គណបក្សភ្លើងទៀន នៅតែមិនទាន់ទទួលបានលិខិតចុះបញ្ជីគណបក្ស សម្រាប់​ចូល​រួម​ការ​បោះ​ឆ្នោតពី​ក្រសួងមហាផ្ទៃនៅឡើយ ដោយក្រសួងលើកហេតុផលថា ការស្នើសុំនេះ ផុតពីសមត្ថកិច្ចរបស់ខ្លួន​ ខណៈការជាប់គាំងនេះ ត្រូវបានអ្នកជំនាញសង្ស័យថា ជាទិដ្ឋភាពនយោ​បាយ​ដែល​អាច​ជះ​ឥទ្ធិពលអាក្រក់ដល់នយោបាយកម្ពុជាពីក្រសែភ្នែកអន្តរជាតិ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួរភីរិទ្ធ បានឱ្យដឹងថា ជំនួបលើកទី៤ រវាងតំណាងគណបក្សភ្លើងទៀន និងតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកញ្ញា ជុំវិញការស្នើសុំលិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្សច្បាប់ដើមប្រកាសលេខ១៩៣ នៅតែទទួលបានលទ្ធផលដូចជំនួបមុនៗដែរ ពោលគឺត្រូវបានក្រសួងមហាផ្ទៃ បដិសេធថា​ហួសពីដែនសមត្ថកិច្ចរបស់ខ្លួន។

លោកថា៖ «ក្រសួងគេនៅតែឆ្លើយថាជាលក្ខណៈបច្ចេកទេស​ គេមិនអាចជួយអីលើសពីហ្នឹងទេ ដោយ​សារ​ច្បាប់​គណបក្ស​នយោបាយមិនបានចែង អ៊ឹចឹងគេអត់មានសមត្ថកិច្ច។ ប៉ុន្តែខាងពូ(គណបក្សភ្លើង​ទៀន) នៅតែទាមទារថាសូមឱ្យក្រសួងជួយរកមធ្យោបាយ​ដោះស្រាយទៅ ព្រោះក្រសួងជាអាណាព្យាបាល»។

ការឆ្លើយតបនឹងសំណើរបែបនេះ លោក សួរភីរិទ្ធ ចាត់ទុកថា មានចេតនានយោបាយ និងថាការស្នើសុំ​លិខិតចុះបញ្ជីគណបក្សច្បាប់ដើមនេះ គឺដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ មិនមែនមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែក្រសួងមហាផ្ទៃដែលជាអាណាព្យាបាលនៅតែបដិសេធ។

លោកថា៖ «យើងមានបំណងនៅតែរក្សាចេតនាចង់ចូលរួមការបោះឆ្នោត ដោយស្របតាមច្បាប់ និងស្រប​តាម​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស []មិនមែនចង់បង្កបញ្ហាអីក្រៅតែពីចូលរួមបោះឆ្នោតតាមច្បាប់ជាធរមាន»។​

អ្នកស្រាវជ្រាវពីការអភិវឌ្ឍ​សង្គម និងនយោបាយ លោកបណ្ឌិត មាស នី ក៏សង្ស័យថា ករណីនេះ មាន​ទិដ្ឋភាពនយោបាយនៅពីក្រោយ ខណៈក្រសួងមហាផ្ទៃ បាន​ព្យាយាមបដិសេធ​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែមិនបានផ្តល់អនុសាសន៍ឱ្យគណបក្សជំទាស់មួយនេះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែមានការសង្ស័យថា រឿងហ្នឹងវាអាចមានទិដ្ឋភាពនយោបាយ​នៅពីក្រោយ មិនចង់ឱ្យដំណើរការភ្លើងទៀនចេញបាន ដូចគេដឹងកម្លាំងភ្លើងទៀន»។

លោកបន្ថែមថា ការបដិសេធថាមិនអាចផ្តល់លិខិតចុះបញ្ជីគណបក្សច្បាប់ដើម ឱ្យគណបក្សភ្លើង​ទៀន​​បែប​នេះ មិន​ទាន់​គ្រប់​គ្រាន់ និង​ឆ្លើយ​តប​នូវ​ការទទួលខុសត្រូវ ក្នុងនាមជារដ្ឋាភិបាលមួយដែលស្ថិតក្រោមរដ្ឋធម្មនុញ្ញនោះទេ។ លោកថា ក្រសួង​មហាផ្ទៃ គួរតែណែនាំថាត្រូវចុះបញ្ជីគណបក្សថ្មីម្តងទៀត ឬយ៉ាងណា ដើម្បីឱ្យគណបក្សមួយនេះ អាចចូលរួមការបោះឆ្នោតនាពេលខាងមុខបាន ចៀសវាង​រង​ការ​រិះគន់ថា​មាន​ការគាប​​សង្កត់ផ្នែកនយោបាយនៅកម្ពុជា។

លោកថ្លែងថា៖ «(ក្រសួងមហាផ្ទៃ) គួរតែមានជម្រើសថា ឥឡូវបើភ្លើងទៀន បើទៅរកអាចាស់មិនបានទេ ភ្លើងទៀនត្រូវការសុំចុះឈ្មោះសារជាថ្មី អាហ្នឹងក៏ក្រសួងត្រូវតែឆ្លើយតបឱ្យបានច្បាស់លាស់ ហើយឱ្យបានរហ័សផងដែរ ដើម្បីឱ្យដំណើរការគណបក្សនយោបាយមួយអាចធ្វើទៅបាន»។

