្នើសុំលិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្សច្បាប់ដើមប្រកាសលេខ១៩៣ នៅតែទទួលបានលទ្ធផលដូចជំនួបមុនៗដែរ ពោលគឺត្រូវបានក្រសួងមហាផ្ទៃ បដិសេធថាហួសពីដែនសមត្ថកិច្ចរបស់ខ្លួន។
លោកថា៖ «ក្រសួងគេនៅតែឆ្លើយថាជាលក្ខណៈបច្ចេកទេស គេមិនអាចជួយអីលើសពីហ្នឹងទេ ដោយសារច្បាប់គណបក្សនយោបាយមិនបានចែង អ៊ឹចឹងគេអត់មានសមត្ថកិច្ច។ ប៉ុន្តែខាងពូ(គណបក្សភ្លើងទៀន) នៅតែទាមទារថាសូមឱ្យក្រសួងជួយរកមធ្យោបាយដោះស្រាយទៅ ព្រោះក្រសួងជាអាណាព្យាបាល»។
ការឆ្លើយតបនឹងសំណើរបែបនេះ លោក សួរភីរិទ្ធ ចាត់ទុកថា មានចេតនានយោបាយ និងថាការស្នើសុំលិខិតចុះបញ្ជីគណបក្សច្បាប់ដើមនេះ គឺដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ មិនមែនមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែក្រសួងមហាផ្ទៃដែលជាអាណាព្យាបាលនៅតែបដិសេធ។
លោកថា៖ «យើងមានបំណងនៅតែរក្សាចេតនាចង់ចូលរួមការបោះឆ្នោត ដោយស្របតាមច្បាប់ និងស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស […]មិនមែនចង់បង្កបញ្ហាអីក្រៅតែពីចូលរួមបោះឆ្នោតតាមច្បាប់ជាធរមាន»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងនយោបាយ លោកបណ្ឌិត មាស នី ក៏សង្ស័យថា ករណីនេះ មានទិដ្ឋភាពនយោបាយនៅពីក្រោយ ខណៈក្រសួងមហាផ្ទៃ បានព្យាយាមបដិសេធម្តងហើយម្តងទៀត ប៉ុន្តែមិនបានផ្តល់អនុសាសន៍ឱ្យគណបក្សជំទាស់មួយនេះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែមានការសង្ស័យថា រឿងហ្នឹងវាអាចមានទិដ្ឋភាពនយោបាយនៅពីក្រោយ មិនចង់ឱ្យដំណើរការភ្លើងទៀនចេញបាន ដូចគេដឹងកម្លាំងភ្លើងទៀន»។
លោកបន្ថែមថា ការបដិសេធថាមិនអាចផ្តល់លិខិតចុះបញ្ជីគណបក្សច្បាប់ដើម ឱ្យគណបក្សភ្លើងទៀនបែបនេះ មិនទាន់គ្រប់គ្រាន់ និងឆ្លើយតបនូវការទទួលខុសត្រូវ ក្នុងនាមជារដ្ឋាភិបាលមួយដែលស្ថិតក្រោមរដ្ឋធម្មនុញ្ញនោះទេ។ លោកថា ក្រសួងមហាផ្ទៃ គួរតែណែនាំថាត្រូវចុះបញ្ជីគណបក្សថ្មីម្តងទៀត ឬយ៉ាងណា ដើម្បីឱ្យគណបក្សមួយនេះ អាចចូលរួមការបោះឆ្នោតនាពេលខាងមុខបាន ចៀសវាងរងការរិះគន់ថាមានការគាបសង្កត់ផ្នែកនយោបាយនៅកម្ពុជា។
លោកថ្លែងថា៖ «(ក្រសួងមហាផ្ទៃ) គួរតែមានជម្រើសថា ឥឡូវបើភ្លើងទៀន បើទៅរកអាចាស់មិនបានទេ ភ្លើងទៀនត្រូវការសុំចុះឈ្មោះសារជាថ្មី អាហ្នឹងក៏ក្រសួងត្រូវតែឆ្លើយតបឱ្យបានច្បាស់លាស់ ហើយឱ្យបានរហ័សផងដែរ ដើម្បីឱ្យដំណើរការគណបក្សនយោបាយមួយអាចធ្វើទៅបាន»។
ចំណែក អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ប្រសិនបើក្រសួងមហាផ្ទៃមិនអាចធ្វើលិខិតបញ្ជាក់ឱ្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះបាន មានន័យថា ក្រសួងទាត់ចោលភាពស្របច្បាប់របស់គណបក្សភ្លើងទៀន ដែលទទួលបានជាង ២ពាន់អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០២២។
លោកបញ្ជាក់ថា៖ «បើសិនអាជ្ញាធរមានសមត្ថកិច្ច ឬក្រសួងមហាផ្ទៃ មិនហ៊ានបញ្ជាក់ បានន័យថា យើងអត់ទទួលស្គាល់អំពីភាពស្របច្បាប់របស់គណបក្សភ្លើងទៀន នៅក្នុងការជាប់អាសនៈឃុំ-សង្កាត់ដែលមានក្រុមប្រឹក្សាឃុំ-សង្កាត់ខ្ទង់២ពាន់នាក់ហ្នឹងទេ»។
លោកបន្ថែមថា បើកាលណាក្រសួងមហាផ្ទៃធ្លាប់ទទួលស្គាល់គណបក្សភ្លើងទៀន កាលពីឆ្នាំ២០២២ ប៉ុន្តែបែរជាមិនអាចស្នើសុំលិខិតចុះបញ្ជីគណបក្សនេះបាន មានន័យថា ការអនុវត្តកិច្ចការរដ្ឋបាលនៅកម្ពុជាកំពុងជាប់គាំង ដែលមិនអាចដោះស្រាយបញ្ហានេះបាន។ ការណ៍នេះ លោកថា នឹងក្លាយជាបន្ទុកមួយកាន់តែធ្ងន់សម្រាប់កម្ពុជាពីសំណាក់សហគមន៍អន្តរជាតិ។
លោកបញ្ជាក់ថា៖ «កាលណាបក្សមួយដែលបោះឆ្នោតទទួលស្គាល់ម្ដង ហើយយើងសុំបែបបទរដ្ឋបាលមិនដំណើរការ បានន័យថា បញ្ជាក់ថា យន្តការរដ្ឋបាលនៅយើងអត់ដើរ។ ម៉េចបានថាអត់ដើរ គឺយើងធ្វើអីអត់កើតទេ[…] បើយើងអត់ដោះបញ្ហាហ្នឹងទៀត គេដាក់បន្ទុកហ្នឹងវាកាន់តែធំ វាកាន់តែរីរាលដាលទៅ»។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា កម្ពុជាដើរលើគោលការណ៍អនុវត្តច្បាប់ និងដោះស្រាយបញ្ហាផ្ទៃក្នុងដោយខ្លួនឯង មិនពឹងពាក់លើបរទេសទាំងស្រុងនោះទេ។
លោកថ្លែងថា៖ «កម្ពុជាអនុវត្តច្បាប់ កម្ពុជារស់នៅដោយខ្លួនឯង! នយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ។ មិនមែនខ្លួនទីពឹងខ្លួនទេ តែខិតខំដោះស្រាយការងារទាំងអស់ដោយខ្លួនឯង[…]ក្នុងនាមជាខ្មែរត្រូវចេះរស់ខ្លួនឯង! ការពឹងពាក់បរទេស ពឹងពាក់តែការងារទំនាក់ទំនងបានហើយ ចេះធ្វើសេដ្ឋកិច្ច ចេះរស់ខ្លួនឯងទៅ»។
លោកបានឱ្យដឹងថា បើយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ មិនអាចចេញលិខិតបញ្ជាក់ឱ្យគណបក្សភ្លើងទៀនម្តងទៀតនោះទេ ដោយថា ប្រសិនបើក្រសួងចេញលិខិតនោះម្តងទៀត គឺផ្ទុយពីច្បាប់។
លោកបញ្ជាក់ថា៖«កាលណាដែលបាត់អ៊ឹចឹង ក្រសួងអត់មានអីត្រូវចេញទេ ចេញបញ្ជាក់ម្តងទៀតវាគ្មាន![…]វាអត់មានច្បាប់ណាចែងថាចេញឱ្យទៀតទេ[…]គ្មានច្បាប់ចែងថាកាលណាតែបាត់ហើយត្រូវចេញឱ្យទៀត វាគ្មានច្បាប់ចែងទេ»។
គណបក្សភ្លើងទៀន ដែលមានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រជិត ២លាននាក់ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាត់ចេញមិនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយចោទថាគណបក្សនេះគ្មានលិខិតចុះបញ្ជីគណបក្សច្បាប់ដើមប្រកាសលេខ១៩៣ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ។
គណបក្សភ្លើងទៀន អះអាងថា ខ្លួនបានបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ អំឡុងពេលមានចម្រូងចម្រាសគ្នា រវាងអតីតគណបក្សសង្គ្រោះជាតិ និងអាជ្ញាធរគណបក្សកាន់អំណាច ដោយគណបក្សភ្លើងទៀន បានជ្រកក្រោមដំបូលជាមួយគ្នានៅពេលនោះ៕