ចំណែក​ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ប្រសិនបើក្រសួងមហាផ្ទៃមិន​អាចធ្វើលិខិតបញ្ជាក់​ឱ្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះ​បាន​ មានន័យថា ក្រសួងទាត់ចោលភាព​ស្របច្បាប់របស់គណបក្សភ្លើងទៀន ដែល​ទទួលបានជាង ២ពាន់​អាសនៈ​ក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០២២។

លោកបញ្ជាក់ថា៖ «បើសិនអាជ្ញាធរមានសមត្ថកិច្ច ឬក្រសួងមហាផ្ទៃ មិនហ៊ានបញ្ជាក់ បានន័យថា យើង​អត់​ទទួល​ស្គាល់អំពី​ភាពស្របច្បាប់របស់គណបក្សភ្លើងទៀន នៅក្នុងការជាប់អាសនៈឃុំ-សង្កាត់ដែល​មាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ខ្ទង់២ពាន់នាក់​ហ្នឹងទេ»។

លោកបន្ថែមថា បើកាលណាក្រសួងមហាផ្ទៃធ្លាប់ទទួលស្គាល់គណបក្សភ្លើងទៀន កាលពីឆ្នាំ២០២២ ប៉ុន្តែ​បែរជាមិនអាចស្នើសុំលិខិតចុះបញ្ជីគណបក្សនេះបាន មានន័យថា ការអនុវត្តកិច្ចការរដ្ឋបាលនៅកម្ពុជា​កំពុងជាប់គាំង ដែលមិនអាចដោះស្រាយបញ្ហានេះបាន។ ការណ៍នេះ លោកថា នឹង​ក្លាយ​ជាបន្ទុក​មួយ​កាន់តែធ្ងន់សម្រាប់កម្ពុជាពីសំណាក់សហគមន៍អន្តរជាតិ។

លោកបញ្ជាក់ថា៖ «កាលណាបក្សមួយដែលបោះឆ្នោតទទួលស្គាល់ម្ដង ហើយយើងសុំបែបបទរដ្ឋបាល​មិន​ដំណើរការ បានន័យថា បញ្ជាក់ថា យន្តការរដ្ឋបាលនៅយើងអត់ដើរ។ ម៉េចបានថាអត់ដើរ គឺយើងធ្វើអីអត់កើតទេ[] បើយើងអត់ដោះបញ្ហាហ្នឹងទៀត គេដាក់បន្ទុកហ្នឹងវាកាន់តែធំ វាកាន់តែរីរាលដាលទៅ»។

ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា កម្ពុជាដើរលើគោលការណ៍អនុវត្តច្បាប់ និងដោះស្រាយបញ្ហាផ្ទៃក្នុងដោយខ្លួនឯង មិនពឹងពាក់លើបរទេសទាំងស្រុងនោះទេ។

លោកថ្លែងថា៖ «កម្ពុជាអនុវត្តច្បាប់ កម្ពុជារស់នៅដោយខ្លួនឯង! នយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ។ មិនមែនខ្លួនទីពឹងខ្លួនទេ តែខិតខំដោះស្រាយការងារទាំងអស់ដោយខ្លួនឯង[]ក្នុងនាមជាខ្មែរត្រូវចេះរស់ខ្លួនឯង! ការពឹងពាក់បរទេស ពឹងពាក់តែការងារទំនាក់ទំនងបានហើយ ចេះធ្វើសេដ្ឋកិច្ច ចេះរស់ខ្លួនឯងទៅ»។

លោកបានឱ្យដឹងថា បើយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ មិន​អាច​ចេញលិខិត​បញ្ជាក់​ឱ្យ​គណបក្សភ្លើងទៀនម្តងទៀតនោះទេ ដោយថា​ ប្រសិនបើក្រសួងចេញលិខិតនោះម្តងទៀត គឺផ្ទុយពីច្បាប់។

លោកបញ្ជាក់ថា៖«កាលណាដែលបាត់អ៊ឹចឹង ក្រសួងអត់មានអីត្រូវចេញទេ ចេញបញ្ជាក់ម្តងទៀតវាគ្មាន![]វាអត់មានច្បាប់ណាចែងថាចេញឱ្យទៀតទេ[]គ្មានច្បាប់ចែងថាកាលណាតែបាត់ហើយត្រូវចេញឱ្យទៀត វាគ្មានច្បាប់ចែងទេ»។

គណបក្សភ្លើងទៀន ដែលមានប្រជាពលរដ្ឋបោះឆ្នោត​​គាំទ្រជិត ២លាននាក់ កាល​​​ពី​ការ​បោះឆ្នោតក្រុម​ប្រឹក្សាឃុំ-សង្កាត់​ឆ្នាំ២០២២ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទាត់ចេញ​មិន​​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ ដោយ​ចោទ​​ថាគណបក្ស​នេះ​គ្មាន​លិខិត​ចុះបញ្ជី​គណបក្ស​ច្បាប់​ដើម​ប្រកាសលេខ១៩៣ ចុះថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ។

គណបក្សភ្លើងទៀន អះអាងថា ខ្លួនបានបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្សនយោបាយនៅក្រសួង​មហាផ្ទៃ អំឡុងពេលមានចម្រូងចម្រាសគ្នា រវាងអតីតគណបក្សសង្គ្រោះជាតិ និងអាជ្ញាធរគណបក្សកាន់​អំណាច ដោយគណបក្សភ្លើងទៀន បានជ្រកក្រោមដំបូលជាមួយគ្នានៅពេលនោះ៕